វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​​លីដា (AIB) ត្រូវបាន​បង្កើតឡើង ជាមួយនឹង​គោលបំណង​ ២ គឺ​បណ្តុះ​បណ្តាល​អ្នកមាន​ទេពកោសល្យ​ប្រកបដោយ​គុណភាព សម្រាប់​វិស័យ​ហិរញ្ញ​វត្ថុ​ក្នុងស្រុក និង​បណ្តុះបណ្តាល​បុគ្គ​​លិ​ក​របស់​ធនាគារ អេស៊ីលីដា ដើម្បី​ជំរុញ​ដល់​វិស័យ​ហិរញ្ញវត្ថុ​ដែល​កំពុង​រីកចម្រើន​លឿន​បំផុតនៅក្នុង​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​។​

​ក្នុងនាម​ជា​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​របស់​ធនាគារ អេស៊ីលីដា វិទ្យាស្ថាន​នេះ​ផ្តល់នូវ​ការអប់រំ​ផ្នែក​ធុរកិច្ច និង​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប តាមរយៈ​ការសិក្សា​នៅក្នុង​សាលា​ដោយផ្ទាល់ និង​ការសិក្សា​តាម​អន​ឡាញសម្រាប់​សាធារណៈជន និង​ស្ថាប័ន​នានា​។​

​វិទ្យាស្ថាន AIB ផ្តល់​ការបណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​សម្រាប់​ទាំង​និស្សិត​ក្នុងស្រុក​និង​អន្តរជាតិ និង​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​មកពី​ស្ថាប័ន​ផ្សេងៗ និង​សាធារណៈជន​ទូទៅ ព្រមទាំង​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដាផងដែរ​។ «​ចក្ខុវិស័យ​របស់​យើង​គឺ​ក្លាយជា​ថ្នាល​អប់រ​រំ​ធុរកិច្ច​ប្រកបដោយ​គុណភាព​ឈានមុខ ជាមួយនឹង​ស្តង់​​ដារ​គុណភាព​ខ្ពស់បំផុត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា និង​ក្នុង​តំបន់​»​។

​លោក​បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន AIB មានប្រសាសន៍ថា​៖ «​យើង​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ តាមរយៈ​វគ្គ​សិក្សា​នៅក្នុង​ថ្នាក់​ដោយផ្ទាល់ និង​តាមរយៈ​ឌីជីថល ដើម្បី​កសាង​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ ប្រកបដោយ​ការច្នៃ​​ប្រឌិត បទពិសោធន៍ និង​ក្រម​សីល​ធម៌ និង​បង្កើត​បណ្តាញ​ដើម្បី​បង្កើន​អាជីព​នាពេល​អនាគត​របស់​ពួកគេ​។ ហើយ​បាវចនា​របស់​យើង​គឺ​ «​វិទ្យា​ស្ថាន​ដើម្បី​ភាពជោគជ័យ​ក្នុង​អាជីព​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​»​។

ពិធីសម្ពោធ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

​និស្សិត​ជាង 400 នាក់ បានបញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពិសេស​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​2016 នេះ និង​មាន​ទីតាំង​ស្ថិតនៅ​មហាវិថី​មិត្តភាព​ភ្នំពេញ ហាណូយ​។ មាន​ទីតាំង​ស្ថិតនៅលើ​ផ្ទៃដី 75,750 ម៉ែត្រការ៉េ វិទ្យា​ន​ស្ថាន​មាន​អាគារ​កម្ពស់ 5 ​ជាន់ ចំនួន 2 អាគារ រួម​នឹង​អាគារ​រដ្ឋបាល ថ្នាក់រៀន បណ្ណាល័យ បន្ទប់​ប្រជុំ និង​សាល​បង្រៀន​។ គិត​ត្រឹម​ខែតុលា វិទ្យាស្ថាន AIB បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ចំនួន 66,066 វគ្គ ដល់​បុគ្គលិក​ធនាគារ អេស៊ីលីដា​ចំនួន 740, 679 នាក់​។​

​វិទ្យាស្ថាន AIB បើក​វគ្គប​ណ្តុះ​​បណ្តាល​គ្រូ​បង្គោល (ToT) ដល់​សមាជិក​គ្រួ​បង្គោលរបស់​ធនាគារ អេស៊ីលីដា និង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជ្រើសរើស​បុគ្គលិក​ថ្មី វគ្គប​ណ្តុះ​​បណ្តាល​ណែនាំ វគ្គ​បណ្តុះបណ្តាល​ជំនាញ និង​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ធនាគារ អេស៊ីលីដា ជាច្រើន​ទៀត​។​

​ក្នុង​ឆ្នាំ​សិក្សា​នីមួយៗ វិទ្យាស្ថាន AIB ផ្តល់​វិញ្ញាបនបត្រ​សរសើរ និង​អា​​ហា​រូបករណ៍​រយៈពេល​មួយឆ្នាំ សម្រាប់​អ្នក​ដែល​សម្រេចបាន​ចំណាត់​ថ្នាក់ខ្ពស់​។

​អាហារូបករណ៍​មាន 3 ​ប្រភេទ ​ត្រូវបាន​ផ្តល់ជូន គឺ​អាហារូបករណ៍ ​100 ភាគរយ សម្រាប់​ចំណាត់ថ្នាក់​ទី​1 អាហារូបករណ៍ 50​ ភាគរយ សម្រាប់​ចំណាត់ថ្នាក់​ទី​2 និង​ផ្តល់​វិញ្ញាបនបត្រ​សរសើរ​សម្រាប់​ចំណាក់​ថ្នាក់​បន្ទាប់​។

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ទាំងការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់ និងតាមរយៈអនឡាញ។ Supplied

​វិទ្យាស្ថាន AIB ផ្តល់​ការបណ្តុះ​​បណ្តាល​ដើម្បី​បំពេញតម្រូវការ​និង​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ផ្សេងៗ ហើយ​បុគ្គលិក AIB ក៏​ធ្វើការ​ជាមួយ​អង្គការ​នានា ដើម្បី​វាយតម្លៃ​តម្រូវការ​បណ្តុះបណ្តាល រៀបចំ​កម្មវិធីសិក្សា ផ្តល់​ការកសាង​សមត្ថ​​ភាព និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សិក្សា​នានា​។​

​វគ្គ​បណ្តុះបណ្តាល​ទាំងនេះ​ត្រូវបាន​រចនា​ឡើង​សម្រាប់​ក្រុម​នៃ​អង្គការ ដូចជា​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ អ្នកផ្តល់​មូលនិធិ សមាគម បណ្តាញ ឬ​គម្រោង​សហការ​។ ការចុះ​ទៅដល់​ធនាគារ​ដោយផ្ទាល់ ត្រូវបាន​ដាក់បញ្ចូល ដើម្បី​បង្ហាញ​ដល់​និស្សិត​ឱ្យ​មើលឃើញ​ការអនុវត្ត​ជាក់ស្តែង របស់​ធនាគារ អេស៊ីលីដា ក្នុង​ផ្នែក​ជាច្រើន​ដូចជា ផ្នែក​ឥណទាន ឥណទាន​សន្សំ ឬ​ផ្នែក​គាំទ្រ​ការិយាល័យ ដូចជា​ផ្នែក សវនកម្ម​ផ្ទៃក្នុង និង​ការគ្រប់គ្រង​រតនាគារ​ជាដើម​។​

​លើសពីនេះ​ទៀត កម្មវិធី​ទស្សនកិច្ច​សិក្សា សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មកជួប​ជាមួយ​ប្រធាន​គ្រប់គ្រង និង​អ្នកជំនាញ របស់​ធនាគារ អេស៊ីលីដា ដើម្បី​សិក្សា​ស្វែងយល់​អំពី​ប្រធានបទ​បច្ចេកទេស និង​ការគ្រប់គ្រង​ផ្សេងៗ ក៏ដូចជា​ផ្នែក​នៃ​សកម្មភាព​នានា​របស់​វិទ្យាស្ថាន AIB ផងដែរ​។

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ទាំងការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់ និងតាមរយៈអនឡាញ។ Supplied

​ការផ្តោត​សំខាន់​មួយទៀត​របស់​វិទ្យាស្ថាន AIB គឺ​កម្មវិធី Building Inclusive Financial Sector Programme ដែល​ត្រូវ​បានរៀបចំ​ជាពិសេស​សម្រាប់​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ ធនាគារកណ្តាល អ្នកបង្កើត​គោលនយោបាយ និង​មន្ត្រី​រដ្ឋាភិបាល​ជាដើម​។

​លោក​បណ្ឌិត ណារិន ថ្លែងថា​៖ «​បន្ទាប់ពី​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាមួយ វិទ្យាស្ថាន AIB សិក្ខាកាម​នឹង​ទទួលបាន​នូវ​ចំណេះដឹង និង​ជំនាញ​បន្ថែម ដោយ​ផ្អែកលើ​បទពិសោធន៍​ជោគជ័យ និង​ការអនុវត្ត​ការងារ​ល្អ​បំផុត​របស់​ធនាគារ អេស៊ីលីដា​។ វគ្គ​បណ្តុះបណ្តាល​ត្រូវបាន​រៀបចំឡើង ដែល​ផ្តោត​សំខាន់​លើ​អ្នកចូលរួម ផ្តោតលើ​របៀប​អនុវត្ត​ការងារ​ឱ្យបាន​​ល្អ​បំផុត ដើម្បី​បង្កើន​ផលិតភាព និង​ប្រាក់ចំណេញ​»៕

វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ទាំងការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់ និងតាមរយៈអនឡាញ។ Supplied