ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) លោក Seong Yoon មានប្រសាសន៍ថា ធនាគារ​នឹងដាក់​ចេញ​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បម្រើ​សេចក្តីត្រូវការ​ហិរញ្ញវត្ថុ​ចម្រុះ​របស់​អតិថិជន​!

​សូម​លោក​ចែករំលែក​អំពី​ដំណើរ​វិវឌ្ឍន៍​របស់​ធ​នាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។

​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ពីមុន​ត្រូវ បាន​គេ​ស្គាល់​ថា គ្រឹះស្ថាន​មីក្រូ​ហិ​រ​​ញ្ញ​វត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន (WB Finance) បាន​បម្រើសេវា​​កម្ម​ហិរញ្ញវត្ថុ និង​ផលិតផល​អស់​រយៈពេល​ជាង​ 30 ​ឆ្នាំ​មកហើយ ក្នុងការ​បន្តដំណើរ​ធ្វើឱ្យ​ជីវិត​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរ តាមរយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ឆ្លាត​វៃ ​និង​ងាយស្រួល ហើយ​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) បាន​ឆ្លងកាត់​ការផ្លាស់ប្តូរ​សំខាន់ៗ​ជាច្រើន​។​

​ព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួន រួមមាន​ការចាប់ផ្តើម​កម្មវិធី​ផ្តល់​មូល​​និ​ធិ​ក្នុង​ឆ្នាំ​ 1990 និង​ទទួលបាន​អាជ្ញាប័ណ្ណ​ដើម្បី​ដំណើរការ​ជា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ​2004 ហើយ​ក្រោយមក​ទទួល​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ខ្នាតតូច ដើម្បី​ពង្រីក​ផលិតផល និង​សេវាកម្ម​របស់​យើង​ក្នុង​ឆ្នាំ ​2011 និង​ជា​បន្ទាប់​គឺ​រួមបញ្ចូល​គ្នា​ជាមួយ អ៊ូ​រី ហ្វា​យ​នែ​ន ភីអិលស៊ី ដើម្បី​ពង្រីក​បណ្តាញ​របស់​យើង​បន្ថែម​ក្នុង​ឆ្នាំ ​2020​។ យើង​បានដាក់​បញ្ចូល​ដើមទុន 100 ​លាន​ដុល្លារ ដើម្បី​រក្សា​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន នៅ​ចុងឆ្នាំ ​2020 ហើយ​ឥឡូវនេះ​បាន​ក្លាយជា​ធនាគារ ពាណិជ្ជ​ក្នុង​ឆ្នាំ ​2020​។

​ខណៈពេលដែល​មានការ​ផ្លាស់ប្តូរ​ជាច្រើន​ដែល​បាន​កើតឡើង​ក្នុង​រយៈ​​ពេល​ច្រើន​ឆ្នាំ​មកនេះ រឿង​មួយ​ដែល​យើង​នៅតែ​រក្សា​ដដែល គឺ​ការយកចិត្តទុកដាក់ ក្នុង​ការបន្ត​អភិវឌ្ឍ ដើម្បី​បម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

តើ​អ្វី​ជា​ផែនការ​បន្ទាន់​របស់លោក​អ្នក​សម្រាប់​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ដែល​ពេលនេះ​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ពេញលេញ​ទៅហើយនោះ​?

​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) នឹង​ពង្រីក​បណ្តាញ​ផលិតផល និង​សេវាកម្ម​របស់​យើង ដើម្បី​បំពេញតម្រូវការ​ដែល​កំ​ពុង​កើនឡើង​របស់​អតិថិជន​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​។ ការទទួលបាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​នេះ នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អតិថិជន​របស់​យើង​។​

​មាន​សេវាកម្ម និង​ផលិតផល​សំខាន់ៗ​មួយចំនួន​នឹងត្រូវ​ដាក់បញ្ចូល​បន្ថែម ដែលមាន​ដូចជា​ផលិតផល និង​សេវាកម្ម​របស់​ធនាគារ​សាជីវកម្ម ដើម្បី​បម្រើ​អតិថិជន​ដែល​កំពុង​ស្វែងរក​ប្រាក់កម្ចី​ក្នុង​ទំហំ​ធំ ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​អាជីវកម្ម ដើម្បី​ជួយ​សម្រួល​ដល់​អាជីវកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ​សម្រាប់​អតិថិជន ហើ់យ​បណ្ណ​ឥណ​​ពន្ធ​/​ឥណទាន នឹង​ជួយ​ដល់​តម្រូវ​ការដែល​កំពុង​កើនឡើង​នៃ​ប្រតិ​​ប​ត្តិ​ការ​សេវា​ឌីជីថល ដែល​ធ្វើឱ្យ​កាន់តែ​ប្រសើរ​នូវ​គុណភាព​នៃ​សាខា​របស់​យើង ខណៈ​ការពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​យើង និង​មាន​កាន់តែច្រើន​បន្ថែមទៀត​។

​ទាំងនេះ​គ្រាន់តែ​ជា​រឿង​គួរ​កត់​​សម្គាល់​មួយចំនួន​ប៉ុណ្ណោះ ខណៈដែល​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) នឹង​បន្ត​ធ្វើឱ្យ​ធនាគារ​មាន​ភាពងាយស្រួល​ជាង​ពេលណាៗ​ទាំងអស់ សម្រាប់​អតិថិជន​របស់​យើងខ្ញុំ​។​

ធនាគារ​កំពុង​ពង្រីក​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា តើ​លោកអ្នក​មើលឃើញ​សក្តានុពល​អ្វីខ្លះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​កំណើន​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​?

​ប្រទេស​កម្ពុ​ជា មាន​កត្តា​ជាច្រើន​ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ដ៏​គួរ​ចាប់អារម្មណ៍​បំផុត​មួយ​នៅក្នុង​ពិភពលោក សម្រាប់​វិស័យ​ធនាគារ​។ ជា​អាទិភាព និង​សំខាន់បំផុត គឺ​ការគ្រប់គ្រង​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ចំពោះ​ជំងឺ​កូ​វីដ ​19 គឺ​ពិតជា​ល្អ​ខ្លាំងណាស់​។

​ការគ្រប់គ្រង​ការចាក់​វ៉ាក់សាំង ការ​រឹតបន្តឹង​ទាន់ពេលវេលា និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ជន​ស៊ីវិល បាន​អនុញ្ញាតឱ្យ​សេដ្ឋកិច្ច​បើក​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។ ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​ទាំងនេះ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង 4.8 ភាគរយ​នៅ​ឆ្នាំ​ 2022 ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប (GDP) កើន​ដល់​ប្រហែល 30. 544 ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ ហើយ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់​នឹង​កើន​ដល់ 1,841 ​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ​2022​។

​កត្តា​មួយទៀត​ដែល​នឹង​ព​ន្លឿ​ន​ដល់​កំណើន​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ គឺ​ការបន្ត​ជំរុញ​របស់​រាជរដ្ឋាភិបាល​ចំពោះ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។ ទាំងនេះ​ពិតជា​នឹង​ជួយ​ដល់​ការបង្កើន​ចំនួន​អតិថិជន​ហិរញ្ញវត្ថុ ជាពិសេស​នៅក្នុង​ប្រទេស ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​តើ​លោក​អ្នកនឹង​ចែករំលែក​ជំនាញ​បែបណា​ជាមួយ​ទីផ្សារ​កម្ពុជា ទាក់ទង​នឹង​បច្ចេកវិទ្យា និង​អភិបាលកិច្ច​?

​ធនាគារ អ៊ូ​រី (​កូរ៉េ​) ដែលជា​ក្រុម​​ហ៊ុន​មេ​របស់ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) មាន​ប្រវត្តិ​ដ៏​អស្ទារ្យ និង​មាន​អាយុកាល​ជាង 1​ សតវត្សរ៍មកហើយ​។ រាប់​ចាប់ពី​ការ​ក្លាយជា​ធនាគារ​ដំបូង​គេ ដែល​ដំឡើង​ម៉ាស៊ីន ATM អន​ឡាញ ជា​ប្រវត្តិសាស្ត្រ​ក្នុងប្រទេស​កូរ៉េ រហូត ដល់​ទទួល​ពានរង្វាន់​ជា​ធនាគារ​ល្អ​បំផុត​នៅក្នុង​ប្រទេស​កូរ៉េ​ជាច្រើន​ដង និង​មាន​ប្រតិបត្តិការ​ក្នុងប្រទេស​ជាង​ 20 ធនាគារ អ៊ូ​រី (​កូរ៉េ​) បានបង្ហាញ​ជាប្រចាំ​ថា​យើង​មាន​ភាព​ច្នៃប្រឌិត គួរឱ្យ​ទុកចិត្ត និង​តែងតែ​ផ្តោត​សំខាន់​លើ​ការកែលម្អ​គ្រប់​ទិដ្ឋភាព​នៃ​ដំណើរ​ធនាគារ​របស់​អតិថិជន​។​

​ការយកចិត្តទុកដាក់ និង​បទ​ពិសោធ​ដូចគ្នានេះ នឹង​ត្រូវបាន​ប្រើប្រាស់​ឱ្យអស់​សក្តានុពល​របស់​ខ្លួន​នៅទីនេះ​។ អតិថិជន​កម្ពុជា​អាច​រំពឹងថា ​ធនាគារ​ដែល​នៅទីនេះ​នឹង​រីកចម្រើន​ជាមួយ​ពួកគេ ដោយសារ​ពួកយើង​តែងតែ​ច្នៃប្រឌិត​សម្រាប់​ពួកគេ​ជា​រៀងរាល់ថ្ងៃ​។​

​តើ​លោកអ្នក​អនុវត្ត​យុទ្ធ​​សាស្ត្រ បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) នៅក្នុង​ផែនការ​សាជីវកម្ម​របស់លោក​យ៉ាងដូចម្តេច​?

​នៅពេលដែល​អាជីវកម្ម​របស់​យើងខ្ញុំ​បន្ត​ពង្រីក និង​រីកចម្រើន ការទទួល​ខុសត្រូវ​សង្គម​របស់​ធនាគារ​យើងខ្ញុំ នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ចំពោះ​ផែនការ​របស់​យើងខ្ញុំ ខណៈដែល​យើងខ្ញុំ​កំពុង​សម្លឹងមើល​ទៅដល់​ការផ្តល់​ត្រឡប់​ទៅ​លោកអ្នក​ដែល​ខ្វះខាត​វិញ​។

​ដើម្បី​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់ យើង​បាន​បរិច្ចាគ​គ្រឿងឧបភោគ​​បរិភោគ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្តបាត់ដំបង និង​បាន​បរិច្ចាគ​ថវិកា​បន្ថែម​ដល់​គ្រួសារ ​ដែល​រង​ផលប៉ះពាល់​ទូទាំងប្រទេស​។ លើសពីនេះ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) បាន​បង្កើត​កម្មវិធី​ពិ​សេសមួយ​ដែលមាន​ឈ្មោះថា «Best Child Program» ដើម្បី​ឧបត្ថម្ភ​ដល់​អតិថិជន​ល្អ​បំផុត​របស់​កុមារ ។ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ក៏បាន​ដាក់ឱ្យ​ដំណើរការ​នូវ «​គណនី​ប្រាក់​បញ្ញើ​សប្បុរស​» ដែល​អនុញ្ញាតឱ្យ​អតិថិជន​របស់​យើងខ្ញុំ​ទទួលបាន​អត្រា​ការប្រាក់​រហូតដល់ 7.85 ភាគរយ ហើយក៏​អាច​បរិច្ចាគ​ដល់​អង្គការ​សប្បុរសធម៌​ផងដែរ អង្គការ​ទាំងនោះ​រួមមាន មូលនិធិ​គន្ធបុប្ផា​កម្ពុជា មូលនិធិ​ធម្ម​ឱសថ មូលនិធិ​ដុន​បូ​ស្តូក​ម្ពុ​ជា មន្ទីរពេទ្យ​កុមារ​អង្គរ និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ជាដើម​។​

​ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ ​19 ​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​បរិច្ចាគ​ជា​សាច់ប្រាក់​ដល់​ក្រសួង​សុខា​ភិ​​បាល ដើម្បី​ឆ្លើយតប​នឹង​ការ​រាតត្បាត​ដំបូង បរិច្ចាគ​បរិក្ខារ​ពេទ្យ​ដល់​មន្ទីរ​​ពេទ្យ ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា និង​បាន​ចូលរួមចំណែក​បន្ថែម​ដល់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​កិច្ច​​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទិញ​វ៉ាក់សាំង​។ បរិស្ថាន សង្គម និង​អភិបាលកិច្ច តែង​តែ​ជា​ផ្នែក​មួយ​នៃ​ធនាគារ អ៊ូ​រី​។ នៅ​ធនាគារ អ៊ូ​រី យើង​ជឿជាក់​លើ​ការគាំទ្រ​ប្រជាជន​កម្ពុជា ជម្នះ​រាល់​ឧបសគ្គ​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​តែងតែ​នៅទីនេះ​សម្រាប់​ប្រជាជន​កម្ពុជា​។​

​តើ​ទីផ្សារ​អាស៊ីអាគ្នេយ៍​មាន​សារៈសំខាន់​យ៉ាងណា​ចំពោះ ការពង្រីក​ក្នុង​តំបន់​របស់​ធនាគារ​អ៊ូ​រី​?

​ធនាគារ អ៊ូ​រី រំពឹងថា​ នឹង​ឈានដល់​ប្រហែល 920 ​លាន​ដុល្លារ នៅក្នុង​ផលប​ត្រ​ប្រាក់កម្ចី​នៅ​ឆ្នាំ​ 2021 ខណៈ​ប្រាក់​បញ្ញើ​នឹង​កើន​ឡើងដល់ 186​ លាន​ដុល្លារ ខណៈ​ទ្រព្យសកម្ម​សរុប​បាន​កើន​ឡើងដល់​ប្រហែល 1.1 ពាន់​លាន​ដុល្លារ ហើយ​អតិថិជន​របស់​យើងខ្ញុំ​បាន​កើនឡើង​ដល់​ជាង 320,000 ​នាក់​។

​សរុបមក យើងខ្ញុំ​បាន​កត់ត្រា​កំណើន​ប្រាក់ចំណេញ ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ និង​រក្សាបាន​នូវ​គុណភាព​ទ្រព្យសកម្ម​ដ៏​ល្អ​។ ផ្នែក​សំខាន់​នៃ​ភាព ជោគជ័យ​របស់​យើងខ្ញុំ គឺ​ត្រូវបាន​កសាងឡើង​នៅលើ​ភាព​ពេញចិត្ត និង​ជំនឿ​ចិត្ត របស់​ម្ចាស់​ភាគហ៊ុន​របស់​យើងខ្ញុំ​។ ជាច្រើន​ឆ្នាំ​មកនេះ ម្ចាស់​ភាគហ៊ុន​របស់​យើងខ្ញុំ បានបង្ហាញ​ម្តង​ហើយ​ម្តង​ទៀតថា ពួកគាត់​ជឿជាក់​លើ​ប្រទេស​កម្ពុជា​កម្រិតណា​ជាមួយនឹង​ការគាំទ្រ​ជា​បន្តបន្ទាប់ ទាំង​ការចែករំលែក​បទពិសោធ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។ ដូច្នេះ វា​ប្រាកដ​ណាស់​ថា តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​ចំពោះ​ផែនការ​ពង្រីក​របស់​ធ​នាគារ អ៊ូ​រី​។

តើ​លោក​អ្នកមាន​អនុសាសន៍​អ្វី​បន្ថែម​ដែរឬទេ​?

​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ម្ចាស់​ភាគហ៊ុន អាជ្ញាធរ​ពាក់ព័ន្ធ និង​បុគ្គលិក​ទាំងអស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ ក្នុងការ​អនុវត្ត និង​គាំទ្រ​យុទ្ធសាស្ត្រ​របស់​យើងខ្ញុំ និង​ការណែនាំ​ជា​បន្តបន្ទាប់​សម្រាប់​ប្រតិបត្តិការ ក៏​ដូចជា​ទំនុកចិត្ត​ចំពោះ​ចក្ខុវិស័យ​របស់​យើងខ្ញុំ ដើម្បី​សម្រេចបាន​នូវ​គោល​ដៅ និង​គោលបំណង​របស់​យើងខ្ញុំ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ដ៏​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អ្នក​ទាំងអស់គ្នា ពីព្រោះ​សមិទ្ធផល​ទាំងអស់នេះ នឹង​មិនអាច​សម្រេចបាន​ឡើយ បើ​គ្មាន​អ្នក​ទាំង​​អស់​គ្នា​។​

​យើងខ្ញុំ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ដឹកនាំ និង​គាំទ្រ​ធនាគារ អ៊ូ​រី ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព នៅពេលដែល​យើងខ្ញុំ​ឈានទៅ​ទំព័រ​បន្ទាប់ ដើម្បី​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​៕