អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ហើយក៏​ជា​ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផងដែរ​នោះ បាន​ចែករំលែក​ទស្សនៈ​​របស់​លោក អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ចិន នៅក្នុង​ឱកាស​អបអរ​ខួប​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន!

Q. ប្រទេស​ចិន និង​កម្ពុជា​មាន​ទំនាក់ទំនង​ទ្វេភាគី​យ៉ាងរឹងមាំ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​។ ដូច្នេះ​រហូតមក​ដល់ពេលនេះ តើ​លោក​វាយតម្លៃ​កម្រិត​នៃ​ទំនាក់ទំនង​នេះ​យ៉ាងដូចម្តេច​?

ប្រទេស​កម្ពុជា​ និង​ចិន​គឺជា​មិត្តភក្តិ​ដ៏ស្មោះត្រង់ និង​គួរឱ្យ​ជឿទុកចិត្ត​។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ត្រូវបាន​វិវឌ្ឍ​ទៅរក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​។ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ត្រូវបាន​ពង្រឹង និង​ត្រូវបាន​លើកកម្ពស់​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។

Q. តើ​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ចូលរួម​នៅក្នុង​ការលើក កម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហគមន៍​ពាណិជ្ជកម្ម​កម្ពុជា​ និង​ចិន​យ៉ាង​ដូម្តេច​?

សភាពាណិជ្ជកម្ម​កម្ពុជា​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ជា​ដៃគូ​របស់​យើង​នៅ​ប្រទេស​ចិន​។ យើង​រួមគ្នា​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​វិនិយោគ​។ ដៃគូ​ធំៗ របស់​យើង​រួមមាន​ក្រុមប្រឹក្សា​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិចិន (CCPIT) វេទិកា​បូអាវ​សម្រាប់​អាស៊ី (BFA) និង​សហព័ន្ធ​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ចិន (ACFIC)​។ ទោះបី​ក្នុងអំឡុង​ពេល​ដែល​មាន​ជំងឺ​រាតត្បាត​កូវីដ ​១៩ ​ក៏ដោយ ក៏​យើង​នៅតែ​អាចធ្វើ​អាជីវកម្ម​តាម​អនឡាញ​ជាមួយ​ប្រទេស​ចិន​បានដែរ​។

Q. តើ​អ្វី​ជា​វិស័យ​អាទិភាព​ចម្បង​ដែល​លោក​ចង់​ផ្តោត​សំខាន់​ ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី​ជាពិសេស​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​នេះ​?

គ្រប់​វិស័យ​ទាំងអស់​គឺមាន​សារៈសំខាន់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ យើង​គួរតែ​បន្ត​ពង្រឹង និង​ស្វែងយល់​ពី​វិស័យ​សហប្រតិបត្តិ​ការបន្ថែម​ទៀត​។

Q. ប្រទេស​ចិន​បាន​ក្លាយជា​អ្នកវិនិយោគ​ដ៏សំខាន់​នៅ​កម្ពុជា និង​បាន​ចូលរួមចំណែក​យ៉ាងធំធេង​ដល់​ការរីកចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ តើ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ដូចម្តេច​?

ប្រទេស​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ចិន ក៏ដូចជា​យន្តការ​តំបន់​។ ការវិនិយោគ​របស់​ចិន​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នៅ​កម្ពុជា​។ ប្រទេស​កម្ពុជា​រីករាយ​ជាមួយនឹង​ការផ្ទេរ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​កម្លាំង​ជំនាញ​នៅ​គ្រប់​វិស័យ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​កសិកម្ម​ជាដើម​។

Q. ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន (CCFTA) ក្នុង​គោលបំណង​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ ដោយ​កាត់បន្ថយ លុបបំបាត់​ពន្ធគយ និង​របាំង​មិនមែន​ពន្ធគយ​។ តើ CCFTA នឹង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៅកាន់​កម្រិត​ផ្សេងទៀត​ឬទេ​?

ប្រទេស​កម្ពុជា​ និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ឆ្នាំ​ ២០២០​។ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​កាលពីពេល​ថ្មីៗ​នេះ​។ វា​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យទៅដល់​កម្រិត​ថ្មី​មួយ និង​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​អាជីវកម្ម និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

Q. តើ CCFTA នឹង​ផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​កសិកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​ឬទេ​?

ខ្ញុំ​គិតថា វា​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​វិស័យ​ផ្សេងទៀត​ផងដែរ​។

Q. តើ​ការចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​កាលពីពេល​ថ្មីៗ​នេះ អាច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​?

ឆ្នាំ​ ២០២១ ​គឺជា​ឆ្នាំ​ដំបូង បន្ទាប់ពី​ការចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ស្តីពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែល​ត្រូវបាន​ប្រទេស​ចំនួន​ ១៥ បាន​ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២០​។

កិច្ចព្រមព្រៀង​ដែល​ផ្តល់​អត្ថប្រយោជន៍​ទៅវិញទៅមក​នេះ គឺ​គ្របដណ្តប់​លើ​ប្រជាជន​ពិភពលោក​ភាគច្រើន ដែលមាន​ទំហំ​សេដ្ឋកិច្ច និង​មាន​កំណើន​សក្តានុពល​ធំ​បំផុត​។

នៅពេល​ការផ្តល់​សច្ចាប័ន និង​ការអនុវត្តបាន​ពេញលេញ នោះគេ​រំពឹងថា ប្រទេស​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ហើយនឹង​ទទួលបាន​ទីផ្សារ​កាន់តែ​ធំ​ទូលំទូលាយ​សម្រាប់​ផលិតផល​របស់​កម្ពុជា ហើយ​វា​ក៏​នឹង​ជួយ​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​៕