តំបន់​វិស្សមកាល​ទេសចរណ៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ គឺជា​រមណីយដ្ឋាន​ដ៏​ស្រស់ស្អាត មាន​ផ្ទៃក្រឡា ៣ ៣០០ ហិកតា ដែល​ស្ថិត​នៅក្បែរ​ឆ្នេរ​ខ្សាច់​សក្បុស ពោលគឺ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុងព្រះសីហនុ ដែល​នឹង​ក្លាយជា​គោលដៅ​វិស្សមកាល​ទេសចរណ៍​ដ៏​សំខាន់បំផុត​មួយ​របស់​ព្រះរាជា​ណា​​ចក្រ​កម្ពុជា​។

​រមណីយដ្ឋាន​ដែលមាន​បន្ទប់​ស្នាក់​​នៅ​ចំនួន ៥២​ បន្ទប់​នេះ មាន​ឆ្នេរ​លក្ខណៈ​ឯកជន និង​កោះ ព្រមទាំង​ស្ពានឈើ​ដី​សើម ហើយ​ទន្ទឹមនឹងនេះ​តំបន់​វិស្សមកាល​ទេសចរណ៍​ឆ្នេរ​​មាស​ឆ្នេរ​ប្រាក់​នេះ គ្រោង​នឹង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ ​៥ លើទឹក និង​ទីលាន​វាយ​កូន​ហ្គោល​ ១៨​ រន្ធ​ផងដែរ​។

​លោក George Chao នាយក​​ប្រតិបត្តិ​ថ្មី​នៃ​តំបន់​វិស្សម​កាលទេស​​ចរណ៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​បានឱ្យដឹងថា​ អ្វីដែល​ធ្វើឱ្យ​រមណីយដ្ឋាន​នេះ​ពិសេស​ប្លែក​ពី​កន្លែង​ដ៏ទៃទៀត​​នៅ​កម្ពុជា គឺ​សមត្ថភាព​បម្រើភ្ញៀវ​ទេសចរ​ដ៏​សម្បូរបែប ដែល​ស័ក្តិសម​បំផុត​សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូបមកពី​គ្រប់​តំបន់​។

«​រមណីយដ្ឋាន​របស់​យើង​មានផ្ទះ​ស្នាក់នៅ​ជិត​ឆ្នេរ​ដ៏​ប្រណីត និង​បាង​ហ្គា​ឡូ ដែលមាន​តម្លៃ​សមរម្យ​ចំនួន ​៥២ ​បន្ទប់ ជាមួយនឹង​គម្រោង​ពង្រីក​ឱ្យ​កើន​ដល់ ​៦០ ​បន្ទប់​»​។

«​យើង​ក៏បាន​ទិញ​កប៉ាល់​ទេសច​​រណ៍​ដែលមាន​ចំនួន​ ២៥០ ​បន្ទប់ នឹង​កំពុង​កែលម្អ ដើម្បី​ប្រែក្លាយ​ជាស​ណ្ឋា​គារ​លំដាប់​ផ្កាយ ​៥ ខណៈដែល​ភោជនីយដ្ឋាន​ប្រណីត​ថ្មី​នៅលើ​កំពូល​កោះ​រាជបុត្រ (​កោះ​សំពោច​) ក៏​នឹង​រំឭក​ឡើងវិញ​នូវ​រសជាតិ​នៃ​

«​យុគមាស​» ​របស់​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០ ជាមួយនឹង​រូបមន្ត​ធ្វើ​ម្ហូប (authentic recipes) ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ព្រះបាទ​​នរោត្តម សីហនុ​។

​លោក​បន្តថា​៖ «​យើង​ក៏មាន​គម្រោង​សាងសង់​ទីលាន​វាយ​កូន​ហ្គោល​ ១៨ ​រន្ធ ស្តង់ដារ​អន្តរជាតិ​ផងដែរ ហើយ​យើង​ក៏​កំពុង​អភិវឌ្ឍ​បាង​ហ្គា​ឡូ​ថ្មី​ចំនួន​ ២០ ​នៅក្បែរ​ឆ្នេរ​កោះ​រាជបុត្រ ខណៈ​សណ្ឋាគារ​លក្ខណៈ​ត​ង់ (Camp Hotels) ចំនួន ​៥០ នឹង​សាងសង់​នៅ​ជិត​ឆ្នេរ​ឆាប់ៗ​»​។

​បុរស​ជនជាតិ​អូស្ត្រាលី​រូបនេះ​បាន​បន្ថែមថា មាន​កន្លែង​ទស្សនា​ជាច្រើន​នៅ​តំបន់​វិស្សមកាល​ទេសចរណ៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ រួមមាន​កន្លែង​ទាក់​ទាញ​បែប​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដូចជា​ថ្ម​អណ្តើក ដើមឈើ​យក្ស និង​កោះ​រាជបុត្រ​ជាដើម​។

​លោក Chao ថ្លែងថា​៖ «​ជាមួយ​ទីតាំង​ធំធេង​បែបនេះ យើង​អាចមាន​ផ្នែក​ជាច្រើន​ទៀត​ដែល​ផ្គត់ផ្គង់​ដល់​វិស័យ​ជាច្រើន ខណៈ​ភាពស្ងប់ស្ងាត់​នៃ​ព្រៃឈើ​ដែល​នៅ​ជុំវិញ​យើង និង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត សក្បុស គឺ​ច្បាស់​ណាស់​ថា​វា​គឺជា​កន្លែង​ដ៏​ទាក់​​

ទាញ​បំផុត​មួយ​»​។

​លោក Chao បន្តថា​ជាមួយនឹង​ធម្មជាតិ​ដ៏​ស្រស់ត្រកាល តំបន់​វិស្សម​​កាល​ទេសចរណ៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ បាន​នឹង​កំពុង​ខិតខំ​ធ្វើឱ្យមាន​ភាពសុខដុមរមនា​ជាមួយនឹង​បរិស្ថាន​។

«​និរន្តរភាព​គឺជា​ស្នូល​នៃ​អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ធ្វើ​។ យើង​តែង​យកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ បរិស្ថាន​និង​ព្រៃឈើ ហើយ​យើង​មិនដែល​ប៉ះពាល់​ដើមឈើ​ធំៗ​ណាមួយ​ទេ​»​។

​កោះ​រាជបុត្រ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កោះ​សំពោច គឺជា​ចំណុច​ទាក់ទាញ​ដ៏​សំខាន់​មួយ​នៃ​រមណីយ​​ដ្ឋា​ន ដែល​ងាយស្រួល​ចូលទៅ​ដល់ គ្រាន់តែ​ដើរចេញ​ពី​ឆ្នេរ​ប្រាក់ តាម​ស្ពានឈើ​ដ៏​ស្រស់ស្អាត កោះ​នេះ​មាន​ផ្ទាំង​ថ្ម និង​សំណឹក​ថ្ម​ធំៗ​គួរ​ជាទី​គយគន់​មាន​រាង​ដូច​រាជបុត្រ ដែល​តំណាងឱ្យ​រាជបុត្រ​ដូច​នៅក្នុង​រឿង​ព្រះថោង​នាងនាគ​។​

​បែរមុខ​ទៅរក​ «​រាជបុត្រ​» ​ព្រះថោង គឺជា​រូបសំណាក​របស់​អគ្គម​ហេ​សី​ជាទី​ស្រឡាញ់​របស់​ព្រះអង្គ​ គឺ​នាង​​នាគ​។ យោងទៅតាម​រឿងនិទាន តំបន់​វិស្សមកាល​ទេសចរណ៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ក៏មាន​ព្រែក​លីវយី (Liu Yi) ដែលជា​ឈ្មោះ​ចិន​សម្រាប់​នាងនាគ ដែល​គេ​អាច​ជិះទូក​គយគន់​ព្រៃកោងកាង​បាន​ផងដែរ​។

​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ​នៃ​តំបន់​វិស្សមកាល​នេះ ​ទៅនឹង​វប្បធម៌​របស់​កម្ពុជា លោក Chao ថ្លែងថា​រមណីយដ្ឋាន ដែល​បាន​ដំណើរការ​តាំងពី​ឆ្នាំ​ ២០១៥ នេះ ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង​ចក្ខុវិស័យ​ ដើម្បី​ក្លាយជា​ក​ន្លែ​ក​វិស្សមកាល​ទេសចរណ៍​ដ៏​ល្បីល្បាញ​សម្រាប់​ប្រជាជន​កម្ពុជា​។

«​មាន​ប្រជាជន​ជាង ​៣០០ ​នាក់ ​ត្រូវបាន​អនុញ្ញាតឱ្យ​រស់នៅ​ដោយ​ស្របច្បាប់​លើ​រមណីយដ្ឋាន​នេះ ជា​កន្លែង​ដែល​យើង​ស្ថិតនៅ ដូច្នេះ​យើង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ប្រជាជន​ក្នុង​តំបន់ និង​ប្រពៃណី ខណៈ​ ៨០ ​ទៅ ​៩០ ​ភាគរយ​នៃ​ភ្ញៀវ​របស់​យើង​គឺជា​ជនជាតិខ្មែរ​»​។ លោក​បន្តថា​៖ «​មុន​ជំងឺ​កូ​វីដ យើង​មាន​ភ្ញៀវ​ប្រមាណ ​២ ​ទៅ ​៣ ​រយ​នាក់​ជា​រៀងរាល់ថ្ងៃ ហើយ​កោះ​រាជបុត្រ​គឺមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ដោយសារតែ​ទេសភាព​ដ៏​ស្រស់ត្រកាល គួរ​ជាទី​មនោ​រម្យ​»​។

​ដោយសារតែ​ការប្តេជ្ញាចិត្ត​របស់​រម​ណី​យ​ដ្ឋា​ន​នេះ​ចំពោះ​ប្រជាជន​កម្ពុជា ដូច្នេះ​គ្មាន​ការសង្ស័យ​ទេ​ដែល​លោក Chao បាន​និយាយថា ពេលវេលា​បានមក​ដល់​ហើយ ដើម្បី​បើកទទួល​ស្វាគមន៍​ទេសចរ​ឱ្យ​កាន់តែ​ល្អ ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។

«​ភ្ញៀវ​បរទេស​ជាច្រើន​មិនទាន់​ស្គាល់​កន្លែង​ដ៏​ស្រស់ស្អាត​និង​គួរឱ្យ​ចាប់អារម្មណ៍​ដែល​យើង​មាននៅ​ទីនេះ​ទេ ហើយ​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដើម្បី​បម្រើភ្ញៀវ​ឱ្យ​កាន់តែ​ល្អប្រសើរ​។ យើង​គ្រោង​នឹង​បើក​បា​រ៍​បែប​បស្ចិមប្រទេស ជាមួយនឹង​ភោជនីយដ្ឋាន​បែប​ជប៉ុន និង​បែប​បស្ចិមប្រទេស ក្នុងពេល​ឆាប់ៗ​»​។

«​ថ្មីៗ​នេះ យើង​បាន​ជួល​មេ​ចុងភៅ​ថ្មី​ចំនួន​ ២ ​នាក់ ​មកពី​បស្ចិមប្រទេស ដើម្បី​បង្កើត​មុខម្ហូប​លោកខាងលិច ដែល​នឹង​ជួយ​ពួកគេ​ឱ្យ​បាត់​ការ​នឹករឭក​ផ្ទះ និង​មាន​អារម្មណ៍​ថា​ដូច​នៅផ្ទះ​។ ឥឡូវនេះ​យើង​កំពុងផ្តល់​ការបណ្តុះបណ្តាល​សេវាកម្ម​ម្ហូបអាហារ​របស់​យើង ដើម្បី​ធ្វើឱ្យ​ប្រាកដថា​យើង​បាន​បំពេញ​តាម​ស្តង់ដា​អន្តរជាតិ​សម្រាប់​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក​និង​អន្តរជាតិ​»​។

​លោក Chao ថ្លែងថា​៖ «​អនាគត​នៃ​តំបន់​វិស្សមកាល​ទេសចរណ៍​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ ​គឺ​កំពុង​បង្កើត​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​បុគ្គលិក​ក្នុងស្រុក​របស់​យើង ដើម្បីឱ្យ​ពួកគេ​រីកចម្រើន ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន និង​ផ្តល់​សេវាកម្ម​ដែលមាន​គុណភាព ដើម្បី​គាំទ្រ​ដល់​ឧស្សាហ​​កម្ម​ទេសចរណ៍​របស់​កម្ពុជា​»៕