ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃនេះ គឺមាន​រយៈពេល​ជាង ១០ ​ឆ្នាំ​ដែល​ខ្ញុំ​បានបញ្ចប់​អាជីព​ជា​អ្នកសារព័ត៌មាន​ដែល​ខ្ញុំ​ធ្លាប់​បម្រើ​ទាំង​ផ្នែក​កាសែត​បោះពុម្ព វិទ្យុ និង​ទូរទស្សន៍​ក្នុងពេល​តែមួយ​រយៈពេល​ជាង​ ១០ ​ឆ្នាំ មកជា​មន្ត្រី​នាំពាក្យ​ និង​ក្រោយ​មកជា​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កាត់សេចក្តី​លើ​ឧក្រិដ្ឋកម្ម​ដែល​កើតឡើង​ក្នុង​របប​ខ្មែរក្រហម ហើយ​បច្ចុប្បន្ននេះ​បាននិង​កំពុង​បំពេញ​តួនាទី​ជា​រដ្ឋលេខាធិការ​ និង​ជា​មន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៦ ​នៃ​នីតិកាល​រដ្ឋសភា​។ កន្លែង​បំពេញ​អាជីព​សារព័ត៌មាន​ចុងក្រោយ​របស់ខ្ញុំ​គឺ​នៅ​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​។

ខ្ញុំ​បាន​ចូល​បម្រើ​ការងារ​នៅ​កាសែត​នេះ​ពី​ខែវិច្ឆិកា ឆ្នាំ​ ២០០៨ ក្រោយ​កាសែត ២ ភាសា​ខ្មែរ-អង់គ្លេស ឌឹ មេគង្គ​ថែមស៍ ដែល​ខ្ញុំ​ជា​និពន្ធ​នាយក​បាន​បិទទ្វារ​ដោយសារ ក្ស័យធន រហូតដល់​ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០១១ ក្នុងឋានៈ​ជា​អនុប្រធាន​ក្រុម​អ្នកព័ត៌មាន និង​បន្ទាប់​មកជា​នាយក​គ្រប់គ្រង​ការីនិពន្ធ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសា​ខ្មែរ មុននឹង​ចាប់​អាជីព​ថ្មី​ជា​មន្ត្រី​នាំពាក្យ​នៅ​តុលាការ​ខ្មែរក្រហម​នៅ​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០១១​។

ទោះបី​ពេលនេះ ខ្ញុំ​បានបញ្ចប់​អាជីព​សារព័ត៌មាន និង​មិនមែន​ជា​បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទៀត​ក៏ដោយ តែ​បេះដូង​កាយ​ចិត្ត អារម្មណ៍​ខ្ញុំ​នៅ​នឹង​កាសែត​នេះ​ជានិច្ច​ហាក់ដូចជា​សាច់ញាតិ​ម្នាក់ ព្រោះ​ខ្ញុំ និង​សហការី​មួយចំនួនទៀត​បានប្រសូត​កាសែត​ភ្នំពេញ- ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​នេះ​ដោយ​ផ្ទាល់ដៃ ​ចាប់តាំងពី​ការរៀបចំ​ទស្សនទាន រៀបចំ​​ឡូហ្គោ ការរៀបចំ​រចនា​ទំព័រ បង្កើត​ក្រុមការងារ បណ្តុះបណ្តាល​ធនធានមនុស្ស រហូតដល់​ការរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​។

ជា​កូន​ដែល​បាន​បង្កើត​ផ្ទាល់ដៃ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសា​ខ្មែរ ចាប់ផ្តើម​ផ្សាយ​សាកល្បង​នៅ​ថ្ងៃទី​ ៨ ខែសីហា ឆ្នាំ​ ២០០៩ និង​ចេញផ្សាយ​ជា​ផ្លូវ​ការប្រកួត​ប្រជែង​ជាមួយ​កាសែត​ផ្សេងទៀត​នៅ​ថ្ងៃទី​ ៩ ខែកញ្ញា ឆ្នាំ​ ២០០៩​។

កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ ភាសា​ខ្មែរ​បាន​ដើរ​ទន្ទឹមគ្នា​ជាមួយ​កាសែត-ភ្នំពេញ​ប៉ុស្តិ៍​ភាសា​អង់គ្លេស និង​ជា​ប្រភពព័ត៌មាន​ដ៏គួរ​ទុកចិត្ត​ផ្លូវការ​របស់​សាធារណជន​។ ក្នុងនាម​ស្ថាបនិក​ម្នាក់ ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្រៃលែង​ចំពោះ​កាសែត​មួយ​នេះ​ដែល​បន្ត​ឈរជើង​រឹងមាំ​នៅលើ​ទីផ្សារ​ព័ត៌មាន រហូត​មកទល់​ពេលនេះ​ប្រកប​ដោយ​ភាពជឿជាក់​ និង​ជា​ប្រភពព័ត៌មាន​ជា​ទី​ទុកចិត្ត​របស់​មិត្ត​អ្នកអាន​របស់ខ្លួន​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជាទី​ដែល​បាន​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​មាន​ភាពរឹងមាំ​ក្នុង​អាជីព​សារព័ត៌មាន ផ្តល់​បទពិសោធ​ការងារ និង​មានឱកាស​យក​ទ្រឹស្តី​សិក្សា​នៅ​សាលា​ផ្នែក​សារព័ត៌មាន បទពិសោធ​ពី​កម្មសិក្សា​នៅ​ប្រទេស​បារាំង​មក​អនុវត្ត​ទាំង​ជំនាញ​សរសេរ និង​ជំនាញ​គ្រប់គ្រង​ក្នុង​វិស័យ​សារព័ត៌មាន​។

ទីនេះ​បាន​ផ្តល់នូវ​ភាពកក់ក្តៅ និង​សាមគ្គីភាព មិត្តភាព​ក្នុង​នាម​ជា​សហភាតា​ក្នុង​សមរភូមិ​ស្លាប​ប៉ាកា​។ ខ្ញុំ​មាន​អនុស្សាវរីយ៍​យ៉ាងច្រើន​នៅទីនេះ​ជាមួយ​មិត្ត​រួមការងារ​ដែល​មិនអាច​បំភ្លេចបាន ដែល​ពេលនេះ​ស្ថាបនិក​មួយចំនួន​បាននិង​កំពុង​បន្ត​បម្រើ​ការងារ នៅទីនេះ​យ៉ាង​ស្វិតស្វាញ​ដូចជា លោក សំ រិទ្ធ លោក វង្ស សុខេង លោក សូ វិសាល លោក ព្រុំ ភ័ក្ត្រ និង​លោកស្រី ប៉ាន់ ស៊ីម៉ាឡា ជាដើម​។

យើង​បាន​ឆ្លងកាត់​ពេលវេលា​ដ៏លំបាក​ជាមួយគ្នា ធ្វើការ​ដាច់​យប់​ជាមួយ​គ្នា សប្បាយរីករាយ​ជាមួយ​គ្នា និង​មាន​មោទនភាព​រួមគ្នា​ក្រោម​ទិសស្លោក «​ភ្នំពេញ​ប៉ុស្តិ៍​បម្រើ​កម្ពុជា​»​។ ពេលខ្លះ​ទោះ​យើង​មាន​ទស្សនៈ​ផ្សេងគ្នា តែ​យើង​មាន​ស្មារតី​ជា​បងប្អូន​ប្រកៀក​ស្មា​គ្នា ជួយ​គ្នា​ទៅវិញទៅមក តម្កល់​ផលប្រយោជន៍​រួម បម្រើ​មិត្ត​អ្នកអាន ខិតខំ​បំពេញការងារ​រហូត​បាន​កសាង​កេរ្តិ៍ឈ្មោះ​សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​ឡើង​។ នេះ​គឺជា​ការ​សាង​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​និយាយ​ជារួម និង និយាយ​ដោយឡែក សម្រាប់ ប្រវត្តិសាស្ត្រ​របស់​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​ផ្ទាល់​តែម្តង​ដែលជា​សារព័ត៌មាន បម្រើឱ្យ​ការពិត​របស់​កម្ពុជា​។

រយៈពេល​ដែល​ខ្ញុំ​បំពេញ​ការងារ នៅ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ អ្វីដែល​ខ្ញុំ​មិនបាន​បំភ្លេចបាន​គឺ​កាសែត​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ជា​សំឡេង​កម្ពុជា​អំឡុងពេល​ជម្លោះ​រវាង កម្ពុជា​ និង​​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ និង​ជា​មធ្យោបាយ​ផ្តល់ព័ត៌មាន​ពិត​អំពី​កម្ពុជា​ទៅកាន់​សាធារណជន​។

ព្រឹត្តិការណ៍​ដ៏សោកសៅ​នៃ​ការរត់​ជាន់គ្នា​នៅលើ​ស្ពាន​កោះពេជ្រ​នា​ថ្ងៃទី​ ២២ ខែវិច្ឆិកា ឆ្នាំ​ ២០១០ ក៏​ជា​ផ្នែក​មួយ​នៃ​ការចងចាំ​របស់ខ្ញុំ​ក្នុង​បទពិសោធ​ក្នុង​អាជីព​សារព័ត៌មាន​ថា​តើ​បន្ទាត់​និពន្ធ​ត្រូវ​បត់បែន​ និង​រត់តាម​សភាពការណ៍​ថ្មីៗ​យ៉ាងណា និង​បញ្ជាក់ថា តើ​ការងារ​ជា​អ្នកសារព័ត៌មាន​ត្រូវមាន​ការទទួលខុសត្រូវ​យ៉ាងណា​ពេល​មាន​ហេតុការណ៍​សំខាន់​កើតឡើង ហើយ​តើ​មន្ត្រី​នាំពាក្យ​ត្រូវធ្វើ​សកម្មភាព​បែបណា​ករណី​មាន​វិបត្តិ​កើតឡើង​ដូច្នេះ​ដើម្បី​គ្រប់គ្រង​សាធារណមតិ​។

អ្វីដែល​សប្បាយចិត្ត​ពេល​ថ្នាក់ដឹកនាំ ពិសេស​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​លើក​ពី​ឈ្មោះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​សុន្ទរកថា និង​ពេលខ្លះ​លើក​បង្ហាញ​រូបភាព​កាសែត​ជា​សាធារណៈ​ដូចជា​ព័ត៌មាន​ទាក់ទង​នឹង​លោកតា រួមរឹត មិត្តភក្តិ​របស់​ព្រះបរមរតនកោដ្ឋ​ជាដើម​។

សារព័ត៌​មានបាន​ដើរតួនាទី​យ៉ាងសំខាន់​ចូលរួម​គ្រប់គ្រង​សភាពការណ៍​ប្រទេសជាតិ ចូលរួម​ធ្វើឱ្យមាន​ស្ថិរភាព​ជាតិ និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្តល់ព័ត៌មាន​ពិត រហ័ស​និង​ទុកចិត្ត​ដោយ​ឈរលើ​មូលដ្ឋាន​ប្រភពព័ត៌មាន​ច្បាស់លាស់​។

ដោយ​ឆ្លងកាត់​ការប្រឡូក​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​ជាង​ ១០ ​ឆ្នាំ និង​ក្នុង​អាជីព​ជា​មន្ត្រី​នាំពាក្យ​ជាង ១០ ​ឆ្នាំ​មកនេះ ខ្ញុំ​ពិតជា​អរគុណ​នូវ​អាជីព​សារព័ត៌មាន​​រួម​នឹង​បទពិសោធ ចំណេះដឹង ចំណេះ​ធ្វើ ដែល​ខ្ញុំ​ធ្លាប់​បំពេញ​ការងារ​ចាប់ផ្តើម​ចេញពី​កម្មវិធី​ព័ត៌មាន​ភាសា​​បារាំង Rendezvous របស់​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា កាសែត​សំណេរ​ថ្មី កាសែត​ឌឹមេគង្គ​ថែមស៍ វិទ្យុ​បារាំង​អន្តរជាតិ ផលិតកម្ម​ខ្មែរ​មេគង្គ និង​ចុងក្រោយ​គឺ​កាសែត​​ ភ្នំពេញ ​ប៉ុស្តិ៍ ដែល​បានធ្វើឱ្យ​ខ្ញុំ​មាន​បទពិសោធ​ការងារ​គ្រប់គ្រាន់ និង​មាន​មូលដ្ឋាន​វិជ្ជាជីវៈ​រឹងមាំ​ក្នុង​ការបោះជំហាន​លើ​អាជីព​ថ្មី​ពី​អ្នកស្វែងរក​ប្រភពព័ត៌មាន​មកជា​អ្នកផ្តល់​ប្រភពព័ត៌មាន​សម្រាប់​អ្នកសារព័ត៌មាន នោះ​គឺ​តួនាទី​ជា​ «​មន្ត្រី​នាំពាក្យ​» ដែល​ខ្ញុំ​បាននិង​កំពុង​បំពេញ​សម្រាប់​សាលាក្តី​ខ្មែរក្រហម​ក្នុង​នាម​ជា​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ក្នុងនាម​ជា​រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​៕

អរគុណ​សន្តិភាព អរគុណ​ ភ្នំពេញ ​ប៉ុស្តិ៍ អរគុណ​អតីតសហភាតា​!

(​លោក នេត្រ ភក្ត្រា ជា​រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​)