ប្រធាន​គ្រប់គ្រង​ទូទៅ​សណ្ឋាគារ​​ឯករាជ្យ (Independence Hotel by Dara) លោក Eap Boun Kean ថ្លែងថា សណ្ឋាគារ​ដ៏​ល្បីល្បាញ​ដែល​គេ​ស្គាល់​ថា «Grande Dame» កំពុង​រង់ចាំ​ស្វាគមន៍​ដ៏​កក់ក្តៅ ចំពោះ​ភ្ញៀវ​ដែល​ចង់​មក​សម្រាកលម្ហែ​នៅ​ទីកន្លែង​ស្ងប់ស្ងាត់ និង​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល​នេះ​។​

​ស្ថិតនៅលើ​ផ្ទៃដី​ជាង​ ៣៥​ ហិកតា អមដោយ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​​ស្អាត និង​ឆ្នេរ​ខ្សាច់​ប្រវែង​ប្រមាណ​ ១​ គីឡូម៉ែត្រ ជាមួយ​អាង​ហែល​ទឹក​ដែល​អាច​មើលឃើញ​ផ្ទៃសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ សណ្ឋាគារ​ឯករាជ្យ គឺជា​ទីកន្លែង​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ភ្ញៀវ​មក​សម្រាកលម្ហែ និង​បន្ធូរ​អារម្មណ៍ ដើម្បី​គេចចេញ​ពី​ភាព​តានតឹង និង​ជីវិត​អ៊ូ​​អរ​ក្នុង​ទីក្រុង​។​

«​សណ្ឋាគារ​ឯករាជ្យ ​គឺជា​សណ្ឋាគារ​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​ព្រះសីហនុ មាន ១៥៧ ​បន្ទប់ នៅលើ​ផ្ទៃដី ៣៥​​ ហិកតា គឺ​យើង​មាន​បរិយាកាស​ដ៏​កក់ក្ដៅ ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​»​។​

«​ការ​ស្នាក់នៅ​សណ្ឋាគារ​ឯករាជ្យ​ គឺមាន​ចម្ងាយ​តែ​ប្រមាណ ៥ ​នាទី​ប៉ុណ្ណោះ​ពី​ឆ្នេរសមុទ្រ ពី​ព្រៃព្រឹក្សា ក៏ដូចជា​អាង​ហែល​ទឹក​។ នៅទីនេះ​ភ្ញៀវ​ចូលចិត្ត​ដើរ និង​ជិះ​កង់​កម្សាន្ត​នៅ​តំបន់​ជុំវិញ​ដ៏​ស្រស់បំព្រង​របស់​យើង ដែលមាន​សម្រស់​ធម្មជាតិ​និង​ឆ្នេរ​ដ៏​ស្រស់ស្អាត​»​។

​លោក Boun Kean ថ្លែងថា​៖ «​ចំណុច​ទាក់ទាញ​ធំ​បំផុត​មួយ​របស់​យើង​នៅទីនេះ គឺ​អ្នក​អាច​រីករាយ​នឹង​សកម្មភាព​កម្សាន្ត​នៅ​ខាងក្រៅ​ដោយ​សុវត្ថិភាព ដូចជា ការ​ជិះ​កង់ និង​ដើរ​​ជុំវិញ ដើម្បី​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ដើម្បី​បាន​សុខភាព​ល្អ និង​អារម្មណ៍​ស្រស់ស្រាយ​»​។

សណ្ឋាគារស្ថិតលើផ្ទៃដីជាង ៣៥ ហិកតា ជាមួយធម្មជាតិដ៏ស្រស់ត្រកាល។

​ទេសចរណ៍​ធុរកិច្ច (MICE) គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការមេ​របស់​អាជ្ញាធ​រ​ខេត្ត​ព្រះសីហនុ​សម្រាប់​ទីក្រុង ហើយ​លោក Boun Kean បាន​មាន​​ប្រសាសន៍ថា សណ្ឋាគារ​ឯករាជ្យ​ក៏​មាន​បរិក្ខារ​គ្រប់គ្រាន់​សម្រាប់​អ្នក​ទេស​​ចរ​ធុរកិច្ច​នេះដែរ​។

«​សណ្ឋាគារ​ឯករាជ្យ គឺ​ជាស​ណ្ឋា​គារ​សម្រាប់​ទេសចរ​ធុរកិច្ច (MICE) និង​ផ្តោតលើ​អាជីវកម្ម ដូច្នេះ​យើង​មាន​ទីតាំង​ដ៏​ល្អ​ក្នុងការ​ទាក់ទាញ​ទេស​ចរ​ធុរកិច្ច ហើយ​យើង​តែងតែ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការរៀបចំ​ជំនួប​នៅក្នុង​វិស័យ​សាជីវកម្ម​ធំៗ​»​។

«​ថ្មីៗ​នេះ​យើង​បានរៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ ​២០២១ ជា​ព្រឹត្តិការណ៍​ក្នុង​តំបន់​ដ៏​ធំ​ ដែល​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការ​រឹតត្បិត​ជំងឺ​កូ​វីដ​ត្រូវបាន​បន្ធូរបន្ថយ ហើយ​យើង​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ប្រទេស​ចំនួន​ ១១ រួមមាន ប្រទេស​ចិន កូរ៉េខាងជើង ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ហ្វីលីពីន កូរ៉េខាងត្បូង សិង្ហ​បុរី ទី​ម័​រ​ខាងកើត និង​វៀតណាម សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​បែបនេះ​»​។​

​លោក Boun Kean បន្ថែមថា​៖ «​ចាប់ពី​ថ្ងៃទី ១៦-២២ ខែមករា យើង​ក៏​នឹងធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ផងដែរ​។ បច្ចុប្បន្ន អតិថិជន​របស់​យើង​ ៩០ ​ភាគរយ​ជា​ជនជាតិខ្មែរ ខណៈ ១០ ​ភាគរយ​ទៀត​ជា​ជនបរទេស ហើយ​បុគ្គលិក​ជំនាញ​របស់​យើង​នឹង​ផ្តល់​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ដើម្បី​ធានាបាន​នូវ​ការ​ស្នាក់​នៅ​ដ៏​រីករាយ​បំផុត​»​។

«​ជាមួយនឹង​កន្លែង​ស្នាក់នៅ តម្លៃ​ចាប់ពី ៨០ ​ដុល្លារឡើងទៅ សណ្ឋាគារ​ឯករាជ្យ គឺ​ស្ថិតនៅក្នុង​ជួរ​នៃ​តម្លៃ​សមរម្យ​បំផុត​។ ស្នាក់​នៅទីនេះ ​គឺមាន​ភាពងាយស្រួល និង​មានតម្លៃ​សមរម្យ ទាំង​សម្រាប់​ទេសចរ​លក្ខណៈ​គ្រួសារ និង​បុគ្គល​»​។

​លោក​បន្តថា​៖ «​ក្នុងតម្លៃ​តិចជាង ​២០០ ​ដុល្លារ គ្រួសារ​មួយ​អាច​ស្នាក់​​នៅទីនេះ​បាន​ ២ ឬ ​៣ ​យប់​ ជាមួយនឹង​អាហារ និង​ការ​សម្រាក​នៅក្នុង​បរិ​យា​​កាស​ដ៏​ស្ងប់ស្ងាត់ ហើយ​រីករាយ​ជា​​មួយ​អ្វីៗ​ដែល​យើង​ផ្តល់ជូន​»​។​

លោក Eap Boun Kean ប្រធានគ្រប់គ្រងទូទៅសណ្ឋាគារឯករាជ្យ។ ហេង ជីវ័ន

​ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ​ ១៩៦៣ ក្នុងឱកាស​អបអរសាទ​រ​ក្រោយ​ប្រទេស​កម្ពុជា​ទទួលបាន​​ឯករាជ្យ​ពី​បារាំង​បាន ​១០ ​ឆ្នាំ និង​ឆ្លុះ​​បញ្ចាំង​ពី​សុទិដ្ឋិនិយម​នៃ​សម័យកាល​នោះ សណ្ឋាគារ​ឯករាជ្យ​ដែល​គេ​ស្គាល់​ថា ​សណ្ឋាគារ​​ ៧ ​ជាន់ គឺជា​អគារ​ខ្ពស់​បំផុត​នៅ​កម្ពុជា នាពេលនោះ​។

​អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត ក៏​ជា​ភ្ញៀវ​ធ្លាប់​ស្នាក់នៅ​ទីនោះ​ដែរ ហើយ​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​​ព្រះ​នរោត្តម សីហនុ មក​បំពេញ​​ទស្សនកិច្ច​នៅ​កម្ពុជា លោក ជំទាវ Jacqueline Kennedy ក៏បាន​ស្នាក់នៅ​សណ្ឋាគារ​ឯករាជ្យ​ដែរ ក្នុង​ឆ្នាំ ​១៩៦៧ និង​បាន​ស្នាក់​នៅក្នុង​បន្ទប់ presidential suite ដែល​ឥឡូវ​ត្រូវបាន​ដាក់​តាម​ឈ្មោះ​លោកជំទាវ​។

​ត្រូវបាន​រចនា​ដោយ​ស្ថាបត្យករ​ជនជាតិ​បារាំង Leroy និង Mondet សណ្ឋាគារ​ដែល​ត្រូវបាន​គេ​ស្គាល់​​ថា​ ជា «Grande Dame» នៃ​វិស័យ​​ទេសចរណ៍​របស់​កម្ពុ​ជា នៅតែ​បង្ហាញ​ពី​ស្មារតី​នៃ​កាលសម័យ​កាលនោះ​។

​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​នេះ​បាន​បន្តថា ចាប់តាំងពី​ថ្ងៃ​ត្រូវបាន​កសាងឡើង នៅក្រោយ​ទទួលបាន​ឯករាជ្យ សណ្ឋាគារ​ឯករាជ្យ នៅតែ​រក្សាបាន​យ៉ាង​ល្អឥតខ្ចោះ​ជា​អគារ​ដ៏​លេចធ្លោ​បំផុត​នៃ​ក្រុងព្រះសីហនុ ខណៈ​ការអភិវឌ្ឍ​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ​ចូលដល់​សតវត្សរ៍​ទី​២១​។

«​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំងណាស់​​សម្រាប់​អនាគត​ខេត្ត​ព្រះសីហនុ​។ ជា​​មួយ​នឹង​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន ខេត្ត​ព្រះសីហនុ​នឹង​ក្លាយទៅជា​ទីក្រុង​បន្ទាប់​របស់​ប្រទេស​កម្ពុជា ​សម្រាប់​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ជាការ​​ពិតណាស់​គឺ​ទេសចរណ៍​»​។​

សណ្ឋាគារស្ថិតលើផ្ទៃដីជាង ៣៥ ហិកតា ជាមួយធម្មជាតិដ៏ស្រស់ត្រកាល។

«​ក្នុងនាម​ជាទី​កន្លែង​ដែលមាន​កំពង់ផែ​ធំ​បំផុត​របស់​កម្ពុជា ខេត្ត​ព្រះ​​សីហនុ និង​បន្ត​ក្លាយជា​អ្នកជំរុញ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​ព្រះរាជា​​ណា​ចក្រ​កម្ពុជា ហើយ​ជាមួយនឹង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត វា​នឹង​នៅតែ​ជា​បេះដូង​នៃ​វិស័យ​ទេសចរណ៍​»​។​

«​ជាមួយនឹង​កំពង់ផែ​សមុទ្រ​ទឹក​​ជ្រៅ និង​កោះ​ចំនួន​ ៣៥ ដែល​ភាគ​​ច្រើន​ធ្វើដំណើរ​តាម​ទូក​តែ ​២០ ​នាទី​ទៅ​​ ១ ​ម៉ោង​ប៉ុណ្ណោះ សមុទ្រ​ គឺមាន​សារៈសំខាន់​ណាស់​ចំពោះ​ភាព​ជោគ​​ជ័យ​របស់​ខេត្ត​ព្រះសីហនុ​»​។​

​លោក Boun Kean មាន​ប្រសា​​សន៍​ថា​៖ «​សណ្ឋាគារ​ឯករាជ្យ ​គឺជា​វត្ថុ​ដំបូង​គេ​ដែល​អ្នកឃើញ​នៅពេល​អ្នក​មកដល់​ទីក្រុង​មាត់សមុទ្រ វា​គឺ​ជាទី​តាំង​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​ព្រះ​សីហនុ​»៕