​ខណៈ​រមណីយដ្ឋាន​ឆ្នេរ​សុខា គឺជា​ទីតាំង​សម្រាប់​រៀបចំ​វេទិកា​ទេស​​ចរណ៍​អាស៊ាន លើក​ទី​៤០ (ATF 2022) ចាប់ពី​ថ្ងៃទី ​១៦-២២ ខែមករា គោលដៅ​វិស្សមកាល​ប្រណីត​លំដាប់​ផ្កាយ ​៥ ​មួយ​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ខេត្ត​ព្រះសីហនុ​ទៅដល់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។​

​ប្រធាន​គ្រប់គ្រង​ទូទៅ លោក ថៃ តារា មានប្រសាសន៍ថា វា​ជា​កិត្តិយស​មួយ​សម្រាប់​រមណីយដ្ឋាន​ឆ្នេរ​សុខា ដែល​ត្រូវបាន​ជ្រើសរើស​ជាទី​កន្លែង​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​មួយ​នេះ​។

«​វា​មាន​អត្ថន័យ​ខ្លាំងណាស់​សម្រាប់​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ជ្រើស​​រើស​ជា​គោលដៅ​សម្រាប់​វេទិកា​ទេស​​ចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ ហើយ​វា​ជា​កិត្តិយស​សម្រាប់​ពួកយើង​ផ្ទាល់​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។ ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិ​​ការណ៍​នេះ នឹង​ជួយ​ឱ្យ​យើង​ផ្សព្វផ្សាយ​ខេត្ត​ព្រះសីហនុ និង​ប្រទេស​កម្ពុជា​ទាំងមូល ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក ក៏ដូចជា​រមណីយ​ដ្ឋា​ន​ឆ្នេរ​សុខា​ផងដែរ​»​។​ «​នៅពេលដែល​ពួកគេ​មក​ទីនេះ​សម្រាប់​វេទិកា ATF ពួកគេ​នឹង​ទទួលបាន​នូវ​អារម្មណ៍​ដូច​ភ្ញៀវ​របស់​យើង​​ដែរ គឺ​វា​ពិតជា​អស្ចារ្យ​ណាស់​! គ្មាន​កន្លែង​ណា​អាច​ប្រៀប​បានទេ​»​។

ATF បញ្ជាក់ថា ខ្លួន​មាន​គោល​​បំណង ​«​ផ្តល់​វេទិកា​មួយ​ដើម្បី​លើកទឹកចិត្ត​ដល់​កិច្ចសហការ​រវាង​រដ្ឋ​ជាស​មា​​ជិ​ក​អាស៊ាន និង​ដើម្បី​លើកកម្ពស់​តំបន់​ជា​ទិសដៅ​តែមួយ ជាមួយនឹង​វប្បធម៌​ចម្រុះ​»​។​

​ប្រធានបទ​នៃ​វេទិកា ATF ឆ្នាំនេះ​គឺ «​អាស៊ាន​៖ សហគមន៍​សន្តិភាព និង​វាសនា​តែមួយ​» (ASEAN: A Community of Peace and Shared Future) ដែល​នឹង​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក្នុងនាម​ជា​ភាគី​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រព័ន្ធ​អេកូ​ទេសចរណ៍​ក្នុង​តំបន់​។​

​ជាមួយនឹង​ស្ថាបត្យកម្ម​ដ៏​ប្រណីត ទីតាំង​ដ៏​ស្រស់ត្រកាល បង្កើតបាន​បរិយាកាស​សម្រាកលម្ហែ ដ៏​ល្អ​ឥត​​ខ្ចោះ ហើយ​រមណីយដ្ឋាន​ឆ្នេរ​សុខា គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​បង្ហាញ​អំពី​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ថៃ តារា ប្រធានគ្រប់គ្រងទូទៅរមណីយដ្ឋានឆ្នេរសុខា។ហេង ជីវ័ន

«​ជាមួយនឹង​សួនច្បារ​រំលេច​ដោយ​ដើមត្នោត​ជា​ជួរ និង​ឆ្នេរ​ខ្សាច់​សក្បុស​ដ៏​ស្រស់ស្អាត​ប្រវែង ​១,៥ ​គីឡូម៉ែត្រ រមណីយដ្ឋាន​ឆ្នេរ​សុខា មាន​បរិស្ថាន​ធម្មជាតិ​និង​សំណង់​អគារ​ដ៏​ប្រណីត ដែល​វាពិតជា​កន្លែង​ដ៏​អស្ចារ្យ​បំផុត​»​។

​លោក តារា បាន​បន្ថែមថា​៖ «​យើង​ស្ថិតនៅលើ​ផ្ទៃដី​ជាង ៣០ ហិកតា អមដោយ​ឆ្នេរសមុទ្រ​ដែលមាន​ទេសភាព​ដ៏​ស្រស់ស្អាត ក្នុងនោះ​មាន ៩៦៩ បន្ទប់ ដ៏​ប្រណីត ជា​ប្រភេទ suites, chalets និង​វីឡា ដែល​ត្រូវបាន​រចនា​បែប​ខ្មែរ និង​សម័យ​ទំនើប ជាមួយនឹង​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​ចំនួន​ ៦ សម្រាប់​ស្វាគមន៍​ទាំង​អតិថិជន​ខ្មែរ អាស៊ី និង​បស្ចិមប្រទេស​»​។

​រមណីយដ្ឋាន​ឆ្នេរ​សុខា បាន​ចាប់​​ផ្តើម​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០ ជា​វីឡា​ឆ្នេរ​ប្រណីត​ចំនួន​ ១០ ដែល​នៅតែ​ជា​ចំណុចកណ្តាល​នៃ​រមណីយដ្ឋាន​នេះ ដោយ​ម្ចាស់​បច្ចុប្បន្ន​បាន​ពង្រីក​អចល​​ន​ទ្រព្យ​មួយ​នេះ បន្ទាប់ពី​បាន​ទិញ​នៅ​ឆ្នាំ ​២០០៤​។

«​រឿងនេះ​បានចាប់ផ្តើម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០ «​យុគមាស​» ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហនុ ជាមួយនឹង​បាង​ហ្គា​ឡូ​​ដ៏​ប្រណីត​ចំនួន​ ១០ ដែល​ត្រូវបាន​សាង​​សង់​នៅលើ​ឆ្នេរ​សុខា ជា​ «​ម៉ូ​​តែ​ល​សុខា​» ( Motel Sokha) ដែលជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ដំបូង​នៃ​ខេត្ត​ព្រះសីហនុ និង​ឧស្សាហកម្ម​ទេស​​ចរណ៍​របស់​កម្ពុជា​»​។

«​ក្នុង​ឆ្នាំ ​២០០៤ ឧស្សាហកម្ម​ទេស​​ចរណ៍​កម្ពុជា​នៅមានកម្រិត​នៅឡើយ ហើយ​សណ្ឋាគារ​សុខា​បានជ្រើសរើស​កន្លែង​ដ៏​ស្រស់ស្អាត​នេះ ដើម្បី​សាង​​សង់​រមណីយដ្ឋាន​វិស្សមកាល​ស្តង់ដា​​អន្តរជាតិ ដែលជា​ផ្នែក​មួយ​នៃ​ការ​​ជំរុញ​ឱ្យ​វារ​ស់​ឡើងវិញ ដើម្បី​ផ្សព្វ​​ផ្សាយ​ព្រះរាជាណាចក្រ​កម្ពុជា ជា​​គោលដៅ​ទេសចរណ៍​កំពូល​»​។

​លោក តារា ថ្លែងថា​៖ «​បច្ចុប្បន្នរមណីយដ្ឋាន​ឆ្នេរ​សុខា បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ស្តង់ដា​អន្តរជាតិ និង​មាន​អ្វីៗ​គ្រប់យ៉ាង​ដែល​អ្នក​ចង់បាន​ពី​​រមណីយដ្ឋាន​លំដាប់​ផ្កាយ​ ៥ ​មួយ​នេះ គួបផ្សំ​នឹង​បទពិសោធ​នៃបដិ​ស​ណ្ឋា​រ​កិច្ច​របស់​ខ្មែរ​ដ៏​ពិសេស​»​។

​លោក​ថ្លែងថា​ នេះ​ជាការ​អនុលោម​តាម​បេសកកម្ម​របស់​សណ្ឋាគារ​សុខា ក្នុងការ​ផ្តល់នូវ​​បទពិសោធ ប​ដិ​ស​ណ្ឋា​រ​កិច្ច​ខ្មែរ ដែល​មិនអាច​បំភ្លេចបាន គឺ​តាមរយៈ​ការបង្កើត​នូវ​​អារម្មណ៍​មួយ ដែល​បេះ​​ដូង​របស់​ពួកគេ​ចង់បាន​។

«​នៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា យើង​ខិតខំ​លើកកម្ពស់​បដិសណ្ឋារកិច្ច​ខ្មែរ ដោយ​ផ្តល់​ការយកចិត្តទុកដាក់ និង​ស្នាមញញឹម​ដ៏​កក់ក្តៅ​ទៅកាន់​ពិភព​​លោក​»​។

បឹងកាឡូដ៏ប្រណីតនៅរមណីយដ្ឋានឆ្នេរសុខា។ហេង ជីវ័ន

​មាន​ដើមកំណើត​នៅ​ខេត្តសៀមរាប និង​មាន​បទពិសោធ​ការងារ​រយៈពេល ១៦​ ឆ្នាំ​នៅ​សណ្ឋាគារ សុខា លោក​បន្តថា​៖ «​ទស្សនៈ​របស់​សណ្ឋាគារ​សុខា គឺ​ចាត់ទុក​បុគ្គលិក​ជា​គ្រួសារ​តែមួយ​។ ទាំងនេះ​គឺជា​ផ្នែក​ទាំងមូល​នៃ​យុទ្ធសាស្ត្រ​រួម និង​និរន្តរភាព​របស់​យើង​ចំពោះ​រមណីយដ្ឋាន​នេះ​។ ការ​គោរព​ដែល​យើង​បង្ហាញ​ដល់​ភ្ញៀវ និង​បុគ្គលិក​របស់​យើង គឺ​ត្រូវបាន​ឆ្លុះ​បញ្ចាំង​នៅក្នុង​ការគោរព​ដែល​យើង​បង្ហាញ​ចំពោះ បរិស្ថាន និង​ឆ្នេរ​។

«​បទពិសោធ​ដ៏​អស្ចារ្យ​នៃ​ការ​ស្នាក់​​នៅ​សណ្ឋាគារ​សុខា គឺ​ត្រូវ​បានបង្ហាញ​តាមរយៈ​ការ​ត្រឡប់មក​ស្នាក់នៅ​វិញ​របស់​ភ្ញៀវ ដែល​ពួកគេ​ចាត់ទុក​ពួកយើង​ដូចជា​ផ្ទះ​ទី​២»​។

​លោក​តារា​បន្ថែមថា​៖ «​ភ្ញៀវ​មួយចំនួន​របស់​យើង​មក​ទីនេះ​តាំងពី​កុមារ ហើយ​ម៉ាក​យីហោ​របស់​យើង គឺ​រឹង​​មាំ ដែល​ឥឡូវនេះ​ពួកគេ​ក្លាយជា​ឪពុកម្តាយ ហើយ​ពួកគេ​ក៏​នាំ​កូន​របស់​ពួកគេ​មក​ទី​នេះដែរ​។ ប្រវត្តិសាស្ត្រ​ត្រូវបាន​កសាង​ឡើងជា​បន្ត​បន្ទាប់​នៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា​សម្រាប់​គ្រប់​ជំនាន់​»​។​

«​ដោយ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដា​កូ​វីដ ​១៩ របស់​រដ្ឋាភិបាល យើង​កំពុង​រង់ចាំ​ស្វា​​គម​ន៍​ភ្ញៀវ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រកបដោយ​សុវត្ថិភាព ជាមួយនឹង​បដិសណ្ឋារកិច្ច​ខ្មែរ​»​។​

«​សុខា ប្រែ​ថា «​វិបុលភាព និង​សុភមង្គល​» ហើយ​យើង​មាន​គោល​​បំណង​ផ្តល់ជូន​ចំណុច​នេះ និង​ផ្តល់​ការស្វាគមន៍​ដ៏​កក់ក្តៅ​បំផុត​ដល់​ភ្ញៀវ​ស្នាក់នៅ និង​ដើម្បី​ជា​ជម្រើស​ទី​១ ​សម្រាប់​ទេសចរ​នៅ​កម្ពុជា​»៕