តើ​ទស្សនៈ​អាជីវកម្ម​របស់ ABA បានរួម​ចំណែក​យ៉ាង ដូចម្តេច​ចំពោះ​សហគមន៍​មូលដ្ឋាន អាជីវកម្ម​ឯកជន និង​រូបវន្តបុគ្គល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​?

​យើង​ជឿជាក់ថា​ អ្នកប្រើប្រាស់​ដែល​មកពី​ផ្នែក​ខុសៗ​គ្នា​ដូចជា​អ្នក​ផលិត អ្នក​លក់ដុំ អ្នក​លក់រាយ និង​អ្នក​ប្រើ​ប្រាស់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ពី​ប្រតិបត្តិការ និង​ការអនុវត្ត​ចក្ខុវិស័យ និង​បេសកកម្ម​របស់​យើង​។ ដើម្បី​ក្លាយជា​អ្នកផ្គត់ផ្គង់​សេវា​ធនាគារ​លំដាប់​លេខ ​១ គួរ​ជាទី​ពំនឹង ងាយស្រួល​ប្រើប្រាស់ និង​អាច​ទទួលយកបាន គឺ​តម្រូវឱ្យ​មានការ​​វិនិយោគ​ដ៏​សំខាន់ៗ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ឥតឈប់ឈរ​។

​ដូច្នេះ​យើង​បន្ត​នាំមក ​និង​ប្រែក្លាយ​ទស្សនៈ​អាជីវកម្ម​ប្រកបដោយ​នវានុវត្តន៍ ទៅជា​ដំណោះស្រាយ​ធនាគារ​ឌីជីថល គំរូ​ប្រតិបត្តិការ​ដ៏​រឹងមាំ និង​ការ​ផ្តល់នូវ​ដំណោះស្រាយ ដែល​អាច​ទទួលយកបាន ងាយស្រួល មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ ដើម្បី​ជួយ​អតិថិជន​និង​សហគមន៍​របស់​យើង​ឱ្យ​ទទួលបាន​អត្ថប្រយោជន៍​ពីបទ​ពិសោធ​ក្នុងការ​ប្រើប្រាស់​សេវា​ធនា​គារ​របស់​ពួកគេ​។

តើ​ធនាគារ ABA ធ្វើ​យ៉ាងដូចម្តេច ដើម្បីឱ្យ​ម៉ាក​យីហោ​របស់ខ្លួន​មាន​ភាព​លេចធ្លោ​នៅក្នុង​វិស័យ​ធនាគារ​ដែល​ប្រកបដោយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​?

​ទិដ្ឋភាព​នៃ​ការប្រកួតប្រជែង​មាន​ការវិវឌ្ឍ​យ៉ាងខ្លាំង ជាពិសេស​ការដាក់ឱ្យ​ដំណើរការ​នូវ​ដំណោះស្រាយ​ឌីជីថល/និង​សេវាកម្ម​ធនាគារ​ទំនើប ស្របតាម​និន្នាការ និង​រសជាតិ​សកល​នៃ​មនុស្ស​ជំនាន់ Y និង Z​។ ដូច្នេះ​យើង​បាន​ពង្រីក និង​ធ្វើ​ទំនើបកម្ម​សាខា​រូបវន្ត​របស់​យើង និង​ណែនាំ​យ៉ាងសកម្ម​នូវ​ដំណោះស្រាយ​ធនា​​គារ​ឌីជីថល ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។

សកម្មភាព​ទីផ្សារ​របស់​យើង​នៅក្នុង​បណ្តាញ​ឌីជីថល និង​សេវាកម្ម​ក្រោយ​ការលក់ ដូច​ការចង្អុលបង្ហាញ​ពី គំរូ​ផ្តោត​សំខាន់​លើ​អតិថិជន (CCM) បានអនុញ្ញាត​ឱ្យ​យើង​ចាប់យក​តំណែង​ជា​អ្នកផ្គត់ផ្គង់​ក្នុង​ជម្រើស​លេខ​មួយ និង​ត្រូវបាន​ទទួលស្គាល់​ដោយ​ទស្សនា​​វ​ដ្តី​ហិរញ្ញវត្ថុ​ល្បីៗ ដូចជា Banker, Euromoney, Global Finance និង Asiamoney ជាដើម​។

​តើ​ធនាគារ ABA កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច សម្រាប់​សហគ្រិន​ជា​បុគ្គល សហគ្រាស​ធុន​តូច និង​មធ្យម និង​សាជីវកម្ម​?

​យើង​បាន​មើលឃើញថា​ ភាព​ងាយ​ស្រួល អាច​ទទួលបាន លឿន​រហ័ស និង​ភាពជា​ប់លាប់​នៃ​សេវាកម្ម ទាំងអស់នេះ គឺជា​តម្រូវការ​សេវា​ធនាគារ​ជា​មូលដ្ឋាន​របស់​អតិថិជន​យើង មិន​ថា​ពួកគេ​ជា​នរណា​នោះទេ​។ ខណៈ​នៅក្នុង​ដំណាក់កាល​អនុវត្ត​គំរូ CCM យើង​នៅតែ​បន្ត​ផ្តោតលើ​កត្តា​ជំរុញ​ជាច្រើន​ដែល​ផ្គត់ផ្គង់​ជា​យុទ្ធសាស្ត្រ​តាម​តម្រូវការ​។ យើង​បន្ត​ចាប់យក និង​ណែនាំ​នូវ​ដំណោះស្រាយ​ធនាគារ​ឌីជីថល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ សកម្មភាព​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ (R&D) និង​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​បម្រើ​ដល់​កំណើន​យ៉ាង​ឆាប់រហ័ស​របស់​អតិថិជន និង​តម្រូវការ​កាន់តែច្រើន​លើ​សេវាកម្ម​ធនាគារ​។​

​យើង​កំពុង​ណែនាំ​ និង​ធ្វើឱ្យ​ប្រសើរ​​ឡើង​នូវ​ដំណោះស្រាយ​ស្វ័យ​សេវា និង​កម្មវិធី​ទូទាត់ និង​ទទួល​ការទូទាត់​ប្រាក់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អាជីវកម្ម​ក្នុងស្រុក ដែល ៩៩ ភាគរយ ជា​សហគ្រាស​ធុន​តូច​និង​មធ្យម​។​

​យើង​ជឿជាក់ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​អាជីវកម្ម រួមទាំង​សាជី​វ​កម្ម ដែល​ស្ថិតនៅ​ចំណុចកំពូល​នៃ​ខ្សែចង្វាក់​ចែកចាយ នឹង​ទទួលបាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រព័ន្ធ​អេកូ​របស់​យើង​។

​តើ​សេវា​ធនាគារ​តាម​ទូរ​​ស័ព្ទ​ដៃ បាន​ផ្លាស់ប្តូរ​ទិដ្ឋភាព​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែរ ឬទេ​? តើ​វា​ជួយ ABA ឱ្យ​បង្កើន​មូលដ្ឋាន​ចំណូល​របស់ខ្លួន​យ៉ាងដូចម្តេច​?

​បាទ​, ប្រាកដ​ណាស់​។ ការ​ស្រាវ​ជ្រាវ​របស់​យើង​បង្ហាញថា ​មនុស្ស​កាន់តែ​ពេញនិយម​នឹង​ស្មា​ត​ហ្វូ​ន ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ងាយស្រួល និង​អាច​ចែករំលែក​ព័ត៌មាន​ដោយ​មិនមាន​ការរំខាន​។ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ក្លាយជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ជីវិត​រស់នៅ​របស់​មនុស្ស​។ ជាមួយនឹង​ឱកាស​បែបនេះ កម្មវិធី​ទូរស័ព្ទ ABA Mobile ត្រូវបាន​អភិវឌ្ឍ​ឥតឈប់ឈរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​។ យើង​បាន​សង្កេតឃើញ​អត្រាកំណើន​ប្រចាំឆ្នាំ​រួម (CAGR) ចំនួន ៩៩.៣៣ ភាគរយ​នៃ​កំណើន​របស់​អ្នកប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ ABA Mobile ក្នុង​រយៈពេល ៧ ​ឆ្នាំ​ចុង​ក្រោយនេះ​។

គិតតែ​ក្នុង​ឆ្នាំ ​២០២១ អ្នកប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ ABA Mobile បានធ្វើ​ប្រតិបត្តិការ​ចំនួន ៨៨ ប៊ី​លាន​ដុល្លារ និង​ ១១ ​ទ្រី​លាន​រៀល​។ ចលនា​ទឹកប្រាក់​នៅក្នុង​ប្រព័ន្ធ​អេកូ​របស់​យើងអនុញ្ញាតឱ្យ​យើង​បង្កើន​ប្រយោជន៍​ពី​មូលនិធិ ឆ្លើយតប​តម្រូវ​ការប្រកប​ដោយ​ប្រសិទ្ធភាព និង​ផ្តល់ជូន​តាម​តម្រូវការ​របស់​អតិថិជន​យើង​។

តើ​ធនាគារ ABA នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​សាខា​រូបវន្ត​ដែរ ឬទេ ខណៈ​ខ្លួន​កំពុង​បង្កើន​បណ្ដាញ​ស្វ័យ​សេវា​?

​សាខា​ធនាគារ​នៅតែ​ជា​ចំណុច​ដ៏​សំខាន់​នៅក្នុង​ការប្រតិបត្តិ​អតិថិជន ​(CCM)​។ ដូច្នេះ យើង​ធ្វើ​ការវិភាគ​និង​អភិវឌ្ឍ​បណ្តាញ​សាខា​យ៉ាង​ហ្មត់ចត់ ទៅតាម​តម្រូវការ​បច្ចុប្បន្ន និង​អនាគត ស្រប​ពេលដែល​សេវា​ធនាគារ​ពេញលេញ​នឹងត្រូវ​បង្កើតឡើង​ ដើម្បី​បម្រើ​ដោយ​ផ្អែកលើ​សាខា​។ ឧទាហរណ៍ ការផ្តល់​ប្រាក់កម្ចី ដែល​ត្រូវការ​បណ្តាញ​រូបវន្ត ដើម្បី​រៀបចំ និង​គ្រប់គ្រង​ផលប​ត្រ​។​

​ជា​យុទ្ធសាស្ត្រ យើង​កំពុង​ពង្រីក​បណ្តាញ​រូបវន្ត​-​ឌីជីថល ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បណ្តាញ ABA 24/7 និង​កម្មវិធី​ទូរស័ព្ទ ABA Mobile ជាមួយ​ដំណោះស្រាយ​ស្វ័យ​សេវា ដើម្បី​ធានាបាន​នូវ​តម្រូវការ​ធនាគារ ជា​មូលដ្ឋាន​របស់​អតិថិជន មាន​ភាពងាយស្រួល អាច​ទទួលបាន ឆាប់រហ័ស និង​មាន​ស្ថិរភាព​។

​តើ​លោក​យល់ថា អ្វីខ្លះ​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​អាជីវ​​កម្ម​ធនាគារ ABA នាពេល​អនាគត​?

​ស្របតាម​ចក្ខុវិស័យ បេសកកម្ម គុណ​តម្លៃ និង​យុទ្ធសាស្ត្រ​សាជីវកម្ម​របស់​យើង យើង​ខិតខំ​ធ្វើដំណើរ​ឆ្ពោះទៅមុខ​ដើម្បី​បម្រើប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ពេញ​លក្ខខណ្ឌ ក្នុង​ការបើក​គណនី​ធនាគារ ធ្វើជា​ដៃគូ​។ ដូច្នេះ​យើង​នឹង​បន្ត​វិនិយោគ​លើ​ដំណោះស្រាយ​បច្ចេកវិទ្យា​ទំនើប សកម្មភាព R&D ការអភិវឌ្ឍ​ធនធានមនុស្ស ជា​កត្តា​គន្លឹះ​នៃ​ភាពជោគជ័យ​នាពេល​អនាគត​របស់​យើង​។

​តើ​លោក​មាន​ទស្សន​វិជ្ជមាន​ចំពោះ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២២ ​ដែរ ឬទេ​?

​បាទ​ខ្ញុំ​មាន​! ទោះបី​មាន​បញ្ហា​ប្រឈម​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​អស់​រយៈពេល​ជិត ​២ ​ឆ្នាំ​ក្តី ក៏​វិស័យ​ធនាគារ​នៅតែមាន​ភាពរឹងមាំ​ក្រោម​ការដឹកនាំ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​។

​ក្នុង​ឆ្នាំ​ ២០២០ វិស័យ​ធនាគារ​សម្រេចបាន​នូវ​អត្រាកំណើន​ប្រចាំឆ្នាំ​ ១៦,៩ ​ភាគរយ សម្រាប់​ប្រាក់កម្ចី និង ​១៥,៤ ភាគរយ សម្រាប់​ប្រាក់​បញ្ញើ​។ ចក្ខុវិស័យ​នៃ​វិស័យ​ធនាគារ​នៅតែមាន​ស្ថិរភាព និង​មានដំណើរ​ការល្អ ដែល​ត្រូវបាន​គាំទ្រ​ដោយ​ទ្រនាប់​ដើមទុន និង​សន្ទនីយ​ភាព​ដ៏​រឹងមាំ នៅ​កម្រិត​អនុ​បាត​ដែល​ខ្ពស់ជាង​តម្រូវ​ការកំណត់​។

​ជាមួយនឹង​សមិទ្ធផល​របស់​រដ្ឋា​​ភិ​បាល​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ កម្មវិធី​ចាក់​វ៉ាក់សាំង និង​ផែនការ​ជាក់លាក់​ ដើម្បី​ចាប់ផ្តើម​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ ត្រូវបាន​គាំទ្រ​ដោយ​ការ​ព្យាករ​អំពី​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​រង្វង់ ៥,៥ ភាគរយ នៅ​ឆ្នាំ​ ២០២២ ដោយ ADB, ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា វិស័យ​ធនាគារ​នឹង​នៅតែមាន​ភាពរឹងមាំ និង​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការគាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដែល​នឹង​ជួយ​ឱ្យ​ធនាគារ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​បន្ថែមទៀត​៕