ក្រុមហ៊ុន Ming Fai Group គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅទីក្រុងហុងកុង ជាក្រុមហ៊ុនផលិតផលិតផលប្រើប្រាស់ក្នុងសណ្ឋាគារ និងអាកាសចរណ៍លំដាប់ពិភពលោក កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជារួមទាំងការនាំយកផលិតផលដែលមានគុណភាពខ្ពស់របស់ខ្លួនចូលទៅក្នុងទីផ្សារលក់រាយ។
ដោយកោតសរសើរប្រទេសកម្ពុជាចំពោះធនធានមនុស្ស និងបរិយាកាសអាជីវកម្មមានស្ថិរភាព ក្រុមហ៊ុនផ្តល់ដំណោះស្រាយសម្រាប់សណ្ឋាគារមួយនេះ គ្រោងនឹងពង្រីកកម្លាំងពលកម្មក្នុងស្រុកឱ្យបានរហូតដល់ ៥ ០០០ នាក់ ពីចំនួន ២ ០០០ នាក់បច្ចុប្បន្ននៅក្នុងរោងចក្រចំនួន ១៧ របស់ខ្លួននៅកម្ពុជា។
បង្កើតឡើងក្នុងឆ្នាំ ១៩៨០ ក្រុមហ៊ុនដែលមានស្នាក់ការនៅទីក្រុង Shenzhen ប្រទេសចិនមួយនេះបានធ្វើអាជីវកម្មរបស់ខ្លួននៅកម្ពុជាក្រោម ឈ្មោះ Ming Fai Enterprise (Cambodia) Co Ltd នៅខែមករា ឆ្នាំ ២០១៨ បន្ទាប់ពីបានស្វែងយល់យ៉ាងយកចិត្តទុកដាក់អំពីបរិយាកាសអាជីវកម្មរបស់ប្រទេសជាច្រើននៅក្នុងតំបន់។
«សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាមានសក្តានុពលធំ ហើយនឹងបន្តកើនឡើង។ ប្រទេស កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងហើយយើងចង់ឱ្យប្រជាជនកម្ពុជាកាន់តែច្រើនចូលរួមជាមួយយើង ពីព្រោះយើងនៅទីនេះសម្រាប់ការវិនិយោគរយៈពេលវែង ខណៈប្រទេសជាតិមានការរីកចម្រើន»។
លោក ChingTsun-wah អនុប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Ming Fai មានប្រសាសន៍ថា៖ «យើងកំពុងពង្រីកផលិតកម្មរបស់យើងនៅកម្ពុជាពីការផលិតកាបូបប្រើក្នុងយន្តហោះ និងស្បែកជើងផ្ទាត់ (slipper) ចូលទៅក្នុងដំណាក់កាលបន្ទាប់នៃខ្សែចង្វាក់ផលិតកម្មរបស់យើងសម្រាប់វត្ថុរាវ និងដប»។
ពិពណ៌នា Ming Fai ថាជា «ហាង Ikea នៃឧស្សាហកម្មសណ្ឋាគារ» ដោយមានហាងតាំងបង្ហាញ «Total Solution Service Center» ទំហំ ១ ម៉ឺនម៉ែត្រការ៉េនៅទីក្រុងឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសចិន។
ដោយផ្តល់ជូននូវផលិតផលតាមតម្រូវការជាច្រើនប្រភេទ លោក Ching បាននិយាយថា មានគម្រោងកំពុងដំណើរការ ដើម្បីបើកហាងតាំងបង្ហាញតិចជាង ១ នៅទីក្រុងភ្នំពេញ។
«សណ្ឋាគារអាចចូលមកមើលក្នុងហាងហើយរកមើលអ្វីដែលពួកគេចង់បាន ហើយប្រសិនបើពួកគេរកមិនឃើញអ្វីដែលពួកគេត្រូវការ យើងអាចជួយសម្រួលតាមតម្រូវការរបស់ពួកគេ»។ «យើងមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយសណ្ឋាគារហើយយើងយកចិត្តទុកដាក់ចំពោះអតិថិជនរបស់យើង ដូច្នេះពួកគេមិនចាំបាច់ទៅរកអ្នកផ្គត់ផ្គង់ A, B, C និង D ទេ»។
ដោយបានក្លាយជាអ្នកនាំមុខគេក្នុងការផ្គត់ផ្គង់សម្ភារដល់វិស័យសណ្ឋាគារ និងអាកាសចរណ៍អន្តរជាតិ លោក Ching លើកឡើងថា Ming Fai កំពុងបន្តពង្រីកខ្លួនចូលទៅក្នុងផ្នែកផលិតផលថែរក្សារាងកាយ និងគ្រឿងសម្អាង។
«នៅពេលដែល Ming Fai ត្រូវបានបង្កើតក្នុងឆ្នាំ ១៩៨០ យើងបានចាប់ផ្តើមជាមួយនឹងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងសណ្ឋាគារ ដូចជារបស់ប្រើប្រាស់ក្នុងបន្ទប់ទឹកដូចជាសាប៊ូកក់សក់ និងជេលងូតទឹក។ បន្ទាប់មកយើងបានពង្រីកពីផលិតផលរាវទៅជាផលិតអ្វីគ្រប់យ៉ាងដែលអ្នកឃើញនៅក្នុងសណ្ឋាគារ»។
«ឥឡូវយើងមានផលិតផល ២០០-៣០០ ប្រភេទនៅក្នុងជួរផលិតផលរបស់យើង ហើយយើងកំពុងពង្រីកបន្ថែមឧទាហរណ៍ផលិតផលថែរក្សាសម្ផស្សផ្ទាល់ខ្លួន និងគ្រឿងសម្អាង»។
លោក Ching បន្តថា Ming Fai ក៏មានបំណងធ្វើឱ្យផលិតផលគ្រឿងសម្អាងដែលផលិតនៅកម្ពុជាអាចរកទិញបានឆាប់ៗ សម្រាប់ប្រជាជនកម្ពុជាក្នុងហាងនៅកម្ពុជាផងដែរ។
«ខណៈសម្ភារសម្រាប់ប្រើប្រាស់នៅក្នុងសណ្ឋាគារ និងអាកាសចរណ៍នៅតែជាអាជីវកម្មស្នូលរបស់យើងៗក៏ចង់ពង្រីកបន្ថែមទៅក្នុងវិស័យផ្សេងទៀតដូចជាការលក់រាយ។ នៅកម្ពុជាយើងកំពុងសម្លឹងទៅអនាគតដ៏ខ្លីខាងមុខ ដើម្បីអភិវឌ្ឍទៅជាផលិតផលលក់រាយនៅក្នុងទីផ្សារធំៗដូចជាផ្សារទំនើប និងតាមហាងលក់ទំនិញជាដើម»។
លោក Ching មានប្រសាសន៍ថា៖ «យើងបានចុះបញ្ជីម៉ាកយីហោ និងបានបញ្ជូនផលិតផលដើម្បីចុះបញ្ជីរួចហើយ ហើយយើងជឿជាក់ថាជាមួយនឹងការផ្សព្វផ្សាយនៅលើទីផ្សារដ៏រឹងមាំជាមួយក្រុមហ៊ុន ក៏ដូចជាគុណភាពនៃផលិតផលរបស់យើងនៅលើទីផ្សារ នោះអ្នកប្រើប្រាស់នឹងជ្រើសរើសផលិតផលរបស់យើង»៕