ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​សន្ទនា​កាលពី ​៣០ ​ឆ្នាំមុន ចិន និង​អាស៊ាន ​បាន​បោះជំហាន​ទៅមុខ​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​លើ​វិស័យ​ជាច្រើន ដែល​បាន​ក្លាយជា​គំរូ​នៃ​កិច្ច​​សហប្រតិបត្តិ​ការប្រកប​ដោយ​ឋា​ម​វន្ត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ហើយក៏​មានការ​រីកចម្រើន​គួរឱ្យ​កត់​​សម្គាល់​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា ដូចជា​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​។

​ចាប់តាំងពី​ប្រទេស​ចិន និង​សមា​​គម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) បាន​បង្កើត​ទំនាក់ទំនង​សន្ទនា​ក្នុង​ឆ្នាំ​ ១៩៩១ ភាគី​ទាំង​ ២ ​បាន​មើលឃើញពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​ពី ៨,៣៦​ ពាន់​លាន​ដុល្លារ​អាមេរិក ដល់ ៦៨៥,២៨​ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ ​២០២០ ជាមួយនឹង​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម ១៦.៥ ​ភាគរយ​​។ នេះ​បើ​យោងតាម​ទិន្នន័យ​គយ​ចិន​។

​ភាគី​ទាំង ​២ គឺជា​ដៃគូ​ពាណិជ្ជកម្មធំ​បំផុត​របស់​គ្នា​ទៅវិញទៅមក ដោយបាន​ជួយ​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​វិបុល​ភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​។​

៣០​ឆ្នាំ​មកហើយ ទំនាក់ទំនង​ចិន​-អាស៊ាន បាន​បន្តដំណើរ​ឆ្ពោះទៅមុខ​ជាមួយនឹង​ការជឿទុកចិត្ត​គ្នា​ជា​យុទ្ធ​​សាស្ត្រ​ត្រូវបាន​ពង្រឹង ហើយ​កិច្ច​​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​កាន់តែ​សកម្ម និង​កាន់តែ​រឹងមាំ នៅក្នុង​ការកសាង​សហគមន៍​ដែលមាន​អ​នា​គ​ត​រួមគ្នា​។ ការ​រួមគ្នា​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ ​១៩ គ្រាន់តែ​ជា​ឧ​ទា​ហរ​ណ៍ ​១ ​ទៀត នៃ​ទំនាក់ទំនង​ដ៏ ជិតស្និទ្ធ និង​ជា​ស្មារតី​សហគមន៍​ដែលមាន​អនាគត​រួមគ្នា​ប៉ុណ្ណោះ​។

​ភាគី​ទាំង ​២ ​គឺជា​កម្លាំង​ដ៏​សំខាន់​នៅក្នុង​ការជំរុញ​ពាណិជ្ជកម្ម​សេរី និង​គាំទ្រ​ពហុភាគី​និយម​។ កិច្ច​សហ​ប្រតិបត្តិការ​ដ៏​រីកចម្រើន​នៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​រវាង​ចិន និង​អាស៊ាន បានផ្តល់​នូវ​សក្តានុពល​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។

​ចាប់តាំងពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​​កម្ម​សេរី​ចិន​-​អាស៊ាន ​ក្នុង​ឆ្នាំ ​២០១០ ត្រូវបាន​អនុវត្ត​យ៉ាង​ទូលំទូលាយ ពាណិជ្ជកម្ម​លើ​ទំនិញ និង​សេវាកម្ម​រវាង​ភាគី​ទាំង ​២ ​បាន​កើនឡើង​យ៉ាង ឆាប់រហ័ស តាមរយៈ​ការធ្វើ​សមា​ហ​​រណកម្ម​ខ្សែចង្វាក់​ឧស្សាហកម្ម និង​តម្លៃ​។

កិច្ចសហការជួយបង្កើនទំហំពាណិជ្ជកម្ម។

​ការចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​គឺជា​សមិទ្ធផល ដ៏​សំខាន់​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់ ពហុ​​ភាគី​និយម និង​ពាណិជ្ជកម្ម​សេរី នឹង​ចាក់​បញ្ចូល​សម្ទុះ​ទ្រទ្រង់​ថ្មី​ទៅក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​សេដ្ឋកិច្ច​សកល នៅពេល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​របស់​ពិភពលោក​ចូល​ជា​ធរមាន​។​

​ចិន​មើលឃើញថា​អាស៊ាន​គឺជា​អាទិភាព​នៅក្នុង​វិស័យ​ការទូត​ក្នុង​តំបន់​របស់ខ្លួន និង​ជា​តំបន់​ដ៏​សំខាន់​ក្នុង​ការកសាង​រួមគ្នា​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​-​ក្រវាត់ និង​ផ្លូវ​។

​នៅឯ​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៨ និង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​ និង​វិនិយោគ​ចិន​-​អាស៊ាន​ ដែល​បាន​បិទ​កាលពី​ថ្ងៃ​ចន្ទ ​នៅ​ទីក្រុង​ណាន​នី​ង​ភាគខាងត្បូង​ប្រទេស​ចិន តម្លៃ​ខ្ពស់បំផុត​នៃ​កិច្ចព្រមព្រៀង​វិនិយោគ​ដែលមាន​កិច្ចសន្យា​ចំនួន ៣០០​ ពាន់លាន​យន់ (​ប្រហែល ៤៦,៥៩​ ពាន់​លាន​ដុល្លារ​អាមេរិក​)​។ ហើយ​បាន​គូសបញ្ជាក់​ផងដែរ ពី​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ​សម្រាប់​អនាគត​ល្អប្រសើរ និង​រុងរឿង​ថែមទៀត​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​។​

​វា​ក៏​ជាការ​ផ្ញើ​សារ​ដ៏​ខ្លាំងក្លា​ថា ចិន​ប្តេជ្ញា​ធ្វើការ​ជាមួយ​អាស៊ាន​ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងសងខាង និង​ពិភពលោក ចំ​ពេល​មាន​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​ការកសាង​គំនិត​ផ្តូ​ច​ផ្តើម ខ្សែក្រវាត់ និង​ផ្លូវ និង​ពង្រឹង​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យបាន​ទៅដល់​កម្រិត​មួយ​កាន់តែ​ខ្ពស់​៕

Xinhua