ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​ផ្លាស់ទៅ​អគារ​ទីស្នាក់ការ​ថ្មី​កម្ពស់៣ជាន់​របស់​ខ្លួន ដោយ​ការរចនា​ដោយ​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ស្រស់​ស្អាត ក្នុង​ឆ្នាំ២០១៥ ដែល​ជា​និមិត្តរូប​នៃ​ការ​ប្តេជ្ញា​ចិត្ត​យូរអង្វែង​របស់​ខ្លួន​ចំពោះ​ទីផ្សារ​មូលបត្រ ដែល​កំពុង​រីកចម្រើន​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ទីស្នាក់ការ​ថ្មីនេះ ទទួល​បានការ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ព​ងខ្ពស់​របស់​ឯកឧត្តម គាត ឈន់ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ ដែល​ស្ថិតនៅ​ផ្លូវ​លេខ១០៦ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។

ពិធី​ដ៏​មាន​សារៈសំខាន់​នេះ ក៏​ទទួល​បានការ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ អូន ព័ន្ធ​មុ​ន្នី​រ័ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល CSX ព្រមទាំង​ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា (ន.ម.ក.) និង​លោក​បណ្ឌិត ហុង សុ​ហួរ អគ្គនាយក CSX ក៏ដូចជា​វត្តមាន​របស់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​នេះ​ជាច្រើន​រូប​ទៀត។

ឯកឧត្តម គាត ឈន់ បាន​មានប្រសាសន៍​ថា៖«អគារ​នេះ​គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​មួយ បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់​ជាច្រើន​នៅក្នុង​វិស័យ​មូលបត្រ ដែល​ត្រូវ​បាន​បង្កើត និង​អភិវឌ្ឍ​កន្លងមក ស្របតាម​ការ​ចង្អុលបង្ហាញ​នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​កម្ពុជា»៕