មន្ត្រី ​និង​អ្នកជំនាញ​បានឱ្យដឹង​នៅក្នុង​បទ​សម្ភាស​កាលពីពេល​ថ្មីៗ​ថា គម្រោង​ដែល​ស្ថិតនៅក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ (BRI) បាននិងកំពុង​ជួយ​ទ្រទ្រង់​ដល់​ការ​អ​ភិ​វ​ឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដែល​បាន​ធ្លាក់​ចុះ​ដោយសារតែ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ ​១៩​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសា​សន៍​ថា គម្រោង BRI នៅទីនេះ​ដូចជា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ព្រលានយន្តហោះ​អន្តរ​​ជាតិ​ខេត្តសៀមរាប​ថ្មី ពហុ​កីឡដ្ឋាន​ជាតិ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ (SSEZ) បានផ្តល់​អត្ថ​​ប្រយោជន៍​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​។​

​ទោះបី​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ ១៩ ​ក្តី ក៏​ការសាងសង់​គម្រោង​ធំៗ ដូចជា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​​សីហនុ និង​រោងចក្រ​ថាមពល ​៧០០ ​មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្ត​ព្រះសីហនុ នៅតែ​ដំណើរការ​ទៅមុខ ដែលជា​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ លោក​បន្តថា នៅពេល​បញ្ចប់​, គម្រោង​ទាំង នោះ​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការជួយ​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​ក្នុង សម័យ​ក្រោយ​ជំងឺ​រាតត្បាត​។

​លោក​បាន​ប្រាប់​សារព័ត៌មាន​ស៊ីន​ហួ​ថា​៖ «SSEZ បានរួម​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​ការគាំទ្រ​ដល់​ការនាំ​ចេញ​របស់​ប្រទេស ហើយ​រោងចក្រ​វា​រី​អគ្គិសនី​ទាំងអស់​បាន​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យមាន​ស្ថិរភាព ដើម្បី​ធានាបាន​នូវ​ប្រក្រតីភាព​នៃ​ជីវិត​ប្រចាំថ្ងៃ និង​អាជីវ​​កម្ម​របស់​ប្រជាជន​»​។​

​លោក​ស៊ី​ផាន បាន​បន្ថែមថា វា​បាន រួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ពិភពលោក ទាក់ទង​នឹង​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​រឹង និង​ទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឱកាស​វិនិយោគ ការ​​ផ្លាស់ប្តូរ​វប្បធម៌ និង​ការតភ្ជាប់​រវាង​ប្រជាន និង​ប្រជាជន​។

​កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​ស្ទុះ​ឡើងវិញ​ក្នុង​រង្វង់ ​២,៥ ​ភាគរយ​នៅក្នុង​ឆ្នាំ ២០២១ បន្ទាប់ពី​បាន​ធ្លាក់ចុះ -១,៩ % កាលពី​ឆ្នាំមុន នេះ​បើ​យោងតាម​ការ​ព្យាករ​ចុង​​ក្រោយ​របស់​រដ្ឋាភិបាល​។​

​លោក នាក់ ចិន្តា​រិ​ទ្ធិ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ បាន​មានប្រសាសន៍ថា គម្រោង BRI បាន​ដើរតួនាទី​ដ៏​មាន​ស្ថិរភាព​នៅក្នុង​ការពង្រឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុងអំឡុងពេល​មាន​ជំងឺ​រា​ត​​ត្បា​ត ខណៈ​មានការ​រំខាន​នៅ​កន្លែង​ដទៃ​។ លោក​ថ្លែងថា យោងតាម​របាយការណ៍​របស់​ប្រតិបត្តិ​ករ​, SSEZ ត្រូវ​បានឃើញ​ការកើនឡើង ៤៤.៥១ %​ធៀប​នឹង​ឆ្នាំមុន នៅក្នុង​តម្លៃ​នៃ​ការនាំ​ចូល​និង​នាំចេញ ដែល​បាន​ឈានដល់ ១ ១៨៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​​ពេល ​៧ ​ខែ​ដំបូង នៃ​ឆ្នាំ ​២០២១​។

​លោក ចិន្តា​រិ​ទ្ធិ បាន​ប្រាប់ Xinhua ថា​៖«​គម្រោង BRI ទាំងនេះ​នឹង​ក្លាយជា​ការរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា នៅក្នុង​ការស្តារ​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ ​១៩ ក៏ដូចជា​ការធ្វើ​សមា​ហរ​ណ​កម្ម​សេដ្ឋកិច្ចកម្ពុជា ជាមួយ​សេដ្ឋ​​កិច្ច​ដទៃទៀត​នៅក្នុង​ពិភពលោក​»​។

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា​បាន​មានប្រសាសន៍ថា​ គម្រោង BRI គឺជា​ឱកាស​ដ៏​ល្អ និង​ជាការ​អភិវឌ្ឍ​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្រទេស​កម្ពុជា​។

​លោក​ថ្លែងថា ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន កំពង់ផែ រោងចក្រ​វា​រី​អគ្គិសនី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឬក៏​តំបន់ឧស្សាហកម្ម នៅក្រោម​គម្រោង BRI គឺមាន​សារៈសំខាន់​ខ្លាំងណាស់​នៅក្នុង​ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជួយ​បង្កើន​ការប្រកួត​ប្រជែង​សេដ្ឋកិច្ច និង​ធ្វើ​ពិពិធ​កម្ម​ប្រភព​កំណើន​។​

​ត្រូវបាន​ស្នើឡើង​ក្នុង​ឆ្នាំ​ ២០១៣ «​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវគោក​តាម​បណ្តោយ​ផ្លូវ​សូត្រ​» ​និង​ «​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១» មាន​គោល​​បំណង​បង្កើត​បណ្តាញ​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​អាស៊ី​ជាមួយ​អឺរ៉ុប ហើយ​បន្ត​ឆ្ពោះទៅកាន់​ទ្វីបអាហ្វ្រិក​៕

By Mao Pengfei, Nguon Sovan