អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​កម្ពុជា​បាន​បើក​ដំណើរការ​ឡើងវិញ ជា​បណ្តើរៗ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​ប្រជាជន​ភាគច្រើន​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​ ១៩​។

​នៅឯ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្នុង​រាជធានី​ភ្នំពេញ សិស្សានុសិស្ស​បាន​ពាក់​ម៉ាស់​ការពារ​យ៉ាង​ត្រឹមត្រូវ នៅពេល​ដើរចូល​សាលារៀន និង​បាន​ត្រួតពិនិត្យ​សីតុណ្ហភាព និង​លាងដៃ​ជាមួយ​អាល់កុល​នៅ​ក្លោងទ្វារ​ចូល​។​

​លោក ស​ម្យ កំសាន្ត នាយករង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បាន​ប្រាប់ Xinhua ថា​៖ «​យើង​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​នីតិវិធី​ប្រតិបត្តិការ​ស្តង់​​ដារ (SOPs) ហើយ​ចំនួន​សិស្ស​នៅក្នុង​ថ្នាក់រៀន​ត្រូវបាន​កំណត់​ត្រឹម​តែ ​១៥​នាក់​ប៉ុណ្ណោះ​»​។

​ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​សាលា​អាវ​ព៌​ណស សំពត់​ខៀវ និង​មាន​ពាក់​ម៉ាស់​ផង សិស្ស​ថ្នាក់​ទី​៩ ឃុន សុ​ភ័​ក្រ រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​និយាយថា នាង​រីករាយ​ណាស់​ដែល​បាន​ត្រឡប់មក​សាលារៀន​វិញ បន្ទាប់ពី​បិទ​អស់​រយៈពេល​ជិត​ ៧ ​ខែ ដោយសារ​ជំងឺ​កូ​វីដ​ ១៩​។

​យុវតី​វ័យ ​១៥ ​ឆ្នាំ ​រូបនេះ​បានឱ្យ Xinhua ដឹងថា​៖ «​ឥឡូវនេះ​ខ្ញុំ​មាន​អារ​ម្ម​​ណ៍​ធូរស្បើយ បន្ទាប់ពី​បាន​វិលត្រឡប់មក​រៀន​ក្នុង​ថ្នាក់​ដោយផ្ទាល់​វិញ​។ វា​តានតឹង​ក្នុង​ការរៀន​តាម​អន​ឡាញ​នៅផ្ទះ ពីព្រោះ​បរិយាកាស​រៀនសូត្រ​គឺ​មិន​ដូច​ការ​អង្គុយ​នៅក្នុង​ថ្នាក់​ជាមួយ​គ្រូ និង​មិត្ត​រួម​ថ្នាក់​នោះទេ​»​។ សុភ័ក្ត្រ ​និយាយថា គាត់​បាន​ចាក់​វ៉ាក់សាំង Sinovac របស់​ចិន​បាន​ចំនួន​ ២​ ដូ​ស​ហើយ​។ «​ខ្ញុំ​ពិតជា​មាន​ទំនុកចិត្ត​លើ​សុវត្ថិភាព គុណភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង Sinovac ក្នុងការ​ការពារ​ជីវិត​ខ្ញុំ​ពី​ជំងឺ​កូ​វីដ ​១៩»​។

​ជាមួយ​ប្រជាជន​សរុប​ចំនួន​ ១៦ ​លាន​នាក់ ប្រទេស​កម្ពុជា​ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ​១៩ សម្រាប់​មនុស្សពេញវ័យ​ចំនួន​ ១០ ​លាន​នាក់ នៅក្នុង​ខែកុម្ភៈ និង​សម្រាប់​ក្មេង​ជំទង់​ជិត​ ២ ​លាន​នាក់ ដែលមាន​អាយុ​ពី​ ១២ ទៅ​ ១៨​ ឆ្នាំ នៅក្នុង​ខែសីហា​។​

​រហូតមកដល់​ពេលនេះ មនុស្សពេញវ័យ​ចំនួន ៩,៧៧ ​លាន​នាក់ និង​ក្មេង​ជំទង់​ចំនួន ១,៧១ ​លាន​នាក់ បានទទួល​វ៉ាក់សាំង​លើកដំបូង​ដែល​ស្មើនឹង ​៧១,៨ ​ភាគរយ​នៃ​ប្រជាជន​នៅក្នុង​ប្រទេស នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​។​

​វ៉ាក់សាំង​កូ​វីដ ​១៩ ស្ទើរតែ​ទាំងអស់​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​យុទ្ធនា​​ការចាក់​វ៉ាក់សាំង​នេះ​ គឺជា​វ៉ាក់សាំង Sinovac និង Sinopharm របស់​ប្រទេស​ចិន​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ​បាន​ថ្លែងថា​៖ ​បើ​គ្មាន​ការជួយ​ពី​ប្រទេស​ចិន​ទេ ប្រាកដ​ណាស់​យើង​នឹង​មិនមាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​របស់​យើង​ទេ​» និង​បាន​បន្ថែមថា កម្ពុជា​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ជំនួយ​របស់​ប្រទេស​ចិន ​ក្នុង​ការជួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ​១៩​។

​ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា គ្រូបង្រៀន និង​សិស្ស​ត្រូវ​ចាក់​វ៉ាក់សាំង ហើយ​ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​មុនពេល​ចូល​សាលារៀន​។​

​លោកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការបើក​ដំណើរ​​ការ​សាលារៀន​ឡើងវិញ​ជា​បណ្តើរៗ ដោយបាន​ថ្លែងថា វា​ត្រូវបាន​ធ្វើឡើង​ទាន់ពេលវេលា និង​ឆ្លាត​វៃ​។

​លោកស្រី​បាន​ប្រាប់ Xinhua ថា​៖ «​ខណៈ​កុមារ​អាច​ឆ្លង​វីរុស​នេះ ប៉ុន្តែអាការ​ជំងឺ​ពួកគេ​ហាក់​មិន​ងាយ​វិ​វ​ឌ្ឍ​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ ​ឬ​ស្លាប់​ទេ បើ​ធៀប​ជាមួយ​មនុស្សពេញវ័យ ជាពិសេស​បើ​ធៀប​ជាមួយ​មនុស្ស​ចាស់​»​។

​លោកស្រី Foroogh Foyouzat តំណាង​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា​បាន​សន្មត​ពី​ការបើក​សាលា​​រៀន​ឡើងវិញ​ថា ជា​ដំណើរ​វិវឌ្ឍន៍​ដ៏​អស្ទារ្យ ដែល​រដ្ឋាភិបាល​សម្រេច​បាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​ ១៩​។

លោកស្រី Foyouzat បាន​ណែនាំ​ថា​សាលារៀន​នៅក្នុង​តំបន់​ដែលមាន​អត្រា​ឆ្លង​ទាប​ត្រូវ​បើក​មុន ហើយ​ត្រូវ​កំណត់​ទំហំ​ថ្នាក់រៀន និង​ផ្តោត​ខ្លាំង​ទៅលើ​វិធានការ​អនាម័យ និង​សុវត្ថិ​​ភាព ដែល​ត្រូវបាន​បង្ហាញថា​មាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​ពី​ការឆ្លង​ឱ្យបាន​ច្រើន​បំផុត​៕

Xinhua