ពេលវេលា​ពិតជា​ដើរ​លឿន​ណាស់​។ អស់​រយៈពេល​ជិត ២០ ​ឆ្នាំ​ហើយ ដែល​ខ្ញុំ​បាន​ចាកចេញ​ពី​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ ប៉ុន្តែ​វា​មាន​អារម្មណ៍​ថា​ហាក់​ដូច​កាលពី​ម្សិលមិញ​។ ក្នុងនាម​ជា​អតីត​អ្នកយក​ព័ត៌មាន​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការអបអរសាទរ​ខួប​លើក​ទី​២៩ របស់​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ហើយ​ខ្ញុំ​សង្ឃឹម​ថា ភ្នំពេញ​ប៉ុស្តិ៍​នៅតែ​អាច​ដើរតួនាទី​សំខាន់​ក្នុង​ការផ្តល់​រឿងរ៉ាវ​ប្រកប​ដោយ​តុល្យភាព​ដល់​អ្នកអាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។

ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​នៅ​កាសែត ​ភ្នំពេញ ប៉ុស្តិ៍ ​ក្នុង​ឆ្នាំ​ ១៩៩៦ ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ការិយាល័យ​។ តួនាទី​របស់ខ្ញុំ​នៅពេល​នោះ​គឺ​គ្រាន់តែ​ធ្វើយ៉ាងណា​ឱ្យមាន​សៀវភៅ​កត់ត្រា ប៊ិក ម៉ាស៊ីន ឬ​កូន​ម៉ាញ៉េ​ថត​សំឡេង និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​ការិយាល័យ​ដំណើរការ​បាន​រលូន ហើយ​ខ្ញុំ​ក៏បាន​ស្ម័គ្រចិត្ត​សង្ខេប​ប៉ូលិស​ប៊្លូធ័រ​ (the Police Blotter) ​ដែលជា​ផ្នែក​មាន​ប្រជាប្រិយ​បំផុត​មួយ​របស់​ភ្នំពេញ​ប៉ុស្តិ៍​។

តួនាទី​ជា​អ្នកគ្រប់គ្រង​ការិយាល័យ​មិនមែន​ជា​ការងារ​ដែល​ខ្ញុំ​ចូលចិត្ត​នោះទេ ខ្ញុំ​ចង់​ធ្វើជា​អ្នកយកព័ត៌មាន​។ តាំងពី​ខ្ញុំ​នៅ​ក្មេង​នៅ​ភូមិ​ដាច់ស្រយាល​មួយ​ក្នុង​ខេត្តស្វាយរៀង​ជា​កន្លែង​ដែល​គ្មាន​វិទ្យុ​ និង​គ្មាន​ទូរទស្សន៍​ស្តាប់​ ឬ​មើល​ផង តែ​ខ្ញុំ​ចង់​ធ្វើជា​អ្នក​និទានរឿង​។ ខ្ញុំ​បានឃើញ​មនុស្ស​កាន់​មីក្រូហ្វូន​នៅលើ​ឆាក​ ឬ​នៅឯ​ការជួបជុំ​ និង​ពិធីបុណ្យ​នានា​ខ្ញុំ​ចង់​ធ្វើ​ដូច​ពួកគាត់​ដែរ​។ នៅពេល​ខ្ញុំ​លេង​ជាមួយ​មិត្តភក្តិ​ក្មេងៗ​ខ្ញុំ​តែងតែ​កាន់​​មែកឈើ​ធ្វើជា​ក្បាល​មីក្រូ​របស់ខ្ញុំ​ប្រាប់​រឿងរ៉ាវ​ ឬ​រាយការណ៍​ពីនេះ​ពី​នោះ​ដល់​ពួកគេ​។

ខ្ញុំ​បាន​ស្វែងរក​ឱកាស​ ដើម្បី​បំពេញ​ក្តីសុបិន​របស់ខ្ញុំ​ក្នុង​ការក្លាយ​ជា​អ្នកយក​ព័ត៌មាន​។ ​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ការិយាល័យ​ខ្ញុំ​បាន​មើល​ពី​របៀប​ដែល​អ្នកយកព័ត៌មាន​នៅ​ភ្នំពេញ​ប៉ុស្តិ៍​ជ្រើសរើស​ និង​សរសេរ​រឿងរ៉ាវ​របស់​ពួកគាត់​។ ​ខ្ញុំ​បាន​និយាយ​ជាមួយ​ពួកគាត់​ហើយ​សុំ​យោបល់​អំពី​របៀប​ក្លាយជា​អ្នក​យកព័ត៌មាន​។

នៅ​ពាក់កណ្តាល​ឆ្នាំ ១៩៩៧ ឱកាស​​របស់ខ្ញុំ​បាន​មក​ដល់​។ លោក ម៉ៃឃឺល ហេ ​(Michael Hayes) ដែលជា​អតីត​អ្នក​បោះពុម្ពផ្សាយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​អនុញ្ញាត​ឱ្យ​ខ្ញុំ​រួម​ដំណើរ​ជាមួយ​គាត់​ទៅ​តំបន់​មួយ​ដែល​មាន​ការប្រយុទ្ធ​តទល់​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម​ និង​កងកម្លាំង​រដ្ឋាភិបាល​ចម្រុះ​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

វា​ជា​បទពិសោធ​គួរឱ្យ​រំភើប និង​អស្ចារ្យ ហើយ​នៅពេល​ត្រឡប់​មកពី​សមរភូមិ​វិញ គាត់​យល់​ព្រមឱ្យ​ខ្ញុំ​ធ្វើជា​អ្នកយកព័ត៌មាន​ដោយ​គាំទ្រ​ដល់​វគ្គ​បណ្តុះបណ្តាល​មួយ​ទល់នឹង​មួយ​ដល់​ខ្ញុំ​លើ​ជំនាញ​សារព័ត៌មាន​។

ខ្ញុំ​បាន​ក្លាយជា​កូនសិស្ស​របស់​លោក មឿន ឈានណារិទ្ធ ដែល​ខ្ញុំ​តែងតែ​អរគុណ​ដល់​ការបណ្តុះបណ្តាល​ដ៏អស្ចារ្យ​របស់គាត់ ហើយ​បន្ទាប់មក​ខ្ញុំ​បាន​ក្លាយជា​អ្នកយកព័ត៌មាន​ ១ ​រូប​។

ដោយសារ​ប្រវត្តិ និង​កុមារភាព​របស់ខ្ញុំ​នៅក្នុង​តំបន់​សង្គ្រាម​រវាង​សហរដ្ឋ-អាមេរិក និង​វៀតណាម​ក្នុង​អំឡុង​ដើម​ទសវត្សរ៍ ឆ្នាំ​ ១៩៧០ ហើយ​ក្រោយមក​ទៀត គឺ​សង្គ្រាម​រវាង​ប៉ុលពត និង​វៀតណាម​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ៧០ ​។ បន្ទាប់មក​ដំណើរ​ទៅ​សរសេរ​រឿង​​លើកដំបូង​របស់​ខ្ញុំ​ជាមួយ​លោក​ ម៉ៃឃឺល ហេ នៅ​តំបន់​ប្រយុទ្ធ ដូច្នេះ​ការចាប់ផ្តើម​លើកដំបូង​របស់ខ្ញុំ​គឺ​សរសេរ​អំពី​សន្តិសុខ​ និង​ការប្រយុទ្ធ​គ្នា​ (​កិច្ចការ​សង្គ្រាម​) ​ជាពិសេស​លើ​របប​ខ្មែរក្រហម និង​រដ្ឋប្រហារ​ខែកក្កដា ឆ្នាំ​ ១៩៩៧​។

នៅពេល​សង្គ្រាមស៊ីវិល​បាន​បញ្ចប់​ការផ្តោតលើ​ប្រធានបទ​របស់ខ្ញុំ​បាន​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ដោយ​ប្តូរ​ទៅ​សរសេរ​អំពី​បញ្ហា​សិទ្ធិមនុស្ស បញ្ហា-សង្គម និង​នយោបាយ ហើយ​បញ្ចប់​ដោយ​ផ្តោតលើ​ប្រធានបទ​កសិកម្ម​​ និង​បរិស្ថាន​។

ខ្ញុំ​បាន​ឈប់​ពីមុខ​នាទី​ជា​អ្នកយក​​ព័ត៌មាន​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០០២ ​ហើយ​ក្លាយ​ជា​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៅ​ទីភ្នាក់ងារ​មួយ​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ (the UN agencies in Cambodia)​។ ខ្ញុំ​នៅតែ​អរគុណ​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អរគុណ​លោក​ ម៉ៃឃឺល ហេ លោកស្រី ខាលឡេនអូខេហ្វី (Kathleen O’Keefe) (​ដែល​បានទទួល​មរណភាព​ក្នុង​ឆ្នាំ​ ២០១៤) និង​ចំពោះ​អ្នក​កែសម្រួល​និពន្ធ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​ផ្តល់ឱកាស និង​គាំទ្រ​ខ្ញុំ​ក្នុង​ដំណើរ​ជា​អ្នកកាសែត​កន្លងមក​។

ដូច្នេះ​តើ​អ្វីខ្លះ​ដែល​ខ្ញុំ​បាន​យក​ជំនាញ​ជា​អ្នកយកព័ត៌មាន​ទៅ​អនុវត្ត​ក្នុងតួនាទី​បច្ចុប្បន្ន​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​របស់ខ្ញុំ​? ​នៅក្នុង​ខួប​លើក​ទី​ ២៩ នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ខ្ញុំ​សូម​លើកយក ៣ ​ចំណុច​ដែល​ខ្ញុំ​បាន​រៀនសូត្រ​មក​ចែករំលែក​ជាមួយ​មិត្ត​រួម​អាជីព​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​ផ្សេងទៀត​ដែល​ចាប់អារម្មណ៍​។

ទី​ ១ ​គឺ​ការបង្កើត​ភាពជឿកជាក់ និង​ប្រភព​ដែល​អាច​ទុកចិត្តបាន​។ សម្រាប់​អ្នកសារព័ត៌មាន​ការកសាង​ទំនុកចិត្ត​ និង​ទំនាក់ទំនង​ដែល​អាច​ទុកចិត្តបាន​គឺជា​វិធី​ដើម្បី​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​។ នៅពេល​ប្រភព​ទុកចិត្ត​យើង​ពួកគាត់​មាន​អារម្មណ៍​និយាយ និង​ចែករំលែក​ព័ត៌មាន​ដោយ​សុវត្ថិភាព​។ ​

ការជឿទុកចិត្ត​នៅទីនេះ​មានន័យថា​ជា​ការគោរព​ប្រភព គោរព​សិទ្ធិ​របស់​ពួកគាត់​សន្តិសុខ និង​សុវត្ថិភាព​របស់​ពួកគាត់ ការសម្ងាត់ ការហាមឃាត់​ និង​អ្វីៗ​ផ្សេងទៀត​។ នៅក្នុង​ការងារ​បច្ចុប្បន្ន​ខ្ញុំ​បាន​បង្កើត​ការជឿទុកចិត្ត​ក្នុងចំណោម​បណ្តាញ​នានា​ដែល​រួមមាន មន្ត្រី​រដ្ឋាភិបាល វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​យុវជន និង​សហគមន៍​ជនបទ​។

ទី​ ២ បំបែក​គំនិត​ដែលថា អ្នក​សារព័ត៌មាន​ជាស​ត្រូវ​ ឬ​ជា​អ្នកបង្ក​បញ្ហា​។ នៅពេល​ដែល​មនុស្សឮ​អ្នកយក​ព័ត៌មាន​ទូរស័ព្ទ​ទៅ ឬ​ចោទសួរ​សំណួរ ពួកគេ​គិតថា អូព្រះ​ជា​ម្ចាស់ ខ្ញុំ​មាន​បញ្ហា​ ឬ​យើង​កំពុងមាន​បញ្ហា​។ ពួកគេ​ភ័យ​ស្លន់ស្លោ ពីព្រោះ​ពួកគេ​អាច​គិតថា អ្នកកាសែត​ទូរស័ព្ទ ឬ​សួរ​នៅពេល​មាន​បញ្ហា​អវិជ្ជមាន ឬ​មានរឿង​មិនល្អ​។ តាមពិត​អ្នក​ធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​អ្នកកាសែត​អាច​ផ្តល់​ឱកាស​ដល់​យើង​ដើម្បី​បញ្ជាក់ ឬ​បកស្រាយ​បញ្ហា​អ្វីមួយ​ដែល​គេ​ចោទប្រកាន់ ហើយ​ផ្តល់​ជា​បណ្តាញ​សម្រាប់​ទទួល​បាន​ព័ត៌មាន​អំពី​ការងារ ឬ​សមិទ្ធផល​របស់​អ្នក​។

អ្នកសារព័ត៌មាន​អាជីព​មិនមែន​ជា​សត្រូវ​ទេ​។ ពួកគេ​គឺជា​បណ្តាញ​សម្រាប់​ទទួល​ និង​បញ្ជូន​ព័ត៌មាន​។

ទី​ ៣ គឺ​កសាង​ទស្សនៈ​ប្រកប​ដោយ​តុល្យភាព​។ នេះ​ជា​ចំណុច​សំខាន់​ដោយសារ​នៅពេល​អ្នកសរសេរ​រឿង​របស់​អ្នក​ពី​មុំ ឬ​ជ្រុង​មួយ​ដែលមាន​តុល្យភាព​វា​នឹង​នាំ​អ្នក​ឱ្យ​គិត​អំពី​ទស្សនៈ​ប្រកប​ដោយ​តុល្យភាព​នៅពេល​បំពេញភារកិច្ច​ផ្សេងទៀត​។

នៅពេល​អ្នក​កំពុង​ធ្វើការ​នៅក្នុង​កិច្ចការ​សាធារណៈ​អ្នក​ក៏ត្រូវ​ស្នើឱ្យ​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ ឬ​ក្រុម​គ្រប់គ្រង​របស់​ស្ថាប័ន​របស់​អ្នក​ផងដែរ​។ ​នៅពេល​ដែល​អ្នកគ្រប់គ្រង​របស់​អ្នកទទួល​បាន​ទស្សនៈ​មិន​លម្អៀង និង​ទិដ្ឋភាព​ពេញលេញ​អំពី​ស្ថានភាព​នានា​ពួកគាត់​អាច​ធ្វើការ​សម្រេចចិត្ត​ដែល​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ដែល​គាំទ្រ​ដល់​ប្រទេស និង​ប្រជាជន​របស់​យើង​។

ឧទាហរណ៍​នៅពេល​អ្នកដឹកនាំ​ការប្រជុំ​ពិគ្រោះ​យោបល់​នានា ទស្សនៈ​ប្រកប​ដោយ​តុល្យភាព​របស់​អ្នកនឹង​ជួយ​អ្នក​ឱ្យ​គិត​យ៉ាង​ទូលំទូលាយ​អំពី​អ្នកណា​ដែល​គួរតែ​ត្រូវបាន​អញ្ជើញ​​ឱ្យ​ពិគ្រោះ​ពិភាក្សា​។ បន្ទាប់មក អ្នកនឹង​គិតពី​អ្នកតំណាង​មកពី​គ្រប់​មជ្ឈដ្ឋាន​ដូចជា សហគមន៍​ជនបទ ក្រុម​ងាយ​រងគ្រោះ​ស្ត្រី និង​កុមារ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​​ (​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា ស្ត្រី​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ ២ ​ភេទ អ្នក​ប្តូរ​ភេទ និង intersex (LGBTI) ​និង​អ្នក​ផ្សេងទៀត​ជាដើម​)​។

ជាថ្មី​ម្តងទៀត ខ្ញុំ​សង្កត់ធ្ងន់​លើ​ក្តីសង្ឃឹម​របស់ខ្ញុំ​ថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អាច​បន្ត​ដើរតួនាទី​សំខាន់​ក្នុង​ការផ្តល់​​នូវ​រឿងរ៉ាវ​ប្រកប​ដោយ​តុល្យភាព​លើ​ប្រទេស​កម្ពុជា​។ ខ្ញុំ​សូម​ជូនពរ​ដល់​បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំងអស់​សូម​មាន​សុវត្ថិភាព!

(​លោក​ ប៊ូ សារឿន ជា​មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​។ នេះ​ជា​ការផ្តល់​មតិយោបល់​លេច​ចេញពី​គំនិត​ផ្ទាល់​របស់​លោក​។)

ប៊ូ សារឿន