កំណើនប្រើប្រាស់ទូរស័ព្ទចល័តដែលផលិតនៅប្រទេសចិន នៅក្នុងប្រទេសកម្ពុជា មានសម្ទុះកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការមកដល់នៃជនជាតិចិន និងការវិនិយោគកាន់តែច្រើនផងដែរ។
ការដាក់ឱ្យដំណើរការជាផ្លូវការនូវយីហោ Transsion នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាឧទាហរណ៍ថ្មីមួយនៃយីហោរបស់ប្រទេសចិនដ៏ពេញនិយម ដែលនៅពេលនេះ កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀតដូចជា Oppo និង Vivo លើទីផ្សារក្នុងស្រុក។
បច្ចុប្បន្នយីហោរបស់ប្រទេសចិន កំពុងកាន់កាប់ចំណែកទីផ្សារទូរស័ព្ទចល័តដ៏ធំនៅកម្ពុជា គឺលើសពី ៨០ ភាគរយ គិតត្រឹមខែសីហា។
ទូរស័ព្ទចល័តរបស់ប្រទេសចិនមានលក្ខណៈទំនើប និងទាន់សម័យ ដែលងាយស្រួលប្រើប្រាស់ អាចជឿទុកចិត្តបាន និងមានតម្លៃសមរម្យ គឺកំពុងបន្តគ្របដណ្ដប់លើទីផ្សារមួយនេះ។
កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលជាង ២ ទសវត្សរ៍ មុនពេលការផ្ទុះឡើងនៃជំងឺកូវីដ ១៩ កាលពីដើមឆ្នាំ ២០២០ បានជួយបង្កើនប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា ដែលបានរួមចំណែកដល់កំណើនទីផ្សារទូរស័ព្ទចល័ត ដោយសារតែតម្រូវការកើនឡើង។
យោងតាមធនាគារពិភពលោកបានឱ្យដឹងថា ដោយសារការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើង ក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ កម្រិតពន្ធនាំចូលទិន្នន័យនៅកម្ពុជា មានកម្រិតទាបខ្លាំង បើធៀបនឹងបណ្ដាប្រទេសជាច្រើនផ្សេងទៀត ដែលបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវការប្រើប្រាស់ទិន្នន័យយ៉ាងទូលំទូលាយ។
ការចរាចរទិន្នន័យជាមធ្យមក្នុងមនុស្សម្នាក់ក្នុង ១ ខែ គឺ ៦,៩ ជីហ្គាបៃ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ការកើនឡើងនៃចំនួនទូរស័ព្ទចល័ត និងតម្រូវការទិន្នន័យ បានផ្តល់នូវតម្រូវការកាន់តែខ្ពស់ ចំពោះប្រតិបត្តិករបណ្តាញទិន្នន័យ។ ក្រុមហ៊ុន Huawei ដែលកំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា ក្នុងរយៈពេល ២១ ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការនេះ។
ក្រុមហ៊ុន Huawei Cambodia បានឱ្យដឹងថា ការជួយប្រជាជនកម្ពុជាជាង ៨០ ភាគរយឱ្យប្រើប្រាស់បណ្តាញឌីជីថល ដែលមានល្បឿនលឿន និងមានតម្លៃសមរម្យ គឺជាឥទ្ធិពលដ៏សំខាន់បំផុតដែលក្រុមហ៊ុន Huawei បាននាំមកដល់សង្គមកម្ពុជា។
ក្រៅពីទីផ្សារទូរស័ព្ទចល័ត ការទិញទំនិញតាមអនឡាញ ការទូទាត់តាមអេឡិចត្រូនិក និងការដឹកជញ្ជូនទំនិញរហ័សនៅក្នុងចំណោមសេវាផ្សេងៗទៀត បានជួយលើកកម្ពស់ជីវិតឌីជីថលរបស់កម្ពុជា។
យោងតាមក្រុមហ៊ុនវិភាគទិន្នន័យ Similarweb កម្មវិធីទិញទំនិញឈានមុខគេទាំង ៤ នៅកម្ពុជា ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនរបស់ប្រទេសចិន គឺក្រុមហ៊ុន Alibaba ក្រុមហ៊ុន Wownow ក្រុមហ៊ុន Taobao និងក្រុមហ៊ុន Leda។ សមត្ថភាពផលិតកម្មផ្ទាល់របស់កម្ពុជាមិនខ្លាំងនោះទេ ហើយផលិតផលមួយចំនួនធំត្រូវការនាំចូល។ គេហទំព័រជួញដូរជាច្រើន ដូចជា Alibaba បានបើកបណ្តាញសម្រាប់អតិថិជននៅកម្ពុជា ដើម្បីទទួលបានផលិតផលរបស់ប្រទេសចិន ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ៕
Economic Daily