​ធនាគា អ៊ូ​រី ខេ​ម​បូ​ឌា បានទទួល​អាជ្ញាប័ណ្ណ​ជាធ​នាគា​ពាណិជ្ជ នៅ​ដើមឆ្នាំ ​2020 នេះ ដោយ​វិ​វ​ឌ្ឍ​ខ្លួន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​​ប៊ី ហ្វា​យ​នែ​ន​។ ការ​បំប្លែង​ខ្លួន​នេះ កាន់តែ​ផ្តល់​ទំនុកចិត្ត​ឱ្យ​វិស័យ​ធនា​​គារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន តាមរយៈ​ស្ថាប័នហិរញ្ញវត្ថុ​ដែលមាន​ភាពរឹងមាំ​យូរអង្វែង​ពី​គ្រួសារ​ធនាគារ​ដែលមាន​អាយុកាល​រហូតដល់ 123 ​ឆ្នាំ​មកហើយ​។

​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ធនា​គារ អ៊ូ​រី គឺជា​ធនាគារ​ក្នុងស្រុក​មួយ​ក្នុងចំណោម​ធនាគារ​ធំជាងគេ​ទាំង​ 4 នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ខណៈពេលដែល​សហ​ភា​ហ៊ុ​និក​នៃ ធនាគារ អ៊ូ​រី ស្រុះស្រួល​គ្នា​បង្កើតឡើង​ក្នុង​ឆ្នាំ​1899 ក្រោម​ឈ្មោះ​ធនាគារ Daehan Cheon-il។ ក្នុង​ឆ្នាំ ​2022 នេះ គឺជា​ឆ្នាំ​គ្រប់​ខួប 123 ឆ្នាំ​របស់​ធនាគារ អ៊ូ​រី ហើយ​ធនាគារ​នឹង​បន្ត​រីកចម្រើន​នៅ​សតវត្សរ៍​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ក្លាយជា​ស្ថាប័នហិរញ្ញវត្ថុ​ដែល​តែងតែ​នៅ​ជិត​អតិថិជន​បំផុត​។

​នៅ​ឆ្នាំ ​2021 ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) បានទទួល​ដើមទុន​ចំនួន 100 ​លាន​ដុល្លារ ពី​ធនាគារ អ៊ូ​រី (​កូរ៉េ​) ​ដែលជា​ម្ចាស់​ភាគហ៊ុន​តែមួយគត់​របស់ខ្លួន និង​ជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​របស់​កូរ៉េខាងត្បូង ធ្វើឱ្យ​ដើមទុន​ចុះបញ្ជី​កើន​ដល់ 176 ​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​កំណើន និង​បង្កើនល្បឿន​នៃ​ការពង្រីក​អាជីវកម្ម​បន្ថែម​។ ធនាគារ អ៊ូ​រី មាន​បណ្តាញ​អន្តរជាតិ​ដ៏​ធំ​ទូលាយ​នៅ​ទូទាំង​ពិភពលោក ដោយ​ផ្តល់នូវ​ការវិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម សេវា​ធនាគារ​បុគ្គល និង​វិស័យ​ធនាគារ​ជាច្រើន​ទៀត តាមរយៈ​បណ្តាញ​ប្រតិបត្តិការ​ក្នុងស្រុក​ចំនួន 747​ សាខា និង​ក្រៅ​ស្រុក​ចំនួន 451 ​សាខា នៅក្នុង 23 ​ប្រទេស​។​

​នៅ​ចុងឆ្នាំ ​2020 ធនាគារ អ៊ូ​រី មានទ្រព្យ​សកម្ម​សរុប​ចំនួន 344 ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​ផលប​ត្រ​ឥណទាន​កម្ចី​សរុប 276 ​ពាន់​លាន​ដុល្លារ ប្រាក់ចំណេញ​ប្រតិបត្តិការ 1.8 ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់ចំណេញ​សុទ្ធ 1.3 ​ពាន់​លាន​ដុល្លារ​។​

​ការ​ក្លាយជា​ធនាគារពាណិជ្ជ​នៅ​កម្ពុជា វា​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​សម្រាប់ ធនាគារ អ៊ូ​រី ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ដែល​ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​ធនាគារ អ៊ូ​រី បានសម្រេច​ទិញយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ VisionFund (Cambodia) កាលពី​ខែមិថុនា ឆ្នាំ​ 2018​។

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឯ​.​ក និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អ៊ូ​រី ហា្វ​យ​នែ​ន ត្រូវបាន​គួប​បញ្ចូល​គ្នា​ទៅជា​ស្ថាប័ន​តែមួយ​ឈ្មោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដាប់​​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ឯ​.​ក ដែល​ទទួល​ការអនុម័ត​ពី​ធនាគារជាតិនៃ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ក្នុង​ឆ្នាំ ​2020។ ចំណែកឯ អ៊ូ​រី ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​) ភីអិលស៊ី ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ 2010 ដោយ​ទទួលបាន​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ពី ធនាគារជាតិ នៃ​កម្ពុជា នៅ​ដើមឆ្នាំ​ 2011​។

ដំណើរ​​វិវឌ្ឍន៍​របស់​ធនាគា​រ​ពាណិជ្ជ​ថ្មី​នេះ គឺ​បានចាប់ផ្តើម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ​1990 នៅពេលដែល វី​សិន​ហ្វា​ន់ (​ខេ​ម​បូ​ឌា​) ត្រូវបាន​បង្កើតឡើង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ​1990 ជា​កម្មវិធី ឥណទាន​ខ្នាតតូច​។ ក្រោម​ជំនួយ​ពី​អង្គការ World Vision International Cambodia វា​ត្រូវបាន​បង្កើតឡើង​ ដើម្បី​ជួយ​ដល់​កុមារ តាមរយៈ​ការជួយ​អាជីវកម្ម​គ្រួសារ​របស់​ពួកគេ​ឱ្យ​រីកចម្រើន ជាមួយនឹង​ការផ្តល់​កម្ចី​ខ្នាតតូច​។

នៅ​ឆ្នាំ ​2000 ​វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា ត្រូវបាន​គេ​ដាក់ឈ្មោះថា​ ជា​កម្មវិធី​អភិវឌ្ឍន៍​សហ​​គ្រាស​ខ្នាតតូច (MED) ដែលជា​កម្មវិធី​ឥណទាន​មួយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក និង​បាន​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី ដោយមាន​ឈ្មោះថា វី​សិន​ហ្វា​ន់ (​ខេ​ម​បូ​ឌា​) អិ​ល​ធី​ឌី នៅ​ក្រសួងពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ​2003​។ នៅ​ខែមីនា​ឆ្នាំ​បន្ទាប់ វា​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ឈ្មោះ​ជា វី​សិន​ហ្វា​ន់ (​ខេ​ម​បូ​ឌា​) អិ​ល​ធី​ឌី ក្រោយមក​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ (MDI) ក្នុង​ឆ្នាំ ​2011​។

ក្នុង​ឆ្នាំ ​2016 ធនាគារ អ៊ូ​រី បាន​សម្ពោធ​ការិយាល័យ​កណ្តាល​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ​នៅ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​បឹង​កេងកង ​1 ក្រោម​វត្តមាន​របស់លោក​​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ​លោក William A Heidt ព្រមទាំង​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ទាំង​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​។​

​នៅ​ឆ្នាំ​ដដែល ធនាគារ អ៊ូ​រី បានទទួល​វិញ្ញាបនបត្រ​ស្តីពី​ការការពារ​អតិថិជន​ពី Smart Campaign សម្រាប់​ការបំពេញ​តាម​ស្តង់ដា​ដ៏​រឹងមាំ​នៃ​ការការពារ​អតិថិជន ខណៈ​នៅ​ឆ្នាំ​ 2017 ទទួលបាន​វិញ្ញាបនបត្រ​អនុលោមភាព​សារពើពន្ធ ប្រភេទ​មាស​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយក៏​បានក្លាយ​ជាស​មា​ជិ​ក​ស្ថាបនិក​នៃ​គម្រោង FAST របស់​ធនាគារជាតិ នៃ​កម្ពុជា (NBC)​។​

​គិត​ត្រឹម​ខែធ្នូ ឆ្នាំ ​2021 ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក មាន​ផលប​ត្រ​ឥណទាន​ចំនួន 914 ​លាន​ដុល្លារ​អាមេរិក សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ចំនួន 215 ​លាន​ដុល្លារ​អាមេរិក ទ្រព្យសកម្ម​សរុប​ចំនួន 1.2 ​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​ចំនួន​អតិថិជន​សរុប 327,000 ​នាក់​៕