​តាមរយៈ​ការ​ផ្តល់នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប ធនាគារ កាណាឌីយ៉ា នៅតែ​បន្ត​គ្របដណ្តប់​លើ​វិស័យ​ធនាគារ​ក្នុងស្រុក​ដ៏​រឹងមាំ ដែលជា​សញ្ញា​មួយ​បញ្ជាក់ថា​ ធនាគារបាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ដំណើរ​ដ៏​វែងឆ្ងាយ​នៅក្នុង​អាជីវកម្ម​ហិ​​រញ្ញ​វត្ថុ ដែល​កំពុងមាន​ការប្រកួត​ប្រជែង​!

​ធនាគារ កាណាឌីយ៉ា ប្រារព្ធ​ខួប​លើក​ទី​៣០ ​ឆ្នាំ​របស់ខ្លួន ដោយ​រក្សា​នូវ​ភាព​ខ្លាំង​របស់ខ្លួន​ក្នុងនាម​ជា​ធនាគារ​ដ៏​រឹងមាំ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ផ្នែក​តារាង​តុល្យការ​រយៈពេល​ ៣​ ឆ្នាំ​ជាប់ៗ​គ្នា ជាមួយនឹង​ទ្រព្យសកម្ម​សរុប​បាន​កើន​ឡើងដល់ ៧,៣​ប៊ី​ ​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ថ្ងៃទី ​៣០ ខែ កញ្ញា ឆ្នាំ ​២០២១​។

​ក្នុងចំណោម​ធនាគារពាណិជ្ជ​ដំបូងបង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ កាណាឌីយ៉ា នៅតែ​បន្ត​ភាពរឹងមាំ​នៅក្នុង​វិស័យ​ធនាគារ​ក្នុងស្រុក ដែលមាន​ធនាគារពាណិជ្ជ​ចំនួន​ ៥៦ កំពុង​ប្រកួត​ប្រជែង​នៅលើ​ទីផ្សារ​ដែលមាន​ប្រជាជន​ប្រមាណ​ជាង​ ១៦ ​លាន​នាក់​។

​ធនាគារ កាណាឌីយ៉ា បម្រើ​អតិថិ​​ជន​ជិត​កន្លះ​លាន​នាក់ ដែល​ស្មើនឹង ១៨,១% នៃ​ប្រាក់​បញ្ញើ​សរុប​របស់​អតិថិជន​ដែលមាន​នៅតាម​បណ្តា​ធនាគារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការនាំ​មុខ​នៃ​ចំនួន​ប្រាក់​បញ្ញើ​របស់​អតិថិជន មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​​ជឿទុកចិត្ត​របស់​អតិថិជន​ចំពោះ​ធនាគារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​ធនា​គារ ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ និង​ហានិភ័យ​ប្រតិបត្តិ​ការប្រកប​ដោយ​ភាពជោគជ័យ​ផងដែរ​។

​ប្រាក់ចំណូល​សរុប​រប​ស់​ធនាគារ​សម្រាប់​រយៈ​ពេល ​៩ ​ខែ នៃ​ឆ្នាំ ​២០២១ បន្ត​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ សមាមាត្រ​នៃ​ការចំណាយ​លើ​ប្រាក់ចំណូល​មាន​ចំនួន​ ២៨% ក្នុងនោះ​ធនាគារ​ក៏បាន​ចូលរួមចំណែក​បរិច្ចាគ​យ៉ាងច្រើន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ ​១៩ ដែល​ក្នុងន័យនេះ ឆ្លុះបញ្ចាំង​ឱ្យឃើញថា ធនាគារ កាណាឌីយ៉ា ជា​ធនាគារ​ក្នុងស្រុក​ដែលមាន​ការចូលរួម​ទទួល​​ខុសត្រូវ​ខ្ពស់ ដើម្បី​សុខុមាលភាព​សង្គម និង​ប្រទេសជាតិ​។ ភាពរឹងមាំ​នៃ​អាជីវកម្ម​ដ៏​សម្បូ​បែប​របស់ខ្លួន​បានធ្វើឱ្យ​ធនាគារ​ទទួលបាន​ប្រាក់​ចំណេញ​សុទ្ធ​មុន​បង់ពន្ធ​ចំនួន ​១១៤ ​លាន​ដុល្លារ​អាមេរិក​។

​ទោះបី​មានការ​ប្រកួតប្រជែង​ខ្លាំង​ក៏ដោយ ទ្រព្យសកម្ម​របស់​ធនា​គារ​នៅតែ​បន្ត​កើនឡើង​ខ្លាំង​ពី ​១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​។ ឥណទាន​សរុប​បាន​កើនឡើង​ ៥% ពោលគឺ​កើន​ដល់ ៤,៧ ​ប៊ី​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ ១៣,២% នៃ​ចំណែក​ទីផ្សារ​។ ភាពរឹងមាំ​របស់ ធនាគារ កាណាឌីយ៉ា ត្រូវបាន​ឆ្លុះ​​បញ្ចាំង​តាមរយៈ​ការគ្រប់គ្រង និង​តាម​​ដាន​យ៉ាង​ហ្មត់ចត់​លើ​ការទូទាត់​សងបំណុល ស្របតាម​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​​រៀបចំ​ឥណទាន​ឡើងវិញ​ ដើម្បី​ជួយ​បន្ថយ​បន្ទុក​របស់​អ្នក​ខ្ចី​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩។​

​ប្រាក់​បញ្ញើ​សរុប​បាន​កើនឡើង​ដល់ ៥,៨០ ​ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​ធនាគារ កាណាឌីយ៉ា ក្លាយជា​ធនាគារ​ដែល​ទ​ទួលបាន​ប្រាក់​បញ្ញើ​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​។ លើសពីនេះ ដើមទុន និង​សន្ទនីយ​ភាព​របស់​យើង​នៅ​រក្សា​ភាពរឹងមាំ​។ អនុ​បាត​ដើមទុន​គ្រប់​គ្រាន់​ថ្នាក់​ទី​១ (Capital Adequacy Ratio Tier 1) មាន​ចំនួន ១៦,២% ដែល​ខ្ពស់ជាង​តម្រូវការ​របស់​គណៈ​កម្ម​ការ Basel ហើយ​អនុ​បាត​សាធន​ភាព​ដ៏​រឹងមាំ​របស់​យើង​មាន​ចំនួន ​១៩,២%​។ ជាមួយនឹង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​របស់ខ្លួន ធនាគារ កាណាឌីយ៉ា ជឿជាក់ថា ធនាគារ​នៅតែ​បន្ត​ផ្តល់នូវ​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​ប្រកប​ដោយ​និរន្តរភាពទាំង​ពេលបច្ចុប្បន្ន និង​អនាគត​៕