ធនាគារ អេស៊ីលីដា ជា​ធនាគារ​ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ផ្តល់​ជូន​ផលិតផល​ និង​សេវាកម្ម​ធនាគារ​ដ៏សម្បូរបែប ដើម្បី​បំពេញតម្រូវការ​នៅ​គ្រប់​វិស័យ ដែល​កំពុង​រីកចម្រើន​ដូចជា​អាជីវកម្ម​ខ្នាតតូច មធ្យម និង​សាជីវកម្ម ជាដើម​។ ផលិតផល និង​សេវាកម្ម ដូចជា​សេវាកម្ម​ផ្តល់ប្រាក់​កម្ចី ប្រាក់​បញ្ញើ សេវាកម្ម​ប្រើប្រាស់​កាត សេវា​ធនាគារ​ឌីជីថល ការផ្ទេរ​ប្រាក់ កម្ចី​សម្រាប់​អាជីវកម្ម ក៏ដូចជា​មធ្យោបាយ​គ្រប់គ្រង​សាច់ប្រាក់​ផ្សេងទៀត ទាំងអស់​នេះ​មាននៅ​ធនាគារ អេស៊ីលីដា​។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា មាន​ប្រសាសន៍ថា​៖ «​យើង​ប្រៀបដូចជា​ធនាគារ SME ប៉ុន្តែ​តាមពិត យើង​ផ្តល់​សេវាកម្ម​គ្រប់​ប្រភេទ ដូច្នេះ​អតិថិជន​អាច​ជ្រើសរើស​ផលិតផល​ណាមួយ​ក៏បាន​។ យើង​ផ្តល់​កម្ចី​ដល់​គ្រប់ផ្នែក​ទាំងអស់ ទាំង​អាជីវកម្ម​ខ្នាតតូច មធ្យម និង​សាជីវកម្ម​។ យើង​រីកចម្រើន​ជាមួយ​ពួកគេ ហើយ​ជួយ​ពួកគេ​ឱ្យ​រីកចម្រើន​តាំងពី​នៅ​តូច ឬ​មធ្យម រហូត​ឈានដល់​កម្រិត​បន្ទាប់​»​។

តាមរយៈ​ការប្រើប្រាស់​វេទិកា​ឌីជីថល​ដ៏ទំនើប​របស់ខ្លួន ធនាគារ​ដែលមាន​អាយុកាល 30 ​ឆ្នាំនេះ អាច​បំបែក​ព្រំដែន​ភូមិសាស្ត្រ ដើម្បី​ដាក់ចេញ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏ទូលំទូលាយ សម្រាប់​ទាំង​អតិថិជន​នៅក្នុង​ទីក្រុង និង​តំបន់​ជនបទ​។

លោក​បណ្ឌិត​បាន​បន្តថា​៖ «​កម្មវិធី​អេស៊ីលីដា​ម៉ូបាល ទទួល​បាន​ការពេញនិយម​យ៉ាងខ្លាំង​ក្នុង​ចំណោម​អតិថិជន​របស់​យើង ពួកគេ​ប្រើប្រាស់​វា​ដើម្បី​ទិញ​ទំនិញ ទូទាត់​វិក្កយបត្រ ស្នើសុំ​ប្រាក់កម្ចី ឬ​ផ្លាស់ប្តូរ​លក្ខខណ្ឌ​សម្រាប់​ការដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់​ជាដើម​»​។

អេស៊ីលីដា ម៉ូលបាល កំពុង​ទទួល​បានការ​ពេញនិយម​ពី​សំណាក់​អតិថិជន និង​យុវជន​កម្ពុជា​នៅក្នុង​យុគ​បច្ចេកវិទ្យា​ទំនើប​នេះ​។ Supplied

ប្រតិបត្តិការ​ប្រចាំខែ​ជា​មធ្យម​មាន 8​ ពាន់​លាន​ដុល្លារ (​ការផ្ទេរ​ប្រាក់​) ហើយ​ចំនួន​ប្រតិបត្តិការ​ក្នុង​មួយខែ​មាន​ប្រហែល 10 ​លាន​ប្រតិបត្តិការ​ក្នុង​នោះ 94 ​ភាគរយ ត្រូវបាន​ធ្វើឡើង​តាមរយៈ​កម្មវិធី​អេស៊ីលីដា​ម៉ូបាល​។

«​ចំណូល​ប្រហែល 80 ភាគរយ​របស់​យើង គឺ​បានមកពី​កម្ចី ដោយសារ​តម្រូវការ​កម្ចី​នៅតែ​ខ្ពស់ ខណៈ ​20 ភាគរយ​ទៀត​បានមកពី​កម្រៃ​សេវា​ផ្សេងៗ​។ យើង​ចង់​បង្កើន​ចំណូល​ក្រៅពី​កម្ចី​ឱ្យដល់​ 30 ភាគរយ ប៉ុន្តែ​វា​ពិបាក​ដោយសារ​តម្រូវការ​ប្រាក់កម្ចី​»​។

លោក​បណ្ឌិត​បាន​បន្ថែម​ថា​៖ «​យើង​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ចម្រុះ ដើម្បីឱ្យ​ធនាគារ​អាច​ផ្តល់នូវ​សេវាកម្ម​ធនាគារ​ប្រកបដោយ​គុណភាព​ខ្ពស់​។ មិន​ថា​អតិថិជន​ស្ថិតនៅ​ទីកន្លែង​ណា ពួកគេ​អាច​ទទួលបាន​សេវាកម្ម​របស់​យើង​យ៉ាង​ងាយស្រួល ហើយ​យើង​ក៏មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​ប្រទេស​ផងដែរ​»​។

ដោយមាន​សាខា និង​ការិយាល័យ​ចំនួន 262 បូក​រួមទាំង​មជ្ឈមណ្ឌល​សេវាកម្ម​ធនាគារ​ឌីជីថល​ចំនួន​ច្រើន ជាង 70 កន្លែង​ផ្សេងទៀត ធនាគារ អេស៊ីលីដា កំពុង​ក្លាយខ្លួនជា​ធនាគារ​ដ៏លេចធ្លោ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ធនាគារពាណិជ្ជ​ប្រមាណ 57​។

អតិថិជន​អាច​ប្រើ​ម៉ាស៊ីន​ដកដាក់​ប្រាក់​ជាង ៩០០ ​នៅ​ទូទាំងប្រទេស​។ រូបថត រ៉ាស់ហ៊ីម

លោក​បណ្ឌិត​បានលើកឡើង​ថា​៖ «​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ទាំងនេះ​ត្រូវ​បាន​បង្កើតឡើង​ ដើម្បី​គាំទ្រ​ដល់​អតិថិជន​មួយចំនួន ដែលមាន​បំណង​ចង់​ប្រើប្រាស់​សេវា​ធនាគារ​បន្ទាប់ពី​ម៉ោង​ធ្វើការ ហើយ​ប្រតិបត្តិការ​មួយចំនួន​អាចធ្វើ​ឡើង​ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទដៃ ដូចជា​ដាក់​ប្រាក់​ជាដើម​។ ខណៈ​អតិថិជន​មួយចំនួន​ចង់​ប្រើ​សេវា​ធនាគារ​ជា​លក្ខណៈ​ឯកជន និង​តាម​ល្បឿន​របស់​ពួកគេ​ផ្ទាល់ខ្លួន​»​។

បញ្ជរ​ស្វ័យ​សេវា​ទាំងនេះ មាន​ទីតាំង​នៅក្នុង​តំបន់​ប្រជុំជន ហើយ​អតិថិជន​អាច​ប្រើប្រាស់​ម៉ាស៊ីន​ចំនួន 909 នៅ​ទូទាំងប្រទេស និង​បើក​ដំណើរការ​ពេញ​មួយថ្ងៃ​។

សេវាកម្ម​ធនាគារ​ដូចជា ការដាក់​ប្រាក់ ដក​ប្រាក់ ផ្ទេរប្រាក់ ការបង្កើត​កាតនិម្មិត ការបើក​គណនី​ធនាគារ ការព្រីន​កាត ATM ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​គណនី ការដាក់​ប្រាក់​បញ្ញើ​ និង​ការព្រីន​វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ អាចធ្វើ​ឡើង​នៅ​បញ្ជរ​ទាំងនេះ​។

បញ្ជរ​ស្វ័យ​សេវា កំពុង​ផ្លាស់ប្តូរ​មុខមាត់​នៃ​ការផ្តល់សេវា​ធនាគារ​កាន់តែ​សម្បូរបែប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ Supplied

លោក​បណ្ឌិត អ៊ិន ចាន់នី បាន​មានប្រសាសន៍​ថា​៖ «​ធនាគារ អេស៊ីលីដា​ក៏បាន​បង្កើត​ការិយាល័យ​ទំនាក់ទំនង​អតិថិជន​ផងដែរ​។ យើង​គឺជា​ធនាគារ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ក្រុម​ជំនាញ​អាចនិយាយបាន​ច្រើន​ភាសា ដើម្បី​ជួយ​ដល់​អតិថិជន​របស់​យើង ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលការណ៍​ការពារ​អតិថិជន​របស់​យើង​»​។

ការិយាល័យ​ទំនាក់ទំនង​អតិថិជន ប្រតិបត្តិការ 24 ម៉ោង​ក្នុង​មួយថ្ងៃ និង 7 ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ រួមទាំង​ថ្ងៃ​ឈប់សម្រាក ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​របស់​យើង​នៅ​ទូទាំង​ប្រទេស ​ឬ​នៅ​ទូទាំង​ពិភពលោក​៕

បញ្ជរ​ស្វ័យ​សេវា កំពុង​ផ្លាស់ប្តូរ​មុខមាត់​នៃ​ការផ្តល់សេវា​ធនាគារ​កាន់តែ​សម្បូរបែប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ Supplied