ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៥ នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ភ្ញៀវទេសចរ អាច​មើលឃើញ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដ៏ធំ ស្កឹមស្កៃ មាន​រាង​ដូច​ «​សំពៅ​» ​ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​។

ពហុកីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នកទស្សនា​បាន​ចំនួន​ ៦ ​ម៉ឺន​នាក់​នឹង​ក្លាយជា​កន្លែង​សំខាន់​សម្រាប់​ការប្រកួត​កីឡា​ដ៏ធំ នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ (​ស៊ីហ្គេម​) ជា​លើកដំបូង​នៅ​ខែឧសភា ឆ្នាំ​ ២០២៣ ខាងមុខ​។

​កីឡដ្ឋាន​នេះ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​សំណង់​រដ្ឋ​ចិន China State Construction Engineering Corporation (CSCEC) ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ចិន ដោយ​គម្រោង​នេះ​ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅ​ខែសីហា ឆ្នាំ​ ២០១៧ ហើយ​ត្រូវបាន​សាងសង់​បញ្ចប់​ទាំងស្រុង​កាលពី​ខែ​មុន​។

ពិធី​ប្រគល់​ទទួល​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១២ ខែកញ្ញា ក្រោម​វត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ទំនើប និង​ទាន់សម័យ​ហើយ​ការរចនា​ប្រកបដោយ​ភាពច្នៃប្រឌិត​​

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មាន ប្រសាសន៍ថា ពហុកីឡដ្ឋាន​នេះ​គឺជា​សមិទ្ធផល​ដ៏ធំធេង​នៅក្នុង​វិស័យ​កីឡា​កម្ពុជា និង​ជា​និមិត្តសញ្ញា​ថ្មី​នៃ​មិត្តភាព​ដែកថែប​ដែល​មិនអាច​បំបែក​បាន​រវាង​ប្រទេស​ទាំង​ ២​។

ពហុកីឡដ្ឋាន​នេះ​មាន​កម្ពស់ ៣៩.៩ ម៉ែត្រ​ត្រូវ​បាន​សាងសង់​ឡើង​រាង​ «​សំពៅ​»​ និង​ប៉ម​ទាំង​ ២ ​មាន​កម្ពស់​ ៩៩ ​ម៉ែត្រ និង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​រចនាបទ្ម​ប្រាង្គ​ប្រាសាទ​នា​សម័យអង្គរ​។

ឯកឧត្តម ថោង ខុន មាន​ប្រសាសន៍​ថា​៖ «​សំពៅ​គឺជា​និមិត្តរូប​នៃ​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​កម្ពុជា​ និង​ចិន តាំងពី​យូរលង់​មកហើយ ពីព្រោះ​ប្រជាជន​ចិន​ធ្លាប់​ធ្វើដំណើរ​តាម​សំពៅ​មក​កម្ពុជា​កាលពី​សម័យ​បុរាណ​»​។

ឯកឧត្តម​បន្តថា ប៉ម​ខ្ពស់​នៃ​កីឡដ្ឋាន​រាង​ដូច​សំពៅ​នេះ​គឺជា​និមិត្តរូប​ដៃ​សំពះ​ដែលមាន​ក្នុង​រចនាបទ្ម​សំណង់​ស្ថាបត្យកម្ម​ខ្មែរ ដែល​ពិតជា​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​។

ឯកឧត្តម​មានប្រសាសន៍​ថា ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​ ១៦ ​ហិកតា​នៃ​ទំហំ​បរិវេណ​ពហុកីឡដ្ឋាន​សរុប​មាន​ទំហំ ៨៥ ហិកតា មាន​កម្ពស់​ ៥ ​ជាន់ ដែល​ត្រូវបាន​សាងសង់​ឡើង​ដោយ​បច្ចេកវិទ្យា​ទំនើប និង​សម្ភារ​ដែល​មាន​គុណភាព​ខ្ពស់​។

«​ក្រុមហ៊ុន CSCEC មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ហើយ​បាន​ប្រើ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ការសាងសង់​ពហុកីឡដ្ឋាន​នេះ ដោយ​គោរព​តាម​ស្តង់ដារ​បច្ចេកទេស​ទាំង​អស់​។ ពហុកីឡដ្ឋាន​នេះ​អាច​ផ្ទុក​មនុស្ស​បាន​ ៦ ​ម៉ឺន​នាក់ និង​អាច​ជម្លៀស​មនុស្ស​ចេញ​អស់​ដោយ​ប្រើពេល​តែ ៧ ​នាទី​ប៉ុណ្ណោះ ក្នុងករណី​មាន​អាសន្ន​»​។ ឯកឧត្តម​បន្ថែមថា​លេខ QR កូដ ក៏ត្រូវ​បាន​ដំឡើង​នៅលើ​កៅអី​នីមួយៗ ផងដែរ​។

ឯកឧត្តម​ថ្លែងថា ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​ទីក្រុង ពហុកីឡដ្ឋាន​នេះ​ក៏មាន​សណ្ឋាគារ ហាង​លក់​សំលៀក បំពាក់​កីឡា កន្លែង​លក់​អាហារ និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​។ ហើយ​វា​មិន​ត្រឹមតែ​ជួយ​ដល់​ការអភិវឌ្ឍ​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​មេដែក​ទាក់ទាញ​ភ្ញៀវទេសចរ ជាពិសេស​ភ្ញៀវទេសចរ​ចិន មកកាន់​ប្រទេស​កម្ពុជា ក្រោយ​ជំងឺ​កូវីដ​ ១៩ ត្រូវ​បញ្ចប់​។

កំណត់ត្រា​ថ្មី​នៃ​មិត្តភាព​ដែកថែប

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​អាច​ផ្ទុក​អ្នកទស្សនា​បាន​ ៦ ​ម៉ឺននាក់​។ រូបថត Supplied

ពហុកីឡដ្ឋាន​នេះ​គឺជា​គម្រោង​ដ៏សំខាន់​មួយ​រវាង​កម្ពុជា​ និង​ចិន នៅ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​ និង​ផ្លូវ (BRI) ក្នុង​គោលបំណង​លើកស្ទួយ​កីឡាករ ផ្លាស់ប្តូរ​វប្បធម៌ និង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​។

នៅក្នុង​ពិធី​នោះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ពហុកីឡដ្ឋាន​នេះ គឺជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ចិន ដោយ​លោក​បាន​បញ្ជាក់ថា លោក​មិនដែល​គិតថា​កម្ពុជា​នឹងមាន​កីឡដ្ឋាន​ដ៏ស្រស់ស្អាត​បែបនេះ​ទេ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បន្ថែមថា​៖ «​វា​ជា​កំណត់ត្រា​ថ្មី​នៃ​មិត្តភាព​ដែកថែប​រវាង​កម្ពុជា​ និង​ចិន​។ បើ​គ្មាន​ការគាំទ្រ​ពី​ប្រទេស​ចិន​ទេ យើង​ប្រាកដជា​គ្មាន​កីឡដ្ឋាន​នេះ​ទេ​។ ខ្ញុំ​អាច​និយាយបានថា​នេះ​គ្រាន់តែ​ជា​ផ្លែឈើ​ដែល​ប្រមូល​នៅ​ដើមរដូវ​ប៉ុណ្ណោះ តាមរយៈ​មិត្តភាព​ដែកថែប​របស់​យើង​»​។

ទន្ទឹមនឹង​នេះដែរ ឯកឧត្តម Wang ថ្លែងថា​ពហុកីឡដ្ឋាន​នេះ​គឺជា​ពហុកីឡដ្ឋាន​ដ៏ធំ​បំផុត​ដែល​ប្រទេស​ចិន​បានផ្តល់​ដល់​មិត្ត​បរទេស​របស់ខ្លួន ជាមួយ​នឹង​ជំនួយ​ឥតសំណង​។

ឯកឧត្តម​ថ្លែងថា​៖ «​យើង​សាងសង់​ពហុកីឡដ្ឋាន​ដ៏ធំ​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​មិត្តភាព​របស់​ប្រជាជន​យើង​ទាំងពីរ​គឺមាន​ភាពស៊ីជម្រៅ​។ ខ្ញុំ​សង្ឃឹមថា​ប្រជាជន និង​អត្តពលិក​កម្ពុជា​នឹង​រីករាយ​ជាមួយ​ព្រឹត្តិការណ៍​កីឡា​របស់​ពួកគេ​នៅ​ពហុកីឡដ្ឋាន​នេះ ហើយ​សង្ឃឹមថា​អត្តពលិក​កម្ពុជា​នឹង​សម្រេចបាន​នូវ​សមិទ្ធផល​បន្ថែមទៀត​នៅក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ឆ្នាំ ២០២៣ ខាងមុខ​»​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន បាន​មានប្រសាសន៍​ថា​ពហុកីឡដ្ឋាន​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការយកចិត្ត​ទុកដាក់​ជាពិសេស​របស់​ប្រទេស​ចិន​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ វិស័យ​កីឡា​នៅ​កម្ពុជា​។

«​ពហុកីឡដ្ឋាន​នេះ​នឹង​បម្រើ​ជា​ស្ពាន​មួយទៀត​ ដើម្បី​ភ្ជាប់​បេះដូង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​។ វា​ក៏​នឹង​ជួយ​លើកកម្ពស់​ការផ្សារភ្ជាប់​រវាង​ប្រជាជន​ និង​ប្រជាជន​រវាង​ប្រទេស​កម្ពុជា​ និង​ពិភពលោក​ទាំងមូល ពីព្រោះ​ពហុកីឡដ្ឋាន​នេះ​នឹង​ប្រមូលផ្តុំ​អត្តពលិក និង​អ្នកទស្សនា​មកពី​ជុំវិញ​ពិភពលោក នៅពេល​មានការ​ប្រកួត​ធំៗ​»​។

លើកស្ទួយ​កេរ្តិ៍ឈ្មោះ​កម្ពុជា​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​សកល

ពហុកីឡដា្ឋន​រាង​ដូច​សំពៅ​ដ៏​ស្រស់ស្អាត​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​។

លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​ប្រសាសន៍ថា ពហុកីឡដ្ឋាន​នេះ​មិន​ត្រឹមតែ​បាន​ចាក់​បញ្ចូល​កម្លាំង​ថ្មី​ចូលទៅក្នុង​ទំនាក់ទំនង​ចិន-កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​លើកស្ទួយ​មុខមាត់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។

«​យើង​ប្រាថ្នា​ចង់​សាងសង់​ពហុកីឡដ្ឋាន​ទំនើប​ និង​ធំ​បែបនេះ​ជាយូរ​មកហើយ រហូតមក​ដល់ពេល​នេះ​ដោយ​មាន​ការគាំទ្រ​ពី​ប្រទេស​ចិន ទើប​ក្តីសុបិន្ត​របស់​យើង​បានក្លាយ​ជា​ការពិត​។ វា​នឹង​ជួយ​លើកកម្ពស់​កិត្តិយស​ និង​កិត្យានុភាព​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​»​។

កីឡាករ​រត់​ល្បឿន ប៉ែន សុគង់ អាយុ​ ២៨ ​ឆ្នាំ​បាន​បង្ហាញ​ពី​ក្តីរីករាយ​ចំពោះ​ប្រទេស​ចិន​ដែល​បានផ្តល់​ជំនួយ​សាងសង់​កីឡដ្ឋាន​ដ៏ស្រស់ស្អាត​នេះ ដោយ​លោក​បាន​និយាយថា​វា​នឹង​ក្លាយជា​កំណប់ទ្រព្យ​ដ៏ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។

លោក សុគង់ ​បាន​ថ្លែងថា​៖ «​វា​គឺជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង យើង​មិន​ដែលមាន​កីឡដ្ឋាន​ដ៏អស្ចារ្យ​បែបនេះ​ទេ​»៕

By Mao Pengfei, Nguon Sovan