​តើ​ធនាគារ ABA ជា​អ្នកផ្តល់​ប្រាក់កម្ចី​ប្រកបដោយ​ការទទួលខុសត្រូវ​ដូចម្តេច​? ហើយ​តើ​វា​បាន​បង្កើត​ទំនុកចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា​មកលើ​ធនាគារ​ដោយ​របៀប​ណា ក្នុងការ​បំពេញតម្រូវកា​រ​សេវា​ធនាគារ​បុគ្គល និង​អាជីវកម្ម​?

​ក្នុងនាម​ជា​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម ធនាគារ ABA ធានាថា អ្នក​ខ្ចី​នឹង​មិនមាន​បន្ទុក​ខ្លាំង​ក្នុង​ការសង​ប្រាក់កម្ចី​ដែល​បានស្នើ​សុំ​នោះទេ ហើយ​ប្រាក់កម្ចី​នោះ​គឺ​ត្រូវបាន​ប្រើ​សម្រាប់​គោលបំណង​ផលិតភាព ដែល​ស្របតាម​ផែនការអាជីវកម្ម​។​

​ដើម្បី​ធានាបាន​នូវ​បញ្ហា​នេះ យើង​ធ្វើ​ការវិភាគ​យ៉ាង​យកចិត្តទុកដាក់​លើ​សំណើ​ឥណទាន​ទាំងអស់​ដែល​បានដាក់​ស្នើ​មក​យើង​។ យើង​ក៏​ធានា​ផងដែរ​ថា​ប្រាក់កម្ចី​នឹងត្រូវ​បានផ្តល់​ដល់​អាជីវកម្ម​ស្របច្បាប់​ និង​មិន​ប៉ះពាល់​បរិស្ថាន​។ អាជីវកម្ម​ដែល​ស្ថិតនៅក្រោម​បញ្ជី​អាជីវកម្ម​មិន​ពាក់ព័ន្ធ ដូចជា​ការ​បូម​ខ្សាច់​គ្មាន​អាជ្ញាប័ណ្ណ ការកាប់​ព្រៃឈើ​ជាដើម គឺ​មិនត្រូវ​បានផ្តល់​កម្ចី​ពី​ធនាគារ ABA ឡើយ​។​

​យើង​តែងតែ​ជូនដំណឹង​គ្រប់​ជ្រុង​​ជ្រោយ​ដល់​អ្នកស្នើសុំ​កម្ចី​អំពី​លក្ខ​​ខណ្ឌ​នៃ​ឥណទាន​ក្នុងអំឡុងពេល​ដំណើរ​ការផ្តល់​ប្រាក់កម្ចី ដើម្បី​រក្សា​តម្លាភាព​ឱ្យបាន​ពេញលេញ​។ ក្រៅពី​​នេះ ​មន្ត្រី​ឥណទាន​របស់​យើង​នឹងធ្វើ​ការពន្យល់​អ្នក​ខ្ចី​ខ្នាតតូច និង​តូច​បំផុត អំពី​របៀប​រក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​ឱ្យបាន​ល្អ ធ្វើ​ប្រតិបត្តិការ​តាមរយៈ​ធនាគារ​។ល​។​

​វា​នឹង​ជួយ​ពួកគេ​ឱ្យមាន​ភាព​ងាយ​ស្រួល​ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន ប្រសិនបើ​ពួកគេ​មានបំណង​ចង់​ពង្រីក​អាជីវកម្ម​ឱ្យ​កាន់តែ​ធំ​នាពេល​អនាគត​។ ដោយមាន​ការសហការ​ពី​មន្ត្រី​ឥណទាន​របស់​យើង​ប្រកបដោយ​វិជ្ជាជីវៈ ទើប​បង្កើតបាន​នូវ​ទំនុកចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា​ចំពោះ​ធនាគារ ABA ក្នុងការ​បំពេញតម្រូវកា​រ​សេវា​ធនាគារ​បុគ្គល និង​អាជីវកម្ម​របស់​ពួកគេ​។​

​ក្នុងពេល​ថ្មីៗ​នេះ តើ​ការស្នើសុំ​កម្ចី​មាន​កំណើន​យ៉ាងណាដែរ​? តើ​លោក​គ្រប់គ្រង​ដូចម្តេច​ដើម្បី​សម្រេច​ឱ្យបាន​កំណើន​ប្រាក់កម្ចី​រឹងមាំ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​?

​ឥណទាន​កម្ចី​របស់​យើង​បន្ត​កើន​ឡើងជា​លំដាប់​។ ជាការ​ពិត កំណើន​បាន​ធ្លាក់ចុះ​អស់​រយៈពេល​ជាច្រើន​ខែ​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត ដោយសារតែ​មន្ត្រី​ឥណទាន​របស់​យើង​មិនអាច​ធ្វើដំណើរ​ទៅពិនិត្យ ​និង​វិភាគ​អាជីវកម្ម​របស់​អ្នកស្នើសុំ​កម្ចី​ដែលមាន​សក្តានុពល​។

​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង ក្នុងនាម​ជា​អ្នកផ្តល់​ប្រាក់កម្ចី​ដែលមាន​ទំនួល​ខុសត្រូវ​ដើម្បី​ធានាថា​ ចំណូល​អាជីវកម្ម​ដែល​បានប្រកាស នឹង​អនុញ្ញាតឱ្យ​អ្នក​ខ្ចី​អាច​សង​ប្រាក់​​កម្ចី​ដែល​បានស្នើ​សុំ​ដោយ​មិនមាន​បន្ទុក​ធ្ងន់​ពេក​។

​ធនាគារ​អាច​សម្រេចបាន​នូវ​កំណើន​ប្រាក់កម្ចី ពីព្រោះ​ការជឿទុកចិត្ត​របស់​ប្រជាជន​មកលើ​ធនាគារ ABA កើន​​ឡើង ហើយ​ដោយសារតែ​ម្ចាស់​ភាគហ៊ុន​ដ៏​រឹងមាំ​របស់​យើង និង​វត្តមាន​ឌីជីថល​ដ៏​សម្បូរបែប​។ មូលហេតុ​ចម្បង​មួយ​ចំពោះ​កំណើន​នេះ គឺ​វឌ្ឍនភាព​បច្ចេកទេស​ដែល ABA មាន​។​

​ដោយសារ​តែមាន​ប្រព័ន្ធ​ធនាគារ​ឌីជីថល​ និង​បណ្តាញ​ស្វ័យ​សេវា ទើប​ធ្វើឱ្យ​ពាណិជ្ជករ អតិថិជន​មាន​ទំនាក់​​ទំនង​គ្នា​ទៅវិញទៅមក (​អ្នកផ្គត់ផ្គង់ អ្នកទិញ ដៃគូ​អាជីវកម្ម​) កាន់​តែមាន​ឆន្ទៈ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​តាម​ប្រព័ន្ធ​ឌីជីថល​តាម​​រយៈ ABA​។ អតិថិជន​របស់​យើង​យល់ថា​វា​ងាយស្រួល​ក្នុង​ការចូល​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ធនាគារ​ទាំងនោះ រួមទាំង​តម្រូវការ​ឥណទាន នៅក្នុង​ប្រព័ន្ធ​អេកូ ABA ផងដែរ​។

​តើ​លោក​មើលឃើញ​កំណើន​ប្រាក់កម្ចី​ចេញមក​ពី​វិស័យ​ណា​?

ជា​ប្រវត្តិសាស្ត្រ កំណើន​ប្រាក់កម្ចី​ដ៏​សំខាន់ បំផុត​នៅក្នុង​ធនាគារ ABA គឺ​មកពី​វិស័យ​ពាណិជ្ជកម្ម​។ តើ​ជំងឺ​រាតត្បាត​បាន​ប៉ះពាល់​ដល់​គុណភាព​ទ្រព្យសកម្ម​របស់​ធនាគា​រ​ដែរ ឬទេ​? ហើយ​តើ​ចំនួន ប្រាក់កម្ចី​មិនអាច​សង​ត្រឡប់ (NPL) យ៉ាងដូចម្តេច​ដែរ​?

​ជំងឺ​រាតត្បាត​បាន​ប៉ះពាល់​ដល់​ប្រទេសជាតិ​ទាំងមូល​ហើយ​ធនាគារ ABA ក៏​មិន​ខុសគ្នា​ដែរ​។

​ជាមួយគ្នានេះ គិត​ចាប់ពី​ខែមីនា ឆ្នាំ​ ២០២០ ធនាគារ ABA បានចាប់ផ្តើម​វិធានការ​បន្ធូរបន្ថយ​បន្ទុក​សម្រាប់​អ្នក​ខ្ចី​របស់ខ្លួន ដែល​អាជីវកម្ម​របស់​ពួកគេ​បាន​រង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​ធ្លាក់ចុះ ដោយសារ​ជំងឺ​កូ​វីដ​។

​គិត​ត្រឹម​ចុងខែ​កញ្ញា ការរៀបចំ​រចនាសម្ព័ន្ធ​កម្ចី​ឡើងវិញ​មាន​រហូត ដល់ ១៤,៨ ភាគរយ​នៃ​កម្ចី​សរុប​។ NPL នៅតែមាន​ស្ថិរភាព ០,៨ ភាគរយ​នៃ​ផលប​ត្រ ដែល​ទាប​ជាង​មធ្យមភាគ​ទីផ្សារ​។​

​តើ ABA មាន​កំពុង​បន្ត​បង្កើត​កម្មវិធី​គាំទ្រ​ហិរញ្ញវត្ថុ​ពិសេស​ណាមួយ ដើម្បី​ជួយ​ដល់​អ្នកស្នើសុំ​កម្ចី​អាជីវកម្ម​ដែល​ងាយ​រងគ្រោះ​ដែរឬទេ​?

​បាទ​, ធនាគារ បន្ត​ផ្តល់​វិធានការ​បន្ធូរបន្ថយ​ដល់​អ្នក​ខ្ចី ដែល​ងាយ​រងគ្រោះ ជាមួយនឹង​ប្រាក់កម្ចី​ដែល មាន​ស្រាប់ ខណៈ​អាជីវកម្ម​របស់​ពួកគេ​កំពុង​រង​ផលប៉ះពាល់​អំឡុង ពេល​មាន​ជំងឺ​រាតត្បាត​។ វិធានការ​បន្ធូរបន្ថយ​នេះ​ត្រូវបាន​ផ្តល់​តាមរយៈ​ការកាត់បន្ថយ​ចំនួន​បង់​រំលស់​ប្រចាំខែ ដូចជា​មានការ​ពន្យារ​ពេល​ការសង​ប្រាក់​ដើម​ប្រចាំខែ ឬ​ទាំង​ការសង​ប្រាក់​ដើម និង​ការប្រាក់ ដើម្បី​ផ្តល់​ពេលវេលា​បណ្តោះអាសន្ន​ឱ្យ​ពួកគេ​បង្កើត​ប្រាក់ចំណូល​អាជីវកម្ម​ឡើងវិញ​។

​ធនាគារ ABA ក៏បាន​ចូលរួម​ជាមួយ​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​ក្នុងស្រុក​បន្ថែមទៀត​។ គម្រោង​នេះ​អនុញ្ញាតឱ្យ​អ្នកមាន​សិទ្ធិ​ស្នើសុំ​កម្ចី ឬ​អ្នក​ខ្ចី​គ្មាន​វត្ថុ​បញ្ចាំ​ត្រឹមត្រូវ ដូចជា​អចលនទ្រព្យ អាច​ទទួលបាន​ហិរញ្ញប្បទាន​ក្នុងតម្លៃ​ទាប​។​

​តើ​អ្វី​ជា​អនុសាសន៍​របស់លោក​ចំពោះ​អ្នក​ខ្ចី​ ដើម្បី​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​?

​វា​សំខាន់​ណាស់​ក្នុងការ​អនុវត្តតាម​វិន័យ​ហិរញ្ញវត្ថុ​ ដើម្បី​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​។ វា​មានន័យថា ការកសាង​ចំណេះដឹង​ឱ្យបាន​គ្រប់គ្រាន់​អំពី​របៀប​ដំណើរការ​អាជីវកម្ម រៀបចំ​ផែនការ​ឱ្យបាន​ត្រឹមត្រូវ​អំពី​របៀប​ចំណាយ សន្សំ​ប្រាក់​អាជីវកម្ម និង​ធ្វើតាម​ផែនការ​។ តាមរយៈ​ការសង្កេត​ទីផ្សារ​របស់​យើង អាជីវកម្ម​ដែល​បរាជ័យ​ភាគច្រើន ដោយសារតែ​ពួកគេ​មិនដឹង​ពី​របៀប​អាជីវកម្ម​ដំណើរការ ឬ​មិនមាន​ផែនការ​ត្រឹមត្រូវ ឬ​មិន​ចំណាយ​តាម​ផែនការអាជីវកម្ម​ជាដើម​៕