ភ្នំពេញ : អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ សារព័ត៌មាន ភ្នំពេញ ប៉ុ​ស្ដិ៍ បាន​ចុះ​រុករក និង​ផ្សព្វផ្សាយ​ពី​តំបន់​ដ៏​ស្រស់​ស្អាត​ដ៏​មាន​សក្ដានុពល​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ពលរដ្ឋ​សហគមន៍។

ទោះជា​ឆ្លងកាត់​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ជាស​កល​ក្ដី ក៏​បេសកកម្ម​នេះ​នៅតែ​បន្ត​ដោយ​សម្រប​តាម​របត់​សកល និង​វិធានការ​សុវត្ថិភាព ដូចជា​ការ​បង្វែរ​ទិសដៅ​ទៅ​រក​បច្ចេកវិទ្យា​ទេសចរណ៍​ពិភព​និម្មិត អំឡុង​ពេល​បិទ​ខ្ទប់ ការណែនាំ​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង ដោយមាន​ការចូលរួម​ពី​ស្ត្រី និង​ការ​បំបែក​ឯតទគ្គកម្ម​ស្ដារ​អេកូ​ទេសចរណ៍​នៅ​កម្ពុជា។

ពិភព​និម្មិត​ក្នុង​វិស័យ​ទេសចរណ៍

​អំឡុង​ពេល​ផ្ទុះ​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​កម្ពុជា ប្រជាជន​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឱ្យធ្វើ​ដំណើរ ចៀសវាង​ការ​ជួបជុំ​មនុស្ស​ច្រើន ខណៈ​អាជីវកម្ម​កម្សាន្ត​ជាច្រើន​ត្រូវ​បាន​បិទទ្វារ។យ៉ាងណាមិញ ក្នុង​កាលៈទេសៈ​នេះ បច្ចេកវិទ្យា VR អាច​ជួយ និង​នាំ​យក​ទិដ្ឋភាព​ទាំងនោះ​មកដល់​ក្នុង​បន្ទប់​សម្រាប់​អ្នក​ត្រូវ​សំងំ​ក្នុង​ផ្ទះ​រយៈពេល​ច្រើនថ្ងៃ សប្ដាហ៍ ឬរហូតដល់​ខែ។

លោក អៀ សារ៉ា​បុត្រ ជា​ស្ថាបនិក Virtual Reality Cambodia និង​ជានា​យក​គ្រប់គ្រង Hiverlab Cambodia បានឱ្យ​ដឹង​ថា៖«យើង​អាច​ទៅលេង​អង្គរ​វត្ដ យើង​ទៅ​សមុទ្រ ទៅ​កោះ ទៅ​ស្រុក​អី​ផ្សេងទៀត ដូចជា ក្រុងប៉ារីស អូ​ស្ដ្រា​លី និង​គ្រប់កន្លែង រួម​ទាំង​ទិដ្ឋភាព​បាតសមុទ្រ​នៅក្នុង​កម្រិត​រូប ៣៦០ដឺក្រេ»។

បទ​ពិសោធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ ទេសចរណ៍​នេះ ក៏​ត្រូវ​បាន​ប្រើប្រាស់ ដោយសារ​មន្ទីរ​អន្ដរ​ជាតិនានា ដោយ​រំលេច​ពិព័រណ៍​ដ៏​រស់រវើក ទាក់ទាញ​អ្នកទស្សនា​វិល​ទៅកាន់​ពេលវេលា​ណាមួយ និង​កន្លែងណា​មួ​យស្ដែងៗនឹង​ភ្នែក។

អង្គរ​រស់រវើក មានន័យថា ភ្ញៀវ​អាច​ធ្វើដំណើរ​ទៅកាន់​អតីតកាល ដើម្បី​មើល​ពី​ការ​កសាង​ប្រាង្គ​ប្រាសាទ​ក្នុងរជ្ជកាល​អាណាចក្រ​ខ្មែរ​ដ៏​រុងរឿង​ផ្ទាល់នឹងភ្នែក ដោយ​គ្រាន់តែ​ឈានជើង​ចូលក្នុង​សាល​បន្ទប់​ធំ​មួយ​នោះ រូបភាព​ពី​ការ​កសាង​ប្រាង្គ​ប្រាសាទ​បាន​ផុស​ឡើង​នៅ​គ្រប់​ជ្រុង​នៃ​ជញ្ជាំង​ទាំង៨ទិស ពេញ៣៦០ដឺក្រេ។

លោក សូរ​ស្មី កេ ប៊ី​ន ជា​អគ្គនាយក​ក្រុមហ៊ុន Confluences ដែល​រួមចំណែក​ក្នុង​ការបង្កើត​សារមន្ទីរ​រស់រវើក​បាន​និយាយ​ថា៖ «ក្នុង​ការ​ផ្ដល់​បទ​ពិសោធ​សម្រាប់​ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរ​ជាតិ សារមន្ទីរ​អង្គរ​រស់រវើក នឹង​ប្រើ​បច្ចេកវិទ្យា​ទំនើប ដែល​អនុញ្ញាត​ឱ្យ​អ្នកទស្សនា​បានឃើញ​នូវ​ប្រាង្គ​ប្រាសាទ​ត្រូវ​បាន​កសាង​ឡើងវិញ​តាម​រូបភាព 3D»។

ស្ត្រី​កាន់តែ​ច្រើន ហ៊ាន​ផ្សងព្រេងនៅពេល​រដ្ឋាភិបាល​ចាប់ផ្ដើម​ដក​ការ​រឹត​បន្តឹង​សន្សឹមៗ កញ្ញា ថូ ភា​រម្យ បានសម្រេច​ចិត្ត​សាកល្បង​ដំណើរ​បែប​ផ្សងព្រេង​លើកដំបូង កាលពី​ខែកក្កដា ឆ្នាំ២០២១ ឡើងភ្នំ​ខ្នង​ផ្សារ។

ក្រោយ​ដំណើរ​ថ្មើរជើង៥ម៉ោង​តបស្នង​ដោយ​ទេសភាព​វាលស្មៅ​លើ​ភ្នំ​រលករលេញ​បំពេញ​ដោយ​ពពក​អ័ព្ទ​សក្បុស កញ្ញា​និយាយ​ថា៖«ខ្ញុំ​ចង់​សាក​ថ្ម​ឱ្យ​ជីវិត»។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្ត្រី​កាន់តែ​ច្រើន​ហ៊ាន​ផ្សងព្រេង​ធ្វើដំណើរ​កម្សាន្ត​ផ្សារភ្ជាប់​ខ្លួន​ជិតស្និទ្ធ​នឹង​សហគមន៍​ទេសចរណ៍​ធម្មជាតិ។

ដូចជា​កញ្ញា ផេង ស្រី​ស សកម្មជន​បរិស្ថាន ១រូប ដែល​បាន​ធ្វើដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា ជាពិសេស​តំបន់​ព្រៃភ្នំ នា​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ។

ក្រៅពី​ភ្នំ​ខ្ពស់​បំផុត​ទាំង៣ នៅ​កម្ពុជា ដូចជា ភ្នំ​ឱរ៉ាល់ កម្ពស់ ១ ៨១៣ម៉ែត្រ ខេ​ត្ដ​កំពង់ស្ពឺ ភ្នំ​សំ​កុស កម្ពស់ ១ ៧១៧ ម៉ែត្រ ខេ​ត្ដ​ពោធិ៍សាត់ និង​ភ្នំ​ទំព័រ កម្ពស់ ១ ២៥០ម៉ែត្រ​ក្នុង​ខេ​ត្ដ​ពោធិ៍សាត់ យុវតី​ខ្មែរ​រូប​នេះ​បាន​ធ្វើដំណើរ​ចូលព្រៃ​ភ្នំ​ជាច្រើន​កន្លែង។ កញ្ញា ស្រី​ស បាន​ចំណាយពេល ១០ថ្ងៃ ធ្វើដំណើរ​ទៅកាន់​ឆាយ១០០ ឬជ្រោះ​មរណៈ ស្ថិតនៅ​កណ្ដាល​ព្រៃ​ជ្រៅ​នៃ​តំបន់​ជួរភ្នំ​ក្រវាញ ព្រំប្រទល់​ខេ​ត្ដ​កោះកុង និង​ពោធិ៍សាត់ ជាទី​មាន​ទឹកធ្លាក់​ខ្ពស់​ជាងគេ ទេសភាព​ជ្រលង​ភ្នំ​ខ្ពស់ៗ និង​ស្ទឹង​ធំៗ។

កញ្ញា​វ័យ២៦ឆ្នាំនេះ​បាន​ប្រាប់​ថា៖ «កម្លាំង​យើង​ជា​មនុស្ស​ស្រី​ប្រហែលជា​មិន​ខ្លាំង​ដូច​បុរស​ទេ ប៉ុន្តែ​កម្លាំង​ចេញពី​ចិត្ត និង​ក្ដី​ស្រឡាញ់​ធម្មជាតិ​អាច​ធ្វើ​ឱ្យ​យើង​ជម្នះ​ឧបសគ្គ​បាន»។

រមណីដ្ឋានទឹកធ្លាក់អូរស៊ីនល៊ែ ស្ថិតក្នុងខេត្តរតនគិរី។ហេង ជីវ័ន

ទំនោរ​ទេសចរណ៍​ធម្មជាតិ

បន្ថែម​ពី​ការ​ផ្សព្វផ្សាយ​ពី​ទំនោរ​កម្សាន្ត​បែប​ផ្សងព្រេង ភ្នំពេញ ប៉ុ​ស្ដិ៍ ក៏​ព្យាយាម​រំលេច​សក្ដានុពល​សកម្មភាព​កម្សាន្ត ប្រកបដោយ​សុវត្ថិភាព និង​បណ្ដុះ​គ្រាប់ពូជ​អ្នក​ស្នេហា​បរិស្ថាន។

កុមារី វ័យ ៤ឆ្នាំ ភិរម្យ រស្មី​ភាណុ ទើប​បញ្ចប់​ដំណើរ​ទៅកាន់​វាល​ខ្នង​ផ្សារ និង​បងប្រុស វី​លៀម​ស៍ អាយុ ៨ឆ្នាំ ក៏បាន​ទទួលជោគជ័យ​ក្នុង​ការ​ឡើងភ្នំ​ខ្ពស់​បំផុត​នៅ​កម្ពុជា​ផង​ដែរ។

កុមារ​ទាំង២ជា​កូន​របស់​លោក ជួន ភិរម្យ បុគ្គល​ល្បី​ខាង​ពូកែ​លុកលុយ​ព្រៃភ្នំ ស្វែងរក​ទីឋាន​ធម្មជាតិ​ស្រស់​ត្រកាល ដោយ​រមែង​ចែករំលែក​ចំណេះដឹង​ស្ដីពី​បទ​ពិសោធ​ដើរផ្សងព្រេង និង​សម្អាត​បរិស្ថាន។

លោក​ប្រាប់​ថា៖ «ដំ​ណើរ​កម្សាន្ដ​បែប​ផ្សងព្រេង​នេះ​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ក្មេងៗក្នុង​ការ​បង្កើន​ទំនុក​ចិត្ដ​លើ​ខ្លួនឯង និង​ជា​ឱកាស​ឱ្យ​គាត់​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ ហ្វឹកហ្វឺន​រាងកាយ​បាន​យ៉ាង​ល្អ និង​ជា​ការអប់រំ​មួយ​បែប​នៅពេល​គាត់​ឡើងភ្នំ គាត់​អាច​ឮសំឡេង ក្លិន និង​ឃើញ​នូវ​អ្វី​ប្លែកៗ»។ លោក​បន្ត​ថា៖ «អំឡុង​ពេល​ដើរ​នោះ យើង​អាច​ពន្យល់​គាត់​ពី

សារៈសំខាន់​នៃ​បរិស្ថាន និង​អាច​បង្រៀន​គាត់​អំពី​ចំណេះដឹង​មូលដ្ឋាន​នៃ​ការរស់នៅ​ក្នុង​ព្រៃ ព្រមទាំង​អនុវត្ដ​គោលការណ៍«ដើរ​មិន​ទុក​ដាន» ផង​ដែរ»។

កំណត់ត្រា​ស្ដារ​អេកូ​ទេសចរណ៍

ក្នុង​គោលបំណង​ស្ដារ​អេកូ​ទេសចរណ៍​ឱ្យ​រស់​ឡើងវិញ ក្រោយ​ញាំញី​ដោយ​កូ​វីដ អង្គការ​ក្រៅ​រដ្ឋាភិបាល​វ័យ​សាម​ប្លាយ​ជា​ជនជាតិ​អាមេរិក លោក Jacob Sims និង​អូស្ត្រាលី Julien Brewster បាន​បំបែក​កំណត់ត្រា​ឡើងភ្នំ​ឱរ៉ាល់ ក្នុង​ថិរវេលា ២ ម៉ោង ២៦នាទី និង ៣៦វិនាទី នៅ​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ហើយ​លោក​បាន​លើកទឹកចិត្ត​ឱ្យ​អត្ដ​ពលិ​កខ្មែរ​ចូលរួម​បំបែក​កំណត់ត្រា​របស់​លោក។

រោយ​ពី​បានឃើញ​ព័ត៌មាន​នេះ​លើ​កាសែត ភ្នំពេញ ប៉ុស្តិ៍ ពី​លោក គីម សា​រឿន ហៅ គីម កុក អាយុ ៥៣ឆ្នាំ​រូប​នេះ បាន​ឡើង​ដល់​កំពូលភ្នំ​ឱរ៉ាល់​ដោយ​ប្រើប្រាស់​ថិរវេលា​ចំនួន ២ម៉ោង ២៦នាទី និង ៨វិនាទី កាលពី​ថ្ងៃសៅរ៍​ទី៤ មិថុនា២០២២។

លោក​បញ្ជាក់​ថា៖ «នេះ​មិនមែន​ជា​ការអំពាវនាវ​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​ឡើយ ប៉ុន្តែ​ជា​ការ​លើកទឹកចិត្ត​ឱ្យមក​បំបែក​កំណត់ត្រា​របស់​ខ្លួនឯង និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ បង្កើន​ជីវភាព​សហគមន៍​ឱ្យ​កាន់តែ​រីកចម្រើន»៕