The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សារ​ពី​អគ្គនាយក ភ្នំពេញ ប៉ុស្ដិ៍ ក្នុង​ដំណើរ​រយៈពេល​ ២៩ ​ឆ្នាំ​ នៅតែ​បន្ត​ភាពរឹងមាំ និង​សកម្ម




សារ​ពី​អគ្គនាយក ភ្នំពេញ ប៉ុស្ដិ៍ ក្នុង​ដំណើរ​រយៈពេល​ ២៩ ​ឆ្នាំ​ នៅតែ​បន្ត​ភាពរឹងមាំ និង​សកម្ម

Content image - Phnom Penh Post
លោក លី តៃសេង ចាងហ្វាង និង​អគ្គនាយក កាសែត​ភ្នំពេញ ប៉ុស្តិ៍​។

សារ​ពី​អគ្គនាយក ភ្នំពេញ ប៉ុស្ដិ៍ ក្នុង​ដំណើរ​រយៈពេល​ ២៩ ​ឆ្នាំ​ នៅតែ​បន្ត​ភាពរឹងមាំ និង​សកម្ម

ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បាន​ចែករំលែក​ទស្សនៈ​របស់​ខ្ញុំ នៅក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​ដ៏សំខាន់ ខណៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ឈានចូល​ខួប ២៩ ​ឆ្នាំ នៅក្នុង​ថ្ងៃនេះ​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ស្នូល​នៃ​សារព័ត៌មាន ដើម្បី​នាំមក​នូវ​ព័ត៌មាន​ប្រកប​ដោយ​គុណភាព​ដល់​មិត្តអ្នកអាន​របស់​យើង និង​ចូលរួមចំណែក​ក្នុង​វិជ្ជាជីវៈ ដល់​ការកសាង​ប្រទេសជាតិ ជា​អ្វីដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជិត​ ៣ ​ទសវត្សរ៍​កន្លងមក​នេះ ចាប់តាំងពី​កាសែត​ត្រូវបាន​បោះពុម្ពផ្សាយ​ជា​លើកដំបូង​។

ការទទួល​បាន​ជោគជ័យ​នេះ​គឺ​ដោយសារ​យើង​ជឿជាក់​លើ​សុចរិតភាព​នៃ​អត្ថបទ​សារព័ត៌មាន​របស់​យើង ដែល​មាន​តម្លាភាព មិន​លម្អៀង និង​គួរឱ្យ​ទុកចិត្ត យើង​នៅតែ​ជា​កញ្ចក់​សម្រាប់​សង្គម នោះ​ហើយ​ដែល​ធ្វើឱ្យ​យើង​លេចធ្លោ​ជាង​គូប្រជែង​របស់​យើង​។

រយៈពេល​ ២៩ ​ឆ្នាំ​កន្លងមកនេះ យើង​តែងតែ​រៀនសូត្រ និង​រិះរក​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​អត្ថបទ និង​ការចែកចាយ​ព័ត៌មាន​របស់​យើង ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​បន្ត​ផ្លាស់ប្តូ​រហើយ​អ្នកអាន​មាន​ជម្រើស​កាន់តែច្រើន​ដើម្បី​ទទួលបាន​ព័ត៌មាន​។

ព្រឹត្តិការណ៍​ឥត​គ្រោងទុក​បាន​កើតឡើង ​

គ្មាន​ការសង្ស័យ​ទេ​ថា ឆ្នាំ​ ២០២០ គឺជា​ឆ្នាំ​សាកល្បង​ដ៏តានតឹង​។ ជីវិត​រស់នៅ ទម្លាប់ និង​របៀប​ធ្វើ​អាជីវកម្ម​របស់​យើង​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ដើមឆ្នាំ​នោះ ហើយ​ក៏​បានបង្ហាញ​អំពី​ភាពខ្លាំង ភាព​ខ្សោយ និង​ភាព​ងាយ​រងគ្រោះ​របស់​យើង ចំពោះ​ហានិភ័យ​ដែល​បានកើតឡើង​ដោយ​ឥត​ព្រាងទុក​នេះ​។

បរិយាកាស​ថ្មី​ដែល​យើង​កំពុង​រស់នៅ បង្ខំ​ឱ្យ​យើង​មិន​ត្រឹមតែ​កំណត់​រចនាសម្ព័ន្ធ​អាជីវកម្ម​របស់​យើង​ឡើងវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏ត្រូវ​ពិនិត្យ​ដោយ​យកចិត្ត​ទុកដាក់​ពី​របៀប​ដែល​យើង​ផ្តល់ព័ត៌មាន​ទៅដល់​មិត្ត​អ្នកអាន​របស់​យើង​។ វា​ជា​បញ្ហា​ប្រឈម​ថ្មី​សម្រាប់​រូបខ្ញុំ និង​សហការី​របស់ខ្ញុំ​។ ការរៀបចំ​រចនាសម្ព័ន្ធ​របស់​ស្ថាប័ន​ឡើងវិញ ត្រូវបាន​ធ្វើឡើង​នៅ​ទាំង​ផ្នែក​សរសេរ​ព័ត៌មាន​ និង​ផ្នែក​ផ្សេងទៀត ពីព្រោះ​ពួកគេ​ត្រូវការ​ពេលវេលា​ដើម្បី​បំពេញការងារ​នៅក្នុង​ «​បទដ្ឋាន​ថ្មី​»​។

កាលវិភាគ​បំពេញ​ការងារ​របស់​បុគ្គលិក​ត្រូវ​ប្តូរវេន ដោយ​តម្រូវឱ្យ​ធ្វើការ​ពី​ផ្ទះ ដើម្បី​រក្សា​គម្លាត​សង្គម ដែល​ត្រូវបាន​អនុវត្ត​យ៉ាង​ឆាប់រហ័ស ខណៈ​ថ្នាក់ដឹកនាំ​យកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​ការការពារ​សុខភាព​បុគ្គលិក​។ ដូច្នេះហើយ​ទើប​ធ្វើឱ្យ​យើង អាច​បន្ត​ការចេញផ្សាយ​អត្ថបទ​ព័ត៌មាន​ប្រចាំថ្ងៃ​បាន សម្រាប់​មិត្ត​អ្នកអាន ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​គ្មាន​ការអាក់ខាន​។

សម្លឹង​ហួស​ឆ្នាំ​ ២០២១

យើង​កំពុង​កែលម្អ និង​ច្នៃប្រឌិត ដើម្បី​នាំមក​នូវ​ព័ត៌មាន​ដែលមាន​ការប្រកួតប្រជែង ជា​ព័ត៌មាន​ពិត និង​គួរឱ្យ​ជឿទុកចិត្ត ទាន់​ហេតុការណ៍ និង​មិន​លម្អៀង ដល់​អ្នកអាន​របស់​យើង ទាំង​សម្រាប់​កាសែត​បោះពុម្ព និង​តាម​ប្រព័ន្ធ​ឌីជីថល​។ ដើម្បី​រក្សា​ការផ្តល់​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កំពុង​មាន​ការផ្លាស់ប្តូរ ជាពិសេស​អំឡុងពេល​មាន​ជំងឺ​រាតត្បាត កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ឌីជីថល​របស់ខ្លួន​តាមរយៈ​ការប្រើប្រាស់​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា តេឡេក្រាម និង​ហ្វេសប៊ុក​ដើម្បី​ទាក់ទាញ​អ្នកអាន​កាន់តែច្រើន​។

យើង​តែងតែ​ពង្រឹង​ជំនាញ​របស់​យើង​ជានិច្ច ដើម្បី​បន្ត​ស្វែងយល់​ពី​តម្រូវការ​របស់​សង្គម​ដែលមាន​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ហើយ​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​មិត្ត​អ្នកអាន​ដ៏ស្មោះស្ម័គ្រ​របស់​យើង​ដែល​តែងតែ​ចង់បាន​ព័ត៌មាន​ដែលមាន​គុណភាព និង​បំពេញ​មុខងារ​ជា​កាសែត​ឈានមុខ​គួរឱ្យ​ទុកចិត្ត​នៅក្នុង​បរិស្ថាន​ថាមវន្ត​។

កាសែត​របស់​ប្រជាជន

នៅថ្ងៃនេះ យើង​បាន​ឈានដល់​ចំណុច​ដ៏សំខាន់​មួយទៀត នៅក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​អង់គ្លេស និង​ខេមរភាសា រួមបញ្ចូល​គ្នា​មាន​អ្នកអាន​ប្រមាណ ៩ ​លាន​នាក់​នៅលើ​ហ្វេសប៊ុក ធ្វើឱ្យ​យើង​ឈានមុខ​គេ​មួយ​នៅក្នុង​កាសែត​បោះពុម្ព និង​ឌីជីថល​។ យើង​កំពុង​វិវឌ្ឍ​ដោយ​ប្រកាន់ខ្ជាប់​នូវ​តម្លៃ​ស្នូល​របស់​យើង ហើយ​យើង​នៅតែ​ជា​ «​កាសែត​របស់​ប្រជាជន​»​។ ក្រុមការងារ​ផ្នែក​សារព័ត៌មាន​របស់​យើង​បន្ត​លើកឡើង​អំពី​បញ្ហា​សង្គម រាប់​ចាប់តាំងពី​ការប្រែប្រួល​អាកាសធាតុ បញ្ហា​ការងារ និង​ការលំបាក​របស់​ប្រជាពលរដ្ឋ ក្នុងអំឡុងពេល​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ រហូតដល់​ភាពក្រីក្រ និង​បញ្ហា​សិទ្ធិមនុស្ស នៅក្នុង​ចំណោម​បញ្ហា​ដទៃ​ជាច្រើន​ទៀត​។

យើង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឆ្លងកាត់ ហើយ​យើង​នឹង​បន្ត​ធ្វើជា​ឧបករណ៍​មួយ​សម្រាប់​ការផ្លាស់ប្តូរ ដើម្បី​សង្គមជាតិ​យើង​បានល្អ​ប្រសើរ​។ យើង​មាន​ជំនឿ​ចិត្ត​នៅក្នុង​ការបន្ត​ដំណើរ​ដ៏អស្ចារ្យ​នេះ ពីព្រោះ​យើង​ជឿជាក់ថា យើង​កំពុង​ជម្នះ​បញ្ហា​ប្រឈម ហើយ​តួលេខ​ក៏បាន​បញ្ជាក់​ដូច្នេះ​!

វា​មិន​ត្រឹមតែ​ជា​ចំនួន និង​ពានរង្វាន់​ជាច្រើន​ដែល​យើង​បានទទួល ដែល​ធ្វើឱ្យ​យើង​មាន​មោទនភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ដែល​យើង​បាន​មើលឃើញ អំពី​ភាពរីករាយ និង​ជោគជ័យ​ក៏ដូចជា​ទុក្ខលំបាក ខណៈ​ប្រទេសជាតិ​បាន​រីកចម្រើន​ឆ្ពោះទៅមុខ​។

សមិទ្ធផល​ទាំងនេះ​នឹង​មិនអាច​សម្រេច​ទៅបាន​នោះទេ ប្រសិនបើ​គ្មាន​ទំនុកចិត្ត និង​ការគាំទ្រ​ដ៏ឥត​ងាករេ ពី​បុគ្គលិក ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដៃគូ​អាជីវកម្ម និង​មិត្ត​អ្នកអាន​របស់​យើង ក្នុង​រយៈពេល​នៃ​ភាពជោគជ័យ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទាំងអស់​គ្នា​ដែល​បាន​គាំទ្រ​។

នៅ​ក្នុងន័យនេះ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​ព័ត៌មាន ដែល​បាន​បង្កើត​បរិយាកាស​ដ៏អំណោយផល​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​បែប​បុរាណ និង​ទំនើប​ដទៃទៀត ដើម្បី​ប្រតិបត្តិការ​ដោយ​សេរី នៅក្រោម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ខណៈ​ដែល​យើង​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ យើង​ក៏​នឹក​ចាំ​ដល់​មិត្តភក្តិ​របស់​យើង ជាពិសេស​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​បាន​រងគ្រោះ និង​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូវីដ​ ១៩ ហើយ​យើង​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បុគ្គលិក​សុខាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់ អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ ដើម្បី​ថែទាំ​អ្នក​ដែល​ត្រូវការ​ជំនួយ​ក្នុងអំឡុងពេល​មាន​វិបត្តិ​សុខភាព ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ​។ ខ្ញុំ​សូម​គោរព​ជូនពរ​គ្រប់គ្នា​ឱ្យមាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕

អបអរសាទរ​ខួប​គម្រប់ ២៩ ​ឆ្នាំ!

អត្ថបទគួរចាប់អារម្មណ៍