អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌី​ម៉​ង់ បាន​មានប្រសាសន៍ថា​ជាមួយនឹង​ «​ផែនការមេ​ដើម្បី​អភិវឌ្ឍ​និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​» ​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ​ត្រូវ​ដើរតួ​ជា​

«​នាវា​សណ្តោង​»​សម្រាប់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​ជាប់គាំង​ដោយសារ​វិបត្តិ​កូ​វីដ​ ១៩ និង​ជំរុញ​សេដ្ឋ​​កិច្ច​កម្ពុជា​ឆ្ពោះទៅមុខ​នៅលើ​វិស័យ​ជាច្រើន​។​

​លោក​បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​ដែល​កំពុង​វិ​វ​ឌ្ឍ​ទៅមុខ​និង​ទំនើបកម្ម​នៃ​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ នឹង​ជួយ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ពិភពលោក ខណៈ​ខេត្ត​ព្រះសីហនុ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ធំៗ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​ជាច្រើន​។​

​លោក ឌី​ម៉​ង់ ថ្លែងថា​៖ «​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ ​២០២១ ក៏ដូចជា​ការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ទូកក្តោង​ជើងឯក​អាស៊ីអាគ្នេយ៍​ចាប់ពី​ថ្ងៃទី ​១២-១៧ ខែធ្នូ និង​ការធ្វើ ជា​ម្ទា​ស់​ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ចាប់ពី​ថ្ងៃទី ១៦-២២ ខែមករា គឺ​តំណាងឱ្យ​ឱកាស​ដ៏​ល្អ​បំផុត ដើម្បី​បង្ហាញ​ខេត្ត​ព្រះសីហនុ​ទៅដល់​តំបន់ និង​ពិភពលោក​»​។

​លោក​មានប្រសាសន៍ថា ផែនការមេ​ដែល​ត្រូវបានធ្វើ​ដោយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួម​ជាមួយនឹង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយមាន​ការចូលរួម​ពី​សាលាខេត្ត​ព្រះសីហនុ​គឺ​ត្រូវបាន​រចនា​ឡើង​ក្នុង​គោលបំណង​ធានា​ដល់​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទាំង​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម​ប្រកបដោយ ចី​រ​​ភាព និង​និរន្តរភាព ដើម្បី​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​ខេត្ត ព្រះរាជាណាចក្រ​​កម្ពុជា និង​ប្រជាជន​កម្ពុជា​។​

«​ផែនការមេ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នេះ​នឹង​ជំរុញ​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅរក​ទិសដៅ​ថ្មី ជាមួយនឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​ចំណុច​សំខាន់​របស់ខ្លួន​។ ទីក្រុង​ត្រូវការ​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​យើង ដូច្នេះ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមទាំង​ប្រជាជន​ គឺមាន​សារៈសំខាន់​ណាស់​»​។ មួយវិញទៀត​យើង​ក៏មាន​ការជំរុញ​លើក​ទឹក​ចឹ​ត្ត​ឱ្យ​វិស័យ​ឯកជន​លើកកម្ពស់​សមត្ថភាព​ ដើម្បី​ចូលរួម​ឱ្យ​កាន់តែ​ក្លៀវក្លា​ក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍ និង​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ផងដែរ​។

​លោក ​ឌី​ម៉​ង់ ​បាន​បន្តថា​៖ «​គេ​នឹង​ឃើញ​ខេត្ត​ព្រះសីហនុ​ចូលរួម​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​។ ក្នុង​ចំ​​ណោម​ខេត្ត​ទាំងអស់​នៅក្នុង​ប្រទេស​​កម្ពុជា ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​មួយ​ដែលមាន​សក្ដានុពល និង​សមត្ថភាព​ខ្លាំងក្លា​បំផុត​ក្នុង​ការជំរុញ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​យុគ​ថ្មី​មួយ ដូច្នេះ​គោលនយោបាយ​នឹង​មើលឃើញ​ទីក្រុង​ដើរតួ​ជា​នាវា​សណ្តោង​ទាញ​សេដ្ឋកិច្ច​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​ជាប់គាំង​ឆ្ពោះទៅរក​យុគ​ថ្មី​មួយ​»​។​

លោក ឡុង ឌី​ម៉​ង់​​ អភិបាលរង​ខេត្ត​ព្រះសីហនុ។ហ៊ាន រង្សី

​បន្ថែម​ពីលើ​ការអភិវឌ្ឍ​ទីក្រុង​ដែល មាន​ស្រាប់​ដ៏​គួរឱ្យកត់សម្គាល់​នេះ ផែនការ​មេមាន​គោលបំណង​ជំរុញ​ខេត្ត​ព្រះសីហនុ​ឱ្យក្លាយ​ជាទី​ក្រុង​នៃ​ច្រកចេញចូល និង​ប្រែក្លាយ​វា​ឱ្យទៅ ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចជាតិ និង​ទីក្រុង​ឆ្លាត​វៃ​ប្រកបដោយ​ចីរភាព​។​

​ដើម្បី​ជួយ​សម្រួល​ដល់​វិនិយោគិន​បរទេស​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ ​១៩ រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​វិ​សោ​​ធន​កម្ម​ច្បាប់​ស្តីពី​ការវិនិយោគ​។ ជាមួយគ្នានេះ​ផងដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្កើតឱ្យមាន​កម្មវិធី​បណ្តុះបណ្តាល​ធន​​ធាន​មនុស្ស ​ដើម្បី​ជាការ​ត្រៀម​លក្ខ​ណ​សម្បត្តិ​បន្ស៊ី​គ្នា​ជាមួយនឹង​គោលនយោបាយ​ឧស្សាហកម្ម​ថ្មី ដោយ​យើង​យល់ឃើញថា ​ឧស្សាហកម្ម​នៅ​កម្ពុ​ជាមួយ​ភាគ​ធំ​ជា​ឧស្សាហកម្ម​ប្រភេទ​អតិពលកម្ម ដូចនេះ​វា​ជាការ​ត្រឹមត្រូវ​ណាស់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងបង្វែរ​ទិសដៅ​ងាក​ទៅរក​ឧស្សាហកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ និង​ប្រើប្រាស់​បច្ចេកវិជ្ជា​ទំនើបៗ​។​

«​យើង​មាន​ផែនការ​រួចរាល់​ហើយ​ក្នុងការ​ប្រែក្លាយ​ទីក្រុង​មួយ​នេះ ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សម្រាប់​ប្រទេស​។ ព្រឹត្តិការណ៍​កាលពីពេល​ថ្មីៗ​បាន​បង្ហាញថា យើង​ត្រូវធ្វើ​ពិពិធ​កម្ម​យុទ្ធ សាស្ត្រ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ និង​បង្កើត​បរិយាកាស​ថ្មី​»។​

«​យើង​កំពុង​សម្លឹង​ទៅរក​ការពង្រីក និង​ទាក់ទាញ​រំហូរ​ថ្មី​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ហើយ​យើង​កំពុង​សម្លឹងមើល​ការធ្វើ​ពិពិធ​កម្ម​ជាតិ​​សាសន៍​របស់​វិនិយោគិន ដែល​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយជា​ទីក្រុង​អន្តរ​ជាតិ​ពិតប្រាកដ​»​។​

​លោក​បាន​បន្ថែមថា​៖ «​រដ្ឋាភិបាល​កំពុង​រៀប​ចំ​គោលនយោបាយ​ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​។ តាមរយៈ​ផែន​​ការ​មេ​ដើម្បី​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង គេ​នឹង​ឃើញ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​បែង​ចែកជា​តំបន់​ផ្សេងៗ​គ្នា ដូចជា​តំបន់​សម្រាប់​ទេសចរណ៍ ឧស្សាហកម្ម ហិរញ្ញវត្ថុ និង​កសិឧស្សាហកម្ម នៅក្នុង​ចំណោម​ផ្នែក​ជាច្រើន​ផ្សេងទៀត​»​។ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ ដែល​កំពុង​កើនឡើង រដ្ឋាភិបាលនៅក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ បានផ្តល់​ថវិកាជាង ៣០០​ លាន​ដុល្លារ ដើម្បី​កែលម្អ​ផ្លូវ​ចំនួន​​ ៣៤ ​ខ្សែ​ឡើងវិញ ហើយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក៏​កំពុង​ត្រូវបាន​ពង្រីក ដើម្បី​អាចឱ្យ​កប៉ាល់​ខ្នាត​ធំ (Post-Panamax) អាច​ចូល​ចត​បាន ជាមួយគ្នា​អាកាសយាន​​ដ្ឋា​ន​អន្តរជាតិ​ក៏​កំពុង​សាងសង់​ស្ថានីយ (terminal) ថ្មី​ផងដែរ​។

​ខេត្ត​ព្រះសីហនុ​ក៏​កំពុង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​របស់ខ្លួន ដើម្បី​ប្រែ​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ​។ «​មនុស្ស​តែងមាន​ការយល់ឃើញថា «​ទីក្រុង​ឆ្លាត​វៃ​»​គឺជា​កន្លែង​ដែល​ពោរពេញ​ដោយ​មនុស្ស​យន្ត តាក់ស៊ី​គ្មាន​អ្នកបើកបរ ឬអ្វី​មួយ​ដែល​មិនទាន់មាន​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​វា​មិន​ពិត​នោះទេ​»​។​

«​ទីក្រុង​ឆ្លាត​វៃ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រមូល​ទិន្នន័យ និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ និង​សេវា​កម្ម គឺជា​អ្វីដែល​កំពុង​កើតឡើង​រួចហើយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​»​។​

​លោក ឌី​ម៉​ង់ មានប្រសាសន៍ថា​ ការអភិវឌ្ឍ​ទាំងអស់​ត្រូវបាន​កំណត់​ដើម្បី​ជំរុញ​ខេត្ត​ព្រះសីហនុ ដែល​ចាប់​​តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៥៧ ឱ្យ​រីកចម្រើន​ក្លាយ​ជាម​ជ្ឈ​​មណ្ឌល​ជាតិ​ឈានមុខ​គេ លើវិស័យ​ទេសចរណ៍ ជំនួញ ពាណិជ្ជកម្ម និង​ដឹកជញ្ជូន និង​ត្រៀមខ្លួន​សម្រាប់​ឱកាស​នៅពេល​អនាគត​។​

«​ចាប់តាំងពី​ការអភិវឌ្ឍ​ដ៏​ចម្បង លើកដំបូង​របស់​ខេត្ត​ព្រះសីហនុ រួម​ជាមួយនឹង​ការសាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៥០ ខេត្ត​ព្រះសីហនុ​ គឺជា​អ្នកជំរុញ​សេដ្ឋកិច្ច​​កម្ពុជា​ដ៏​សំខាន់ ដែល​អនុញ្ញាតឱ្យ​មានកា​រ​ធ្វើ​ពាណិជ្ជកម្ម​តាម​សមុទ្រ​អន្តរជាតិ​ដោយផ្ទាល់ ដោយ​គ្មាន​ការ​រឹតត្បិត និង​បាន​ដើរតួ​ជា​ច្រកចេញ ចូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​លោក​ ឌី​ម៉​ង់ ​មានប្រសាសន៍​បន្ថែមថា​៖ «​ជាមួយនឹង​ការអភិវឌ្ឍ​ថ្មីៗ និង​ផែនការមេ​ដើម្បី​អភិវឌ្ឍន៍ និង​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ខេត្ត​ព្រះសីហនុ​នឹង​បន្ត​រីកចម្រើន​ឆ្ពោះទៅ មុខ​នៅក្នុង​សតវត្សរ៍​ទី​២១​នេះ​»៕