ភ្នំពេញ: កំណើន​នៃ​តម្លៃបន្ថែម​សរុប​របស់​វិស័យ​កសិកម្ម​បាន​កើនឡើង​ពី ១៥ ៩៣៨ ពាន់​លាន​រៀល ឬស្មើនឹង ជាង ៣ ៩០៩ លាន​ដុល្លារ​ នៅ​ឆ្នាំ ២០១០ ដល់ ២២ ៧៨៦ ពាន់​លាន​រៀល ឬស្មើនឹង ៥ ៥៨៣ លាន​ដុល្លារ​ នៅ​ឆ្នាំ ២០១៩ មុន​ពេល​មាន​វិបត្តិ​កូ​វីដ ១៩ ដោយ​បាន​កើន​ក្នុង​អត្រា​ប្រមាណ ៤% ក្នុង ១ ឆ្នាំ​នៅក្នុង​រយៈពេល ១០ ឆ្នាំ​មកនេះ។

របាយការណ៍​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​នៅក្នុង​រយៈពេល១០ឆ្នាំ របស់ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញថា កំណើន​នៃ​វិស័យ​កសិកម្ម​មាន​ប្រមាណ១,៧% នៅ​ឆ្នាំ២០១៧ និង ១,១% នៅ​ឆ្នាំ២០១៨។ ចាប់ពី​ដើមឆ្នាំ២០២០ ដោយសារ​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច រី​ឯកំណើន​នៃ​វិស័យ​កសិកម្ម​ស្ថិត​ក្នុងរង្វង់ ០,៦% តែប៉ុណ្ណោះ ហើយ​កំណើន​នេះ​ត្រូវ​បាន​ប៉ាន់ស្មាន​ថានឹង​កើន​ប្រហែល ១,១% នៅ​ឆ្នាំ២០២១។ ចំពោះ​ការចូលរួម​ចំណែក​នៃ​អនុ​វិស័យ​ក្នុង​វិស័យ​នេះ​បង្ហាញ​ឱ្យ​ឃើញថា ផលិតកម្ម​ដំណាំ​បាន​រួមចំណែក​ធំជាង​គេ គឺ​ប្រមាណ​ពី៥៧%ទៅ៥៩% នៃ​ផលិតផល​កសិកម្ម​សរុប ខណៈ​ដែល​ផលិតផល​ជលផល​មាន​ប្រមាណ​ពី២២% ទៅ២៤% ផលិតផល​សត្វ​មាន​ក្នុងរង្វង់​ជាង ១១% និង​ព្រៃឈើ​មាន​ក្នុង​ចន្លោះ​ពី៦,៧% ទៅ៧% ប៉ុណ្ណោះ។

ចំពោះ​អនុ​វិស័យ​ដំណាំ ក្នុងរយៈពេល១០ឆ្នាំ​កន្លងមក​នេះ ផលិតផល​ស្រូវ​បាន​កើនឡើង​ពី ៨,២លាន​តោន​នៅ​ឆ្នាំ២០១០ ដល់១០,៨លាន​តោន​នៅ​ឆ្នាំ២០១៩ (មាន​កំណើន​ជាមធ្យម​ប្រចាំឆ្នាំ​ប្រមាណ ៣,១%) ហើយ​នៅ​ឆ្នាំ២០២១ សម្រេច​បាន ១២,២១លាន​តោន។ នៅក្នុង​នោះ​អតិរេក​ស្រូវ​បាន​កើន​ពី ៣,៩លាន​តោន​នៅ​ឆ្នាំ២០១០ ដល់ ៥,៧៥លាន​តោន​នៅ​ឆ្នាំ២០១៩ និង៦,៩លាន​តោន​នៅ​ឆ្នាំ២០២១នេះ។ដោយឡែក​ផលិតផល​ដំណាំរួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​បាន​កើន​ពី ៦,១៤លាន​តោន​នៅ​ឆ្នាំ២០១០ និង​នៅ​ឆ្នាំ២០២១ សម្រេច​បាន​ជាង១៩លាន​តោន។ចំពោះ​ផលិតផល​កៅស៊ូ​សម្រេច​បាន​ជាង ៤២ពាន់​តោន​នៅ​ឆ្នាំ២០១០ និង​កើន​ដល់ ២៨៧ពាន់​តោន​នៅ​ឆ្នាំ២០១៩ និង​នៅ​ឆ្នាំ២០២១ សម្រេច​បាន​ជាង ៣៦៨ ពាន់​តោន។ ការនាំចេញ​ផលិតផល​កៅស៊ូ​មានការ​កើនឡើង​ពី ៤២ពាន់​តោន នៅ​ឆ្នាំ២០១០ ដល់ ៣៦៦ពាន់​តោន នៅ​ឆ្នាំ២០២១។

សម្រាប់​អនុ​វិស័យ​ផលិតកម្ម​សត្វ(លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ពាណិជ្ជកម្ម) មាន​កំណើន៥,៥៣% ជាមធ្យម​ប្រចាំឆ្នាំ។នៅ​ឆ្នាំ២០១០ ការ​ចិញ្ចឹមសត្វ​មាន​ចំនួន ២៧លាន​ក្បាល និង​កើន​ដល់​ជាង៤៥លាន​ក្បាល​នៅ​ឆ្នាំ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ហេង ជីវ័ន

២០១៩ (បើ​គិតជា​តម្លៃ​គឺ​កើន​ពី១ ៤៥៨លាន​ដុល្លារ​អាមេរិក ដល់ ១ ៨២៧លាន​ដុល្លារ​អាមេរិក) ហើយ​នៅ​ឆ្នាំ២០២១ ចិញ្ចឹម​បាន​ជាង ៥៩លាន​ក្បាល។ ផ្នែក​ជលផល​វិញ ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​នេះ បរិមាណ​ផល​នេសាទ​សរុប (ទឹកសាប សមុទ្រ​និង​វារីវប្បកម្ម) បាន​កើនឡើង​ប្រមាណ ៥,៧% ជាមធ្យម​ក្នុង១ឆ្នាំៗគឺ ៥៥០ពាន់​តោន​នៅ​ឆ្នាំ២០១០ ដល់ ៨៥៦ពាន់​តោន​នៅ​ឆ្នាំ២០២១។ ផល​នេសាទ​ទឹកសាប កើន​ពី៤០៥ពាន់​តោន​នៅ​ឆ្នាំ២០១០ ដល់៤៧៩ពាន់​តោន​នៅ​ឆ្នាំ២០១៩ (ប្រមាណ ១,៩% ជាមធ្យម​ប្រចាំឆ្នាំ) និង ៣៨៣ពាន់​តោន​នៅ​ឆ្នាំ២០២១។បរិមាណ​ផល​នេសាទ​សមុទ្រ​បាន​កើនឡើង​ដូចគ្នា​ពី ៨៥ពាន់​តោន​នៅ​ឆ្នាំ២០១០ ដល់​ជាង១២២ពាន់​តោន​នៅ​ឆ្នាំ២០១៩ (ប្រមាណ៤,១%ជាមធ្យម​ប្រចាំឆ្នាំ) និង​នៅ​ឆ្នាំ២០២១ មាន​ចំនួន ១២៥ពាន់​តោន។ ចំណែក​ផល​វារីវប្បកម្ម​បាន​កើនឡើង​ពី ៦០ពាន់​តោន ដល់​ជាង ៣០៧ពាន់​តោន ក្នុង​ចន្លោះ​ឆ្នាំ២០១០ និង​ឆ្នាំ២០១៩ (ប្រមាណ១៩,៩%ជាមធ្យម​ប្រចាំឆ្នាំ) និង​នៅ​ឆ្នាំ២០២១នេះ សម្រេច​បាន ៣៤៨ពាន់​តោន។

ចំពោះ​វិស័យ​ព្រៃឈើ​វិញ​ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​នេះ ការ​ដាំ​ឈើ​ឡើងវិញ ទាំង​រដ្ឋ និង​វិស័យ​ឯកជន​សម្រេច​បាន​សរុប​ចំនួន ៤០៨ពាន់​ហិ​កតា និង​ការបង្កើត​សហគមន៍​ព្រៃឈើ​គិត​ត្រឹម​ឆ្នាំ២០១៩ មាន​សរុប​ចំនួន ៦៣៦សហគមន៍ និង​កើន​ដល់ ៦៤៣សហគមន៍​ត្រឹម​ឆ្នាំ២០២១នេះ។ទន្ទឹម​នឹង​ភាព​រីកចម្រើន​ដូចដែល​មាននៅ​ក្នុង​របាយការណ៍​នេះ វិស័យ​កសិកម្ម​ក៏​នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាក់ទង​ផ្នែក​វារីវប្បកម្ម ផ្នែក​ដំណាំ ទីផ្សារ ដែល​ធ្វើ​ឱ្យ​ការនាំចេញ​ផលិតកម្ម​របស់​កម្ពុជា​នៅ​មានកម្រិត។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក វេង សា​ខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។

លោក សា​ខុន បាន​បន្ថែម​ថា ផលិតភាព​កសិកម្ម​នៅ​កម្ពុជា​មានកម្រិត​ទាប​បើ​ធៀប​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​តំបន់ ដោយហេតុថា ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផលិតកម្ម​ទើបតែ​ចាប់ផ្តើម និង​ក្នុង​ល្បឿន​យឺត, យន្ដ​កម្ម​កសិកម្ម និង​ការប្រើ​ប្រាស់​ធាតុ​ចូល​កសិកម្ម​សមស្រប ដែល​តម្រូវ​ឱ្យ​មានការ​លើកកម្ពស់​ការយល់​ដឹង​បន្ថែម​ទៀត និង​សមត្ថភាព​ក្នុង​ការ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ទំនើប​នៅ​មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​នៅឡើយ។

លោក​បាន​បញ្ជាក់​ថា៖«កម្ពុជា​ពិបាក​ក្នុង​ការប្រកួត​ប្រជែង​តម្លៃនៅលើទីផ្សារ ដោយសារតែ​ប្រទេសជិតខាង​កម្ពុជា ចំណាយ​ថ្លៃដើម​លើ​ផលិតផល​កសិកម្ម​នេះ​តិច​ជាង​យើង ដូចនេះ​គេ​អាច​លក់​បាន​ក្នុង​តម្លៃ​ទាប​ជាង​យើង»។

លោក​បាន​បន្ត​ថា ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​តំបន់​អឺរ៉ុប ក្រៅពី​ស្រូវ​អង្ករ​កម្ពុជា​អាច​នាំទៅ​បាន​ត្រឹម១៥០តោន​ប៉ុណ្ណោះ ក្នុង១ឆ្នាំ ដោយសារតែ​ជួប​ការ​លំបាក​ច្រើន​រឿង​បញ្ហា​ដឹកជញ្ជូន ប៉ុន្តែ​បើ​នាំមក​កាន់​ប្រទេសជិតខាង​វិញ ពិបាក​ក្នុង​ការ-ប្រកួតប្រជែង​ជាមួយ​ផលិតផល​ក្នុង ស្រុក​របស់​គេ។ ម្យ៉ាងវិញទៀត បើសិនជា​នាំចេញ​ទៅ​ចិន ជប៉ុន កូរ៉េ ក៏​មានការ​លំបាក​ច្រើន​ដែរ ដោយសារតែ​នៅ​មាន​របាំង​ភូតគាម​អនាម័យ ដោយ​ត្រូវ​ចំណាយ​ច្រើន និង​ចំណេញ​តិច ជាពិសេស​ផលិតផល​ផ្លែឈើ ដែល​មាន​សក្តា​នុ​ពល​ដូច ស្វាយ និង​ចេក​ជាដើម កំពុង​ជួប​បញ្ហា​ច្រើន​ក្នុង​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន។

ទាក់ទង​នឹង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា នៅក្នុង​វិស័យ​កសិកម្ម​វិញ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា បាន​ជួយ​កាត់បន្ថយ​ការប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ច្រើន ទទួល​បានផល និង​គុណភាព​ល្អ​ប្រសើរ​ជាង​មុន ខណៈ​កំណើន​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម​មាន​កាន់តែ​ច្រើន​ពី១ឆ្នាំ

ទៅ១ឆ្នាំ។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យ៉េង បាន​មាន ប្រសាសន៍​ថា ក្នុងរយៈពេល ១០ឆ្នាំ​ចុងក្រោយ តាមរយៈ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ផលិតកម្ម​ស្រូវ និង​ជំរុញ​ការនាំចេញ​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ២០១០។ លោក​ថា កម្ពុជា​ពី​ប្រទេស​ដែល​សម្រាប់​តែ​ធ្វើ​ផលិតកម្ម​ស្រូវ​សម្រាប់​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក រហូតដល់​ការនាំចេញ​ស្រូវ​បាន​ជាង ៣,៥ លាន​តោន​ស្រូវ​នៅក្នុង​ឆ្នាំ២០២១ ហើយ​បាន​ចាប់ផ្តើម​នាំចេញ​អង្ករ​ត្រឹម​ចំនួន ប្រមាណ​ជាង ១ ម៉ឺន​តោន នៅ​ឆ្នាំ២០០៩ និង​កើន​ដល់​ជាង ៦១ម៉ឺន​តោន​នៅ​ឆ្នាំ២០២១។

អ្នកជំនាញ​ផ្នែក​កសិកម្ម​នៅ​កម្ពុជា លោក យ៉ង សាំង​កុមារ បាន​មើលឃើញ​ថា ការ​វិវឌ្ឍ​នៃ​វិស័យ​កសិកម្ម​កម្ពុជា​មាន​តិចតួច​ប៉ុណ្ណោះ ខណៈ​ដែល​ការ​កង្វះ​ទីផ្សារ និង​ទុន នៅតែ​ជា​កង្វល់ និង​បញ្ហា​សម្រាប់​កសិករ មិនទាន់​មានការ​ដោះស្រាយ​ឱ្យ​បាន​ល្អ​ប្រសើរ​នៅឡើយ។

លោក​បាន​ថ្លែង​បញ្ជាក់​ថា៖«យើង​សង្កេតឃើញ​ថា មិន​មានការ​វិវឌ្ឍ​ជា​វិជ្ជមាន​ច្រើន​ទេ សម្រាប់​វិស័យ​កសិកម្ម-កម្ពុជា ដោយសារតែ​បញ្ហា​បំណុល​របស់​កសិករ​នៅតែ​មាន​ច្រើន ការ​ប្រែក្លាយ​ដី​កសិកម្ម​ទៅជា​ដី​ឡូត៍ និង​ការស្រាវជ្រាវ​លើ​បច្ចេកទេស​កសិកម្ម​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​នៅ​មានកម្រិត​នៅឡើយ។ ទោះជាយ៉ាងណា​យើង​ក៏​ឃើញ​មានការ​វិវឌ្ឍ​ល្អ​ប្រសើរ​ខ្លះ​ដែរ គឺ​ផ្ទៃដី​ដាំដំឡូង​មី និង​ស្វាយចន្ទី​មានការ​កើនឡើង​គួរសម ប៉ុន្តែ​នៅតែ​មាន​បញ្ហា​ទីផ្សារ​ដដែល»។

ដើម្បី​ជំរុញ​កំណើន​ផលិតភាព​កសិកម្ម​កម្ពុជា រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​កសិកម្ម​បាន​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ឆ្នាំ២០២២-២០៣០ ដើម្បី​ប្រែក្លាយ កសិកម្ម​កម្ពុជា ជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដែល​នឹង​ធ្វើ​ឱ្យ​កើនឡើង​ប្រាក់ចំណូល​គ្រួសារ​កសិករ វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕