The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទស្សន៖ ​មិត្ត​អ្នក​អាន​ចំពោះ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍




ទស្សន៖ ​មិត្ត​អ្នក​អាន​ចំពោះ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍

Content image - Phnom Penh Post
ភ្ញៀវ​នៅ​ហាង​អាហារ​មួយ​កំពុង​អាន​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​។ ហេង ជីវ័ន

ទស្សន៖ ​មិត្ត​អ្នក​អាន​ចំពោះ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍

កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ខែ​កក្កដា ឆ្នាំ​ ១៩៩២ ដែល​គិត​រហូត​មក​ទល់​ខែ​កក្កដា​ ឆ្នាំ ២០២១ នេះ មាន​អាយុ​កាល ​២៩ ​ឆ្នាំ​ហើយ​។

ចាប់​តាំង​ពី​ចាប់​ផ្តើម​ដំណើរការ និង​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ​​ទាំង​​ភាសា​ខ្មែរ​ និង​អង់គ្លេស គឺ​នៅ​តែ​ឈរ​នៅ​លំដាប់​កំពូល​​ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​សម្បូរ​បែប​ នៅ​ក្នុង​ប្រទេស​កម្ពុជា ខាង​ការ​ផ្តល់​ព័ត៌មាន​ពិត​ សុក្រឹត​ ឯករាជ្យ មាន​គុណភាព​ និង​ជឿ​ទុក​ចិត្ត​។

ខាង​ក្រោម​នេះ គឺ​ជា​ទស្សនៈ​ចម្រុះ​គ្នា​របស់​មិត្ត​អ្នក​អាន​ដែល​រួម​មាន​ អ្នក​វិភាគ មន្ត្រី​រដ្ឋាភិបាល និង​អ្នក​មាន​ជំនាញ​​ក្នុង​វិស័យ​សារព័ត៌មាន ចំពោះ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ក្នុង​ឱកាស​អបអរ​សាទរ​គម្រប់​ខួប ២៩ ឆ្នាំ របស់​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍៖

លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ដែល​ជា​អ្នក​តាមដាន​ព័ត៌មាន​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ តាំង​ពី​កាសែត​នេះ បើក​ដំបូង​និយាយ​ថា៖ «ខ្ញុំ​ពី​មុន គឺ​ខ្ញុំ​តែងតែ​ទទួល​បាន​ជាវ​កាសែត​បោះពុម្ព តែ​ឥឡូវ​មិន​​សូវ​បាន​អាន​កាសែត​បោះពុម្ព​នោះ​ប៉ុន្មាន​​ទេ គឺ​យូរៗ​ខ្ញុំ​ទិញ​កាសែត​ម្តង​ដែរ​ ប៉ុន្តែ​ភាគ​ច្រើន​តាម​ហ្វេសប៊ុក​ផេក​របស់​ ភ្នំពេញ​ ប៉ុស្តិ៍»។

ចំពោះ​ភាព​ងាយ​ស្រួល​ទទួល​​​បាន​ព័ត៌មាន​ពី ភ្នំពេញ ​ប៉ុស្តិ៍ លោក ប៉ែន បូណា បាន​និយាយ​ថា៖ «​ដូចជា​មិន​លំបាក​អី​ទេ ដូច​តែ​យើង​អាន​រាល់​ដង​ហ្នឹង គឺ​យើង​អាន​ព័ត៌មាន​រាល់​ថ្ងៃ​តាម​ ភ្នំពេញ ​ប៉ុស្តិ៍ ​នោះ​ដែរ។ ព័ត៌មាន​ដែល​ខ្ញុំ​ចូលចិត្ត​អាន​ពី​ ភ្នំពេញ ​ប៉ុស្តិ៍ គឺ​ព័ត៌មាន​ថ្មីៗ​ដែ​ល​កើត​ឡើង​ក្តៅៗ​ និង​ព័ត៌មាន​សេដ្ឋកិច្ច»​។

លោក​បញ្ជាក់​ថា៖ «និយាយ​តាម​ត្រង់​ទៅ ឥឡូវ​នេះ កាសែត​មាន​ភាព​ស្រដៀងៗ​គ្នា​ទៅ​នឹង​ព័ត៌មាន​តាម​វេបសាយ ហើយ​​​​បើ​គិត​ថា យើង​ជា​កាសែត​បោះពុម្ព តែ​យើង​ក៏​មាន​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែរ។ ប៉ុន្តែ​បើ​យើង​ជា​កាសែត​បោះពុម្ព​ផ្សាយ ហើយ​​ជា​កាសែត​ភាសា​បរទេស​ទៀត ព័ត៌មាន​ដែល​ខ្ញុំ មើល​ទៅ​ប្រហាក់ប្រហែល​គ្នា​ដែរ​ទៅ​នឹង​ស្ថាប័ន​ដទៃ។ យ៉ាង​ណា មាន​ព័ត៌មាន​ខ្លះ ដូចជា​ ព័ត៌មាន​សេដ្ឋកិច្ច​ពី​ ភ្នំពេញ ​ប៉ុស្តិ៍ គឺ​លឿន និង​ប្លែក​ពី​គេ»។

Content image - Phnom Penh Post
សន្តិសុខ​ម្នាក់ កំពុង​អាន​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​កន្លែ​​ង​យាម។ ហេង ជីវ័ន

លោក​បន្ត​ថា៖ «តាម​យោបល់​ខ្ញុំ ភ្នំពេញ ​ប៉ុស្តិ៍​ ទី១ យើង​​ជា​កាសែត​អង់គ្លេស​ខ្ញុំ​ចង់​​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ហ្នឹង ក្លាយ​ជា​កាសែត​មួយ ដែល​អាច​ធ្វើជា​ឯកសារ​យោង ដែល​ឱ្យ​កាសែត​ផ្សេងៗ​ក្នុង​តំបន់​ក្នុង​ពិភព​លោក​អាច​ដក​ស្រង់​ធ្វើ​ជា​អំណះអំណាង​​​សម្រាប់​ព័ត៌មាន​របស់​គេ»​។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ឃើញ​ថា បើ​អាច​ ភ្នំពេញ ​ប៉ុស្តិ៍ គួរ​តែ​ពង្រឹង​កម្រិត​គុណភាព​របស់​យើង​ឱ្យ​ខ្ពស់​ជាង​ហ្នឹង។ ឧទាហរណ៍​យើង​​គួរ​មាន​អ្នក​វិភាគ​ ដែល​មាន​សមត្ថភាព​ខាង​វិភាគ​បញ្ហា​ក្នុង​ស្រុក បញ្ហា​ក្នុង​តំបន់ និង​បញ្ហា​ធំៗ​នៅ​ក្នុង​ពិភព​លោក ព្រោះ​យើង​​ជា​កាសែត​ភាសា​បរទេស ដែល​មាន​អ្នក​អាន​ជា​ខ្មែរ​ផង ជា​​​បរទេស​ផង ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​ខ្មែរ និង​បរទេស​គេ​ចាប់​អារម្មណ៍​តាមដាន»។

លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ដែល​បាន​តាមដាន​ព័ត៌មាន​​ពី​ ភ្នំពេញ ​ប៉ុស្តិ៍ ​តាំង​ពី​មុន​ឆ្នាំ ២០០៧ បាន​និយាយ​ថា៖ «ខ្ញុំ​ភាគ​ច្រើន​ទទួល​ព័ត៌មាន​ពី​ ភ្នំពេញ ​ប៉ុស្តិ៍ ​តាមរយៈ​ប្រព័ន្ធ​តេឡេក្រាម​ច្រើន​ជាង ព្រោះ​ខ្ញុំ​ប្រើប្រាស់​វា​ជា​ប្រចាំ។ ខ្ញុំ​ត្រូវ​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ច្រើន ដូច្នេះ​ខ្ញុំ​តាមដាន​ចំណង​ជើង​នៅ​លើ​ហ្នឹង ហើយ​បាន​មក​អាន​កាសែត ដែល​តែងតែ​មាន​នៅ​លើ​តុ​ធ្វើ​ការ​របស់​ខ្ញុំ​ជា​រៀងរាល់​ព្រឹក»​។

លោក​បន្ត​ថា៖ «ចំពោះ​ភាព​ងាយ​ស្រួល​វិញ សម្រាប់​ខ្ញុំ​គឺ​ស្រួល​ហើយ ព្រោះ​ខ្ញុំ​ចូលចិត្ត​តាមដាន​ព័ត៌មាន​ចម្រុះ ដូច្នេះ​ឱ្យ​តែ​ព័ត៌មាន​ ​ខ្ញុំ​តែងតែ​អាន ហើយ​ជ្រើសរើស​ព័ត៌មាន​ចាំបាច់​ដែល​អាច​យក​មក​ប្រើ​ការ​បាន​។ ខ្ញុំ​នៅ​តែ​ត្រូវ​ការ​ការ​បោះ​ពុម្ព​កាសែត​តាមរយៈ​សន្លឹក​ក្រដាស​ដដែល ដោយសារ​តែ​ខ្ញុំ​មាន​អត្ថបទ​កាសែត​នេះ មក​ដល់​លើ​តុ​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​មើល​ឡើង​វិញ​កន្លែង​ខ្លះ ព្រោះ​តែ​អត្ថបទ​ច្រើន​ពេក​​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត»។

ចំពោះ​ប្រធានបទ ឬ​ប្រភេទ​ព័ត៌មាន​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​មិន​ទាន់​បាន​ផ្សាយ ហើយ​ចង់​ឱ្យ​មាន​ផ្សព្វផ្សាយ លោក ផុស សុវណ្ណ បាន​និយាយ​ថា៖ ​«មិនមែន​តែ​ខ្ញុំ​ទេ សូម្បី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​ចង់​ឃើ​ញ ហើយ​តាម​ពិត​ ភ្នំពេញ ​ប៉ុស្តិ៍​ បាន​ធ្វើ​ច្រើន​ហើយ​លើ​ទំព័រ​​​អ្នក​ថ្មី។ ប៉ុន្តែ​យើង​ចង់​ឱ្យ​មាន​ទំព័រ​មួយ​ដែល​វា​ល្អ សម្រាប់​អ្នក​ខ្លាំង​អ្នក​ដែល​ពូកែ​ផ្នែក​ណា​មួយ​គួរ​តែ​មាន​រំលេច​ទុក​លើ​ទំព័រ​កាសែត​ទៅ។ បាន​ន័យ​ថា ទំព័រ​ ១ ​ហ្នឹង បង្ហាញ​គាត់​ថា គាត់​ខ្លាំង​អី​គេ​គ្រូបង្រៀន​ល្អ មេ​ឃុំ​ល្អ ចៅហ្វាយ​ខេត្ត​ល្អ កម្មករ​ល្អ ឱ្យ​ក្លាយ​ទៅ​ជា​ទំព័រ​គំរូ​មួយ ហើយ​ចំណុច​ហ្នឹង គឺ​​ត្រូវ​មាន​លើ​ទំព័រ​កាសែត​ហ្នឹង​ជា​ប្រចាំ​តែ​ម្តង ដែល​យើង​ចូលចិត្ត​ដឹង​តែ​ម្តង»។

Content image - Phnom Penh Post
អ្នក​រត់​កង់ ​៣ ម្នាក់​​អាន​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ពេល​រង់​ចាំ​​​ភ្ញៀវ​។ ហេង ជីវ័ន

លោក ប៉ា ចន្ទរឿន ជា​ប្រធាន​​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ដែល​តែងតែ​អាន​ ភ្នំពេញ ​ប៉ុស្តិ៍ ​ជា​ប្រចាំ ហើយ​ក៏​ជា​អ្នក​ផ្តល់​បទសម្ភាស​ឱ្យ​​ ភ្នំពេញ ​ប៉ុស្តិ៍ ​​ជា​​ញឹកញាប់​ផង​នោះ​បាន​ថ្លែង​​ថា លោក​តែងតែ​អាន​ព័ត៌មាន​ពី​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​មិន​ថា​ជា​លក្ខណៈ​កាសែត វេបសាយ តេឡេក្រាម ឬ​ហ្វេសប៊ុក​នោះ​ទេ ព្រោះ​ ភ្នំពេញ ​ប៉ុស្តិ៍ ​មាន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​អាច​ទទួល​បាន​ព័ត៌មាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​អាន​​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ​តាំង​ពី​ខ្ញុំ រៀន​ថ្នាក់​បរិញ្ញាបត្រ ប៉ុន្តែ​កាល​នោះ​មិន​បាន​ទិញ​ផ្ទាល់​ទេ គឺ​ទៅ​ចូល​អាន​នៅ​ការិយាល័យ​របស់​សាលា។ កាល​នោះ គឺ​យូរ​ហើយ ព្រោះ​អ៊ីនធឺណិត​យើង​មិន​ទាន់​សម្បូរ​បែប​ដូច​សព្វថ្ងៃ គឺ​មាន​តែ​អាន​ ភ្នំពេញ ​ប៉ុស្តិ៍ ​ជា​កាសែត»។

លោក​បាន​និយាយ​បន្ត​ថា៖ «​ខ្ញុំ​តែងតែ​អាន​ព័ត៌មាន​សេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ ការ​អប់រំ ដែល​ត្រូវ​នឹង​ជំនាញ​ខ្ញុំ​ហ្នឹង។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ជំហរ​របស់​ ភ្នំពេញ ​ប៉ុស្តិ៍ ទោះបី​ជា​មាន​ការ​ផ្លាស់​ប្តូរ ម្ចាស់ ឬ​ក៏​នយោបាយ​យើង​ក៏​ដោយ​ក៏​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​តែ​មាន​​​ជំហរ​អព្យាក្រឹត​ច្រើន បើ​ប្រៀបធៀប​នឹង​កាសែត​​ដទៃ​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា ភ្នំពេញ ​ប៉ុស្តិ៍ នឹង​ប្រកាន់​ជំហរ​ជា​កាសែត​​​ឯករាជ្យ ហើយ​រក្សា​គោល​ជំហរ​របស់​ខ្លួន​ជា​ស្ថាប័ន​ព័ត៌មាន​ពិត​​ប្រាកដ​មួយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត ដល់​ពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ»។

បន្ថែម​​ពី​នេះលោក ប៉ា ច័ន្ទរឿន​ ក៏​ចង់​ឃើញ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ បញ្ចូល​អត្ថបទ​ព័ត៌មាន​ខ្លះ ទាក់ទង​នឹង​វប្បធម៌ និង​សីលធម៌ សង្គម ឬ​ក៏​គំរូ​ល្អ​មួយ​ចំនួន ដែល​មាន​នៅ​ក្នុង​សង្គម​យើង ដើម្បី​ជា​ទុន​​សម្រាប់​ប្រជាពលរដ្ឋ​យក​ជា​គតិ ឬ​ជា​គំរូ ក្នុង​ការ​បង្ហាញ​ពី​​ទិដ្ឋភាព​វិជ្ជមាន​នៃ​សង្គម​ខ្មែរ។

លោក ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រិយមិត្ត​របស់​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ចាប់​តាំង​ពី​កាសែត​​​នេះ ចាប់​កំណើត​ឡើង​ដំបូង បាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​ប្រតិបត្តិការ​របស់​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ និង​សង្ឃឹម​ថា កាសែត​នេះ​នឹង​បន្ត​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​កម្ពុជា។

លោក​បន្ត​ថា៖ «ព័ត៌មាន​ដែល​​ផ្សាយ​ចេញ​ដោយ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ គឺ​ជា​ព័ត៌មាន​ដែល​អាច​ឱ្យ​អ្នក​អាន​យក​មក​ប្រើប្រាស់​បាន​ និង​មាន​ប្រភព​ច្បាស់ៗ​ក្នុង​ព័ត៌មាន​នីមួយៗ។ ភ្នំពេញ ​ប៉ុស្តិ៍​ ដែល​បាន​ឈរ​ជើង​ដល់​សព្វ​ថ្ងៃ គឺ​មាន​ន័យ​ថា បាន​ចូលរួម​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សម្រាប់​បម្រើ​ឱ្យ​អ្នក​អាន​ក្នុង​ការ​ពង្រីក​ព័ត៌មាន​ចម្រុះ»។

ជាមួយ​នឹង​ការ​បន្ត​គាំទ្រ​នេះ លោក ព្រុំ សុខា បាន​បញ្ជាក់​ថា​៖ ​«ខ្ញុំ​នៅ​តែ​ទទួល​បាន​ព័ត៌មាន​យ៉ាង​សម្បូរ​បែប​ពី​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ មិន​ថា​ ជា​កាសែត​បោះពុម្ព ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា របស់​ស្ថាប័ន​ ភ្នំពេញ ​ប៉ុស្តិ៍​ នោះ​ទេ ខ្ញុំ​ទទួល​បាន​គ្រប់​ទាំង​​អស់​។ ខ្ញុំ​ចាត់​ទុក​ថា កាសែត​បោះពុម្ព គឺ​នៅ​តែ​មាន​សារប្រយោជន៍ ហើយ​ខ្ញុំ​គាំទ្រ​ដល់​ការ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ សម្រាប់​​ពលរដ្ឋ​ខ្មែរ ដែល​កាល​ពី​មុន យើង​មាន​តែ​ភាសា​បរទេស​ទេ ដូច្នេះ​សម្រាប់​អ្នក​ចេះ​ភាសា​អង់គ្លេស​បាន​តិច គាត់​អាច​តាម​ដាន​អាន​តាម​ភាសា​ខ្មែរ​បាន​ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍