ការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យអតិថិជនពេញចិត្ត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃភាពជោគជ័យរបស់ធនាគារកាណាឌីយ៉ា ដែលត្រូវបានគាំទ្រដោយផលិតផលប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ ធនាគារ កាណាឌីយ៉ា បានបម្រើអតិថិជនជិតកន្លះលាននាក់ សូម្បីតែនៅតំបន់ដាច់ស្រយាលនៃព្រះរាជាណាចក្រកម្ពុជា!
ភាពពេញចិត្ត និងការគាំទ្រពីសំណាក់អតិថិជន គឺជាកត្តាដ៏សំខាន់មួយនៃភាពជោគជ័យរបស់ធនាគារ កាណាឌីយ៉ា។ នៅធនាគារ កាណាឌីយ៉ា បុគ្គលិកយើងខ្ញុំអាចធ្វើការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់ខ្លួនជា៣ភាសា ក្នុងនោះភាសាខ្មែរ និងភាសាអង់គ្លេស ជាភាសាប្រើប្រាស់ទូទៅ នៅតាមធនាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ធនាគារកាណាឌីយ៉ា មានបុគ្គលិកជាច្រើន ដែលមានជំនាញអាចទំនាក់ទំនងជាមួយអតិថិជនជាភាសាចិនបានបន្ថែមទៀត ដែលធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងបុគ្គលិក និងអតិថិជនលែងជាឧបសគ្គ និងរលូននៅតាមបណ្តាសាខានីមួយៗ។
ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជដំបូងគេមួយ ដែលចាប់ផ្តើមធ្វើទំនើបកម្មសេវាកម្មតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានដូចជា សេវាកម្មធនាគារស្វ័យប្រវត្តិ 24/7 តាមរយៈម៉ាស៊ីនដាក់-ដកប្រាក់ (ATM/CRM) សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណិត សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក e-commerce payment gateway សេវាកម្មធនាគារចល័ត តាមទូរស័ព្ទដៃ និងការទូទាត់តាម QR កូដ។
នៅក្នុងឆ្នាំ ២០២១ នេះផងដែរ ធនាគារ កាណាឌីយ៉ា បានបន្ថែមម៉ាស៊ីនដាក់-ដកប្រាក់ (ATM/CRM) ចំនួន ១១០ គ្រឿងថ្មីបន្ថែម និងពង្រីកបណ្តាញសាខាចំនួន ១ បន្ថែមទៀត ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកង ធ្វើឱ្យបណ្តាញសាខាធនាគារកើនឡើងដល់ចំនួន ៦៣ សាខា និងម៉ាស៊ីនដាក់-ដកប្រាក់ (ATM/CRM) មានរហូតដល់ ៣២៨ គ្រឿង នៅតាមតំបន់សក្តានុពលនៃរាជធានី-ក្រុង និងខេត្តទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល យើងខ្ញុំបានបន្តខិតខំអភិវឌ្ឍឥតឈប់ឈរលើសេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ និងពង្រីកសេវាកម្មធនាគារស្វ័យប្រវត្តិ 24/7 របស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
ការបន្តអភិវឌ្ឍប្រតិបត្តិការរបស់ខ្លួន ឱ្យបានកាន់តែប្រសើរឡើងឥតឈប់ឈរ គឺធ្វើឡើងតាមរយៈវប្បធម៌នៃការបំពេញការងារជាក្រុម និងការទទួលយកនូវមតិយោបល់ចូលរួមរបស់បុគ្គលិកទាំងអស់។ ជាសក្ខីកម្មធនាគារបានទទួលពានរង្វាន់ «Best Company to work for in Asia 2020» ដែលផ្តល់ជូនដោយស្ថាប័ន HR Asia ដែលជាកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីក្លាយជាដៃគូដ៏ល្អបំផុតរបស់និយោជិក។
ការបោះជំហានរបស់យើងនៅក្នុងសេវាកម្មធនាគារសម្រាប់សហគ្រាសខ្នាតតូច មធ្យម និងសេវាកម្មហិរញ្ញវត្ថុសម្រាប់បុគ្គល ធ្វើឱ្យយើងសម្រចបាននូវលទ្ធផលជាច្រើន ជាពិសេសយើងឃើញថា ស្ទើរតែ ៩៥% នៃចំនួនអតិថិជនសរុបរបស់ធនាគារ ជាប្រភេទសហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់បុគ្គល។ ស្របពេលនេះដែរ កម្ចីអាជីវកម្មសហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំក្នុងស្រុក មានប្រមាណ ៦០% នៃកម្ចីអាជីវកម្មសរុប ដែលមាននៅក្នុងវិស័យកសិកម្ម ផលិតកម្ម សេវាកម្ម និងវិស័យផ្សេងៗទៀត។
ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យរយៈពេលវែង របស់ស្ថាបនិកធនាគារកាណាឌីយ៉ា និងជាប្រធានក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា ប្តេជ្ញាបន្តដំណើរការប្រតិបត្តិការរបស់ខ្លួនទោះបីជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។
ជាក់ស្តែងនៅក្នុងអំឡុងឆ្នាំ ១៩៩៧ រាជធានីភ្នំពេញជួបបញ្ហាអស្ថិរភាពសង្គម ធនាគារទាំងអស់បានផ្អាកប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែធនាគារកាណាឌីយ៉ា នៅតែបើកដំណើរការប្រតិបត្តិការជូនអតិថិជន ដើម្បីសម្រួលដល់តម្រូវការដកប្រាក់ និងបើកប្រាក់ពីមូលប្បទានបត្រ ដែលចេញដោយធនាគារផ្សេងរបស់អតិថិជន និងតម្រូវការថវិកា ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌ ហើយហេតុការណ៍នេះ បានកើតឡើងម្តងទៀត នៅក្នុងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៣ និង ២០០៨។
ដោយឡែក នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ និង ២០២១ ធនាគារនៅតែរក្សាភាពរឹងមាំរបស់ខ្លួននៅក្នុងរលកទី១។ ទោះបីជាមានការបិទខ្ទប់រាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងរលកទី៣ ធនាគារ កាណាឌីយ៉ា បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងនីតិវិធីគ្រប់គ្រងហានិភ័យ និងបានបើកដំណើរការប្រតិបត្តិការអាជីវកម្មរបស់ខ្លួន តាមសាខាមួយចំនួនធំ និងមានសេវាកម្មធនាគារឌីជីថល 24/7 ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រប់មជ្ឈដ្ឋាន នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ។
ធនាគារកាណាឌីយ៉ា ប្រតិបត្តិអាជីវកម្មរបស់ខ្លួនដោយមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងបន្តចូលរួមចំណែកជាប្រចាំក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈសកម្មភាពជាច្រើនរបស់ខ្លួន។
ការចូលរួមចំណែកទាំងនេះ រួមមានការគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសខ្នាតតូច និងមធ្យម ការចូលរួមគាំទ្រឧបត្ថម្ភដល់សមាគមសហគ្រិនស្ត្រីកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាដើម។
ម្យ៉ាងវិញទៀត ធនាគារ កាណាឌីយ៉ា គឺជាដៃគូសហការឈានមុខគេ ក្នុងការគាំទ្រនូវគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ជាមួយនឹងគម្រោងហិរញ្ញប្បទានសហគ្រាសខ្នាតតូច និងមធ្យមវគ្គ ១ ក្នុងឆ្នាំ ២០២០ ក៏ដូចជាគម្រោងធានាឥណទានអាជីវកម្ម BRGS របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ហើយបច្ចុប្បន្ននេះ ធនាគារយីងខ្ញុំបានជាប់ចំណាត់ថ្នាក់ជាដៃគូសហការលេខ ១ នៅក្នុងគម្រោង BRGS ដែលជាគម្រោងធានាឥណទានមួយ ដើរតួនាទីជំនួសឱ្យទ្រព្យដាក់ធានារបស់អតិថិជនបានរហូតដល់ ៧០% ទៅ ៨០% នៃឥណទានសរុបដែលបានផ្តល់។ ការចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងធានាឥណទានអាជីវកម្ម BRGS គឺដើម្បីធ្វើឱ្យលទ្ធភាពទទួលបានឥណទាន របស់សហគ្រាសខ្នាតតូច និងមធ្យម និងខ្នាតធំ បានកាន់តែប្រសើរឡីង៕