បទ​សម្ភាស​ពិសេស​ជាមួយ​លោក​អគ្គនាយក​ធនាគារ កាណាឌីយ៉ា លោក Raymond Sia ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​៣០​ ឆ្នាំ របស់​ធនាគារ កាណាឌីយ៉ា​!

តើ​លោក​វាយតម្លៃ​ដំណើរ​ដ៏​វែងឆ្ងាយ​នៅក្នុង​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​យ៉ាងដូចម្តេច ខណៈ​ធនាគារ កាណាឌីយ៉ា ប្រារព្ធ​ខួប​លើក​ទី​៣០ ​ឆ្នាំរបស់ខ្លួន​?

​ជា​មោទនភាព​ខ្លាំងណាស់ នៅពេលដែល​យើង​រំឭក​អំពី​ប្រវត្តិ​របស់​ធនាគារ កាណាឌីយ៉ា​។ រាប់​ចាប់ពី​ការ​​ចាប់ផ្តើម​ដ៏​តូច​នៅក្នុង​ឆ្នាំ ​១៩៩១ យើង​បានធ្វើ​ដំណើរ​លើផ្លូវ​ដ៏​វែងឆ្ងាយ​។

​ខ្ញុំ​បាន​ចូល​បម្រើ​ការងារ​ជាមួយ​ធនា​​គារ កាណាឌីយ៉ា ក្នុង​ខែមីនា ឆ្នាំ​ ២០១៨ ហើយ​វា​ជា​ដំណើរ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ដែល​បានធ្វើការ​ជាមួយ​សហការី​របស់ខ្ញុំ​ចំនួន ៣ ៣០០ នាក់ ទាំង​នៅ​ការិយាល័យ​កណ្តាល និង​នៅតាម​បណ្តា​សាខា​ទាំង ​៦៣ ទូទាំងប្រទេស​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​ពិត​ជាមាន​ក្តី​សោមនស្ស​រីករាយ និង​មាន​កិត្តិយស​ដែល​យើង​ត្រូវបាន​ទទួលស្គាល់ នៅក្នុង​វេទិកា​ធនាគារ​ទាំង​ក្នុង​តំបន់ និង​សកល​​លោក នូវ​ស្នាដៃ​ការងារ​ដ៏​ល្អប្រសើរ​ដែល​សហការីរ​បស់​យើង​បាន​បំពេញ ដូចជា​ការទទួលស្គាល់​របស់​ស្ថាប័ន Asian Banker ចំពោះ​ធនាគារ កាណាឌីយ៉ា ជា​ធនាគារ​ខ្លាំងជាងគេ​ក្នុងប្រទេស​កម្ពុជា ​ផ្នែក​តារាង​តុល្យការ «Strongest Bank in Cambodia by Balance Sheet Strength» រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា (២០១៩-២០២១) និង​ទទួល​ពានរង្វាន់​ជា​ធនាគារ​ឆ្នើម​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល ​«Best Retail Bank in Cambodia» រយៈពេល​ ២ ​ឆ្នាំ​ជាប់ៗ​គ្នា (២០២០-២០២១)​។

​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ និង​អតិថិជន​របស់​យើង ចំពោះ​ការជឿទុកចិត្ត និង​ការបន្ត​គាំទ្រ មកលើ​ធនាគារ កា​ណា​​ឌី​យ៉ា ហើយក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​សហការី និង​បុគ្គលិក​ទាំងអស់ ដែល​បាន​ប្តេជ្ញាចិត្ត និង​យកចិត្ត​​ទុកដាក់ ដើម្បី​ផ្តល់​សេវា​ធនាគារ​ល្អ​បំផុត​ជូន​អតិថិជន និង​សហគមន៍​របស់​យើង ហើយ​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​​គុណ​ផងដែរ​ចំពោះ​ប្រធាន​ក្រុម​​ប្រឹក្សា​ភិ​បាល អ្នកឧកញ៉ា​បណ្ឌិត ​ពុង ឃាវ​សែ និង​ក្រុមប្រឹក្សាភិបាល​របស់​យើង​ក្នុង​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​។

​តើ​ធនាគារ​ទទួលបាន​ជោគ​​ជ័យ​យ៉ាងដូចម្តេច ​នៅក្នុង​ការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​?

​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ គឺជា​របៀបវារៈ​​ដ៏​សំខាន់​សម្រាប់​ធនាគារ កាណាឌីយ៉ា​។ យើង​ចង់​ធានាឱ្យមាន​លទ្ធភាព​ទទួល​​បាន​សេវា​ផ្នែក​ហិរញ្ញវត្ថុ​ស្មើៗ​គ្នា ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ដោយសារ​វិស័យ​ធនាគារ​ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច ដូច្នេះ​វា​ចាំបាច់​ណាស់ ដើម្បីឱ្យ​មានលទ្ធភាព​ទ​ទួលបាន​ហិ​រ​​ញ្ញ​ប្ប​ទាន​ទៅដល់​សេដ្ឋកិច្ច​ក្នុងស្រុក និង​អ្នកប្រើប្រាស់ និង​ពាណិជ្ជករ ដែល​ត្រូវការ​ហិរញ្ញប្បទាន​។​

​ផ្នែក​នៃ​អាជីវកម្ម​ដ៏​សំខាន់​មួយ​គឺ​សហគ្រាស​ធុន​តូច និង​មធ្យម (SME)​។ នៅក្នុង​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​ដូច​នៅ ប្រទេស​កម្ពុជា សហគ្រាស​ធុន​តូច​និង​មធ្យម ដើរតួនាទី​យ៉ាងសំខាន់​ចំពោះ​ការរីកចម្រើន​របស់​ប្រទេសជាតិ​។ ដោយ​មើលឃើញ​ដូច្នេះ ទើប​ធនាគារ​បានសម្រេច​បង្កើន​ការផ្តល់ប្រាក់​កម្ចី​របស់​យើង​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​កាលពី​៣​ឆ្នាំមុន ជាមួយនឹង​ការចាប់ផ្តើម​កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ​១៥០ ​លាន​ដុល្លារ​អាមេរិក នៅក្នុង​ខែសីហា ឆ្នាំ ​២០១៨​។

​ធនាគារ កាណាឌីយ៉ា គឺជា​ធនាគារ​មួយ​ដំបូង​គេ ក្នុងចំណោម​ធនាគារតិចតួច​នៅ​កម្ពុជា ដែល​បានចាប់ផ្តើម​កញ្ចប់​ហិរញ្ញប្បទាន​នេះ​។ ដោយសារ​ការ​មាន​តម្រូវការ​ទីផ្សារ​ខ្លាំង យើង​បាន​បង្កើន​ទំហំ​កញ្ចប់​ហិរញ្ញវត្ថុ​នេះ​ជា​ច្រើនដង​នៅក្នុង​រយៈពេល​ ២​ ឆ្នាំ​ចុង​​ក្រោយនេះ ហើយ​បច្ចុប្បន្ន​កើន​ដល់​ចំនួន ៤០០ ​លាន​ដុល្លា​អាមេរិក​។ នៅក្នុង​ខែកក្កដា ឆ្នាំ​ ២០១៩ យើង​បាន​បែងចែក​ផ្នែក​មួយ​នៃ​កញ្ចប់​ហិរញ្ញវត្ថុ​នេះ​ជាពិសេស ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី និង​បាន​សម្ពោធ​កញ្ចប់​ហិរញ្ញវត្ថុ​សហគ្រិន​ស្ត្រី​វៃឆ្លាត (SME Smart Lady Financing Package) របស់​យើង​។​

​ក្រៅពី​យុទ្ធនាការ​ចម្បង​របស់​យើង ធនាគារ កាណាឌីយ៉ា ក៏​គាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្តល់​ហិរញ្ញប្បទាន​ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកផ្តល់​ប្រាក់កម្ចី​ធំជាងគេ​រហូតដល់​ពេល​បច្ចុប្បន្ន​នៅក្នុង​គម្រោង​ធានា​ឥណ​​ទាន ​ដើម្បី​ស្តារ​អាជីវកម្ម របស់​សាជី​វ​កម្ម​ធានា​ឥណទាន​ (CGCC) ផងដែរ​។

​យើង​ក៏​ជា​អ្នកផ្តល់​ប្រាក់កម្ចី​ដ៏​សកម្ម​មួយ​ចំពោះ​គម្រោង​សហ​ហិរញ្ញប្បទាន​ដែល​ផ្តួចផ្តើម​ដោយ ធនាគារ សហ​​គ្រាស​ធុន​តូច និង​មធ្យមកម្ពុជា ដោយ​ធនាគារ កាណាឌីយ៉ា គឺជា​អ្នកផ្តល់​ប្រាក់កម្ចី​ធំជាងគេ​ក្រោម​គម្រោង​នេះ​សម្រាប់​ជំហាន​ដំបូង បើ​គិត​តាម​ទំហំ​ប្រាក់កម្ចី​។ ក្រៅពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ វា​ក៏មាន​សារៈសំខាន់​ផងដែរ​ក្នុងការ​ធានា​ឱ្យបាន​នូវ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ ឬ​ចំណេះដឹង​ហិរញ្ញវត្ថុ សម្រាប់​អតិថិជន​របស់​យើង​។ យើង​ជឿជាក់​លើ​សេវា​ធនាគារ​ដែលមាន​កា​រ​ទទួលខុសត្រូវ ដែល​ធានាថា​ យើង​ផ្តល់នូវ​ដំណោះស្រាយ​ធនាគារ​ដ៏​ល្អប្រសើរ​ដល់​អតិថិជន​របស់​យើង ដោយ​ផ្អែកលើ​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​

​មិនមែន​ទំហំ​តែមួយ អាច​តម្រូវ​បាន​ចំពោះ​គ្រប់​អតិថិជន​នោះទេ អតិថិជន​គ្រប់រូប​តែងមាន​លក្ខខណ្ឌ និង​តម្រូវ​ការខុស​គ្នា​។ ជាមួយនឹង​ផលិតផល​សម្បូរបែប និង​ច្នៃប្រឌិត​ថ្មីៗ​របស់​ធនាគារ កាណាឌីយ៉ា យើង​ជឿជាក់ថា ធនាគារ​នឹង​ក្លាយជា «ផ្សារ​ទំនើប​ផ្នែក​ហិរញ្ញវត្ថុ​» សម្រាប់​អតិថិជន និង​ប្រជាជន​កម្ពុជា​ទាំងអស់​។

ថ្នាក់ដឹកនាំរបស់ធនាគារ កាណាឌីយ៉ា។ Supplied

​តើ​អ្វី​ជា​យុទ្ធសាស្ត្រ​នៃ​ការ​​ផ្តល់ប្រាក់​កម្ចី​របស់លោកកំណើន​អាជីវកម្ម ឬ​ផលប​ត្រ​បុគ្គល​?

​នៅ​ធនាគារ កាណាឌីយ៉ា ផ្តោតលើ​សេវាកម្ម​ឥណទាន​លើ ៣ ​ផ្នែក​សំខាន់ៗ គឺ​ឥណទាន​អ្នកប្រើប្រាស់​ (Consumer) ឥណទាន​សហគ្រាស​ធុន​តូច និង​មធ្យម (SME) និង​ឥណទាន​សាជីវកម្ម (Corporate)​។ ផ្នែក​ទាំង​៣​នេះ​ គឺជា​មូលដ្ឋាន​នៃ​ការរីកចម្រើន​របស់​ធ​នាគារ ដែល​អតិថិជន​នៃ​ផ្នែក​នីមួយៗ​មាន​តម្រូវ​ការខុសៗ​គ្នា​។ យើង​ចង់​បន្ត​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិ​​ថិ​ជន​របស់​យើង​នៅក្នុង​ផ្នែក​សំខាន់ៗ​ទាំង​ ៣​ នេះ ហើយ​យើង​នឹង​បន្ត​លះបង់​ពេលវេលា​ក្នុងការ​ច្នៃប្រឌិត​ផលិតផល និង​សេវាកម្ម​របស់​យើង ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង​។

តើ​អ្វី​ជាការ​រំពឹងទុក​របស់​លោក​សម្រាប់​ឆ្នាំ​ ២០២២ ខណៈ​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ ​១៩ នៅតែមាន​?

​យើង​មាន​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្នប្រយែង​សម្រាប់​ឆ្នាំ​ ២០២២​។ ទោះបី​ជំងឺ​កូ​វីដ ​១៩ នៅតែមាន​ជុំវិញ​យើង​ក៏ដោយ យើង​ជឿជាក់ថា​ «​រឿង​អាក្រក់​នឹងត្រូវ​បញ្ចប់​»​។ នៅ​កម្ពុជា​ចាត់ទុកថា​ខ្លួន​យើង​មានសំណាង ដោយសា​តែ​ចក្ខុវិស័យ និង​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​​ចាក់​វ៉ាក់សាំង ដែល​បានចាប់ផ្តើម​យ៉ាង​លឿន​ជាង​ប្រទេស​ដទៃទៀត​។​

​ការចាក់​វ៉ាក់សាំង​បាន​ឆាប់រហ័ស អាចជួយ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​បាន​មួយកម្រិត​ធំ​។ ចំណាត់​​ការជាក់ស្តែង​ដែល​ដាក់ចេញ​ដោយ​ធនាគារជាតិនៃ​កម្ពុជា​នៅ​ដើមឆ្នាំ ​២០២០ តាមរយៈ​ការអនុញ្ញាតឱ្យ​ធនាគារ​រៀបចំ​ឥណទាន​ឡើងវិញ សម្រាប់​អតិថិជន​ដែល​រង​ផល​ប៉ះ​​ពាល់​ដោយ​ជំងឺ​កូ​វីដ ​១៩ បាន​ចូលរួមចំណែក​ជួយ​បន្ថយ​បន្ទុក​អ្នក​ខ្ចី​ជា​ច្រើន​ក្នុង​គ្រា​លំបាក​នេះ​។

​តើ​កត្តា​អ្វីខ្លះ​ដែល​នឹង​ជំរុញ​កំណើន​ធនាគារ​របស់លោក​នៅ​ឆ្នាំក្រោយ​?

​ការរីកចម្រើន និង​ភាពជោគជ័យ​របស់​យើង​ត្រូវបាន​កំណត់ដោយ​កត្តា​សំខាន់ៗ​មួយចំនួន ក្នុងនោះ​រួមមាន​៖

១. បុគ្គលិក ការអភិវឌ្ឍ និង​ការបណ្តុះបណ្តាល​បុគ្គលិក​របស់​យើង ដែល​រួមមាន​ការបណ្តុះបណ្តាល​ឡើងវិញ និង​បង្ហាញ​ពួកគេ​នូវ​បច្ចេក​វិទ្យា​ថ្មីៗ បាន​ជួយ​ពួកគេ​ឱ្យមាន​ជំនាញ​ថ្មីៗ រួម​ជាមួយនឹង​ការជួល​អ្នក​ដែលមាន​ទេពកោសល្យ​ពី​ខាងក្រៅ ដើម្បី​បំពេញបន្ថែម និង​ពង្រឹងកម្លាំង​ក្រុមការងារ​បច្ចុប្បន្ន​រប​ស់​យើង​។ នៅ​ធនាគារ កាណាឌីយ៉ា យើង​ពិតជាមាន​មោទនភាព ដែលមាន​ធនធាន​​មនុស្ស​ចំនួន ៣ ៣០០ ​នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ប្តេជ្ញាចិត្ត និង​បានរួម​ចំណែក​ដល់​ភាពជោគជ័យ​របស់​យើង​។​

២. ដំណើរការ​ប្រព័ន្ធ​ឌីជីថល យើង​នឹង​បន្ត​វិនិយោគ​លើ​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ និង​សមស្រប ដើម្បី​ធ្វើឱ្យ​ធនាគារ​អាចធ្វើ​ស្វ័យប្រវត្តិកម្ម​បច្ចេកវិទ្យា​ឌីជីថល​របស់ខ្លួន ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បទពិសោធ​និង​សេវាកម្ម​អតិថិជន​របស់​យើង​។​

៣. ការច្នៃប្រឌិត​ផលិតផល​ ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ថ្មីៗ ដែល​ទាក់ទង​ទៅនឹង​តម្រូវការ​​របស់​អតិថិជន​ គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយទៀត​នៃ​កំណើន​នៅ​ឆ្នាំ ​២០២២​។

តើ​លោក​មើលឃើញថា​វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក នឹង​វិ​វ​ឌ្ឍ​នៅក្នុង​ទិសដៅ​ណា​នៅ​ឆ្នាំក្រោយ​?

​យើង​រំពឹងថា​ ការប្រកួតប្រជែង​នឹង​កើនឡើង​។ យើង​ក៏​រំពឹង​ផងដែរ​ថា ​ធនាគារ​ផ្សេងៗ​នឹង​បង្កើន​កា​រវិ​និ​​យោគ​លើ​គំនិត​ផ្តួចផ្តើម​ផ្នែក​បច្ចេក​​វិទ្យា និង​ឌីជីថល ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព និង​បម្រើ​ដល់​អតិថិជន​របស់​​ពួកគេ​។

​អត្រា​ចំណេញ​ត្រូវបាន​រំពឹងថា ​នឹង​ធ្លាក់ចុះ​បន្ថែមទៀត​ដោយសារ​សម្ទុះ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ ក្នុងន័យនេះ ធនាគារ កាណាឌីយ៉ា​ នឹង​បន្ត​យក​​ចិត្ត​ទុកដាក់​លើ​រចនាសម្ព័ន្ធ​កំណត់​ថ្លៃ​របស់​ធនាគារ​ផ្សេងៗ​។ ទោះបី​ការ​ប្រកួតប្រជែង​កើនឡើង​ក្តី ក៏​យើង​មើលឃើញ​សក្តានុពល និង​ឱកាស​នៃ​ការច្របាច់បញ្ចូលគ្នា ក៏ដូចជា​ការទិញ​យក​ចំណែក​ភាគហ៊ុន​រវាង​ធនាគារ ដោយសារ វិស័យ​ធនាគារ​នៅមាន​ភាព​ទាក់ទាញ ក្រោម​ការ​​គ្រប់គ្រង​ប្រកបដោយ​សមត្ថភាព​​របស់​ធនាគារជាតិនៃ​កម្ពុជា​។​

​តើ​លោក​មាន​សារ​អ្វី​សម្រាប់​អតិថិជន​របស់​ធនាគា​រ ​កាណាឌីយ៉ា ក៏ដូចជា​អតិថិជន​ដទៃទៀត​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែរ ឬទេ​?

​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ទាំងអស់​សម្រាប់​ការជឿ​​ទុកចិត្ត និង​បន្ត​គាំទ្រ​មកលើ​ធនាគារ កាណាឌីយ៉ា​។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ​ធនាគារ កាណាឌីយ៉ា នឹង​បន្ត​រីក​ចម្រើន​កាន់តែ​រឹងមាំ​ជាច្រើន​ឆ្នាំ​ទៅមុខទៀត​។ ក្នុងចំណោម​ធនាគារ​ក្នុងស្រុក​ដ៏​ចំណាស់ និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា យើង​តែងតែ​នៅ​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​ជឿជាក់ថា ធនាគារ កាណាឌីយ៉ា នៅមាន​អ្វីៗ​ដែល​ល្អ​បំផុត​ជាច្រើន​ទៀត​ ដើម្បី​ផ្តល់ជូន​អតិថិជន​៕