​ការដែល​ធនាគារ ABA បាន​ប្រតិបត្តិ​តាម​បទ​ប្បញ្ញត្តិ​ទាំង អស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​ការគ្រប់គ្រង​ធនាគារ និង​គ្រឹះ​​ស្ថាន​ហិរញ្ញវត្ថុ តើ​វា​មានន័យ​ដូចម្តេច​ចំពោះ​អតិថិជន​?

​អាជ្ញាធរ​នានា​របស់​ក​ម្ពុ​ជា រួមទាំង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែលជា​អាជ្ញាធរ​ត្រួតពិនិត្យ​របស់​ធនាគារ ABA បាន​បង្កើត​សំណុំ​បទដ្ឋាន បទ​ប្បញ្ញត្តិ និង​សេចក្តីណែនាំ ដែល​ឆ្លើយតប​នឹង​តម្រូវការ​សេដ្ឋកិច្ច​ក្នុង ស្រុក​និង​បរិបទ​ច្បាប់​។

​ការប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​ក្នុងស្រុក បទ​ប្បញ្ញត្តិ និង​សេចក្ដីណែនាំ​នេះ បានផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជនថា ​ប្រតិបត្តិការ​របស់ ABA មាន​សុវត្ថិភាព​ខ្ពស់ និង​បាន​ចាក់​ប្ញ​ស​នៅ ក្នុង​បរិបទ​កម្ពុជា​។​

តើ​បទដ្ឋាន​អន្តរជាតិ​អ្វីខ្លះ ដែល ABA ប្រតិបត្តិ​តាម​?

ABA អនុវត្តតាម​បទដ្ឋាន​អន្តរជាតិ​ជាច្រើន​ផ្សេងៗ​គ្នា ក្នុង​គោលបំណង​ផ្តល់ជូន​អតិថិជន​នូវ​ទំនុកចិត្ត​និង​ការ​ជឿជាក់ថា ABA ការពារ​ទិន្នន័យ និង​ឯកជន​ភាព​របស់​អតិថិជន ហើយ​ជា មួយ​គ្នា​នោះដែរ គឺ​ផ្តល់នូវ​សេវា​ធនា​​គារ​ដែលមាន​ភាពងាយស្រួល​។​

​ឧទាហរណ៍​ដ៏​ល្អ​មួយ ​គឺ​បទដ្ឋាន​សន្តិសុខ​ទិន្នន័យ​ក្នុង​វិស័យ​កាត​ទូទាត់ (PCI DSS)​។ វា ​គឺជា​សំណុំ​បទដ្ឋាន​សុវត្ថិភាព​ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​ធានាថា ក្រុមហ៊ុន​ទាំងអស់​ដែល​ទទួលយក ដំណើរការ រក្សាទុក ឬ​បញ្ជូន​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​កាត​ទូទាត់ គឺមាន​សុវត្ថិភាព​។​

​ក្នុងនាម​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ធនាគារ ABA ក៏​ប្រតិបត្តិ​តាម​បទដ្ឋាន​ឧ​ត្ត​មា​នុ​វត្ត​ន៍​កាណាដា​ផងដែរ ដើម្បី​ធានាថា​ ប្រតិបត្តិការ​របស់ ABA គឺមាន​កម្រិត​ស្មើគ្នា​នឹង​ដៃគូ​អន្តរជាតិ​។​

​ខណៈ​បទដ្ឋាន​អន្តរជាតិ​ក្លាយជា​ប្រភព​នៃ​ការយល់ដឹង​ជាប្រចាំ​សម្រាប់ ​ABA ក្នុងការ​ប្រតិបត្តិ​តាម​ឧ​ត្ត​មា​នុ​​វត្ត​ន៍​អន្តរជាតិ​នានា គឺ​វា​ចាំបាច់​ណាស់​សម្រាប់ ABA ក្នុងនាម​ជា​ធនាគារ​មួយ​នៅ​កម្ពុជា​ត្រូវគោរព​ឱ្យ​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន បទ​ប្បញ្ញត្តិ និង​សេចក្តី​​ណែនាំ​ក្នុងប្រទេសទាំង​លិខិតស្នាម និង​ស្មារតី​។

​ធនាគារ ABA បាន​រក្សា​ចំណាត់ ថ្នាក់​លទ្ធភាព​សង​រយៈ​ពេល​វែង​កម្រិត B+ ជាមួយ​ទស្សន​វិស័យ «​ស្ថិរភាព​» ដែល​វាយតម្លៃ​ដោយ S&P​។ តើ​ចំណុច​នេះ​បញ្ជាក់​ពី​និរន្តរភាព​នៃ​ការគ្រប់គ្រង​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ និង​គន្លង​នៃ​កំណើន​របស់​ធនាគារយ៉ាងដូចម្តេច​?

​ចំណាត់ថ្នាក់​លទ្ធភាព​ស​ង​រយៈពេល​វែង​កម្រិត B+ ដែល​ត្រូវបាន​ផ្តល់ជូន​ដោយ​ភ្នាក់ងារ​វាយតម្លៃ S&P ជាការ​ឆ្លុះបញ្ចាំង​អំពី​ដំណើរការ​ដ៏​ល្អ ប្រសើរ​របស់ ABA និង​បញ្ជាក់​ពី​ជំហរ​ដ៏​រឹងមាំ​របស់ ABA នៅក្នុង​ទីផ្សារ​។​

​ការវាយតម្លៃ​នេះ គឺជា​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​អាជីវកម្ម​ដ៏​ល្អ​របស់ ABA ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន និង​ម្ចាស់​ភាគហ៊ុន​។ ABA រក្សា​ចំណាត់ថ្នាក់ B+ នេះ​គឺ​ដោយសារ​ចំណែក​ទីផ្សារ​នៃ​ប្រាក់កម្ចី ​និង​ប្រាក់​បញ្ញើ​កើនឡើង ជាមួយនឹង​ប្រាក់ចំណេញ​ខ្ពស់ជាង​មធ្យម​។

​ស្ថិរភាព​នេះ​ជាការ​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​ដែល ABA នឹង​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​នូវ​កំណើន​ប្រាក់កម្ចី​ និង​ប្រាក់​បញ្ញើ ដែល​កើន ឡើង​យ៉ាង​ឆាប់រហ័ស ហើយនឹង​បន្ត​រាយការណ៍​អំពី​គុណភាព​ទ្រព្យសកម្ម​ដ៏​ល្អ​នេះ ទោះបីជា​ក្នុង​បរិបទ​ដ៏​លំបាក​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​​កូ​វីដ​ ១៩ ​ក៏ដោយ​។​

​តើ ABA បាន​បណ្ដុះ​វប្បធម៌​ប្រតិបត្តិ​តាម​នៅក្នុង​ប្រតិបត្តិ​​ការ​របស់ខ្លួន​តាម​វិធី​ណាខ្លះ​?

ABA ចាត់ទុក​វប្បធម៌​ប្រតិបត្តិ​តាម​ដ៏​រឹងមាំ ជា​អត្ថប្រយោជន៍​មួយ​សម្រាប់​អតិថិជន ABA ដែល​ការពារ​ផល​ប្រយោជន៍​របស់​ពួកគេ​។ សម្រាប់ ABA អាជីវកម្ម​ដែល​រឹងមាំ​ត្រូវតែ​កសាងឡើង​ដោយ​ផ្អែកលើ​ក្រម​សីលធម៌​ខ្ពស់ និង​ប្រតិបត្តិ​ការប្រកប ដោយ​សុចរិត​ភាព​។ ការប្រតិបត្តិ​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​និយតករ​ក្នុងប្រទេស ជាមួយ​បទដ្ឋាន​ឧត្ដ​មា​នុ​វត្ត​ន៍​របស់​យើងជា​មូល​ដ្ឋា​ន​គ្រឹះ​ដែល​បង្ហាញថា ABA គឺជា​នរណា​។ ធនាគារ​បាន​បន្ត​វិនិយោគ​ឥតឈប់ឈរ ដើម្បី​ជួយ​និយោជិត​របស់ខ្លួន ឱ្យ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​មុខងារ​ប្រតិបត្តិ​តាម​។ យើង​ក៏​កំពុង​ពង្រឹង​ដំណើរការ​យកចិត្តទុកដាក់​ស្គាល់ និង​ប្រតិបត្តិ​តាម​របស់ ABA ដើម្បី​ជំរុញ​ការយល់ដឹង​ដូចគ្នានេះ ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅតាម​ខ្សែចង្វាក់​គុណ​តម្លៃ​ស្នូល​របស់ ABA​។

​ដើម្បី​បណ្តុះ​វប្បធម៌​នៃ​គុណ​តម្លៃ​រួម​នៅ​ធនាគារ ABA ទាំងមូល ធនាគារ​ប្រើ​បច្ចេកវិទ្យា​ទំនើប​។ យើង​គាំទ្រ និង​ចូលរួម​យ៉ាង​ពេញទំហឹង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការប្រតិបត្តិ​តាម និង​កម្មវិធី​ពង្រឹង​វិជ្ជាជីវៈ​ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​លើកទឹកចិត្ត​ដោយ​សមាគម ធនាគារ​នៅ​កម្ពុជា​។

​ធនាគារ ABA អនុវត្ត​យ៉ាង​តឹងរ៉ឹង លើ​ការប្រតិបត្តិ​តាម ច្បាប់​ប្រឆាំង​ការសម្អាត​ប្រាក់ (AML) និង​ការ​ក្លែងបន្លំ​។ ក្នុងនាម​ជា គ្រឺះ​ស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា តើ​វា​បាន​ជួយ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​យ៉ាងដូចម្តេចខ្លះ​?

​ធនាគារ ABA គាំទ្រ​ការទទួលស្គាល់​ប្រាក់រៀល​ជា​រូបិយប័ណ្ណ​ជាតិ និង​បង្កើន​ការប្រើប្រាស់ ដែល​ត្រូវបាន​លើកកម្ពស់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។ ទោះយ៉ាងណា​ក៏ដោយ សេដ្ឋកិច្ច​ក្នុងស្រុក​នៅតែ​បន្ត​ពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ ជាពិសេស​សម្រាប់​ប្រតិបត្តិ​ការឆ្លង​ប្រទេស​ទាក់​​ទង​នឹង​ការនាំចេញ និង​នាំចូល​។​

​ការអនុវត្ត​យ៉ាង​តឹងរ៉ឹង ទៅតាម​តម្រូវការ​នៃ​ការ​ឆាំង​នឹង​ការសម្អាត​ប្រាក់​/​ហិរញ្ញប្បទាន​ភេរវកម្ម គឺ​ស្របតាម​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ដើម្បី​ធានាឱ្យមាន​ការបន្ត​ដំណើ​រ​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ ជាមួយ​ដៃគូ​ធនាគារ​អន្តរជាតិ​។

​តើ​ធនាគារ ABA កំពុង​ប្រើ​ឧបករណ៍​តាមដាន​ហានិភ័យ​ឌីជីថល ដូចជា​ការគ្រប់គ្រង​ហានិភ័យសហគ្រាស (ERM) ដើម្បី​គ្រប់គ្រង​ហានិភ័យ​ឱ្យបាន​រឹងមាំ​និង​ប្រយ័ត្ន​​ប្រយែង​យ៉ាង​ដូ​ម្តេច​?

​ធនាគារ ABA បាន​អនុវត្ត​ដំណោះ​​ស្រាយ​ឌីជីថល​លំដាប់​ពិភពលោក​ជាច្រើន​សម្រាប់​ការប្រតិបត្តិ​តាម គ្រប់គ្រង​ហានិភ័យ និង​ការ​ក្លែងបន្លំ ដើម្បី​គ្រប់គ្រង​ហានិភ័យ​របស់ខ្លួន​ប្រកបដោយ​ភាព​ប្រ​យ​ត្ន័​ប្រយែង​បំផុត និង​ប្រកាន់យក​វិធីសាស្ត្រ​ផ្អែកលើ​ហានិភ័យ​។​

​ដំណោះស្រាយ​ទាំងនេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ស្វែងរក​ប្រតិបត្តិការ​ក្លែងបន្លំ​ដែល​អាច​កើតមាន និង​អាច ជួយ​ការពារ​ទិន្នន័យ និង​ប្រាក់​របស់​អតិថិជន ABA។ ក្រៅពី​ដំណោះ​​ស្រាយ​ទាំងនេះ ABA ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត (Machine Learning and Artificial Intelligence) ដ៏​ទំនើប​ដើម្បី​គ្រប់គ្រង​ហា​និ​​ភ័យ​ឲ្យ​កាន់តែ​រឹងមាំ​ផងដែរ​។

​ប្រអប់​សំណុំ​កម្មវិធី​របស់ ABA (ABA’s toolbox) ក៏​ជួយ​យើង​ក្នុង ការគ្រប់គ្រង​ហានិភ័យ​ដោយ​ប្រយ័ត្ន​​ប្រយែង ដើម្បី​ការពារ​អត្ថប្រយោជន៍​អតិថិ​ន និង​ភាគ​ហ៊ុ​និករ​បស់​យើង ក៏ដូចជា​គាំទ្រ​សេដ្ឋកិច្ច​ក្នុងស្រុក ដែល ABA ត្រូវអនុវត្ត​ក្នុងនាម​ជា​ធនាគារ​ឈានមុខ​គេ​មួយ​។

​តម្លាភាព ​គឺជា​គុណ​តម្លៃ​ស្នូល​នៅ​ធនាគារ ABA​។ តើ​ធនាគារ​បង្ហាញ​ពី​ចំណុច​នេះ​យ៉ាងដូចម្តេច ហើយ​តើ​វា​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ទំនុកចិត្ត​របស់​វិនិយោគិន និង​អតិថិជន​?

​ជាការ​ពិត តម្លាភាព​ គឺជា​ចំណុច​ស្នូល​នៃប្រតិបត្តិ​ការ​រប​ស់ធ​នាគារ និង​ទំនាក់ទំនង​ជាមួយ​អតិថិជន​។ ហើយ​យើង​ឆ្លងកាត់​ការត្រួតពិនិត្យ​ជាច្រើន​ដំណាក់កាល ដើម្បី​រួមគ្នា​ធានា​នូវ​តម្លាភាព​នៃប្រតិបត្តិ​ការ​របស់​យើង​។

ABA ធ្វើការ​រាយការណ៍​ជាប្រចាំ​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា​។ របាយការណ៍​ទាំងនោះ​រួមបញ្ចូល​ទាំង​របាយការណ៍​ហិរញ្ញវត្ថុ​ទាំងអស់ ក៏ដូចជា​របាយ​ការណ៍​ហានិភ័យ និង​របាយការណ៍​ស្តីពី​អនុ​បាត​ប្រកបដោយ​ការ​ប្រុង​​ប្រយ័ត្ន​។ ពេលខ្លះ​ធន​គារ​ជាតិ​នៃ​កម្ពុជា​មក​ធ្វើការ​ត្រួតពិនិត្យ​ដោយផ្ទាល់នៅ​ធនាគារ​។

​ម្ទា​ស់ភាគ​ហ៊ុន​របស់​យើង ដែលជា​ធនាគារជាតិ​កាណាដា ក៏​អនុវត្ត​នូវ​អភិបាលកិច្ច​សាជីវកម្ម និង​ការ​គ្រប់​គ្រង​ហានិភ័យ​ដ៏​រឹងមាំនៅ ABA ជាមួយនឹង​ឧ​ត្ត​មា​នុ​វត្ត​ន៍​ពិភពលោក​ផងដែរ​។

​ក្នុងនាម​ជា​អ្នក​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​សាជីវកម្ម​ចាប់តាំងពី​ឆ្នាំ​ ២០១៩ ធនាគារ ABA អនុវត្ត​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) ក្នុងការ​បង្ហាញ​ព័ត៌មាន​សំខាន់ៗ​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព តម្លាភាព គណ​​នេ​យ្យ​ភាព និង​ការពារ​ផលប្រយោជន៍​របស់​វិនិយោគិន​។ ធនាគារ​បានធ្វើ​​សវនកម្ម​ឯករាជ្យ​ប្រចាំត្រីមាស និង​ប្រចាំឆ្នាំ​តាម​បទ​ប្បញ្ញត្តិ​តម្រូវ ហើយ​បាន​បោះពុម្ពផ្សាយ​របាយការណ៍​សវនកម្ម​នោះ​នៅលើ​គេហទំព័រ​របស់ខ្លួន និង​បញ្ជូនទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX)​។ តាមរយៈ​ការធ្វើ​បែបនេះ យើង​ប្តេជ្ញា​បង្ហាញ​នូវ​ព័​ត៌​​មាន​ចាំបាច់​ទាំងអស់​ដែល​នឹង​ជួយ​ដល់​វិនិយោគិន​ឱ្យ​សម្រេចចិត្ត​វិ​និ​​យោគ​នៅ​ធនាគារ ABA និង​ប្រើ​ប្រាស់​សេវា​ធនាគារ​របស់​យើង​ក្នុង​រយៈពេល​វែង​។​

​យើង​ជឿជាក់ថា​ ទាំងអស់នេះ​នឹង​ជួយ​បង្កើន​ទំនុកចិត្ត​បន្ថែមទៀត​ដល់​វិនិយោគិន ដៃគូ និង​អតិថិជន​របស់​យើង​៕