ឯកឧត្តម លោកជំទាវ និង​មិត្តភក្តិ​ទាំងអស់​ជា​ទីមេត្រី!

ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី ៧២ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខ្ញុំ​តាំង​នាម​ឱ្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សូម​ជូនពរ​ដោយស្មោះ​ដល់​ជនរួមជាតិ​ដែល​កំពុង​បម្រើ​ការងារ សិក្សា និង​រស់នៅក្នុង​ប្រទេស​កម្ពុជា និង​សូម​ថ្លែងអំណរគុណ​ដោយស្មោះ​ជូន​ចំពោះ​មិត្ត​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រទេស​ទាំង​ ២ ​ដែល​តែងតែ​យកចិត្ត​ទុកដាក់ និង​គាំទ្រ​មិត្តភាព​រវាង​ចិន និង​កម្ពុជា!

រំឭក​អតីតកាល: គណបក្ស​កុម្មុយនីស្ត​ចិន​បាន​បង្រួបបង្រួម​ដឹកនាំ​ប្រជាជន​ចិន និង​បន្ត​ការតស៊ូ​បោះជំហាន​ឆ្ពោះទៅមុខ​។ ឆ្លងកាត់​ការអភិវឌ្ឍ និង​វិវឌ្ឍន៍​ជាច្រើនលើក​ច្រើនសា ឆ្លងកាត់​ការពុះពារ​រាល់​ឧបសគ្គ​ និង​ការទទួល​បាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ដ៏ត្រចះត្រចង់ បង្កើត​បាន​ជា​មាគ៌ា​សង្គមនិយម​ដែលមាន​លក្ខណពិសេស​នៃ​ចិន​ដោយ​ជោគជ័យ​។ ចិន​កំពុងអភិវឌ្ឍន៍​ផ្លាស់ប្តូរ​មុខមាត់​ថ្មី លើកកម្ពស់​សមត្ថភាព​ចម្រុះ​នៃ​ជាតិ សម្រេចបាន​នូវ​គោលដៅ​ ១០០ ​ឆ្នាំ​ទី​ ១ បាន​កសាង​សង្គម Xiaokang គឺជា​សង្គម​ដែល​ជីវភាព​រស់នៅ​របស់​ប្រជាជនមាន​កម្រិត​ល្អ​បង្គួរ​យ៉ាង​ពេញលេញ​នៅក្នុង​ប្រទេស​ចិន បាន​ដោះស្រាយ​បញ្ហា​ក្រីក្រ​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​ដាច់ខាត និង​កំពុង​បោះជំហាន​យ៉ាង​ស្វាហាប់​ឆ្ពោះទៅរក​គោលដៅ​ ១០០ ​ឆ្នាំ​ទី​ ២ ក្នុង​ការកសាង​ជា​ប្រទេស​ខ្លាំងក្លា ទំនើបកម្ម​តាមបែប​សង្គមនិយម​គ្រប់​ជ្រុងជ្រោយ​។ មាគ៌ា​អភិវឌ្ឍន៍ ការច្នៃប្រឌិត និង​ការទទួលបាន​សមិទ្ធផល​ផ្លែផ្កា​ដ៏មហិមា ដែល​បង្រួបបង្រួម​ដឹកនាំ​ប្រជាជន​ចិន​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន នឹង​ត្រូវបាន​កត់ត្រា​នៅក្នុង​កំណត់ហេតុ​អភិវឌ្ឍន៍​នៃ​ប្រជាជាតិ​ចិន និង​កំណត់ហេតុ​អភិវឌ្ឍន៍​អរិយធម៌​មនុស្សជាតិ​។

ក្រឡេកមើល​បច្ចុប្បន្នកាល: ប្រឈមមុខ​ជាមួយ​ជំងឺ​វីរុស​កូវីដ​ ១៩ ដែល​ផ្ទុះឡើង​ជាបន្ទាន់ រដ្ឋាភិបាល​ចិន​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការយក​ប្រជាជន​ជាធំ និង​អាយុជីវិត​ជាចម្បង តែងតែ​ប្រកាន់​នូវ​អាកប្បកិរិយា​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការរៀបចំ​ជំរុញ​កិច្ច​ទប់ស្កាត់​ជំងឺ​វីរុស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។ ចំនួន​វ៉ាក់សាំង​កូវីដ​ដែល​បាន​ចាក់​នៅក្នុង​ប្រទេស​ចិន​មាន​ចំនួន​សរុប ២១៧០ លាន​ដូស និង​មាន​ប្រជាជន​ចំនួន​ជាង ១ ០០០ លាន​នាក់​បានបញ្ចប់​ការចាក់​វ៉ាក់សាំង​ទាំងស្រុង ហើយ​វ៉ាក់សាំង​ដែល​បានផ្តល់​ទៅកាន់​សកលលោក ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​ចំនួន ១២៥០ លាន​ដូស បាន​ជួយ​កាត់បន្ថយ​ការរីករាលដាល​នៃ​ជំងឺ​វីរុស​មួយ​នេះ និង​បាន​ជួយសង្គ្រោះ​អាយុជីវិត​យ៉ាងច្រើន​។

នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២១ ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​មាន​ចំនួន​លើសពី ៨.២ ទ្រី​លាន​ដុល្លារ​អាមេរិក មាន​កំណើន​​ ១២.៧% ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២០​។ សមិទ្ធផល​ជា​ផ្លែផ្កា​សំខាន់ៗ​ទទួលបាន​ក្នុង​វិស័យ​ដូចជា យានអវកាស ការរុករក​នៅ​សមុទ្រ​ជ្រៅ និង វិស័យ Supercomputer ជាដើម​។

ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​កម្លាំង​ជំរុញ​ច្នៃប្រឌិត​អភិវឌ្ឍន៍​ទទួល​បានជា​បន្តបន្ទាប់ បានផ្តល់​ជាការ​គាំទ្រ​យ៉ាងខ្លាំង​ដល់​ការសាង​គំរូ​អភិវឌ្ឍន៍​ថ្មី​ដែល​យក​ដំណើរ​វដ្ត​នៅក្នុង​ប្រទេស​ចិន​ជា​ចម្បង​ និង​ការជំរុញ​ទៅវិញទៅមក​នៃ​វដ្ត​ទ្វេ​ក្នុង និង​ក្រៅប្រទេស​។

ដើរ​តាម​និន្នាការ​ពិភពលោក: ប្រឈមមុខ​ជាមួយ​ការផ្លាស់ប្តូរ​នៃ​ពិភពលោក​ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​ ១០០ ​ឆ្នាំនេះ ចិន​ប្រកាន់ខ្ជាប់​នូវ​សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និង​ជោគជ័យ​រួម​។ ប្រកាន់ខ្ជាប់​នូវ​ការបោះ​ជំហាន​លើ​មាគ៌ា​អភិវឌ្ឍន៍​សន្តិភាព ជំរុញ​កសាង​ទំនាក់ទំនង​អន្តរជាតិ​ប្រភេទ​ថ្មី ជំរុញ​ការកសាង​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្សជាតិ ជំរុញ​ការកសាង «​ខ្សែក្រវាត់​ និង​ផ្លូវ​» ​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​ការអភិវឌ្ឍ យក​ការអភិវឌ្ឍ​ថ្មី​នៃ​ចិន​ផ្តល់​ជា​ឱកាស​ថ្មី​សម្រាប់​ពិភពលោក​។ សហការ​ជាមួយ​ប្រទេស និង​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព ផ្សព្វផ្សាយ​គុណតម្លៃ​រួម​នៃ​សន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និង​សេរីភាព​សម្រាប់​មនុស្សជាតិ​ទាំងឡាយ បន្ត​ប្រកាន់ខ្ជាប់​កិច្ចសហប្រតិបត្តិការ មិន​ប្រឈមមុខ​ដាក់គ្នា បើកចំហ មិន​បិទ​ជិត ផ្តល់​អត្ថប្រយោជន៍ និង​ជោគជ័យ​ទៅវិញ​ទៅមក មិន​អនុវត្ត​គោលការណ៍​ទទួល​អត្ថប្រយោជន៍​តែ​ភាគី​ម្ខាង ប្រឆាំង​នឹង​លទ្ធិ​ដែល​ប្រើ​អំណាច​ និង​នយោបាយ​សិទ្ធិ​គាបសង្កត់ តែង​ឈរ​ជាមួយ​ប្រវត្តិសាស្ត្រ​ដែល​ត្រឹមត្រូវ និង​ភាពរីកចម្រើន​នៃ​មនុស្សជាតិ​។

ថែរក្សា​ការពារ​ចំណងមិត្តភាព​ដ៏ជ្រាលជ្រៅ​: ចំណងមិត្តភាព​ដែកថែប​រវាង​ចិន​ និង​កម្ពុជា​ទទួលបាន​ការលើក​កម្ពស់​ឥតឈប់ឈរ​ក្នុង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​កូវីដ និង​ជំរុញ​ការអភិវឌ្ឍ​រួម​។ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល បាន​សព្វ​ព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ជំនួយ​ដ៏ថ្លៃថ្លា​ដល់​កិច្ចទប់ស្កាត់​ជំងឺ​វីរុស​ក្នុងប្រទេស​ចិន​។ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ជាបន្ទាន់​ទៅកាន់​ប្រទេស​ចិន​ក្នុង​ «​ដំណើរ​បញ្ច្រាស​»​។ ភាគី​ចិន​បាន​ចាត់​បញ្ជូន​ក្រុម​អ្នកជំនាញ​ទប់ស្កាត់​ជំងឺ​វីរុស និង​ផ្តល់​វ៉ាក់សាំង​មកកាន់​កម្ពុជា​ជា​អាទិភាព​។ កម្មវិធី​ចាក់វ៉ាក់សាំង​និទាឃរដូវ (Spring Vaccination) ត្រូវបាន​អនុវត្ត​ស្ទើរតែ​គ្រប់​ខេត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​។ សកម្មភាព​ដ៏កក់ក្តៅ​នីមួយៗ​ត្រូវបាន បង្ហាញ​យ៉ាងច្បាស់​អំពី​អត្ថន័យ​ស្នូល​នៃ​សហគមន៍​វាសនា​រួម​រវាង​ចិន​ និង​កម្ពុជា​។ កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​វិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​កំណើន ទោះបីជា​រង​ផលប៉ះពាល់​នៃ​ជំងឺ​វីរុស​ក៏ដោយ​។

គម្រោង​សំខាន់ៗ​ក្នុង​កិច្ចសហប្រតិបត្តិការ «​ខ្សែក្រវាត់​ និង​ផ្លូវ​» ​មានដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ជាដើម ត្រូវបាន​ជំរុញ​យ៉ាង​រលូន​។ កសិផល​កម្ពុជា​ដែល​មាន​គុណភាព​ខ្ពស់​ជាច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ឥតឈប់ឈរ​មានដូចជា​អង្ករ ផ្លែ​ចេក ផ្លែស្វាយ​ជាដើម​។ ប្រទេស​ទាំងពីរ​បាន​សម្របសម្រួល​យ៉ាង​ស្អិតល្មួត និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក បង្ហាញ​ពី​សំឡេង​យុត្តិធម៌ និង​សច្ចធម៌​លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ស្នូល​រវាង​គ្នា​ និង​គ្នា និង ជា​ចំណាប់អារម្មណ៍​រួម​។

ចំណងមិត្តភាព​ចិន​ និង​កម្ពុជា​ទទួលបាន​ផល​ដើមរដូវ ក្លាយជា​គំរូ​ដែលមាន​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​ខាង​នយោបាយ ផ្តល់​អត្ថប្រយោជន៍​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ គោរព​គ្នា​ទៅវិញទៅមក ការផ្សារភ្ជាប់​គ្នា​រវាង​បេះដូង​ប្រជាជន និង​កិច្ចសហប្រតិបត្តិការ​​សន្តិសុខ​ជាដើម​។

ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​មិត្ត​អ្នកអាន​កម្ពុជា ដែល​តែង​យកចិត្ត​ទុកដាក់​ និង​គាំទ្រ​ការអភិវឌ្ឍ​ទំនាក់ទំនង​ចិន​-​កម្ពុជា និង​សូម​ជូនពរ​សិរី​មង្គលបវរ​ប្រសើរ​ជូន​ដល់​អ្នក​ទាំងអស់គ្នា​។ ជឿជាក់ថា ក្រោម​ការដឹកនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ និង​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជន​ទាំង​ ២ ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​កសាង​សហគមន៍​វាសនា​រួមគ្នា​រវាង​ចិន-កម្ពុជា នឹង​បន្ត​បោះ​សម្ទុះ​ទៅកាន់​ដំណាក់កាល​ថ្មី​មួយទៀត​៕

សូម​គោរព​ជូនពរ ចិន​និង​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន ប្រជាជន​រស់នៅ​ដោយ​សុខក្សេមក្សាន្ត!

សូម​ជូនពរ មិត្តភាព​ចិន​ និង​កម្ពុជា​​បន្ត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ និង ឋិតថេរ​ជា​អមតៈ!