The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ

សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ

Content image - Phnom Penh Post

សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ

ប្រវត្តិ​របស់​ធនាគារ អេស៊ីលីដា គិត​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​​ឆ្នាំ​ 1992 រហូត​មកដល់​ពេលនេះ គឺ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ និង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​។

ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ស្ថាបនិក លោក​បណ្ឌិត អ៊ិន ចាន់នី បានធ្វើឱ្យ​ធនាគារ អេស៊ីលីដា បាន​វិវឌ្ឍ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែលមាន​ការិយាល័យ​នៅ​សាលា​បច្ចេកទេស​ឧស្សាហកម្ម​ឫស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ​រហូត​បាន​ក្លាយជា​ធនា​គារ​ដ៏ល្បីល្បាញ ដែល​បាន​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​យ៉ាងសកម្ម​។

ដោយបាន​វិវឌ្ឍ​ពី​ធនាគារ​ឯកទេស​ទៅជា​ធនាគារពាណិជ្ជ ធនាគារ អេស៊ីលីដា បាន​រីកចម្រើន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​សរុប​ចំនួន 7,501 ពាន់​លាន​ដុល្លារ និង​មាន​សាខា​នៅ​ទូទាំង 25 រាជធានី-ខេត្ត​។
លោក​បណ្ឌិត អ៊ិន ចាន់នី ធ្លាប់មាន​ប្រសាសន៍​កាល​ពី​ឆ្នាំ​ 2003 ថា​៖ «​ការ​ក្លាយជា​ធនាគារពាណិជ្ជ គឺ​ស្របគ្នា​ទៅនឹង​គោលដៅ​របស់​យើង ដើម្បី​ក្លាយជា​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា​សម្រាប់​ប្រជាជន ហើយ​ផលិតផល និង​សេវាកម្ម​ថ្មីៗ​របស់​យើង​នឹង​ជួយ​បំពេញបន្ថែម និង​ផ្តល់​ភាពរឹងមាំ​ដល់​អាជីវកម្ម​ជា​ប្រពៃណី​របស់​យើង​ជួយ​ដល់​ការអភិវឌ្ឍ​នៅក្នុង​សហគមន៍​ទាំងមូល​»​។

Content image - Phnom Penh Post

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏ធំ​មួយ​នេះ​បាន​រីកចម្រើន​ជា​លំដាប់ និង​មាន​សាខា ក៏ដូចជា​បណ្តាញ​ម៉ាស៊ីន ATM ដ៏​ទូលំទូលាយ និង​អេស៊ីលីដា​ម៉ូបាល (ACLEDA Mobile app) ហើយ​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារមូលបត្រ​កម្ពុជា (CSX)​។

អេស៊ីលីដា ចាប់ផ្តើម​ក្នុង​ឆ្នាំ​ 1992 ក្រោម​គម្រោង CMB/92/010 ជា​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់ ​(LEDA) ដែលជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ការជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP)​។

នៅ​ថ្ងៃទី​ 19 ខែមករា ឆ្នាំ​ 1993 ​អេស៊ីលីដា​មាន​សមាជិក​ចំនួន 28 ​រូប រួមទាំង​លោក​បណ្ឌិត អ៊ិន ចាន់នី បាន​ប្រារព្ធ​មហាសន្និបាត​ដំបូង​បោះឆ្នោត​បង្កើត​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា (​អេស៊ីលីដា​)​។

ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាតតូច​បំផុត និង​ខ្នាតតូច តាមរយៈ​ការផ្តល់​ឥណទាន​ក្នុង​ឆ្នាំ​ 1993 មាន​ការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព និង​ទទួលបាន​មូលនិធិ​គាំទ្រ​ពី​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេមេគង្គ IFC និង​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋ​អាមេរិក (USAID) ធ្វើឱ្យ​ស្ថាប័ន​មួយ​នេះ​ក្លាយជា​ធនាគារពាណិជ្ជ​ដ៏ជោគជ័យ​។

Content image - Phnom Penh Post

បំពេញ​គ្រប់​លក្ខខណ្ឌ​ច្បាប់​ជាតិ​ក្នុង​ការ​កម្លាយ​ខ្លួន​នេះ ធ្វើឱ្យ​ធនាគារ អេស៊ីលីដា ពង្រីក​ការផ្តល់​សេវា​កម្មបាន​ទូលំទូលាយ​ដល់​សហគ្រាស​គ្រប់​ខ្នាត និង​សហគមន៍​ទាំងមូល​។

អេស៊ីលីដា​បាន​ក្លាយជា​ធនាគារ​ឯក​ទេស​ទាំងស្រុង នៅ​ថ្ងៃទី​ 7 ខែតុលា ឆ្នាំ ​2000 ជាមួយនឹង​ដើមទុន​ចំនួន 4 ​លាន​ដុល្លារ ហើយ​បាន​ក្លាយជា​ធនាគារពាណិជ្ជ​នៅ​ថ្ងៃទី​ 1 ខែធ្នូ ឆ្នាំ​ 2003 ជាមួយនឹង​ដើមទុន​ចំនួន 13 លាន​ដុល្លារ​។

ដោយបាន​បើក​បណ្តាញ​សាខា​នៅ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី ក្នុង​ឆ្នាំ​ 2006 បណ្តាញ​ធនាគារ អេស៊ីលីដា ត្រូវបាន​ពង្រីក​នៅ​ទូទាំង 25 រាជធានី-ខេត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ធនាគារ​របស់​កម្ពុជា​មួយ​នេះ ក៏មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ផងដែរ​។

Content image - Phnom Penh Post

ការពង្រីក​វិសាលភាព​របស់​ធនាគារ​អេស៊ីលីដា ក៏​មាននៅ​ផ្នែក​អាណាចក្រ​ឌីជីថល​ផងដែរ​។ ជាមួយនឹង​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ «​អេស៊ីលីដា​យូនីធី​» នៅក្នុង​ខែកក្កដា ឆ្នាំ​ 2010 ដែលជា​ធនាគារ​ដំបូង​គេ​ដាក់ឱ្យ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​។ ហើយ​បន្ត​អភិវឌ្ឍ​ទៅជា​អេស៊ីលីដា ម៉ូបាល​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​ 2021 មាន​អ្នកប្រើប្រាស់​ជាង​ ២​ លាន​នាក់​រួចហើយ​។

នៅ​ខែឧសភា ឆ្នាំ​ 2020 ធនាគារ អេស៊ីលីដា បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដោយបាន​ក្លាយជា​ធនាគារ​ពាណិជ្ជ​ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះបញ្ជី​បោះផ្សាយ​លក់​ភាគហ៊ុន​នៅ​ផ្សារមូលបត្រ​កម្ពុជា​។

«​ជា​ធនាគារ​ដំបូង​គេ​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) យើង​ត្រូវតែ​ផ្លាស់ប្តូរ​ស្តង់ដារ​ប្រតិបត្តិការ និង​របាយការណ៍​របស់​យើង ដើម្បី​បំពេញ​តម្រូវការ​លម្អិត​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និយ័តករ​មូលបត្រ​កម្ពុជា (SERC) និង​ផ្សារមូលបត្រ​កម្ពុជា (CSX)»​។

Content image - Phnom Penh Post

លោក​បណ្ឌិត អ៊ិន ចាន់នី បាន​មានប្រសាសន៍​ថា​៖ «​មុននឹង​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា យើង​មាន​ភាគហ៊ុនិក​តែ​ចំនួន​ 8 ស្ថាប័ន​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់ពី​ចុះបញ្ជី​រួច ភាគហ៊ុនិក​បាន​កើនឡើង​ដល់​ជិត 4,000 ទាំង​មកពី​ស្ថាប័ន និង​ពី​សាធារណៈជន​ដែល​បាន​ផ្តល់នូវ​ទំនុកចិត្ត​មកលើ​យើង​យ៉ាង​ខ្លាំងក្លា​»​។

ការប្តេជ្ញាចិត្ត​របស់​ធនាគារ អេស៊ីលីដា ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិស័យ​ធនាគារ ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​សេចក្តី​ប្រកាស​ក្នុង ឆ្នាំ​ 2016 ដែល​ធនាគារ​មួយ​នេះ​ទទួលបាន​អាជ្ញាប័ណ្ណ​បើក​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AIB)​។

ការបង្កើត​គ្រឹះស្ថាន​ឧត្តមសិក្សា​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ នៅក្នុង​វិស័យនេះ​។

វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា (AIB) បើកទូលាយ​ដល់​និស្សិត​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​រួម​នឹង​និស្សិត​ដែល​បញ្ចប់​ការសិក្សា​មកពី​ស្ថាប័ន​ផ្សេងៗ និង​សាធារណៈជន​ទូទៅ​ព្រមទាំង​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា​ផងដែរ​៕

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍