ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា លោក​បណ្ឌិត អ៊ិន ចាន់នី បានប្រែក្លាយ​ស្ថាប័ន​ដែល​ធ្លាប់ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏ល្បីល្បាញ ដោយ​រួមបញ្ចូល​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បែប​ប្រពៃណី​ជាមួយ​នឹង​ការប្រើប្រាស់​ខ្សែកាប​អុបទិក និង​ផ្កាយរណប ដើម្បី​ផ្តល់​សេវា​ធនាគារ​ដ៏ទំនើប​។ ក្រោយមក​លោក​បណ្ឌិត​បាន​នាំយក​ធនាគារ អេស៊ីលីដា ទៅ​ចុះបញ្ជី​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ដែល​បាន​ក្លាយជា​មោទនភាព​របស់​ជាតិ​។ លោក​បណ្ឌិត​មានប្រសាសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ដំណើរ​វិវឌ្ឍ​របស់​ធនាគារ អេស៊ីលីដា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។

Q- លោក​បណ្ឌិត​ក្នុង​រយៈពេល​ 30 ​ឆ្នាំ​មកនេះ តើ​ធនាគារ​បាន​វិវឌ្ឍ​យ៉ាងណា​ដែរ​?

វា​ពិតជា​អស្ចារ្យ​ណាស់​! គឺ​យើង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​ នៅ​ទសវត្សរ៍​ឆ្នាំ​ 1990 ខណៈពេល​ដែល​ច្បាប់​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​រួមទាំង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅមានកម្រិត​នៅឡើយ​។

នៅពេល​ដែល​ធនាគារ អេស៊ីលីដា ចាប់ផ្តើម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ការអភិវឌ្ឍ​សហគ្រាស​ខ្នាតតូច​បំផុត និង​ខ្នាតតូច​រហូត​បាន​ក្លាយជា​ធនាគារ​ឯកទេស​ក្នុង​ឆ្នាំ​ 2000 យើង​បានចាប់ផ្តើម​ផ្តល់ប្រាក់​កម្ចី​ខ្នាតតូច​សម្រាប់​អាជីវកម្ម​។ ហើយ​ខ្ញុំ​សប្បាយចិត្ត ពីព្រោះ​យើង​រីកចម្រើន​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ មិនមែន​តែម្នាក់ឯង​នោះទេ​, ជោគជ័យ​របស់​យើង​បានមកពី​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ម្ចាស់​ភាគហ៊ុន ក្រុមប្រឹក្សាភិបាល ថ្នាក់​គ្រប់គ្រង បុគ្គលិក​គ្រប់លំដាប់​ថ្នាក់ រួមទាំង​អតិថិជន និង​ដៃគូ​ទាំងអស់​។

ក្នុង​នាម​ជា​ធនាគារ​មួយ យើង​ចង់​ផ្តល់​នូវ​អ្វីដែល​ល្អ​បំផុត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​វិស័យ​ឯកជន និង​សាធារណៈ​ក៏ដូចជា​អាជីវកម្ម​ខ្នាតតូច ដើម្បីឱ្យ​ពួកគេ​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​មាន​ប្រសិទ្ធភាព​។ យើង​ចង់​ផ្តល់នូវ​ឧបករណ៍​មួយ​ដ៏មាន​ប្រសិទ្ធភាព ដើម្បីឱ្យ​ពួកគេ​រីកចម្រើន​។

Q- តើ​លោក​បណ្ឌិត​អាច​សង្ខេប​ដំណើរ​រីកចម្រើន​រយៈពេល​ 30 ឆ្នាំ របស់​ធនាគារ អេស៊ីលីដា ដូចម្តេច​?

នៅពេល​យើង​ចាប់ផ្តើម​គម្រោង CMB/92/010 នៅ​ឆ្នាំ​ 1992 យើង​ពិនិត្យមើល​សមាសធាតុ​និរន្តរភាព​សំខាន់ៗ​ចំនួន​ 4 ដោយ​ទី​ 1) គឺ​និរន្តរភាព​របស់​អង្គការ 2) និរន្តរភាព​កម្មវិធី [​ការផ្តល់​ប្រាក់កម្ចី​ដល់​សហគ្រាស​ធុន​តូច​បំផុត ធុន​តូច និង​មធ្យម (MSMEs) 3) និរន្តរភាព​បច្ចេកទេស គឺ​បង្កើត​គោលការណ៍ នីតិវិធី​ឥណទាន និង​ប្រតិបត្តិការ​ និង​ការបណ្តុះបណ្តាល​សហគ្រិនភាព​ដល់​អតិថិជន​របស់​យើង និង​ទី 4) គឺ​និរន្តរភាព​ហិរញ្ញវត្ថុ​។

យើង​សម្រេច​គោលដៅ​ទាំងនេះ​នៅ​ចុងឆ្នាំ​ 1997 ហើយ​យើង​បាន​ចាប់ផ្តើម​កម្លាយ​ខ្លួន​ទៅជា​ធនាគារ​ឯកទេស​។ ចាប់ពី​ឆ្នាំ​ 2000 ដល់​ឆ្នាំ​ 2003 យើង​មើលឃើញ​តម្រូវការ​សេវា​ហិរញ្ញវត្ថុ មាន​កំណើន​ខ្លាំង ដូចជា​តម្រូវ​ការប្រាក់​កម្ចី និង​ការផ្ទេរ​មូលនិធិ​ជាដើម​។ ដូច្នេះ ធនាគារ​សម្រេច​ដើមទុន​ចុះបញ្ជី​ចំនួន​ជាង​ ៣​ ដង ពី​ 4 ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ 2000 ទៅដល់​ 13​ លាន​ដុល្លារ ក្នុង​ឆ្នាំ​ 2003​។

យើង​មាន «​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​» ហើយ​បាន​ពិនិត្យ​មើល​ប្រព័ន្ធ​នៅក្នុង​វិស័យ​ធនាគារ ហេតុអ្វី​បាន​ជា​ធនាគារ​ភាគច្រើន​ប្រមូលផ្តុំ​តែ​នៅក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់មក​យើង​ជំរុញ​ការពង្រីក​ប្រតិបត្តិការ​ទៅ​តំបន់​ជនបទ​តាម​បណ្តា​ខេត្ត ដើម្បី​ផ្តល់​ប្រាក់កម្ចី និង​សេវា​ហិរញ្ញវត្ថុ ដល់​អាជីវកម្ម​ខ្នាតតូច​បំផុត និង​ខ្នាតតូច​។

Q- តើ​លោក​បណ្ឌិត​បាន​នាំយក​សេវាកម្ម​ធនាគារ​ទៅ​តំបន់​ជនបទ​ដោយ​របៀប​ណា​?

ក្នុង​ឆ្នាំ​ 2000 យើង​ដឹងថា​ប្រទេស​កម្ពុជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ដូចជា​ខ្សែកាប​អុបទិក ប៉ុន្តែ​ធនាគារ​នានា​មិនទាន់បាន​ប្រើប្រាស់​នៅឡើយ​។ ធនាគារ ភាគច្រើន​ប្រតិបត្តិការ​ដោយផ្ទាល់ (offline) ពឹង​ផ្អែកលើ​ម៉ាស៊ីន​ទូរសារ ដែល​ប្រឈម​នឹង​បញ្ហា​ជាច្រើន ពេលខ្លះ​ហត្ថលេខា​មិន​ច្បាស់ ហើយ​មាន​បញ្ហា​ដាច់​ចរន្តអគ្គិសនី បញ្ហា​សុវត្ថិភាព និង​ការផ្ទៀងផ្ទាត់​ជាដើម ដែល​យើង​ត្រូវ​ចំណាយ​ពេលវេលា​ជាច្រើន​។

ដូច្នេះ យើង​សម្រេច​ជួល​ខ្សែ​កាបអុបទិក​ថ្មី​ពី​រដ្ឋាភិបាល និង​បាន​ចាប់ផ្តើម​សេវា​ធនាគារ​តាម​ប្រព័ន្ធ​ស្វ័យប្រវតិ្តកម្ម (online) និង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្នូល T24 របស់​ក្រុមហ៊ុន TEMENOS នៃ​ប្រទេស​ស្វ៊ីស ហើយ​អាជីវកម្ម​របស់​ធនាគារ​បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​។

ឥណទាន និង​ប្រាក់​បញ្ញើ​របស់​យើង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​ពី​ ២០០ ​ទៅ​ ៣០០ ​ភាគរយ​ក្នង​មួយឆ្នាំ ពេល​យើង​ពង្រីក​ប្រតិបត្តិការ​ទៅដល់​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​ប៉ៃលិន​ដែល​ពុំទាន់​មាន​ខ្សែកាប​អុបទិក ដូច្នេះ​យើង​ត្រូវ​ជួល​ផ្កាយរណប​តូចៗ​ពី​មន្ទីរ​ទូរគមនាគមន៍​។ គោលបំណង​របស់​យើង​គឺ​ផ្តល់​ការតភ្ជាប់​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ទូទាំង​ប្រទេស​។ នេះ​គឺជា​ការពង្រីក​ដ៏សំខាន់ មិន​ត្រឹមតែ​ពង្រីក​សាខា និង​ការិយាល័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ពង្រីក​បណ្តាញ និង​ទូរគមនាគមន៍​ដើម្បី​បញ្ជូន​ទិន្នន័យ​ផងដែរ​។

Q- បន្ទាប់មក​តើ​លោក​បណ្ឌិត​បោះ​ជំហ៊ាន​ចូលក្នុង​វិស័យ​ឌីជីថល​មែន​ទេ​?

ចក្ខុវិស័យ​របស់​យើង​គឺ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍​។ ក្នុង​ឆ្នាំ​ 2007 យើង​បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ សាខា ការិយាល័យ ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រពៃណី​បន្ទាប់មក​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​អេឡិចត្រូនិច ម៉ាស៊ីន ATM និង​ម៉ាស៊ីន​ឆូតកាត (POS) ជាដើម​។

យើង​បានដាក់​ម៉ាស៊ីន POS ចំនួន 4,462 កន្លែង​សម្រាប់​ទូទាត់ និង​ម៉ាស៊ីន ATM ចំនួន 909 នៅ​ទូទាំង​ប្រទេស​។ ប៉ុន្តែ​ម៉ាស៊ីន ATM មិនអាច​ដាក់​នៅតាម​ភូមិ​ទាំងអស់​បាន​ទេ ដូច្នេះ​យើង​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ​​ឌីជីថល​ថ្មី​មួយទៀត​។

Q- តើ​ធនាគារ​សម្រេចបាន​ចក្ខុវិស័យ​ស្នូល​របស់ខ្លួន​ដែល​បាន​ដាក់ចេញ​តាំងពី​ដើមដំបូង​ដែរឬទេ​?

បាទ​, ប្រាកដ​ណាស់​។ យើង​បាន​នាំយក​សេវា​ហិរញ្ញវត្ថុ​ពី​រាជធានី​ភ្នំពេញ ទៅដល់​បណ្តា​ខេត្ត​ដែល​បេសកកម្ម​របស់​យើង​គឺ​បម្រើ​គ្រប់​ផ្នែក​។ យើង​ផ្តល់​ចំណេះដឹង​អំពី​សេវា​ធនាគារ​នៅ​ទូទាំង​ប្រទេស​។

ពីមុន​ប្រជាជន​មិនទាន់​ចេះ​ប្រើប្រាស់​សេវា​ធនាគារ​ផ្លូវការ​ទេ ប៉ុន្តែ​បាន​ផ្លាស់ប្តូ​រហើយ​។ ឥឡូវ​ពួកគេ​ចេះ​ប្រើប្រាស់​សេវា​ធនាគារ​បែប​ប្រពៃណី ធនាគារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ឌីជីថល​។ ប្រជាជន​នៅ​តំបន់​ជនបទ​អាច​ប្រើប្រាស់​សេវា​ធនាគារ​អាច​ធ្វើការ​សន្សំ​ប្រាក់ ឬ​ផ្ទេរប្រាក់ ដូច​អ្នក​ដែល​រស់នៅ​តំបន់​ទីប្រជុំជន​ដែរ​។

Q- ដូច្នេះ​តើ​វា​បាន​ជួយ​ពន្លឿន​ដល់​ការលើក​កម្ពស់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ​ដែរឬទេ​?

ធនាគារ អេស៊ីលីដា រួមចំណែក​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​លើកកម្ពស់​បរិយា​ប័ន្ន​ហិរញ្ញវត្ថុ ពីព្រោះ​នៅពេល​យើង​ចាប់ផ្តើម យើង​ចង់ឱ្យ​អ្នក​ដែល​មិនទាន់មាន​គណនី​ធនាគារ អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​បាន ខណៈ​អ្នក​មួយចំនួន​ទៅ​ខ្ចីលុយ​ពី​អ្នក​ចងការ​លុយ​។

យើង​ថែមទាំង​ផ្តល់​កម្ចី​ដល់​អ្នក​ទុរគត គ្មាន​លំនៅឋាន​ច្បាស់លាស់​ថែមទៀត​ផង​។ ខ្ញុំ​បាន​សួរ​បុរស​ម្នាក់​ថា​តើ​គាត់​នឹងធ្វើ​អ្វី​ប្រសិន បើ​គាត់​មាន​ប្រាក់ 20 ​ដុល្លារ បុរស​នោះ​ឆ្លើយថា គាត់​នឹង​យកទៅ​បើក​មុខរបរ​លក់​ចេកអាំង​។

ដូច្នេះ​ខ្ញុំ​បាន​សាកល្បង​ឱ្យ​គាត់​ខ្ចី 20​ ដុល្លារ ហើយ​គាត់​ក៏​ចាប់ផ្តើម​មុខរបរ​នោះ​។

ហើយ​ខ្ញុំ​ក៏បានផ្តល់​ប្រាក់កម្ចី 30 ដុល្លារ ទៅឱ្យ​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ខ្ទម​ចាស់​មួយ គាត់​ក៏បាន​ចាប់ផ្តើម​លក់​ចេកចៀន​។ ការផ្តោត​ការយកចិត្តទុកដាក់​របស់​យើង​គឺ​ក្រុម​ជន​ដែល​ងាយ​រងគ្រោះ​ដែល​គ្មាន​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ហើយ​យើង​មិន​តម្រូវឱ្យមាន​ឯកសារ​អ្វី​ទេ​។

នេះហើយ​ជា​មូលហេតុ​ដែល​យើង​បើក​សាខា​ជាច្រើន សូម្បីតែ​នៅ​តំបន់​ជនបទ ដូច្នេះ​យើង​អាច​នៅ​ជិត​អតិថិជន និង​យល់​ពី​តម្រូវការ​អាជីវកម្ម​​របស់​ពួកគេ​។

Q- ធនាគារ អេស៊ីលីដា បាន​ជម្នះ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​ 1997 វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ​ 2008 ហើយ​បច្ចុប្បន្ន​ជំងឺ​រាតត្បាត​។ តើ​ធនាគារ អេស៊ីលីដា អាច​ជម្នះ​បញ្ហា​ប្រឈម​ទាំងនេះ​បាន​ដោយ​របៀប​ណា​?

អំឡុងពេល​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី យើង​គឺជា​ស្ថាប័ន​បម្រើ​ដល់​ការអភិវឌ្ឍ​សហគ្រាស MSMEs ហើយ​សេដ្ឋកិច្ចកម្ពុជា នៅពេល​នោះ​គឺ​ពឹង​ផ្អែកលើ​រូបិយបណ្ណ​បរទេស ដូច្នេះ​យើង​មិន​រង​ផលប៉ះពាល់​វិបត្តិ​ហិរញ្ញវត្ថុ​ទេ​។ អំឡុងពេល​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ឆ្នាំ​ 2008 ធនាគារ អេស៊ីលីដា​មានកំណត់​ត្រា​ល្អ​ដោយ​ទំហំ​ឥណទាន​កម្ចី​របស់​យើង​នៅ​តូចៗ​សម្រាប់ MSMEs ដែលមាន​រយៈពេល​ខ្លី ១៨ ​ខែ​ប៉ុណ្ណោះ ។

ដូច្នេះ​មិនមាន​ផលប៉ះពាល់​ដល់​ធនាគារ​យើង​ទេ យើង​ទទួលបាន​កំណើន​រឹងមាំ យើង​បានធ្វើ​ពិពិធកម្ម​ហានិភ័យ ហើយ​ផលបត្រ​កម្ចី​ទិញ​ផ្ទះ​មាន​តិចជាង ​៥ ​ភាគរយ​នៅពេលនោះ​។ យើង​មិន​ផ្តល់ប្រាក់​កម្ចី​ផ្អែកលើ​វត្ថុ​ធានា​ទេ ប៉ុន្តែ​ផ្អែកលើ​លំំ​ហូរ​សាច់ប្រាក់ ប្លង់ដី​ និង​លំនៅឋាន​មិនមែន​ជា​កម្មវត្ថុ​ធានា​តែមួយ​មុខ​នោះទេ យើង​មើល​ទៅលើ​គម្រោង​អាជីវកម្ម​របស់​អតិថិជន នេះ​ជា​លក្ខណៈពិសេស​របស់​យើង​ក្នុង​ការផ្តល់សេវា​ឥណទាន ។

ជំងឺ​រាតត្បាត​មិន​អាចជា​ឧបសគ្គ​រារាំង​ការអភិវឌ្ឍ​របស់​ធនាគារ អេស៊ីលីដា បានទេ​ពីព្រោះ​ការពង្រីក​សេវា​ធនាគារ​ឌីជីថល​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​យើង​។ អតិថិជន​មានការ​ភ័យខ្លាច​មក​ធនាគារ ឬ​ប៉ះពាល់​ក្រដាសប្រាក់​ដោយផ្ទាល់ ដូច្នេះ​យើង​បាន​លើកទឹកចិត្ត​ពួកគាត់​ឲ្យ​ប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល​ដែល​ជួយ​សម្រួល​ដល់​សេវា​ហិរញ្ញវត្ថុ​នានា​យ៉ាងច្រើន​។

Q- តើ​លោក​បណ្ឌិត​កំពុង​អាន​សៀវភៅ​ «Crossing Continents: A History of Standard Chartered Bank»​ មែន​ទេ​?

បាទ (​សើច​) ខ្ញុំ​កំពុង​អាន​សៀវភៅ Crossing Continents​។ យើង​ចង់ទៅ​ហួស​ពី​តំបន់ [​ព្រំដែន​]​។ ខ្ញុំ​បាន​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ពួកគេ​បាន​សុំឱ្យ​ខ្ញុំ​ត្រឡប់​មកវិញ ដោយសារ​ដើមទុន​នៅមាន​កម្រិត​។

​ន្ទាប់មក​ខ្ញុំ​បាន​ទៅ​ប្រទេស​ឡាវ​ក្នុង​ឆ្នាំ​ 2008 ដើម្បី​ពង្រីក​វត្តមាន​របស់​យើង​ក្នុង​តំបន់ ហើយ​ក្រោយមក​បាន​បង្កើត​សាខា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ពីព្រោះ​វា​មាន​ភាពងាយស្រួល​ជាង ដោយសារ​លក្ខខណ្ឌ​សេដ្ឋកិច្ច នៅពេល​នោះ គឺ​ស្រដៀង​នឹង​ប្រទេស​យើង ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែលមាន​តម្រូវការ​កម្ចី​ខ្នាតតូច​។

Q- តើ​លោក​បណ្ឌិត​មាន​គម្រោង​ថា​នឹង​ចូលនិវត្តន៍​នៅពេលណា​ហើយ​ឬ​នៅ​?

រឿង​ផែនការ​អ្នក​ស្នង​តំណែង​គឺ​យើង​បានគ្រោង​រួចហើយ​។ សម្រាប់​មុខតំណែង​ជាន់ខ្ពស់​ទាំងអស់​គឺ​ស្ថិតនៅក្នុង​ផែនការ​អ្នក​ស្នង​ដំណែង​។ យើង​បាន​បណ្តុះបណ្តាល និង​ហ្វឹកហ្វីន អ្នក​ដែល​ស័ក្តិសម ហើយ​យើង​នឹង​ជ្រើសរើស​អ្នក​ដែលមាន​ភាពលេចធ្លោ​បំផុត ពេល​ខ្ញុំ​ចូលនិវត្តន៍​។

Q- តើ​ស្ត្រី​អាចដឹកនាំ​ធនាគារ​បាន​ដែរ​ឬទេ​?

ហេតុអ្វី​មិនបាន​? ស្ត្រី​អាច​ជំនួស​តំណែង​ខ្ញុំ​បាន​។ យើង​មាន​បុគ្គលិក​ស្ត្រី​ជាច្រើន ក្នុង​ចំណោម​បុគ្គលិក​ចំនួន 12,081 នាក់ 40.74 ភាគរយ​គឺជា​ស្ត្រី ហើយ​នៅ​ការិយាល័យ​កណ្តាល 33.33 ភាគរយ​នៃ​បុគ្គលិក​របស់​យើង​គឺជា​ស្ត្រី។

Q- តើ​កត្តា​អ្វីដែល​បាន​ជំរុញ​ឱ្យ​លោក​បណ្ឌិត​នាំយក ធនាគារ អេស៊ីលីដា ទៅ​ចុះបញ្ជី​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​?

យើង​មាន​មោទនភាព​ណាស់​ក្នុង​នាម​ជា​ «​ប្រជា​ធនាគារ ដែល​លោកអ្នក​ជឿទុកចិត្ត​, គឺ​យើង​ចង់ឱ្យ​អតិថិជន​រីកចម្រើន​ជាមួយ​ភាពជោគជ័យ​របស់​យើង​ដែរ​។ ដូច្នេះ​នៅក្នុង​ខែ ឧសភា ឆ្នាំ​ 2020 យើង​បាន​ចុះបញ្ជី​ធនាគារ អេស៊ីលីដា នៅ​ផ្សារមូលបត្រ​កម្ពុជា​។ ហើយ​អតិថិជន​របស់​យើង​ក៏បាន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ដែរ​។

យើង​កំពុង​ដំណើរការ​យ៉ាង​ល្អ និង​ទទួលបាន​ភាគលាភ​ល្អប្រសើរ ដែល​បានធ្វើឱ្យ​ម្ចាស់​ភាគហ៊ុន​របស់​យើង​សប្បាយចិត្ត​។

Q- តម្លៃ​ភាគហ៊ុន​បាន​កើនឡើង​ពី 0.29 សេន ក្នុង 01​ ហ៊ុន ក្នុង​ឆ្នាំ​ 2019 ដល់ 0.33 សេន ក្នុង 01 ​ហ៊ុន ក្នុង​ឆ្នាំ 2020​។ តើ​លោក​បណ្ឌិត​អាច​ប្រៀបធៀប​សម្រាប់​ឆ្នាំ​ 2022 នេះ​បានទេ​?

សម្រាប់​ឆ្នាំ​ 2022 នេះ នឹង​កាន់តែ​មាន​ភាពល្អប្រសើរ​។ យើង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ដើម្បី​សម្រេចបាន​តួលេខ​កាន់តែ​ល្អ និង​រីកចម្រើន​ជាមួយ​អតិថិជន​ជោគជ័យ​របស់​យើង​។

ខ្ញុំ​ជឿជាក់ថា​យើង​អាចធ្វើ​បានល្អ​ជាង​នេះ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​យើង និង​ដោយសារ​រដ្ឋាភិបាល​បាន​គ្រប់គ្រង​ការរាតត្បាត​ជំងឺ​កូវីដ ​19 ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​អាជីវកម្ម​ក៏​ទទួលបាន​អត្ថប្រយោជន៍​ពី​វា​ដែរ​។ មួយ​ភាគ​ប្រាំ​នៃ​ផលប័ត្រ​កម្ចី​របស់​ធនា​គារ អេស៊ីលីដា​គឺ​នៅក្នុង​វិស័យ​កសិកម្ម និង​ទាក់ទង​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម ដើម្បី​ផ្តល់​ប្រាក់កម្ចី សម្រាប់​ការធ្វើ​ស្រែចម្ការ ដាំ​ដំណាំ ចិញ្ចឹម​ជ្រូក មាន់​ទា និង​ការចិញ្ចឹម​សត្វ​ផ្សេងៗ គឺ​យើង​មាន​ភាពចម្រុះ​។ ផលប័ត្រ​ប្រាក់កម្ចី​របស់​យើង​គឺមាន​សុវត្ថិភាព​ណាស់​៕