
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។ រូបថតសហការី
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA គូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ធនាគារដល់កម្រិតខ្ពស់មួយ ដែលជួយពង្រឹងអាជីវកម្មធនាគារនៅកម្ពុជា ជាមួយនឹងប្រព័ន្ធអេកូដែលជួយលើកកម្ពស់ទាំងរូបវន្តបុគ្គល សាជីវកម្ម និងអាជីវកម្មខ្នាតតូច!
តើលោកវាយតម្លៃយ៉ាងដូច ម្តេចចំពោះដំណើរដ៏វែងឆ្ងាយនៅកម្ពុជា ខណៈ ABA ប្រារព្ធខួបលើកទី២៥ របស់ខ្លួន?
ធនាគារ ABA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ ទោះយ៉ាងណា ដំណាក់កាលដ៏សកម្មនៃការអភិវឌ្ឍឡើងវិញ គឺបានចាប់ផ្តើមនៅឆ្នាំ ២០០៩ នៅពេលដែលគណៈគ្រប់គ្រងថ្មីបានចូលរួមជាមួយធនាគារ ហើយយីហោ ABA ត្រូវបានណែនាំនៅលើទីផ្សារ។ ជាមួយនឹងការទិញយកត្រូវបានធ្វើ ឡើងរួចរាល់ ការវិនិយោគដ៏សំខាន់ៗនៅក្នុងធនាគារ ទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា IT និងហេដ្ឋារចនាសម្ព័ន្ធក៏បានចាប់ផ្ដើមផងដែរ។ ធនាគារអាចទទួលបានផលចំណេញក្នុងឆ្នាំ ២០១០ ហើយបានរីកចម្រើនឥតឈប់ឈរចាប់តាំងពីពេលនោះមក។
តាំងពីដំបូងមក យើងបានយល់អំពីសារៈសំខាន់នៃការផ្តល់ផលិតផលហិរញ្ញវត្ថុប្រកបដោយគុណភាព និងងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ ការយល់ដឹងនេះ បានសម្រួចសម្រាំងយុទ្ធសាស្ត្ររបស់យើងសម្រាប់ឆ្នាំបន្តបន្ទាប់ ហើយការយល់ដឹងនោះ នៅតែជាចលករជំរុញដល់យើងក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗ ជាមួយនឹងគោលគំនិតចម្បងដែលបានឆ្លុះបញ្ចាំងនៅក្នុងបេសកកម្មរបស់យើង គឺដើម្បីជួយដល់អាជីវកម្ម និងប្រជាជនកម្ពុជា ក្នុងការកសាងអនាគតកាន់តែទូលំទូលាយនិងត្រចះត្រចង់តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុត ក្នុងផ្នែកធនាគារសម្រាប់ទាំងអស់គ្នា។ យើងជឿជាក់ថា ភាពស្មោះត្រង់ និងការផ្តោតសំខាន់លើអតិថិជន បានជួយយើងឱ្យមានជំហររឹងមាំនៅក្នុងទីផ្សារ និងក្លាយជាធនាគារកំពូលមួយនៅក្នុងប្រទេស។
តើលោកមើលឃើញឱកាសសម្រាប់ការរីកចម្រើនមកពីណា [ផ្នែកណាខ្លះ]?
យើងបានបង្កើតយុទ្ធសាស្ត្រអាជីវកម្មដែលមានលក្ខណៈឯកវន្ត នៅធនាគារ ABA ដោយមានអាជីវកម្មសំខាន់ចំនួន ២ ផ្នែក។ ទីមួយ គឺផ្តោតលើសេវាធនាគារបុគ្គល នៅពេលយើងនិយាយអំពីការដាក់ប្រាក់បញ្ញើ ផលិតផលកាត ការផ្ទេរប្រាក់ និងសេវាកម្មគ្រប់គ្រងគណនីធនាគារផ្សេងៗទៀត។
យើងមើលឃើញការរីកចម្រើនរបស់ធនាគារយ៉ាងធំធេងនៅក្នុងផ្នែកនេះ។ ឧទាហរណ៍ ចំនួនគណនីបុគ្គលសរុបរបស់យើងបានកើនឡើង ១០ ដង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ជាការពិត ការណែនាំអំពីកម្មវិធីទូរសព្ទ័ ABA Mobile ដំបូងគេរបស់យើងនៅឆ្នាំ ២០១៥ បានរួមចំណែកយ៉ាងសំខាន់ដល់កំណើននេះ។
ផ្នែកទីពីរ គឺការផ្តល់ប្រាក់កម្ចី ដែលយើងផ្តោតលើអតិថិជនខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ដែលបច្ចុប្បន្នមានចំនួន ៧៨ ភាគរយនៃផលប័ត្រឥណទានសរុបរបស់យើង។ ប៉ុន្តែទោះបីនៅក្នុងផ្នែកផ្តល់ប្រាក់កម្ចីក៏ដោយ ក៏មានផ្នែកសម្រាប់បច្ចេកវិទ្យាដែលបង្កើនប្រសិទ្ធភាពការងាររបស់យើង និងជួយយើងឱ្យបង្កើតគំរូ និងផ្តល់ជូនផលិតផលល្អប្រសើរនៅគ្រប់ផ្នែកផ្សេងៗនៃទីផ្សារ។
នៅប៉ុន្មានឆ្នាំខាងមុខ ឬមួយទសវត្សរ៍ខាងមុខ យើងមើលឃើញសក្តានុពលដ៏អស្ចារ្យសម្រាប់ការរីកចម្រើនបន្ថែមទៀតនៃសេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម និងប្រាក់ចំណូលរបស់ប្រជាជន។ ដូច្នេះយើងមើលឃើញឱកាសគ្មានទីបញ្ចប់នៅក្នុងការប្រមូលផ្តុំតម្រូវការរបស់អតិថិជន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់យើង។ ការរួមបញ្ចូលគ្នានេះ បាននាំមកនូវការរីកចម្រើនជាលំដាប់ ដែលយើងពិតជាមានមោទនភាព។
តើអ្វីជាយុទ្ធសាស្ត្រនៃការផ្តល់ប្រាក់កម្ចីរបស់លោកកំណើនអាជីវកម្ម ឬផលប័ត្របុគ្គល?
ជាប្រវត្តិសាស្ត្រ យើងបានផ្តល់ប្រាក់កម្ចីដល់អាជីវកម្មគ្រប់ទំហំ នៅក្នុងវិស័យជាក់ស្តែងនៃសេដ្ឋកិច្ច។ វាស្តែងចេញដោយផ្ទាល់ពីចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើង ដែលយើងចង់រួមចំណែកដល់សហគមន៍ និងអភិវឌ្ឍអាជីវកម្មឯកជនបន្ថែមទៀត។
ដូច្នេះយើងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រអ្នកស្នើសុំកម្ចីជាមួយប្រាក់កម្ចីមានផលិតភាពសេដ្ឋកិច្ច ដែលបន្ថែមគុណតម្លៃដល់អាជីវកម្មរបស់ពួកគេ ហើយមិនធ្វើឱ្យអាជីវកម្មជួបបញ្ហា។ យើងក៏បានបញ្ចូលគម្រោង ESG (បរិស្ថាន សង្គម និងអភិបាលកិច្ចសាជីវកម្ម) ដោយយើងនឹងមិនផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលប៉ះពាល់ដល់បរិស្ថាន ឬគំរាមកំហែងដល់សុខុមាលភាពរបស់ប្រជាជននោះទេ។
ជាមួយនឹងកំណើនឥតឈប់ឈរនៃសេដ្ឋកិច្ចកម្ពុជា យើងមើលឃើញពីរបៀបដែលអតិថិជនខ្នាតតូចរបស់យើងពង្រីកសហគ្រាសធុនតូចនិងមធ្យម។ យើងរីករាយណាស់ដែលបានមើលឃើញការរីកចម្រើនបែបនេះ គិតចាប់តាំងពីយើងក្លាយជាដៃគូ ជាមួយអតិថិជនកម្ចីរបស់យើង ហើយរីកចម្រើនជាមួយគ្នា។ យើងតែងតែធ្វើការស្ទង់ទីផ្សារជាទៀងទាត់ដែលប្រហែល ៩០ភាគរយនៃអតិថិជនកម្ចីរបស់យើងបានបញ្ជាក់ថា ប្រាក់កម្ចីរបស់ ABA បានជួយឱ្យសម្រេចគោលដៅអាជីវកម្មរបស់ពួកគេ។ នេះជាការសាទរមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង។ យើងរីករាយក្នុងការគាំទ្រដល់អ្នកស្នើសុំកម្ចីទាំងអស់បន្ថែមទៀត មិនថាជាហាងតូចតាច ឬសាជីវកម្មធំៗនោះទេ។
តើផលិតផលធនាគារឌីជីថលទទួលបានជោគជ័យយ៉ាងដូចម្តេច?
ធនាគារ ABA តែងតែប្រើបច្ចេកវិទ្យា ទាំងនៅក្នុងប្រតិបត្តិការ និងផលប័ត្រផលិតផលរបស់ខ្លួន។ យើងស្ថិតនៅក្នុងចំណោមធនាគារក្នុងស្រុកដំបូងគេ ដែលណែនាំកម្មវិធីធនាគារអនឡាញនៅកម្ពុជាក្នុងឆ្នាំ ២០០៩ ហើយនៅពេលដែលយើងមើលឃើញការរីកចម្រើនជាលំដាប់ និងគួរឱ្យចាប់អារម្មណ៍នៅក្នុងចំនួនស្មាតហ្វូននៅក្នុងប្រទេសយើងក៏បានក្លាយជាធនាគារដំបូងគេ ដែលដាក់ឱ្យដំណើរការកម្មវិធីធនាគារតាមទូរស័ព្ទពេញលេញ ដើម្បីអនុញ្ញាតឱ្យអតិថិជនរបស់យើង អាចនាំយកធនាគាររបស់ពួកគេទៅគ្រប់ទីកន្លែងដែលពួកគេទៅ។
ជាមួយគ្នានេះដែរ ប្រព័ន្ធអេកូធនាគារឌីជីថលរបស់យើង ដាក់បញ្ចូលនូវផលិតផលនិងដំណោះស្រាយជាច្រើន ដែលធ្វើឱ្យជីវិតអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួល និងប្រសើរជាងមុន។ នៅចាំកម្មវិធីធនាគារតាមអ៊ីនធឺណិតដែលខ្ញុំធ្លាប់បានលើកឡើងទេ? យើងបានកែសម្រួលវាឡើងវិញ ដើម្បីប្រើប្រាស់សម្រាប់អាជីវកម្ម និងបានចាប់ផ្តើមដំណើរការសេវាធនាគារតាមអ៊ីនធឺណិត សម្រាប់អាជីវកម្មនៅឆ្នាំ ២០២០។ ហើយឥឡូវនេះវា គឺជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុគួរជាទីទុកចិត្តបានសម្រាប់ក្រុមហ៊ុនរាប់រយ គ្រប់ទំហំ ជាមួយមុខងារដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អាជីវកម្ម រួមមានទាំងការគ្រប់គ្រងគណនី ការត្រួតពិនិត្យមូលប្បទានប័ត្រ ការទូទាត់ និងមុខងារផ្សេងៗជាច្រើនទៀត។
ដើម្បីបំពេញតម្រូវការរបស់ពាណិជ្ជកម្មអនឡាញ និងអ្នកលក់តាមប្រពន្ធ័អនឡាញ យើងបានបង្កើតកម្មវិធីទូទាត់ PayWay ផ្ទាល់របស់យើង។ ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ ២០១៨ កម្មវិធី PayWay ត្រូវបានជ្រើសរើសដោយអ្នកជំនួញជាច្រើន រួមទាំងស្ថាប័នរដ្ឋាភិបាលផងដែរ ដើម្បីធ្វើការទូទាត់តាមអនឡាញ ដែលលឿនរហ័ស និងមានសុវត្ថិភាព។
ដូចដែលខ្ញុំបានលើកឡើងរួចហើយថា ABA Mobile គឺជាកម្មវិធីហិរញ្ញវត្ថុលំដាប់លើគេដែលអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ ដែលមាននៅលើ Google Play Store និង Apple App Store នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំគិតថា សមិទ្ធផលនេះគូសបញ្ជាក់អំពីភាពជោគជ័យនៃដំណោះស្រាយសេវាធនាគារឌីជីថល និងសារៈសំខាន់របស់វាសម្រាប់អតិថិជនរបស់យើង។
តើអ្វីកំពុងជំរុញរបៀបវារៈធនាគារឌីជីថលរបស់លោក? តើអតិថិជនរបស់លោកប៉ុន្មានភាគរយសកម្មជាមួយសេវាធនាគារឌីជីថល?
គោលបំណងចម្បងរបស់យើងនៅក្នុងរបៀបវារៈឌីជីថល គឺធ្វើឱ្យសេវាកម្មហិរញ្ញវត្ថុកាន់តែងាយស្រួលប្រើប្រាស់សម្រាប់អតិថិជនដ៏មានតម្លៃរបស់យើង មិនថាជាបុគ្គល ឬអាជីវកម្មនោះទេ។ បច្ចុប្បន្នប្រហែល ៩០ ភាគរយនៃអតិថិជន ABA សកម្មជាមួយសេវាធនាគារឌីជីថល និងប្រើប្រាស់ដំណោះស្រាយធនាគារឌីជីថលរបស់យើង។ វាមិនមែនចាប់ផ្ដើមយ៉ាងសមប្រកបបែបនេះតាំងពីដំបូងនោះទេ គឺយើងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអប់រំ ឬផ្សព្វផ្សាយដល់ទីផ្សារ និងបង្កើនបរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការផ្តល់ជូននូវផលិតផលដែលងាយស្រួលប្រើប្រាស់។
ប្រព័ន្ធអេកូដ៏ធំ និងមានអានុភាពរបស់យើងបានទាក់ទាញអតិថិជនថ្មីៗជាច្រើន ដែលមានអតិថិជន អ្នកផ្គត់ផ្គង់ ដៃគូ ជាអ្នកប្រើប្រាស់សេវាកម្ម ABA រួចហើយ។ ហើយបន្ទាប់ពីយើងបានអនុញ្ញាតមានការបើកគណនីដំបូងបានភ្លាមៗ និងងាយស្រួល ដោយគ្រាន់តែត្រូវការអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព និងស្មាតហ្វូនប៉ុណ្ណោះ ធ្វើឱ្យមូលដ្ឋានអតិថិជនបានចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងផ្នែកសេវាធនាគារបុគ្គល យើងកំពុងកសាងធនាគារតាមទូរសព្ទ័ដំបូងគេ ដែលមានហេដ្ឋារចនាសម្ពន្ធរឹងមាំ និងកម្មវិធីគាំទ្រអតិថិជន ហើយនេះ គឺមានតម្លៃសម្រាប់ទីផ្សារ។
ABA កំពុងលើកកម្ពស់យ៉ាងសកម្មលើឧបករណ៍ស្វ័យសេវា។ តើទីផ្សារកម្ពុជាបានត្រៀមខ្លួនហើយ ឬនៅសម្រាប់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនមួយនេះនៅថ្ងៃខាងមុខ?
ប្រាកដណាស់! ប្រទេសកម្ពុជា មិនប្រើប្រាស់និងមិនមានទំនោរទៅរកសេវាកម្មធនាគារបែបប្រពៃណីទៀតទេ។ ប្រជាជនកម្ពុជាកំពុងទទួលយកបច្ចេកវិទ្យាថ្មីៗ ខណៈទូរសព្ទ័ស្មាតហ្វូនដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនកាន់តែច្រើន ធ្វើឱ្យតម្រូវការប្រើប្រាស់សេវាកម្មស្វ័យសេវា និងពីចម្ងាយកើនឡើង។ ម្យ៉ាងវិញទៀត ជំងឺរាតត្បាតបានជះឥទ្ធិពលដល់ឥរិយាបថរបស់អតិថិជន នៅពេលដែលពួកគាត់ព្យាយាមគេចចេញពីការប្រមូលផ្តុំមនុស្សច្រើន និងចង់ធ្វើប្រតិបត្តិការនៅពេលណាដែលពួកគាត់ត្រូវការ និងកន្លែងណាដែលងាយ-ស្រួលសម្រាប់ខ្លួនគាត់។
សរុបមក យើងមើលឃើញនិន្នាការសង្គមផ្លាស់ប្តូរដ៏ខ្លាំងក្លា ឆ្ពោះទៅរកបច្ចេកវិទ្យាថ្មី និងសេវាកម្មធនាគារស្វ័យសេវា។ ហើយ ABA មានឧបករណ៍ និងដំណោះស្រាយពេញលេញដើម្បីផ្តល់ជូននូវបទពិសោធដ៏សម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន រាប់ចាប់ពីសេវាធនាគារតាមទូរស័ព្ទ និងធនាគារតាមអនឡាញ រហូតដល់ទីតាំងស្វ័យសេវា នៅក្នុងសាខារបស់យើង។
នវានុវត្តន៍ថ្មីបំផុតរបស់យើង គឺជាបណ្តាញទីតាំងស្វ័យសេវា ABA 24/7 ដែលអាចដាក់ប្រាក់/ដកប្រាក់ និងដាក់មូលបត្រតាមរយៈម៉ាស៊ីន។ យើងបានបើកដំណើរការទីតាំងស្វ័យសេវានេះចំនួន ១៥ ទីតាំងរួចហើយ នៅក្នុងទីក្រុងភ្នំពេញ ក្រុងតាខ្មៅ ក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ ហើយប្រាកដណាស់នឹងបើកដំណើរការបន្ថែមទៀត ដើម្បីភាពងាយស្រួលរបស់អតិថិជន។
មូលដ្ឋានអតិថិជនរបស់ ABA បានកើនឡើង ៧០ ភាគរយ នៅឆ្នាំ ២០២០ ធ្វើឱ្យអតិថិជនកើនដល់ ១,៤ លាននាក់។ តើតួលេខនេះសម្រេចបានយ៉ាងដូចម្តេច?
ដូចខ្ញុំបានរៀបរាប់រួចហើយថា ប្រព័ន្ធអេកូ ABA ដែលយើងកំពុងកសាង គឺបានទាក់ទាញអតិថិជនដោយសារតែភាពងាយស្រួលក្នុងការប្រើប្រាស់ និងឱកាសគាំទ្រអតិថិជន។ ABA អាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ដែលរួមមានទាំងការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ ការគ្រប់គ្រងប្រាក់ ការទិញក្នុងហាង និងតាមអនឡាញ និងមានជាច្រើនទៀត។ យើងស្តាប់អតិថិជនរបស់យើង វិភាគនិន្នាការទីផ្សារក្នុងស្រុកនិងអន្តរជាតិ ហើយព្យាយាមផ្តល់ជូនសេវាកម្មដែលមានភាពងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាពនៅគ្រប់ទីកន្លែង។
កាលពីឆ្នាំមុនយើងបានអភិវឌ្ឍកម្មវិធី ABA Mobile ឱ្យមានមុខងារថ្មីៗជាច្រើន និងបានចូលរួមជាមួយគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា ដែលធ្វើឱ្យការផ្ទេរប្រាក់ក្នុងស្រុកមានភាពងាយស្រួល និងបានបើកដំណើរការបណ្តាញស្វ័យសេវា ABA 24/7 និងបើកសាខាថ្មីៗជាច្រើនទៀត ដើម្បីនាំមកសេវាកម្មរបស់យើងឱ្យទៅកាន់តែជិតជាមួយប្រជាជននៅតាមបណ្តាខេត្ត។ បច្ចុប្បន្នយើងមានចំនួន ៨០ សាខានៅទូទាំងប្រទេស ដែលនៅតែមានសារៈសំខាន់សម្រាប់អតិថិជនរបស់យើង ជាពិសេសសម្រាប់ការផ្តល់ប្រាក់កម្ចី ទោះបីជាមានសេវាតាមប្រព័ន្ធឌីជីថលក៏ដោយ។ ខ្ញុំគិតថា សកម្មភាពនិងគំនិតផ្តួចផ្តើមទាំងអស់នេះ បានរួមចំណែកដល់កំណើនអតិថិជនរបស់យើងនៅក្នុងឆ្នាំនេះ។
នវានុវត្តន៍អាចជាការងារលំបាកសម្រាប់បុគ្គលិក។ តើលោកកសាងទំនុកចិត្តក្នុងចំណោមបុគ្គលិកចំនួន ៦ ០០០ នាក់ របស់លោកយ៉ាងដូចម្តេច ហើយត្រូវប្រាកដថាពួកគេអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរទាំងនេះដូចម្តេច?
អាយុជាមធ្យមរបស់បុគ្គលិក ABA គឺត្រឹមតែ ២៩ ឆ្នាំប៉ុណ្ណោះ ហើយអ្នកជំនាញវ័យក្មេងទាំងអស់នេះបើកចំហចំពោះបច្ចេកវិទ្យា និងនិន្នាការថ្មីៗ និងបានត្រៀមខ្លួនសាកល្បងវិធីសាស្ត្រថ្មីៗ ដើម្បីអភិវឌ្ឍផលិតផល និងសេវាកម្មអតិថិជន។ ជាមួយក្រុមការងារដូចពួកយើង គឺយើងនឹងនាំមកនូវលទ្ធផល និងនវានុវត្តន៍យ៉ាងច្រើនទៅដល់ទីផ្សារ។
ដោយគ្មានការសង្ស័យ ធនាគារបានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍបុគ្គលិករបស់ខ្លួន ពីព្រោះពិភពលោកនៅជុំវិញយើងកំពុងផ្លាស់ប្តូរឥតឈប់ឈរ ហិរញ្ញវត្ថុឌីជីថលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស សេដ្ឋកិច្ចកំពុងរីកចម្រើន ហើយស្តង់ដារអាជីវកម្ម និងបរិស្ថានក៏កំពុងវិវឌ្ឍទៅមុខ។
នៅទីនេះយើងពឹងផ្អែកលើកម្មវិធីអភិវឌ្ឍរបស់អង្គភាពធនធានមនុស្សរបស់យើង ដែលជួយបណ្តុះបណ្តាលបុគ្គលិកជួរមុខ និងបុគ្គលិកផ្នែកគាំទ្រ ដោយមិនខ្លាចនឿយហត់ និងសហការជាមួយភាគីពាក់ព័ន្ធ និងម្ចាស់ផលិតផល។ ការផ្តល់ប្រឹក្សានិងការណែនាំពីនាយកប្រតិបត្តិជាន់ខ្ពស់ ដល់ថ្នាក់ដឹកនាំកណ្តាល គឺជាកត្តាសំខាន់មួយទៀតដែលត្រូវលើកឡើង ពីព្រោះយើងមានក្រុមប្រតិបត្តិដែលមានបទពិសោធខ្ពស់ និងចម្រុះ។
តើ ABA បានចូលរួមចំណែកយ៉ាងដូចម្តេចក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យហិរញ្ញវត្ថុ?
នៅធនាគារ ABA យើងមានសំណាងណាស់ដោយមានក្រុមអ្នកជំនាញ ដែលរួមគ្នាកសាងធនាគារ ABA ជាមួយយើង។ បុគ្គលិករបស់យើងគឺជាទ្រព្យសម្បត្តិស្នូលរបស់ធនាគារ ABA ហើយយើងបន្តវិនិយោគឥតឈប់ឈរលើធនធានមនុស្ស ដោយបង្កើតអ្នកជំនាញផ្នែកធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែច្រើន។ ដោយហេតុនោះ យើងបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ABA កាលពី ២-៣ ឆ្នាំមុន ដែលការបណ្តុះបណ្តាលនេះត្រូវបានផ្តល់ជូនជាទៀងទាត់ដល់បុគ្គលិកទាំងអស់។ វាជួយបង្កើនសមត្ថភាពធនធានមនុស្សនៅក្នុងប្រព័ន្ធធនាគារ និងនៅក្នុងប្រទេសទាំងមូល។
ជាក់ស្ដែង រយៈពេល ៥ ឆ្នាំចុងក្រោយនេះ យើងបានធ្វើការបណ្តុះបណ្តាលសិក្ខាកាមជាង ៥ ០០០ នាក់ ខណៈចំនួនអ្នកចូលរួមសរុបមានដល់ ១៥៤ ០០០ នាក់។ លើសពីនេះទៀត យើងបញ្ជូនបុគ្គលិករបស់យើងទៅទទួលការការបណ្តុះបណ្តាលនៅខាងក្រៅ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ ការគាំទ្រពីធនាគារអាណាព្យាបាលរបស់យើង ក្នុងការអភិវឌ្ឍធនធានមនុស្សក៏បន្តផងដែរ ដែលនាំមកនូវបទដ្ឋាន និងឧត្តមានុវត្តន៍របស់ពិភពលោក។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ បុគ្គលិក ABA ត្រូវបានស្វាគមន៍យ៉ាងខ្លាំងនៅក្នុងទីផ្សារការងារ។ យើងមិនមានបុគ្គលិកចេញចូលច្រើនទេ ប៉ុន្តែនៅពេលយើងឃើញបុគ្គលិករបស់យើងអាចបន្តពង្រីកវិជ្ជាជីវៈរបស់ពួកគេ ជាមួយក្រុមហ៊ុន ស្ថាប័នផ្សេងៗ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន យើងពិតជាមានមោទនភាពចំពោះពួកគេ ក៏ដូចជាធនាគារ ABA ដែលផ្តល់ការអប់រំបណ្ដុះបណ្ដាលដល់ពួកគេ និងផ្តល់ឱ្យពួកគេនូវឱកាសថ្មី។
តើគម្រោង CSR របស់ ABA បានគាំទ្រការកសាងសហគមន៍យ៉ាងដូចម្តេច?
ខណៈយើងមានក្តីរីករាយក្នុងការប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា យើងយល់យ៉ាងច្បាស់អំពីតួនាទីសង្គមដ៏សំខាន់ដែលធនាគារមាននៅក្នុងជីវភាពរស់នៅនៃសហគមន៍មូលដ្ឋាន។ នោះហើយជាមូលហេតុ ដែលយើងហៅការរួមចំណែក គឺជាគុណតម្លៃស្នូលមួយរបស់យើង! ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសង្គម ហើយជាពិសេសគឺក្រុមងាយរងគ្រោះ ដោយនៅទីបំផុត គឺផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។
នៅក្នុងគោលនយោបាយ CSR របស់យើង យើងគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុ និងគម្រោងអប់រំ គំនិតផ្តួចផ្តើមគាំទ្រសហគ្រិនភាព និងសកម្មភាពផ្សេងទៀតដែលជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន។ យើងមានឯកសិទ្ធិគាំទ្រដល់មន្ទីរពេទ្យក្នុងស្រុក ដូចជាមន្ទីរពេទ្យកុមារអង្គរ អង្គការក្រៅរដ្ឋាភិបាល ដែលជួយកុមារក្រីក្រ ព្រឹត្តិការណ៍ជួយដល់ធុរកិច្ចថ្មីដែលកំពុងអភិវឌ្ឍអ្នកចូលរួមឌីជីថល និងមានជាច្រើនទៀត។
ធនាគារក៏ជាដៃគូយូរអង្វែងរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលយើងជួយគាំទ្រដល់អត្តពលិកជាតិ ដែលតំណាងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិ និងការប្រកួតនៅកម្ពុជា។
ពិតណាស់ យើងកែសម្រួលសកម្ម-ភាពរបស់យើង ដោយផ្អែកលើតម្រូវការជាក់ស្តែង។ នៅឆ្នាំ ២០២០ យើងបានឧបត្ថម្ភថវិកាប្រមាណ ២០ ម៉ឺនដុល្លារ ដល់អ្នកដែលរងផលប៉ះសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ និងគ្រោះធម្មជាតិ នៅផ្នែកខ្លះនៃប្រទេស។
ក្នុងឆ្នាំ ២០២១ នៅពេលស្ថានភាពកូវីដបន្ត ធនាគារ ABA បានបរិច្ចាគថវិកាចំនួន ១ លានដុល្លារបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយកាត់បន្ថយការរីករាលដាលនៃមេរោគនេះ។ ដោយហេតុនេះ យើងមានកិត្តិយសដែលបានទទួលលិខិតថ្លៃងអំណរគុនពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំកំពូល និងបុគ្គលិកទាំងអស់របស់ធនាគារ។ យើងមើលឃើញថា សកម្មភាព CSR គឺជាផ្នែកសំខាន់មួយនៃការងាររបស់យើងដែលជួយឱ្យធនាគារចូលរួមចំណែកដល់សហគមន៍ និងប្រទេសជាតិ។
ទោះយ៉ាងណា សកម្មភាព CSR ដ៏សំខាន់ គឺអាជីវកម្មរបស់យើងផ្ទាល់ ដែលយើងផ្តល់ប្រាក់កម្ចីដល់អ្នកស្នើសុំកម្ចី ដោយទទួលខុសត្រូវ យើងគ្រប់គ្រងភាគទុនិក និងប្រាក់អតិថិជនដោយតម្លាភាព ប្រយ័ត្នប្រយែង យើងអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ។ ទាំងអស់នេះធ្វើឱ្យ ABA មានទំនួលខុសត្រូវចំពោះប្រជាជន និងប្រទេសជាតិ។
ជាចុងក្រោយតើលោករំពឹងអ្វីខ្លះសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានាពេលអនាគត?
ក្រឡេកមើលទៅវឌ្ឍនភាពរបស់យើងក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ យើងឃើញពីរបៀបដែលធនាគារ ABA បានសាងភាពរីកចម្រើន ជាមួយសេដ្ឋកិច្ច និងសង្គមកម្ពុជា។ យើងមានសុទិដ្ឋិនិយមចំពោះអនាគតនៃវិស័យនេះ។ នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើ ទាក់ទងនឹងបរិយាប័ន្នហិរញ្ញវត្ថុ ខណៈប្រជាជនកម្ពុជាភាគច្រើននៅមិនទាន់មានគណនីធនាគារនៅឡើយ។
និន្នាការដែលបានបង្កើតឡើងនៅក្នុងឧស្សាហកម្មនេះ គឺការយកចិត្តទុកដាក់បន្ថែមលើការទូទាត់តាមប្រពន្ធ័ឌីជីថល និងការទូទាត់មិនប្រើសាច់ប្រាក់នឹងនៅតែបន្ត។ ការវិនិយោគបរទេស និងក្នុងស្រុកនឹងផ្តល់នូវកំណើនសេដ្ឋកិច្ចបន្ថែមទៀត។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នឹងកើនឡើងជាបន្តបន្ទាប់ ដូច្នេះនឹងបង្កើនអានុភាពទិញរបស់ប្រជាជន។
ការវិនិយោគ ការទូទាត់ ហើយហិរញ្ញប្បទានទាំងអស់នេះគួរតែត្រូវបានដំណើរការដោយវិស័យធនាគារដែលបានកំណត់យ៉ាងល្អសម្រាប់កំណើនថ្មីនេះ។
យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេស ហើយសម្លឹងឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយម។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនរបស់យើងទាំងអស់ ដែលបានទុកចិត្តនិងជឿជាក់មកលើធនាគារ ABA មិនថា ពួកគេជាអតិថិជនថ្មី ឬជាអ្នកដែលបានប្រើសេវាកម្មធនាគារជាមួយយើងអស់រយៈពេល ២៥ ឆ្នាំមកនេះ។ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអភិវឌ្ឍរយៈពេល ២៥ ឆ្នាំទៅមុខទៀត ហើយសូមស្វាគមន៍រាល់ការចូលរួមជាមួយយើងនៅក្នុងដំណើរដ៏គួរឱ្យរីករាយនេះ៕

សូមអរគុណ!