ក្រសែភ្នែកក្នុងតំបន់នឹងសម្លឹងមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៦-២២ ខែមករា ខណៈដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន (ATF) ២០២២ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំបំផុតនៅអាអាគ្នេយ៍។
បានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវព្រឹត្តិការណ៍មួយចំនួន កាលពីខែមុន ដូចជាមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ២០២១ និងការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ គិតចាប់តាំងពីការបន្ធូរបន្ថយការរឹតបន្តឹងបញ្ហាកូវីដមក ខណៈវេទិកា ATF ២០២២ គឺជាព្រឹត្តិការណ៍ធំបំផុតមួយទៀតដើម្បីបង្ហាញខេត្តព្រះសីហនុទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ។
ទីក្រុងឆ្នេរមួយនេះ ត្រូវបានគេមើលឃើញនូវការអភិវឌ្ឍដ៏ខ្លាំងក្លា ខណៈផែនការមេថ្មីមានគោលបំណងជំរុញឱ្យវាក្លាយជាទីក្រុងនៃច្រកចេញចូល និងប្រែក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ និងទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព ខណៈដែលវានៅតែជារតនភណ្ឌនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។
«ពិតជាមោទនភាពខ្លាំងណាស់ ដែលយើងបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា និងខេត្តព្រះសីហនុ បានដាក់អាទិភាពខ្ពស់ បំផុតទៅលើសុវត្ថិភាព និងរាល់ព័ត៌មានលម្អិតចាំបាច់នៅក្នុងដំណើរការរៀបចំ ដើម្បីធានាថា វេទិកានេះប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានសុវត្ថិភាព ដោយបានគិតគូរយ៉ាងប្រុងប្រយ័ត្ន ទាក់ទងនឹងស្ថានភាពជំងឺកូវីដ ១៩»។
«ខេត្តព្រះសីហនុនឹងឆ្លៀតយកឱកាសនេះ ដើម្បីបង្ហាញសក្តានុពល នៃឆ្នេរសមុទ្រ កោះ និងធនធានធម្មជាតិ ដ៏ស្រស់ស្អាតរបស់ខ្លួន ហើយក៏និងបង្ហាញពីការផ្លាស់ប្តូរនៃការអភិវឌ្ឍដ៏លេចធ្លោ ក្នុងនាមជាតំបន់ទេសចរណ៍ និងការវិនិយោគដ៏ទាក់ទាញបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ផងដែរ»។

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា៖ «ដោយមានការជឿជាក់ចំពោះការធ្វើ ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ខេត្តព្រះសីហនុកំពុងបង្ហាញជាថ្មីម្តងទៀតនូវគោលបំណងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងក្លាយជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ចជាតិ»។
វេទិកានេះមានស្តង់តាំងពិព័រណ៍ទេសចរណ៍ (TRAVEX) ចំនួន ១៨៧ ហើយនិងមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ខណៈព្រឹត្តិការណ៍នេះ និងបង្ហាញថា ទេសចរណ៍អាស៊ីអាគ្នេយ៍ត្រូវបានបើកឡើងវិញម្តងទៀតសម្រាប់អាជីវកម្ម។
«ជាមួយនឹងជំងឺរាតត្បាត ខ្ញុំមើលឃើញថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ATF ២០២២ នេះ គឺជាកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយ «Tourism 2» របស់ព្រះរាជាណាចក្រកម្ពុជា ហើយមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូល និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាភាគីពាក់ព័ន្ធដ៏សំខាន់នៅ ក្នុងប្រព័ន្ធអេកូទេសចរណ៍ក្នុងតំបន់ ដើម្បីលើកកម្ពស់អាស៊ានជាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្រោយកូវីដ»។
«ប្រព្រឹត្តទៅជាមួយនឹងវេទិកាទេសចរណ៍អាស៊ាននេះដែរ គឺជាពិព័រណ៍ពាណិជ្ជកម្ម (TRAVEX) ដែលមាន ១៨៧ ស្តង់ ក្នុងនោះមានការចូលរួមពីក្រុមហ៊ុនចំនួនជាង ៤០ និងស្ថាប័ននៃប្រព័ន្ធផ្សព្វផ្សាយចំនួន ២០ មកពី ២៧ ប្រទេស»។
លោក ឌីម៉ង់ ថ្លែងថា៖ «ពិព័រណ៍ពាណិជ្ជកម្មពិសេសនេះ គឺជាវេទិកាពិសេសមួយសម្រាប់អ្នកផ្គត់ផ្គង់ក្នុងឧស្សាហកម្មទេសចរណ៍នៃអាស៊ាន ដើម្បីផ្គូផ្គង និងបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងជាមួយអ្នកទិញ និងអតិថិជនសក្តានុពលមកពីជុំវិញពិភពលោក»។
វេទិកា ATF គឺជាកិច្ចខិតខំប្រឹងប្រែងនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់អាស៊ីអាគ្នេយ៍ជាគោលដៅទេសចរណ៍តែមួយ ហើយវេទិកាក្នុងឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «អាស៊ានសហគមន៍សន្តិភាព និងវាសនាតែមួយ»។
«ហើយវាពិតជាពិសេសណាស់ ដែល ATF ប្រព្រឹត្តទៅទន្ទឹមនឹងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ដូច្នេះខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់ និងទន្ទឹងរង់ចាំការធ្វើជាម្ចាស់ផ្ទះប្រកបដោយផ្លែផ្កានៃព្រឹត្តិការណ៍សំខាន់ៗទាំងនេះ»។

«ក្នុងនាមជាគោលដៅទេសចរណ៍ដែលរីកចម្រើនលឿនបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាសូមស្វាគមន៍ចំពោះការពង្រឹងភាពជាដៃគូទេសចរណ៍នៅវេទិកា ATF ២០២២ នេះ និងដើម្បីស្វែងយល់ពីបេតិកភណ្ឌ វប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីផ្តល់ជូននូវទេសចរណ៍វប្បធម៌ និងអេកូ-ទេសចរណ៍ពោរពេញដោយសក្តានុពល និងមាននិរន្តរភាព»។
លោក ឌីម៉ង់ បានមានប្រសាសន៍ថា ប្រធានបទនៃវេទិកា ATF ២០២២ «អាស៊ានសហគមន៍សន្តិភាព និងវាសនាតែមួយ» គឺបានឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃវិស័យទេសចរណ៍ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់អាស៊ានដែលមានការរួបរួម និងសហការគ្នា»។
វេទិកា ATF ប្រចាំឆ្នាំនេះគឺពាក់ព័ន្ធនឹងឧស្សាហកម្មទេសចរណ៍នៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ដែលមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
វេទិកា ATF ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨១ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះវិលជុំក្នុងចំណោមប្រទេសជាសមាជិកជារៀងរាល់ឆ្នាំ។
«ខេត្តព្រះសីហនុបានត្រៀមខ្លួនជាស្រេច ដើម្បីបង្ហាញរូបភាពថ្មីនៃសម្រស់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ដែលត្រូវបានគេស្គាល់ថា ជាកន្លែងកម្សាន្តនៃតំបន់ត្រូពិកដ៏ល្អឥតខ្ចោះ»។
លោក ឌីម៉ង់ មានប្រសាសន៍បន្ថែមថា៖ «សក្ដានុពលដ៏ច្រើនទាំងនេះ ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាមរយៈការបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ដោយបានប្រែក្លាយខេត្តព្រះសីហនុ ទៅជាទីកន្លែងដ៏ទាក់ទាញបំផុតមួយសម្រាប់វិស័យទេសចរណ៍ និងដើម្បីផ្តល់នូវបទពិសោធដែលមិនអាចបំភ្លេចបាន ដើម្បីជំរុញវិស័យទេសចរណ៍ឆ្ពោះទៅមុខ»៕