
លោក តាំង ហូវពុយ។ ហ៊ាន រង្សី
ទំនាក់ទំនងសាជីវកម្មដ៏រឹងមាំរវាងធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តាំង ម៉េងរ័ត្ន អ៊ិនវេសមេន ដែលជាក្រុមហ៊ុនចែកចាយដែកបំពង់ទីប និងស័ង្កសីចំណាស់ជាងគេនៅកម្ពុជា គឺមានមហិច្ឆតាបង្កើតគំរូអាជីវកម្មប្រកបដោយនិរន្តរភាព ខណៈធនាគារ អេស៊ីលីដា ប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់ដើមទុនដល់ក្រុមហ៊ុនក្នុងស្រុក។
ក្រុមហ៊ុន តាំង ម៉េងរ័ត្ន បានពឹងផ្អែកលើការផ្តល់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ហើយភាពជាដៃគូនេះកំពុងដំណើរការទៅយ៉ាងរលូន។
លោក តាំង ហូវពុយ អគ្គនាយកក្រុមហ៊ុន តាំង ម៉េងរ័ត្ន បានថ្លែងថា៖ «ក្នុងរយៈពេល 6 ឆ្នាំកន្លងមកនេះ និងបន្តទៅមុខទៀត យើងនៅតែប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា ដដែល បើទោះបីបច្ចុប្បន្នមានធនាគារនៅក្នុងប្រទេសកម្ពុជា មានចំនួនច្រើនយ៉ាងណាក្តី ពីព្រោះការចាប់ដៃគូជាមួយធនាគាអេស៊ីលីដានេះ បានសុខ និងជោគជ័យ ហើយមានសុភមង្គល និងចេះយោគយល់គ្នាទៅវិញទៅមក»។
«ទាំងក្រុមហ៊ុន និងធនាគារ អេស៊ីលីដា មានការយោគយល់គ្នាទៅវិញទៅមក។ បើមិនមានការយោគយល់ទេ យើងរកស៊ីមិនកើតទេ ហើយធនាគារ អេស៊ីលីដា មានការយោគយល់ យើងក៏មានការយោគយល់ មិនដែលធ្វើខុស ឬលើសលោះអ្វីនោះទេ»។
ក្រុមហ៊ុន តាំង ម៉េងរ័ត្ន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1991 ដោយចាប់ផ្តើមកិនដែករនៀប និងធ្វើដោយកម្លាំងដៃ ប៉ុន្តែដល់ឆ្នាំ 2000 ទើបបានស្នើសុំច្បាប់ដើម្បីធ្វើការវិនិយោគដោយផលិតបំពង់ទីប និងផលិតស័ង្កសី។
ក្នុងឆ្នាំ 2005 ដើម្បីពង្រីកអាជីវកម្ម ក្រុមហ៊ុនបាននបញ្ជាទិញវត្ថុធាតុដើមពីក្រៅប្រទេស (សឹង្ហបុរី តៃវាន់ និងចិន) យកមកផលិតបំពង់ទីប និងស័ង្កសីដោយខ្លួនឯង ដែលបានធ្វើឱ្យក្រុមហ៊ុននេះ ចាប់ផ្តើមមានការីកចម្រើនខ្លាំងចាប់តាំងពីពេលនោះ រហូតមកទល់បច្ចុប្បន្ន។
ការទទួលដើមទុនពីធនាគារ អេស៊ីលីដា បានជួយឱ្យក្រុមហ៊ុនធ្វើការប្រកួតប្រជែង និងរីកចម្រើននៅក្នុងទីផ្សារក្នុងស្រុក ជាមួយនឹងតម្រូវការផលិតផលរបស់ខ្លួនកើនឡើង ខណៈគម្រោងសាងសង់នៅក្នុងរាជធានីភ្នំពេញ កំពុងមានសន្ទុះកើនឡើង។
ក្រុមហ៊ុនបង្កើតឡើងនៅកម្ពុជាមួយនេះ បច្ចុប្បន្នមានសាខាលក់ ដែកបំពង់ទីប និងស័ង្កសីរបស់ខ្លួន ចំនួន 23 ទីតាំង ស្ថិតនៅក្នុង 23 ខេត្តក្រុង ទូទាំងប្រទេស ដែលផលិតផលទាំងនេះត្រូវបានគេទិញយកទៅធ្វើរោង ធ្វើផ្ទះ និងធ្វើឃ្លាំងជាដើម។
មានបុគ្គលិកនៅកន្លែងរោងចក្រផលិតចំនួនជាង 100 នាក់ និងអ្នកចែកចាយនៅខាងក្រៅ មានចំនួនជាង 200 នាក់។ ក្រុមហ៊ុន តាំង ម៉េងរ័ត្ន កំពុងរួមចំណែកលើកស្ទួយសង្គមសេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយភាពក្រីក្រតាមតាមរយៈការបង្តើការងារ។
លោក ហូវពុយ បន្ថែមថា៖ «ខ្ញុំមានមោទនភាព ដោយបានជួយប្រជាពលរដ្ឋកម្ពុជាឱ្យមានការងារធ្វើ ដោយក្នុងនោះក៏បានឱ្យពួកគេ យកដែកទៅលក់នៅតាមខេត្តយកផលចំណេញដោយខ្លួនគេផងដែរ។ យើងជួយពួកគាត់ នៅពេលដែលយើងមានអាសន្ន ក៏ពួកគាត់ជួយយើងដែរ»។
លទ្ធភាពទទួលបានហិរញ្ញប្បទាននៅតែជាឧបសគ្គក្នុងវិស័យ SME ដែលជាកត្តាមួយរារាំងដល់ការរីកចម្រើនរបស់ពួកគេ ប៉ុន្តែសម្រាប់ក្រុមហ៊ុន តាំង ម៉េងរ័ត្ន ការទទួលបានឥណទានទាន់ពេលវេលា គឺផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង។
ធនាគារ អេស៊ីលីដា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ស្របតាមពាក្យស្លោករបស់ខ្លួន គឺ «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីជួយដល់វិស័យធុរកិច្ចក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ 19។
អេស៊ីលីដា គឺជាធនាគារមួយក្នុងចំណោមធនាគារដែលជួយត្រួសត្រាយផ្លូវ ក្នុងការចូលរួមជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលកម្ពុជា និងត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់អាជីវកម្ម ដូចជាសហគ្រាសតូចបំផុត ធុនតូច និងមធ្យម ហើយសូម្បីតែសហគ្រាសធំៗ។
អ្នកខ្ចីអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ការវិនិយោគ ការពង្រីកអាជីវកម្ម និងទុនបង្វិល។
ដើរតួជាទ្រព្យបញ្ចាំចាប់ពី 70% ដល់ 80% នៃទំហំកម្ចីដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីសហគ្រាសដែលស្នើកម្ចី។ លោក ហូវពុយ បានថ្លែងថា ការគាំទ្ររបស់ធនាគារ អេស៊ីលីដា ពិតជាសំខាន់ខ្លាំងណាស់ ខណៈក្រុមហ៊ុន តាំង ម៉េងរ័ត្ន បានឆ្លងកាត់ដោយជោគជ័យពីផលវិបាកនៃជំងឺកូវីដ 19។
«ក្រុមហ៊ុន តាំង ម៉េងរ័ត្ន ក៏ដូចអាជីវកម្ម និងក្រុមហ៊ុនផ្សេងទៀតដែរ សុទ្ធតែជួបការលំបាកនៅក្នុងអំឡុងពេល ជំងឺកូវីដ 19 កន្លងមកនេះ»។
លោកបានបន្ថែមថា៖ «ប៉ុន្តែធនាគារ អេស៊ីលីដា បានចូលមកជួយយើងក្នុងគ្រាដ៏លំបាកនេះ ហើយក្រុមហ៊ុនរបស់យើងបានបន្តប្រតិបត្តិការដោយគ្មានរអាក់រអ៊ួល»៕