លោក ស៊យ ហ្វ (Souy For) អាយុ​ ៥១ ​ឆ្នាំ ដែលជា​ឪពុក​កូន ​២ ​នាក់ បាន​និយាយ​អំពី​ស្ថានីយ​ថាមពល​ថ្មី​មួយ​នេះ​ថា​៖ «​ប្រសិនបើ​គ្មាន​គម្រោង​នេះ​ទេ នោះ​យើង​នឹង​នៅតែ​រស់នៅ​ដោយ​លំបាក ដោយ​ប្រើ​អាគុយ ឬ​ចង្កៀងប្រេងកាត​»​។

«​នៅ​ភូមិ​ថ្មី ដោយសារតែ​អគ្គិសនី​មានតម្លៃ​ថោក​និង​មាន​ស្ថិរភាព យើង​អាច​ប្រើប្រាស់​សម្ភារ​ដែល​យើង​មិន​ធ្លាប់ប្រើ​ពីមុន​នៅ​ភូមិ​ចាស់​ដោយ សារ​តែ​ខ្វះ​ភ្លើងអគ្គិសនី ដូចជា​ម៉ា​ស៊ីន​ត្រជាក់ កង្ហារ ទូទឹកកក និង​ទូរទស្សន៍ ជាដើម​»​។

​លោក ស៊យ ហ្វ ជា​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​រាប់រយ​គ្រួសារ​ទៀត​ដែល​ស្ម័គ្រចិត្ត​ចាក​ចេញពី​ភូមិ​ចាស់​របស់​ពួកគេ ដើម្បី​ផ្លាស់​លំនៅ​ទៅ​កន្លែង​ថ្មី ​ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ស្ថានីយ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម ​២ ដែលមាន​កម្លាំង​ ៤០០ ​មេ​ហ្គា​វ៉ា​ត់​នៅ​ស្រុក​សេសា​ន ខេត្ត​ស្ទឹង​ត្រែង ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។​

​ស្ថានីយ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២ ត្រូវបាន​បញ្ចប់​ក្នុង​ឆ្នាំ ​២០១៨ គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​ចិន Huaneng Hydrolancang International Energy ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន ៥១% និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​កម្ពុជា​ដែលមាន​ភាគហ៊ុន ៣៩% និង​ក្រុមហ៊ុន វៀតណាម EVN International Joint Stock Company មាន​ភាគហ៊ុន​ ១០%​។

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា គម្រោង​នេះ​កំពុង ផ្តល់​អំណាច​ដល់​ការអភិវឌ្ឍ​សេដ្ឋ​​កិច្ច​សង្គម​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ដែលមាន​សមត្ថភាព​ផលិត​ថាមពល​កកើតឡើង​វិញ​បាន ៤០០ មេ​ហ្គា​វ៉ា​ត់​។​

​លោក​ថ្លែងថា​៖ «​គម្រោង​នេះ​មាន​សារៈសំខាន់ ដើម្បី​ធានា​សន្តិសុខ​ថាមពល​របស់​កម្ពុជា ហើយ​វា​បាន ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​ប្រទេស​កម្ពុជា និង​ប្រជាជន​របស់ខ្លួន​ទាំងមូល​»​។

​លោក ហ្វឿ​ន ហេង (Foeun Heng) អាយុ ៦៣​ ឆ្នាំ បាន​ផ្លាស់ប្តូរ លំនៅ​នៅ​ឆ្នាំ​ ២០១៦ ដោយ​ចាប់ផ្តើមជីវិត​ថ្មី​ជាមួយ​ផ្ទះ​ឈើ​ទំហំ ៨០ ​ម៉ែត្រការ៉េ និង​ដីស្រែ ៥ ​ហិកតា ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់ និង​គម្រោង​ក្រុមហ៊ុន​។ គាត់​បាន​ដាំ​ដើម​ស្វាយចន្ទី​នៅលើ​ផ្ទៃដី​ទំហំ​៥​ហិកតា​របស់គាត់​ដែល​អាច​រកចំណូលបាន ជិត ៣ ០០០​ ដុល្លារ ក្នុង ​១ ​ឆ្នាំ ពី​ការ​​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី​។

​លោក ហេង បាន​ប្រាប់ Xinhua កាលពីពេល​ថ្មីៗ​នេះ​ថា​៖ «នៅទីនេះ​ជីវិត​មាន​ភាពងាយស្រួល ពីព្រោះ​យើង​មាន​ផ្លូវ​ល្អ ប្រព័ន្ធ​លូបង្ហូរទឹក​អណ្តូងទឹក តម្លៃ​អគ្គិសនី​ថោក មាន​សាលារៀន មាន​មណ្ឌល​សុខភាព វត្ត​អារាម និង​ប៉ុស្តិ៍​ប៉ូលិស​»​។​

​លោក ហ្វឿ​ន ជឿន (Foeun Choeun) មេឃុំ​ស្រែគរ​ថ្មី​បានឱ្យដឹងថា បច្ចុប្បន្ន​សហគមន៍​ដែល​ផ្លាស់ប្តូរ​លំនៅ មាន​ចំនួន ៩៩៦ គ្រួសារ ដែលមាន​ប្រជាជន​ជិត ៣​ ពាន់​នាក់​។​

​កាលពី​ខែ​មុន អគ្គិសនី​កម្ពុជា (EDC) បានផ្តល់​ពានរង្វាន់​ «Excellent Power Generation Enterprise Award» ដល់​រោងចក្រ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម ​២ ដោយបាន​កោតសរសើរ ចំពោះ​ការផ្គត់ផ្គង់​ថា​ម​ពល​ស្អាត មាន​ស្ថិរភាព និង​អាច​ជឿទុកចិត្ត​បានមក​កម្ពុ​ជា​។​

​លោក កែវ រតនៈ អគ្គនាយក​អគ្គិ​​ស​នី​កម្ពុជា​បាន​ថ្លែង​នៅក្នុង​វិ​ញ្ញាប​នប​ត្រ​សរសើរ​នោះ​ថា «​ក្នុង​រយៈពេល​ប្រតិបត្តិការ ​២ ​ឆ្នាំ​ចុង​ក្រោយនេះ គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ ២ មាន​ជំនាញ​វិជ្ជាជីវៈ​ដោយ​ផ្តល់​ការផ្គត់ផ្គង់​អគ្គិសនី​ដែល​អាច​ជឿទុកចិត្ត​បាន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​អគ្គិសនី​ដែល​ផ្តល់​ដោយ​គម្រោង​នេះ​មាន​ចំនួន ១៨,៦៩ % នៃ​ថា​ម​​ពល​សរុប​ដែល​បាន​បង្កើត​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ នៅ​ឆ្នាំ​ ២០២០ គិត​ត្រឹម​ថ្ងៃទី ​២ ខែ សីហា ឆ្នាំ​ ២០២១ អគ្គិសនី​ដែល​បាន​ផលិត​នៅទីនេះ​មាន​លើសពី​ ៦០០ លាន​គីឡូវ៉ាត់ម៉ោងនៅ​ឆ្នាំនេះ​។​

​លោក ឆាយ ខៃ​ម៉េង មន្ត្រី​ទំនាក់​​ទំនង​សាធារណៈ​នៃ​ស្ថានីយ​វា​រី​អគ្គិ​ស​នី​សេ​សាន​ក្រោម ​២ បាន​ថ្លែងថា ​៖«​ទោះបីជា​មានការ​រំខាន​ដោយសារ​ជំងឺ​កូ​វីដ​ ១៩ ​ក៏ដោយ ក៏​វា​រី​អគ្គិសនី​នៅតែ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​បណ្តាញ​អគ្គិសនី​ជាតិ​យ៉ាង​មាន​ស្ថិរភាព ពីព្រោះ​កម្មករ​របស់​យើង​បានធ្វើការ​គ្រប់ពេលវេលា ហើយ​ពួកគេ​មិនបាន​ទៅផ្ទះ​ទេ​ក្នុង អំឡុង​ពេលនេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩»៕

(Xinhua)