The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីផ្សារ​មូលបត្រ​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កំណើន​ដ៏​រឹងមាំ​

ទីផ្សារ​មូលបត្រ​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កំណើន​ដ៏​រឹងមាំ​

Content image - Phnom Penh Post
អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន (រូប​ទី២ រាប់​ពី​ស្តាំ)ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ រូបថត Supplied​

ទីផ្សារ​មូលបត្រ​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កំណើន​ដ៏​រឹងមាំ​

ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​សម្តែង​ការ​អបអរសាទរ​ជាអនេក ចំពោះ​ថ្នាក់ដឹកនាំ​នៃ​និយតករ​មូលបត្រ​កម្ពុជា និង ផ្សារ​មូលបត្រ​កម្ពុជា, រួមមាន ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ហ៊ាន សា​ហ៊ីប​ឯកឧត្តម ស៊ូ សុ​ជាតិ, ឯកឧត្តម ហុង សុ​ហួរ ព្រមទាំង​ថ្នាក់ដឹកនាំ, បុគ្គលិក និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់, ដែល​បាន​ខិតខំ​ប្រឹងប្រែង​ពុះពារ ជម្នះ​រាល់​ឧបសគ្គ ដើម្បី​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា ឱ្យ​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ដូចសព្វថ្ងៃ និង​រំពឹង​ថា នឹង​មានការ​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ថែមទៀត តទៅ​អនាគត។

តាម​ទ្រឹស្ដី​សេដ្ឋកិច្ច វិស័យ​មូលបត្រ​អាច​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ តាមរយៈ ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​កៀរគរ និង​បែងចែក​មូលធន ពី​ភ្នាក់ងារ​សេដ្ឋកិច្ច​ដែល​មាន​សមត្ថភាព​ហិរញ្ញប្បទាន (មានន័យថា មានលទ្ធភាព​សន្សំប្រាក់) ជូន​ទៅ​ភ្នាក់ងារ​សេដ្ឋកិច្ច ដែល​មាន​តម្រូវការ​ហិរញ្ញប្បទាន។

វិស័យ​មូលបត្រ​ដែល​រីកចម្រើន នឹង​ផ្ដល់​នូវ​ប្រភព​ទុន​មួយ​ដែល​មិន​ចេះ​រីងស្ងួត សម្រាប់​ម្ចាស់​អាជីវកម្ម​ជាទូទៅ ហើយ​បង្កើត​ឡើង​នូវ​ប្រភព​ចំណូល​មួយ​សម្រាប់​បុគ្គល និង​តួអង្គ​សេដ្ឋកិច្ច​ផ្សេងទៀត ដែល​អាច​ធ្វើ​ពិពិធ​កម្ម​ខ្ទង់​វិនិយោគ​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ។

ក្នុង​ន័យ​នេះ, គម្រោង​អភិវឌ្ឍន៍​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា បាន​ចាប់​ដើម​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ចាត់​ឱ្យ​មានការ​បង្កើត​ក្រុមការងារ នៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សិក្សា​អំពី​លទ្ធភាព​នៃ​ការបង្កើត​ទីផ្សារ​មូលបត្រ​នេះ​ឡើង នៅក្នុង​ឆ្នាំ ២០០៦ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម​កិត្តិ​បរិរក្ស​បណ្ឌិត គាត ឈន់ អតីត​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ, ជា​ផ្លូវការ, វិស័យ​មូលបត្រ​នៅ​កម្ពុជា ត្រូវ​បាន​សន្មត​ថា បាន​ចាប់ផ្ដើម​បដិសន្ធិ​ឡើងជា​មួយ​នឹង​ការ​ដាក់​ឱ្យ​ប្រើ​នូវ​ច្បាប់​ស្តី​ពី​ការបោះផ្សាយ និង​ជួញដូរ​មូលបត្រ​មហាជន ក្នុង​ឆ្នាំ២០០៧ និង​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​គណៈកម្មការ​មូលបត្រ​កម្ពុជា ក្នុង​ឆ្នាំ២០០៨ និង​តួអង្គ​នានា​ក្នុង​វិស័យ​មូលបត្រ​ជា​បន្ដ​បន្ទាប់។

ផ្សារ​មូលបត្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​រូបភាព​ជា​ក្រុមហ៊ុន​ចម្រុះ​រដ្ឋ រវាង​រាជរដ្ឋាភិបាល​កម្ពុជា តំណាង ដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កូរ៉េ ក្នុង​ឆ្នាំ ២០១០ និង​បាន​បើក​ដំណើរការ​ជួញដូរ​មូលបត្រ​ជាលើកដំបូង​នៅ​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១២ ជាមួយនឹង​ការចុះបញ្ជី​ជួញដូរ​មូលបត្រ​របស់​សហគ្រាស​សាធារណៈ​ចំនួន​មួយ​គឺ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ។

ដើម្បី​អភិវឌ្ឍ​វិស័យ​មូលបត្រ, រាជរដ្ឋាភិបាល​កម្ពុជា, ដែល​មាន​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​សេនាធិការ, តែង​យកចិត្ត​ទុកដាក់​គាំទ្រ​វិស័យ​មួយ​នេះ តាមរយៈ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ និង វិនិយោគិន, ការ​យកចិត្ត​ទុកដាក់​ការពារ​ផលប្រយោជន៍​របស់​សាធារណជន និង​ការរៀបចំ​បទប្បញ្ញត្តិ​ដែល​មាន​លក្ខណៈ​អំណោយផល​ដល់​សកម្មភាព​មូលបត្រ ជាដើម។

រាជរដ្ឋាភិបាល​នឹង​បន្ត​ការ​យកចិត្ត​ទុកដាក់​នេះ ក៏ដូចជា​ការ​គិតគូរ​អំពី​យន្តការ​នានា​បន្ថែម ដើម្បី​ឱ្យ​ទីផ្សារ​មួយ​នេះ​អាច​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​ការ​ទាក់ទាញ​មូលធន និង​ជំរុញ​ការ​វិនិយោគ​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាតិ កាន់តែ​ទូលំទូលាយ និង កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់ ។

ពាក់ព័ន្ធ​នឹង​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ, រាជរដ្ឋាភិបាល​បាន​ផ្ដល់​ការ​លើកទឹកចិត្ត ជា​ការកាត់បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល សម្រាប់​សហគ្រាស​ដែល​ចុះបញ្ជី​លក់​មូលបត្រ, ទាំងមូល​បត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល, និង កាត់បន្ថយ​ពន្ធ​កាត់​ទុក​លើ​ការប្រាក់ លើ​ភាគលាភ និង​លើ​ការប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​បំណុល តាំងពី​ទីផ្សារ​មូលបត្រ​កម្ពុជា បាន​ចាប់ផ្ដើម​ដំណើរការ​ដំបូង ក្នុង​ឆ្នាំ២០១២ រហូតមកដល់​បច្ចុប្បន្ន និង​នៅតែ​បន្ត​ការ​លើកទឹកចិត្ត​បែបនេះ រហូត​ទាល់តែ​ឈាន​ដល់កម្រិត​អភិវឌ្ឍន៍​ដែល​អាច​ទទួលយក​បាន។

រាជរដ្ឋាភិបាល ក៏​គ្រោង​នឹង​ចាប់ផ្ដើម​បោះផ្សាយ​មូលបត្រ​រដ្ឋ​ក្នុង​ឆ្នាំ ២០២២ នេះ ដើម្បី​បង្កើត​នូវ​ប្រភព​ហិរញ្ញប្បទាន​មួយ​ថ្មី សម្រាប់​ការ​កៀរគរ​ទុន​របស់​រដ្ឋ ក៏ដូចជា​ដើម្បី​បង្កើត​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី សម្រាប់​វិនិយោគិន​នៅក្នុង​ទីផ្សារ​មូលបត្រ ជាពិសេស វិនិយោគិន​ស្ថាប័ន រួមមាន ធនាគារ, ក្រុមហ៊ុន​ធានារ៉ាប់រង, មូលនិធិ​សោធន​និវត្តន៍, មូលនិធិ សន្តិសុខ​សង្គម ជាដើម ។

ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី រំពឹង​ថា​នឹង​ទទួល​បានការ​ពេញនិយម សម្រាប់​ការ​ជួញដូរ​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា និង​ផ្ដល់​នូវ​ទិន្នន័យ Benchmark សម្រាប់​ការ​ជួញដូរ​មូលបត្រ​សាជីវកម្ម និង​ការវិភាគ​ហិរញ្ញវត្ថុ​នានា ដូច​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ប្រទេស​ដែល​មាន​វិស័យ​មូលបត្រ​រីកចម្រើន។

ម្លប់​នៃ​សន្តិភាព ក្នុងរយៈពេល​ជាង២ទសវត្សរ៍​កន្លងមក គឺជា​សមិទ្ធផល​មិន​អាច​កាត់ថ្លៃ​បាន ដែល​ត្រូវ​បាន​នាំមក​ជូន​ប្រជាជន និង​ប្រជាជាតិ​របស់​យើង​ដោយ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រៅពី​ការ​កសាង​សមិទ្ធផល​រូបវន្ត​ជាច្រើន​ឥតគណនា, រាជរដ្ឋាភិបាល​ក៏បាន និង​កំពុង​បន្ត​ខិតខំ​រៀបចំ និង ដាក់ចេញ​នូវ​គោលនយោបាយ និង វិធានការ​ជាបន្តបន្ទាប់ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា, ទាំង​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម, សំដៅ​ធានា​ឱ្យ បាន​នូវ​ភាព​អំណោយផល​នៃ​បរិយាកាស​ធុរកិច្ច និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ និង​លើកកម្ពស់​ពាណិជ្ជកម្ម ជាពិសេស សំដៅ​ពន្លឿន​ការ​ធ្វើ​ពិពិធ​កម្ម និង​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​កម្ពុជា។

រាជរដ្ឋាភិបាល​កម្ពុជា តែង​ចាត់ទុក​វិស័យ​ឯកជន​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​ខ្លួន និង​ជា​កម្លាំង​ចលករ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច។ ក្នុង​ន័យ​នេះ, បន្ថែម​លើ​យន្តការ​ផ្សារ​មូលបត្រ​ដែល​ជា​កម្មវត្ថុ​នៃ​សន្និសីទ​នៅ​ថ្ងៃនេះ, គំនិត​ផ្ដួចផ្ដើម​ជាច្រើន​ទៀត ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជាបន្តបន្ទាប់ ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន។

ទាំងនេះ​រួមមាន​ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី តេជោ ដើម្បី​ជួយ​គាំទ្រ​ដល់​អាជីវកម្ម​បង្កើត​ថ្មី​នានា,ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា, ការ​ដាក់​ឱ្យ​ដំណើរការ «គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង មធ្យម», និង​ការបង្កើត​ថ្នាល​ឌីជីថល CamDX សម្រាប់​សម្រួល​ដល់​ការចុះបញ្ជី​អាជីវកម្ម ជាពិសេស ការបង្កើត​វេទិកា​រាជរដ្ឋាភិបាល ផ្នែកឯកជន និង​យន្តការ​ពាក់ព័ន្ធ​នៅ​ក្រោម​វេទិកា​នេះ, ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា។

ជា​ការពិត​ណាស់, យើង​បាន​ឈាន​ដល់​ស្ថានភាព​ធូរស្បើយ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ តាមរយៈ​វិធានការ​នានា ជាពិសេស យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ-១៩ ដ៏​មានប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ។

ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ, ហ្មត់ចត់, ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជាហេតុ​ធ្វើ​ឱ្យ​កម្ពុជា​អាច​បើក​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច បាន​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ ។

ទោះជា​យ៉ាងនេះ​ក្តី ភាព​កាន់តែ​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ ជាពិសេស សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន គឺជា​ហានិភ័យ​ចំពោះមុខ ដែល​បាន និង​កំពុង​នាំមក​នូវ​បច្ច័យ​អវិជ្ជមាន​យ៉ាង​ស្រួចស្រាល់ និង​បន្ត​ដាក់​សម្ពាធ​លើ​មាគ៌ា​ងើបឡើង​វិញ (Recovery pathway) នៃ​សេដ្ឋកិច្ច​សកល តាមរយៈ​ការ​បង្អាក់​នូវ​ដំណើរការ​តំណ​ភ្ជាប់​សំ​ខាន់ៗ នៃ​ខ្សែ​ចង្វាក់​ផលិតកម្ម​សកល និង​ការ​កើនឡើង​នូវ​ថ្លៃ​ថាមពល ព្រមទាំង​ការ​ថមថយ​នៃ​សេដ្ឋ​កិ​ច្ច​ធំៗមួយចំនួន ដែល​ជា​លទ្ធផល​បង្ក​ឱ្យ​មានការ​កើនឡើង​នូវ​ថ្លៃ​ទំនិញ​គ្រប់​ប្រភេទ។

រាជរដ្ឋាភិបាល​បន្ត​ប្តេជ្ញា​ជំរុញ​ពន្លឿន​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការដ្ឋាន​កែទម្រង់​ឱ្យ​កាន់តែ​ស៊ីជម្រៅ សំដៅ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គម ឱ្យ​កាន់តែ​រឹងមាំ និង​មាន​ភាព​ធន់​ទៅ​នឹង​វិបត្តិ​នា​ពេល​អនាគត ជាពិសេស ឆ្លើយតប​បាន​ទាន់ពេល​ទៅ​នឹង​និន្នាការ​សំ​ខាន់ៗ និង​ការ​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​ព្រឹត្តិ​ការណ៍​នានា ក្នុង​តំបន់ និង​សកល។

ក្នុង​ន័យ​នេះ, រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ «ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការរស់នៅ​ជាមួយនឹង​កូ​វីដ-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ឆ្នាំ២០២១-២០២៣» ក្នុង​គោលបំណង​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ពេល​ចំពោះមុខ និង​ក្នុងរយៈពេល​មធ្យម ឱ្យ​ត្រឡប់ទៅ​រក​មាគ៌ា​នៃ​កំណើន​របស់​ខ្លួន និង​ពង្រឹង​ភាព​ធន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ក្នុងរយៈពេល​វែង ដែល​ក្នុង​នោះ ក៏​មានការ​គូស​រំលេច​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​បរិវត្ត​កម្ម ឌីជីថល (Digital Transformation) ក្នុង​វិស័យ​សាធារណៈ និង ឯកជន ដើម្បី​ជំរុញ​ល្បឿន​នៃ​ការ​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​បាន​លឿន និង​ឆាប់រហ័ស​ផង​ដែរ។

ជាមួយនឹង​ការ​កត់សម្គាល់​លើ​ការ​វិវឌ្ឍ​ធំធាត់​របស់​ផ្សារ​មូលបត្រ​កម្ពុជា និង​វឌ្ឍនភាព​សំ​ខាន់ៗក្នុងរយៈពេល ១០ឆ្នាំ​កន្លងទៅ​នេះ ដូចដែល​ឯកឧត្តម ហុង សុ​ហួរ និង​ឯកឧត្តម ស៊ូ សុ​ជាតិ បាន​រាយការណ៍, ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​មួយចំនួន​សំដៅ​ពន្លឿន និង​ពង្រឹង​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា​ថែមទៀត។

បន្ត​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ តាមរយៈ​យន្តការ និង​មធ្យោបាយ​ថ្មីៗនៃ​បច្ចេកវិទ្យា អំពី​អត្ថ​ប្រយោជន៍​ទាំងឡាយ​ដែល​រាជ-រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូលបត្រ ជាពិសេស ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់​វិស័យ​មូលបត្រ និង ការ​អនុគ្រោះ​បំណុល​ពន្ធចំពោះ​ក្រុមហ៊ុន​ដែល​បោះផ្សាយ និង​ចុះបញ្ជី​លក់​មូលបត្រ​ជា​សាធារណៈ។

ពិនិត្យ និង​ចាប់​យក​នូវ​កាលានុវត្ត​ភាព​ថ្មី​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ទីផ្សារ តាមរយៈ​ការ​ធ្វើ​ឌីជីថល​ភា​វូ​នី​យក​ម្ម​លើ​យន្តការ​របស់​ទីផ្សារ​មូលបត្រ​កម្ពុជា និង​របស់​និយតករ​មូលបត្រ​កម្ពុជា សំដៅ​ផ្ដល់​ភាព​ងាយស្រួល និង​ភាព​ឆាប់រហ័ស, ប៉ុន្តែ​អាច​គ្រប់គ្រង​បាន, សម្រាប់​វិនិយោគិន និង​ក្រុមហ៊ុន​ចុះបញ្ជី ព្រមទាំង​ការ​ក្ដាប់​យក​ឱកាស​នៃ​ការ​អភិវឌ្ឍ​លឿន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម ផលិតផល​ហិរញ្ញវត្ថុ​សម្រាប់​ទីផ្សារ និង​ការពង្រីក​សេវាកម្ម​របស់​ផ្សារ​មូលបត្រ​កម្ពុជា ទៅ​ក្រុមហ៊ុន​មិនទាន់​ចុះបញ្ជី​ផង​ដែរ ដូចជា​យន្តការ​រក្សាទុក​មូលបត្រ ជាដើម។

គិតគូរ​រៀបចំ​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៃ​ទីផ្សារ​មូលបត្រ នូវ​សកម្មភាព​លម្អិត ក្នុង​បរិការណ៍​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល​បច្ចុប្បន្ន ព្រមទាំង​ស្ថានភាព​វិវឌ្ឍន៍​លឿន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ ១០ឆ្នាំទៅ​មុខ​ទៀត តាមរយៈ​ការរៀបចំ និង​ការ​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​មូលបត្រ​រយៈពេល ១០ឆ្នាំ ដែល​ខ្ញុំ​បាន​ណែនាំ​រួចហើយ​ទៅ​និយតករ​មូលបត្រ​កម្ពុជា ឱ្យ​ដឹកនាំ​រៀបចំ​ការងារ​នេះ។

ការ​អភិវឌ្ឍ​វិស័យ​មូលបត្រ​ទាមទារ​នូវ​ពេល និង​ការចូលរួម​ពី​គ្រប់​តួអង្គ​ទាំងអស់, ទាំង​វិស័យ​សាធារណៈ និង វិស័យ​ឯកជន។ ដូច្នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​តួអង្គ​ទាំងអស់​នឹង​សហការ​ជាមួយ​ផ្សារ​មូលបត្រ​កម្ពុជា និង​និយតករ​មូលបត្រ​កម្ពុជា ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​នេះ​ជា​បន្ត​ទៀត ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីផ្សារ ព្រមទាំង​ច្បាប់ និង​បទប្បញ្ញត្តិ​ជាធរមាន​៕

អត្ថបទគួរចាប់អារម្មណ៍