តើ​ធនាគារ ABA ចូលរួមចំណែក​យ៉ាងដូចម្តេច​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​?

​ការ​ឈរ​រឹងមាំ​ក្នុងនាម​ជា​ធនាគារ​​ពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា គឺ​យើង​កំពុង​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស និង​អ្នក​ដែល​មិនមែន​សមាជិក ABA តាមរយៈ​កម្មវិធី​ផ្សេងៗ​។

​តែ​ក្នុង​ឆ្នាំ ​២០២០ យើង​ទទួលបាន​ជោគជ័យ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ចំនួន ១ ៥០០​ វគ្គ តាមរយៈ​កម្មវិធី​រូបវន្ត និង​តាម​អន​ឡាញ សម្រាប់​បុគ្គលិក ABA លើ​ជំនាញ​បច្ចេកទេស ជំនាញ​ទន់ និង​វគ្គ​ប្រតិបត្តិ​តាម ដើម្បី​បណ្តុះ​បណ្តាល​ជំនាញ​ចាំបាច់​សម្រាប់​វិស័យ​ធនាគារ​។​

​លើសពីនេះ​ទៀត កម្មវិធី Career Talk របស់​យើង​មាន​គោលបំណង​ផ្តល់​អត្ថប្រយោជន៍​ដល់​ទាំង​ធនាគារ ABA និង​អ្នក​មិនមែនជា​សមាជិក ABA ក៏ដូចជា​និស្សិត​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​វិជ្ជាជីវៈ​ធនាគារ និង​ទទួលបាន​ចំណេះដឹង​ជាក់ស្តែង ដែល​បាន​ចែករំលែក​ដោយ​សមាជិក​ក្រុមប្រឹក្សា​​ភិ​បាល ​និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​។

​បន្ថែម​លើ​នេះ ចាប់តាំងពី​ឆ្នាំ​ ២០១៩ មក ធនាគារ ABA បានផ្តល់​ឱកាស​ដល់​យុវជន​ចំនួន ១ ២៦៦ នាក់​ ដើម្បី​ទទួលបាន​បទពិសោធ និង​ការបង្ហាញ​ពី​ជីវិត​ពិត​របស់​ធនាគា​រិ​ក​តាមរយៈ​កម្មវិធី​សិក្ខាកាម និង​ហាត់​ការ ដែល​រៀបចំឡើង​សម្រាប់​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​សិស្ស​ដែលមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។

​តើ​លោកស្រី​ទាក់ទាញ​អ្នកមាន​ទេពកោសល្យ មក​បម្រើ​ការងារ​នៅ​ធនាគារ​របស់លោក​ស្រី​យ៉ាងដូចម្តេច​?

​ដូច​ដឹង​ហើយ​ថា ​ការជ្រើសរើស​មនុស្ស​ត្រូវ មក​ធ្វើការ​នៅ​កន្លែង​ត្រូវ គឺ​ទាញយក​អ្វីដែល​ល្អ​បំផុត​ពី​ពួកគេ ហើយ​វិធីសាស្ត្រ​របស់​យើង​ក្នុងការ​ទាក់ទាញ​អ្នកមាន​ទេពកោសល្យ​ល្អ​បំផុត គឺ​ស្វែងរក​បេក្ខជន​ដ៏​ស័ក្តិសម​តាមរយៈ​បណ្តាញ​ជាច្រើន និង​ការបញ្ជូនសារ​តាម​តម្រូវ​ការជំនាញ​ពី​ខ្សែចង្វាក់​អាជីវកម្ម​។​

​ក្រុមការងារ​ផ្នែក​ធនធានមនុស្ស​របស់​យើង​ប្រើ​យុទ្ធសាស្ត្រ​ស្វែងរក​អ្នកមាន​ទេពកោសល្យ​ជាច្រើន​រួមទាំង​តាមរយៈ ប្រមាញ់​ពី​ខ្សែ បណ្ដាញ​ប្រតិបត្តិ​ (headhunting) ការប្រើ​កិត្តិនាម​អង្គភាព (employer branding) និង​ការអភិវឌ្ឍ​ខ្សែបណ្តាញ​បេក្ខជន​​ដ៏​រឹងមាំ​។

​ជាមួយនឹង​វប្បធម៌​នៃ​តម្លាភាព​ប្រកបដោយ​សុខដុមរមនា និង​បរិ​យា​​កាស​ការងារ​ក្នុងសម័យ​ទំនើប យើង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ផ្អែកលើ​ការអនុវត្ត​របស់​យើង ដើម្បី​ផ្តល់​ការលើកទឹកចិត្ត​ដល់​និយោជិត​របស់​យើង និង​ក្លាយជា​និយោជក​នៃ​ជម្រើស​សម្រាប់​អ្នកមាន​ទេពកោសល្យ​នៅលើ​ទីផ្សារ និង​និស្សិត​ឆ្នើម​ទើប​បញ្ចប់​ការសិក្សា ដែលមាន​បំណង​ចង់​ប្រើ​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​អភិវឌ្ឍ​ធនាគារ ABA​។

​តើ​មាន​លក្ខណៈវិនិច្ឆ័យ​សំខាន់​អ្វីខ្លះ ​ដើម្បី​ជ្រើសរើស​បុគ្គលិក​ធនាគារ​? តើ​លោកស្រី​សម្លឹងមើល​ទៅលើ​អ្វី​នៅពេល​សម្រេច​ជ្រើសរើស​បុគ្គលិក​?

​ការទទួលបាន​បុគ្គលិក​ដែលមាន​ទេពកោសល្យ ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការបង្កើត​ក្រុម​ដែលមាន​សមត្ថ​​ភាព​ខ្ពស់ ហើយ​យើង​ធ្វើការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ដើម្បី​ជ្រើសរើស​បេ​ក្ខ​​ជន ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​សំខាន់ៗ​មួយចំនួន​។ ទីមួយ​បេក្ខជន​ត្រូវ​បង្ហាញ​ពី​មហិច្ឆតា​និង​សមត្ថភាព​របស់​ពួកគេ​។ ទី​ពីរ​ពួកគេ​ត្រូវ​បង្ហាញ​ពី​ការចង់​រៀនសូត្រ​ឥតឈប់ឈរ សុចរិត​ភាព ថាមវន្ត និង​ភាពរឹងមាំ​ស្របតាម​វប្បធម៌​របស់ ABA​។ ជា​ចុងក្រោយ​គឺ​ជំនាញ​បច្ចេកទេស និង​របៀប​បំពេញការងារ​របស់​ពួកគេ ដើម្បី​សម្រេច​តាម​ការរំពឹងទុក​រប​ស់​អ្នកគ្រប់គ្រង​។

​តើ​អ្វី​ជា​យុទ្ធសាស្ត្រ​របស់​ធនាគារ​ដើម្បី​រក្សា​បុគ្គលិក​? តើ ABA ផ្តល់ជូន​កញ្ចប់​ប្រាក់​ឈ្នួល​គួរឱ្យ​ទាក់ទាញ​ និង​បរិយាកាស​ការ​​ងារ​ដែល​ល្អប្រសើរ​ដែរ ឬទេ​?

​ធនាគារ ABA ចាត់ទុក​បុគ្គលិក គឺជា​ទ្រព្យ​ដ៏​មានតម្លៃ​បំផុត និង​ជា​អ្នក​ដំណើរការ​អាជីវក​ម្ម​។ ដូច្នេះ​យើង​ខិតខំ​ផ្តល់ជូន​បទពិសោធ​ដ៏​ល្អ​ដល់​និយោជិត​នៅក្នុង​គ្រប់​ដំណាក់កាល​នៃ​ដំណើរ​ជា​បុគ្គលិក​។ ទីមួយ គឺ​យើង​ធានាថា​បុគ្គល​ដែល​ល្អ​គឺ​ត្រូវបាន​ជ្រើសរើស ហើយ​ដាក់​នៅ​កន្លែង​ការងារ​ដែល​ត្រូវ និង​សមស្រប​។ ទី​ពីរ និយោជិត​ថ្មីត្រូវបាន​ដាក់ឱ្យ​ធ្វើការ​ និង​ណែនាំ​អំពី​ធនាគារ ដែល​អាចឱ្យ​ពួកគេ​ធ្វើការ​ទំនាក់ទំនង​ និង​រួមបញ្ចូល​ជាមួយ​គុណ​តម្លៃ​ស្នូល​របស់ ABA​។ នៅពេល​ទទួលបាន​ជោគជ័យ បុគ្គលិក​នោះ​នឹង​ទទួល​បានការ​​បណ្តុះបណ្តាល​ជាមួយនឹង​កម្មវិធី​គាំទ្រ​ផ្សេងៗ ដើម្បី​សម្រេចបាន​នូវ​អាជីព​ដែលជា​ក្តី​ប្រាថ្នា​របស់​ពួកគេ ស្របតាម​គោលដៅ​អាជីវកម្ម​របស់​យើង​។

​ចុងក្រោយ គឺ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ និង​អ្នកគ្រប់គ្រង​ផ្ទាល់​របស់​យើង ប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​ប្រព័ន្ធ​​គ្រប់គ្រង ​និង​ប្រសិទ្ធភាព​នៃ​ការ​បំពេញការងារ​ដើម្បី​ទទួលស្គាល់ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកសម្រេច​បានការ​ងារ​ខ្ពស់ ​និង​ផ្តល់​អាទិភាព​ដល់​ការរីកចម្រើន​អាជីព​ផ្ទៃក្នុង តាមរយៈ​ការផ្ទេរ​ការងារ ការតែងតាំង​បណ្តោះអាសន្ន និង​ដំឡើង​តំណែង​។ ឧទាហរណ៍ នៅ​ឆ្នាំ​២០២០ ធនាគារ​បាន​ដំឡើង​តំណែង និង​លើកទឹកចិត្ត​បុ​ក្គ​លិ​ក​ចំនួន ១ ៨៤៥ ​នាក់ ក្នុង​ចំណោម​បុគ្គលិក ៦ ១៤៥ នាក់​។​

តើ​លោកស្រី​បណ្តុះបណ្តាល​ និង​ណែនាំ​បុគ្គលិក​របស់លោក​យ៉ាងដូចម្តេច ដើម្បី​ឆ្លើយតប​ទៅនឹង​នវានុវត្តន៍ ឥតឈប់ឈរ ពីព្រោះ​បុគ្គលិក​ខ្លះ​អាច​សម្រប​ខ្លួន​មិនទាន់​?

​ការត្រៀម​ស្មារតី ​គឺជា​ជំហាន​ដំបូង​ក្នុងការ​ត្រៀមខ្លួន​ជាមួយនឹង​ន​វា​​នុ​វត្ត​ន៍​តាម​ចក្ខុវិស័យ​របស់​ធនាគា​រ ដើម្បី​ក្លាយជា​ធនាគារ​លំដាប់​លេខ​មួយ​ប្រចាំ​ប្រទេស លើ​ផ្នែក​ផ្គត់ផ្គង់​សេវាកម្ម​ធនាគារ ប្រកបដោយ​បច្ចេក​​វិទ្យា​ទំនើប​បំផុត​។ និយោជិត​របស់​យើង​ត្រូវបាន​បំពាក់​ដោយ​ផ្នត់គំនិត​ដែល​អាច​សម្រប​ខ្លួន​បាន ចាប់ពី​ថ្ងៃទី​មួយ តាមរយៈ​កម្មវិធី​ដំបូង​ដែលមាន​រចនា​សម្ពន្ធ​ល្អ​។

​លើសពីនេះ​ទៀត យើង​មាន​ម្ចាស់​ឯកទេស​ផលិតផល​ស្រាប់ មាន​ដៃគូ និង​អ្នក​បណ្តុះបណ្តាល ដែល​ធ្វើការ​អភិវឌ្ឍ​យ៉ាងសកម្ម​នូវ​ការបណ្តុះ​​បណ្តាល​តាម​តម្រូវការ និង​ធានាបាន​នូវ​ការផ្តល់​ជំនាញ​ដែល​ត្រូវការ​។ លើសពីនេះ អ្នកគ្រប់គ្រង​ផ្ទាល់​និង​បុគ្គលិក​ផ្នែក​ធនធានមនុស្ស​គឺមាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ការបណ្តុះ​​បណ្តាល​ និង​ប្រឹក្សា​យោបល់​ជានិច្ច ជាមួយ​សមាជិក​ក្រុម​របស់​ពួកគេ អំពី​ការបង្កើត​ថ្មី​ដើម្បី​ធានាឱ្យមាន​ការ​​ផ្លាស់ប្តូរ​ដោយ​រលូន​ និង​ជោគជ័យ​។​

​តើ ABA លើកទឹកចិត្ត​បុគ្គលិក​របស់ខ្លួន​យ៉ាងដូចម្តេច​ ដើម្បី​ធ្វើការ​ក្នុង​បរិយាកាស​ដែលមាន​វប្បធម៌​ចម្រុះ និង​ដើម្បី​សម្រេចបាន​គោលដៅ​អាជីវកម្ម​របស់លោក​ស្រី​?

​បរិយាកាស​ចម្រុះ​វប្បធម៌​ គឺជា​ «ABA-style» ហើយ​យើង​តែងតែ​យល់ឃើញថា​ ភាពសម្បូរ​បែប ​គឺជា​សមាសធាតុ​ដ៏​មានតម្លៃ​ក្នុងការ​បង្កើត​ក្រុមការងារ​ដែលមាន​ផលិតភាព​ខ្ពស់​។ ក្រុមប្រឹក្សាភិបាល​របស់​យើង​ភាគ​​ច្រើន ​គឺជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​អភិបាលកិច្ច​សាជីវកម្ម មកពី​ប្រទេស​បារាំង និង​កាណាដា​។ គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ក៏មាន​ភាព​ចម្រុះ​ផងដែរ ដែល​មកពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន នេ​ប៉ាល់ អា​ល្លឺ​ម៉​ង់ និង​កាណាដា​។​

​ហើយ​ពិតណាស់ អ្នកជំនាញ​កម្ពុជា​រប​ស់​យើង​ គឺ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការកសាង​ធនាគារ​របស់​យើង​។ ភាព​ចម្រុះ​នេះ ធ្វើឱ្យ​ធនាគារ ABA មាន​លក្ខណៈពិសេស​ទាក់​ទង​នឹង វប្បធម៌ សាជីវកម្ម គុណ​តម្លៃ​ស្នូល និង​សមត្ថភាព​ប្រតិបត្តិ​៕​