​បទ​សម្ភាស​ពិសេស​ជាមួយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ កាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវ​សែ ខណៈ​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នេះ​ប្រារព្ធ​ខួប​លើក​ទី​៣០ ​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​!

តើ​អ្នកឧកញ៉ា​បានចាប់ផ្តើម​ធនាគារ​កាណាឌីយ៉ា​ កាលពី ​៣០ ​ឆ្នាំមុន​ដោយ​របៀប​ណា​?

​ធនាគារ កាណាឌីយ៉ា ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ១១ ខែ វិច្ឆិកា ឆ្នាំ ​១៩៩១ ដែលមាន​ឈ្មោះថា Canadia Gold & Trust Corporation Limited នៅក្រោម​ការបណ្តាក់ទុន​រួមគ្នា​ជាមួយ​ប្រជាជន​កម្ពុជា​នៅក្រៅ​ប្រទេស និង​ធនាគារជាតិ​នៃ​កម្ពុជា​។ សកម្មភាព​អាជីវកម្ម​សំខាន់ៗ គឺ​ផ្អែកលើ​ប្រតិបត្តិ​ការជួញដូរ​មាស និង​​ការផលិត​មាសសន្លឹក​។

​នៅ​ថ្ងៃទី ​១៩ ខែ មេសា ឆ្នាំ ​១៩៩៣ ស្ថាប័ន​មួយ​នេះ​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​ «​ធនាគារ កាណាឌីយ៉ា អិ​ល​ធី​ឌី​» ហើយ​ក្រោយមក​ប្តូរ​ទៅជា ​«​ធនាគារ កាណាឌីយ៉ា ភីអិលស៊ី​»​។ នៅ​ថ្ងៃទី ​១៦ ខែ ធ្នូ ឆ្នាំ​ ២០០៣ បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម និង​ធនាគារជាតិ​នៃ​កម្ពុជា​។​

​ចាប់តាំងពី​ពេលនោះ​មក ធនាគារ កាណាឌីយ៉ា បាន​ប្ដេជ្ញាចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា​គ្រប់រូប ដើម្បី​ក្លាយជា​ធនាគារ​របស់​ប្រជាជន​។ ធនាគារ​បាន​រក្សា​ការសន្យា​របស់ខ្លួន ជា​ពិសេស​ក្នុងអំឡុងពេល​មាន​ភាពវឹកវរ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ ​១៩៩៧​។ ខណៈដែល​ធនាគារ​ភាគច្រើន​បាន​បិទទ្វារ​ក្នុងអំឡុងពេល​មាន​ភាពវឹកវរ​រយៈពេល ​២ ​ថ្ងៃនោះ ធនាគារ កា​ណា​​ឌី​យ៉ា ​នៅតែ​បើក​ដំណើរការ មិន​ត្រឹមតែ​សម្រាប់​អតិថិជន​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់​អតិថិជន​ដែល​មិនមែនជា​អតិថិជន​របស់​ធនាគា​រ​កាណាឌីយ៉ា​ថែមទៀត​ផង ដើម្បី​ដក​ប្រាក់​ពី​មូល​ប្ប​ទា​នប​ត្រ​របស់​ពួកគេ ដោះស្រាយ​ការទូទាត់​ប្រាក់បៀវត្សរ៍​ដល់ក​ម្មក​រ​រោងចក្រ​កាត់ដេរ​ចំនួន ​២ ក៏ដូចជា​បាន​ជួយ​ស្ថានទូត​មួយ​ឱ្យ​ដក​ប្រាក់​តាមរយៈមូល​ប្ប​ទា​នប​ត្រ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ឱ្យ​និស្សិត​ទៅ​បន្ត​ការសិក្សា​របស់​ពួកគេ​នៅ​ប្រទេស​បារាំង​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ធនាគារ កាណាឌីយ៉ា​ បាន​បន្ត​ពង្រីក​សេវាកម្ម​របស់ខ្លួន ក្នុងនោះ​ធនាគារ កាណាឌីយ៉ា​ គឺជា​អ្នកចេញ MasterCard ដំបូង​គេ​នៅ​កម្ពុជា ជា​ធនាគារ​ដំបូង​គេ​ដែល​ដាក់ឱ្យ​ប្រើប្រាស់​ម៉ា​ស៊ីន​ដក​ប្រាក់ ATM និង​បានចាប់ផ្តើម​វិស័យ​ធនាគារឯកជន ​ដើម្បី​បម្រើ​អតិថិជន​ដែលមាន​ទ្រព្យសម្បត្តិ​ដុល​ខ្ពស់​។ ព្រឹត្តិការណ៍​ដ៏​អស្ទារ្យ​ទាំងនេះ គឺជា​កត្តា​ជំរុញ​ដល់​កំណើន​របស់​ធនាគា​រ កាណាឌីយ៉ា ដើម្បី​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​តើ​អ្នកឧកញ៉ា​យល់ឃើញ​យ៉ាងណាដែរ​ ចំពោះ​ការ​អភិ​​វ​ឌ្ឍ​វិស័យ​ធនាគារ​ជារួម​នៅ​កម្ពុជា​?

​វិស័យ​ធនាគារ​នៅ​កម្ពុជា​បាននិងកំពុង​វិ​វ​ឌ្ឍ​ល្អប្រសើរ និង​រីកចម្រើន​ជា​លំដាប់​ក្នុង​រយៈពេល​ ៣​ ទសវត្សរ៍​កន្លងមក​នេះ​។ បច្ចុប្បន្ន​មាន​ធនា​​គារ​ពាណិជ្ជ​ចំនួន ​៥៦ ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ចំនួន​នេះ​ គឺ​បង្ហាញ​យ៉ាងច្បាស់​នូវ​ទំនុកចិត្ត​របស់ វិនិយោគិន និង​សាធារណជន​ចំពោះ​ប្រទេស​កម្ពុជា និង​វិស័យ​ធនាគារ​។

​ត្រឹមតែ​រយៈពេល​ ៣០ ​ឆ្នាំ​ប៉ុណ្ណោះ វិស័យនេះ​បាន​វិ​វ​ឌ្ឍ​ពី​ចំណុចសូន្យ ទៅរក​ភាពរុងរឿង​ដូច​ពេលបច្ចុប្បន្ន​។ ចាប់តាំងពី​ការបង្កើត​គ្រឹះស្ថាន​ហិ​រ​ញ្ញ​វត្ថុ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា រហូតដល់​វិស័យ​ធនាគារ​ដែល​កំពុង​រីក​ចម្រើន​ដូច​ពេលបច្ចុប្បន្ន ​គឺមាន​បុគ្គលិក ធនាគារិក​អាជីព និង​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​យ៉ាងច្រើន ដែល​អាច​ប្រៀបធៀប​នឹង​ប្រទេស​អភិវឌ្ឍន៍​នានា ខណៈ​ប្រទេស​កម្ពុជា និង​វិស័យ​ធនាគារ​របស់ខ្លួន ពិតជា​បានធ្វើ​​ដំណើរ​លើផ្លូវ​ដ៏​វែងឆ្ងាយ​។

​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្កើត និង​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ​ក្នុងប្រទេស ក៏ដូចជា​បាន​បើក​គោលនយោបាយ​សេដ្ឋកិច្ច​រយៈពេល​ ៣០​ ឆ្នាំកន្លងមកនេះ​។ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច ប្រទេស​កម្ពុជា ​បាន​អភិវឌ្ឍ​វត្តមាន​របស់ខ្លួន​ដ៏​រឹងមាំ​នៅលើ​ឆាក​អន្តរជាតិ ដែល​បានធ្វើឱ្យ​ទំនុកចិត្ត​របស់​វិនិយោគិន​និង​រំហូរ​វិនិយោគ​ពី​ក្រៅប្រទេស​កើនឡើង​។

​តើ​អនាគត​របស់​ធនាគារ ​កាណាឌីយ៉ា នឹង​វិ​វ​ឌ្ឍ​យ៉ាងណា​?

​ធនាគារ កាណាឌីយ៉ា បាន​នឹង​បន្ត​វិ​វ​ឌ្ឍ​ទៅមុខ​ជានិច្ច ដើម្បី​ផ្តល់​ការ​​អភិវឌ្ឍ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ និង​តម្រូវការ​របស់​អតិថិជន​។ គួបផ្សំ​ជាមួយ​ប្រជាជន​វ័យក្មេង​មាន​ចំនួន​ច្រើន បច្ចេកវិទ្យា​សម្បូរបែប និង​មាន​ភាព​ចម្រុះ វា​បាន​ចាក់​បញ្ចូល​យ៉ាង ជ្រៅ​ទៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ដូច្នេះ​តម្រូវការ និង​ការទទួលយក​ពី​ប្រជាជន​វ័យក្មេង​កើនឡើង ដើម្បី​សម្រប​ខ្លួន​ទៅនឹង​បទពិសោធ​នៃ​សេវាកម្ម​ធនាគារ​ឌីជីថល​ថ្មី​។

​ជាមួយ​ការរីកចម្រើន និង​ការ​​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​ឌីជីថល​នីយកម្ម​នៅលើ​ពិភពលោក និង​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា ធនាគារ​ឌីជីថល មិនមែនជា​បច្ចេក​​វិទ្យា​សម្រាប់​ពេលអនាគត​ទៀត​ទេ គឺ​វា​ត្រូវបាន​អនុវត្ត​នៅពេល​បច្ចុប្បន្ននេះ​តែម្តង​។ ខណៈ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​កំពុង​បន្ត​រីកចម្រើន ហើយ​យុវជន និង​អាជីវកម្ម​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​កើនឡើង ធនា​​គារ កាណាឌីយ៉ា ក៏​កំពុង​អភិវឌ្ឍ​ជាមួយ​វិស័យ​ព័ត៌មានវិទ្យា ហើយ​បន្ត​អភិវឌ្ឍ និង​ពង្រីក​សេវាកម្ម​របស់ខ្លួន​បន្ថែ​ម​ទៀត​។

​គួរឱ្យកត់សម្គាល់​ជាងនេះទៀត ធនាគារ កាណាឌីយ៉ា បាន​ជួល​អ្នក​ផ្ត​ត់​ផ្គង់​មកពី​ក្រៅប្រទេស ហើយ​បាន​បង្កើត​មជ្ឈមណ្ឌល Smart Bank Centre ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​រក្សា​ល្បឿន​ជាមួយ​ពិភពលោក​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​។

​ក្នុង​រយៈពេល ​៣០ ​ឆ្នាំ​កន្លងមកនេះ ធនាគារ កាណាឌីយ៉ា រួមជាមួយ​ប្រជាជន​កម្ពុជា បាន​ឆ្លងកាត់​សម័យ​​កាល និង​ពេលវេលា​ជាច្រើន​ខុសៗ​គ្នា នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​។ យើងទាំងអស់គ្នា​បាន​មើលឃើញ​ពេលវេលា​វឹកវរ និង​ពេលវេលា​មាន​ស្ថិរភាព​ជាមួយនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដើម្បី​ចូលទៅក្នុង​ពិភព​បច្ចេកវិទ្យា​ឌីជីថល​ដូច​ពេលបច្ចុប្បន្ន ហើយ​ធនាគារ កាណាឌីយ៉ា បាន​នៅទីនេះ​នឹង​តែង​​តែ​នៅទីនេះ​គ្រប់​ជំហាន​។

​ជាមួយនឹង​ការចាប់ផ្តើម​ដ៏​តូច រហូតដល់​បាន​រីកចម្រើន​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ ធនាគារ កាណាឌីយ៉ា​នឹង​បន្ត​ប្រកាន់ខ្ជាប់​តាម​ការសន្យា​ដែល​បានធ្វើ​ឡើង​ចំពោះ​ប្រជាជន​កម្ពុជា​កាលពី ​៣០ ​ឆ្នាំមុន ហើយនឹង​បន្ត​ក្លាយជា​ធនាគារ​ដែល​ល្អ​បំផុត​នៅ​កម្ពុជា (Best Bank in Cambodia)។

តើ​អ្នកឧកញ៉ា​មាន​អនុសាសន៍​អ្វីខ្លះ ​សម្រាប់​យុវជន​កម្ពុជា​?

​អនាគត​របស់​ពិភពលោក​ គឺជា​កម្មសិទ្ធិ​របស់​យុវជន​ជំនាន់​ក្រោយ​។ ខណៈពេល​វេលា​វិ​វ​ឌ្ឍ​ទៅមុខ រួម​ជា​​មួយ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា របៀប​នៃ​ការអនុវត្ត​ការងារ​របស់​យើង​ក៏ត្រូវ​ឆ្លងកាត់​ការផ្លាស់ប្តូរ​ផងដែរ​។ ទោះបីជា​អ្វីៗ​ជាច្រើន​អាច​ត្រូវបាន​ជំនួស​ដោយ​ទូរស័ព្ទដៃ និង​កុំព្យូទ័រ ដូច​ពេល​បច្ចុប្បន្ននេះ​ក្តី ក៏​គោលការណ៍​នៃ​ការអនុវត្ត​ការងារ​របស់​យើង​ គឺ​មិនបាន​ផ្លាស់ប្តូរ​ទេ​។

​ភាពស្មោះត្រង់ និង​ការជឿទុកចិត្ត គឺជា​គោលការណ៍​ចម្បង​របស់ខ្ញុំ​សម្រាប់​អ្វីៗ​គ្រប់យ៉ាង​។ ជាមួយនឹង​កេរ្តិ៍ឈ្មោះ​ដែលមាន​ភាព​បើកចំហ តម្លាភាព និង​ភាពស្មោះត្រង់ កា​ណា​ឌី​យ៉ា គ្រុប បានទទួល​ការជឿទុកចិត្ត​ពី​អតិថិជន សាធារណជន និង​ដៃគូ​អាជីវកម្ម​ជាច្រើន ដូច្នេះហើយ​ទើប​យើង​ទទួលបាន​ភាពជោគជ័យដូច​ពេល​បច្ចុប្បន្ននេះ​។

​ស្រដៀង​គ្នា​នេះដែរ ភាពស្មោះត្រង់​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់​ពួកគេ គឺជា​គុណភាព​នៃ​ជំនាញ​វិជ្ជាជីវៈ​របស់​បុគ្គលិក​គ្រប់រូប ដូច្នេះ​ខ្ញុំ​សង្ឃឹមថា យុវជន​ជំនាន់​ក្រោយ​អាច​ទទួល​មរតក និង​បង្កើត​គុណធម៌​ក្នុងការ​បំពេញការងារ​ដោយ​ឧស្សាហ៍​ព្យា​យាម​។ គន្លឹះ​មួយទៀត ដើម្បី​ភាព​​ជោគជ័យ​ គឺ​ការរៀនសូត្រ​តាមរយៈ​បទពិសោធ​។ មានតែ​តាមរយៈ​ការ​​ចាប់យក​ឱកាស​ ដើម្បី​សិក្សា​បន្ត និង​បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ទើប​អាច​សម្រេចបាន​នូវ​គោលដៅ​របស់​អ្នក​ដោយ​ជោគជ័យ​។

​ជា​ចុងក្រោយ អនុសាសន៍​ដ៏​សំខាន់​មួយ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​៖ សូមកុំ​មើលស្រាល​សក្តា​​នុព​ល​របស់​អ្នក ហើយ​សូមកុំ​មើលស្រាល​អនាគត​របស់​អ្នក​។ មនុស្ស​គ្រប់រូប​អាច​សម្រេច​ក្តី​សុបិន​របស់​ពួកគេ​បាន​តាមរយៈ​ការខិតខំ​ប្រឹង​​ប្រែង​។ គ្រាន់តែ​មានការ​ប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង នោះ​អ្នក​បាន​ដើរ​លើផ្លូវ​ទៅកាន់​ភាព​ជោគ​​ជ័យ​រួចទៅហើយ​។ សម្លឹង​ឆ្ពោះទៅ​ថ្ងៃ​អនាគត ក្មេងៗ​ជំនាន់​ក្រោយ​ប្រាកដ​ជាមាន​អនាគត​កាន់តែ​ភ្លឺ​​ស្វាង​ជាមួយនឹង​ភាពជោគជ័យ​ដ៏​អស្ចារ្យ​៕