ភ្នំពេញៈ សារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ គឺជាស្ថាប័នផ្សព្វផ្សាយឯករាជ្យមួយនៅកម្ពុជា ដែលមានវ័យ ៣០ ឆ្នាំមកហើយ ដែលកាសែតនេះនៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលដើម្បីនាំមកនូវព័ត៌មានប្រកបដោយគុណភាពដល់មិត្តអ្នកអានទាំងខ្មែរ និងបរទេស និងបានរួមចំណែកក្នុងវិជ្ជាជីវៈដល់ការកសាងប្រទេសជាតិ ជាអ្វីដែលស្ថាប័នមួយនេះបានខិតខំប្រឹងប្រែងកន្លងមកនេះ។
ក្នុងខួប ៣០ ឆ្នាំនេះដែរ មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល អ្នកនយោបាយ អ្នកវិភាគសង្គមសេដ្ឋកិច្ច រួមនឹងសាស្ត្រាចារ្យផ្នែកសារព័ត៌មានបានផ្តល់នូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនពីដំណើរការនៃកាសែត ភ្នំពេញ ប៉ុស្តិ៍ តាំងពីដំបូងរហូតមកដល់បច្ចុប្បន្ននេះដែលមានខ្លឹមសារដូចខាងក្រោម៖
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៖កាសែត ភ្នំពេញ ប៉ុស្តិ៍ ជាកាសែតមួយប្រកបដោយវិជ្ជាជីវៈដែលបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានក៏ដូចជាចំណេះដឹងជូនដល់សាធារណជនបានច្រើន និងមានប្រយោជន៍ដល់សង្គមជាតិ។ជាពិសេសកាសែតនេះបានផ្សាយព័ត៌មានជា ២ ភាសា គឺភាសាខ្មែរ និងអង់គ្លេសហើយវាក៏ជាកាសែតមួយដែលមានទំនាក់ទំនងល្អជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ មានន័យថា កាសែតភ្នំពេញប៉ុស្តិ៍អាចធ្វើការ និងមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងការបញ្ជូននូវព័ត៌មានពិត ព័ត៌មានប្រកបដោយវិជ្ជាជីវៈក៏ដូចជាការចែករំលែកនូវចំណេះដឹងផ្សេងៗដែលមានសារប្រយោជន៍ដល់សង្គមជាតិ។
លោកថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តនូវសកម្មភាពការផ្សព្វផ្សាយព័ត៌មានការចែករំលែកចំណេះដឹងប្រកបដោយវិជ្ជាជីវៈនេះបន្តទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋរបស់យើង»។
រីឯលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា៖សម្រាប់ខ្ញុំផ្ទាល់ កាសែត ភ្នំពេញ ប៉ុស្តិ៍ ដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេស ជាស្ថាប័នសារព័ត៌មានមួយដែលមានវ័យចំណាស់ក្នុងចំណោមសារព័ត៌មានមួយចំនួនដែលបានបង្កើតឡើងតាំងពីកំណើតទី២ នៃព្រះរាជាណាចក្រកម្ពុជាក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការបោះឆ្នោតដែលរៀបចំដោយអ៊ុនតាក់ឆ្នាំ ១៩៩៣។
លោកថា៖ «ខ្ញុំមើលឃើញថា កាសែត ភ្នំពេញ ប៉ុស្តិ៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ ជាពិសេសការផ្តល់នូវព័ត៌មានត្រឹមត្រូវដែលអាចយកជាការបាន ពីព្រោះក្នុងសង្គមប្រជាធិបតេយ្យ ព័ត៌មានមានសារៈសំខាន់ណាស់។ខ្ញុំនៅតែជឿថា សារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ នៅតែមានតួនាទីដ៏សំខាន់ក្នុងការជួយឱ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមានភាពកាន់តែល្អប្រសើរ»។
លោកបន្ថែមថា៖ «ទោះបីជាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានការធ្លាក់ចុះជាបន្តបន្ទាប់ប៉ុន្មានឆ្នាំមកក្តី តែកាសែត ភ្នំពេញ ប៉ុស្ដិ៍ នៅប្រកាន់ជំហរអព្យាក្រឹត ឯករាជ្យ និងអត្ថបទមានប្រភពចម្រុះទាំងគណបក្យកាន់អំណាច គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ទាំងវិស័យឯកជន»។
ចំណែកលោក ឆាយ សុផល សាស្ត្រាចារ្យផ្នែកសារព័ត៌មាននិងជាអ្នកនិពន្ធសៀវភៅ មើលឃើញថា កាសែត ភ្នំពេញ ប៉ុស្តិ៍ គឺជាកាសែតមួយដែលមានអាជីពវិជ្ជាជីវៈក្នុងការងាររបស់ខ្លួនតាំងពីយូរមកហើយ ហើយជាសារព័ត៌មានមួយមាន ២ ភាសា និងដែលអាចនៅបន្តបោះពុម្ពរហូតមកទល់សព្វថ្ងៃ ខណៈដែលកាសែតក្នុងស្រុកដទៃទៀតភាគច្រើនលែងបោះពុម្ពហើយ។
ដូច្នេះកាសែត ភ្នំពេញ ប៉ុស្តិ៍ នៅតែក្រាញននៀល ស្វិតស្វាញ ធ្វើការបោះពុម្ព ហើយក្នុងនោះ ក៏មានអនឡាញផងដែរ។ លោកបញ្ជាក់ថា៖ «ខ្ញុំអានកាសែត ភ្នំពេញ ប៉ុស្តិ៍ ហើយក៏ធ្លាប់យកអត្ថបទខ្លះ ធ្វើជាគន្ថនិទ្ទេសជាឯកសារយោងផងដែរ។
ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថាប័នកាសែត ភ្នំពេញ ប៉ុស្តិ៍ បន្ត និងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានរបស់យើងខិតខំប្រឹងប្រែងបន្តកិច្ចការងារក្នុងបេសកកម្មសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា៖ ខ្ញុំមើលឃើញថា ការផ្តល់សេវាកម្មផ្នែកព័ត៌មានល្អ ក្នុងន័យជាសារព័ត៌មានអង់គ្លេសដែលជាការរួមចំណែកមួយដ៏ធំហើយខ្ញុំឃើញមានការយកចិត្តទុកដាក់ និងយក (ប្រភព) ពីកាសែត ភ្នំពេញ ប៉ុស្តិ៍ ច្រើនទៅប្រើប្រាស់ទូទាំងពិភពលោក។
ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាល «យើងសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ ហើយខ្ញុំតាមមើលជារៀងរាល់ពេលផងដែរ។ ចំណែកការរាយការណ៍ គឺអាចទទួលយកបាន ការរាយការណ៍ប្រកបដោយវិជ្ជាជីវៈ មិនមានការខ្វះចន្លោះនោះទេ»។
លោក គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា៖ ខ្ញុំចូលចិត្តអាន ស្តាប់ និងតាមដានព័ត៌មាន ដើម្បីស្វែងរកព័ត៌មានបានទទួលនូវចំណេះដឹងទូទៅបន្ថែម និងជារឿងជាក់ស្តែងមួយនៅក្នុងប្រទេសសម្រាប់ធ្វើការសម្រេចចិត្ត សម្រាប់ឱ្យយើងរៀបចំយុទ្ធសាស្ត្រ និងតាក់ទិចក្នុងការអនុវត្តការងារ។
លោកថា៖ «ខ្ញុំយល់ថាកាសែត ភ្នំពេញ ប៉ុស្តិ៍ ជាកាសែតមួយដែលបានសរសេរនូវរឿងរ៉ាវដែលមានភាពពិតច្រើន ហើយបានយកគំនិតរបស់អ្នកស្រាវជ្រាវទៅផ្សព្វផ្សាយ ដើម្បីជូនប្រជាពលរដ្ឋឱ្យបានជ្រាប បានដឹង ហើយការជ្រើសរើសអ្នកដែលផ្តល់បទសម្ភាសមិនលម្អៀងដោយបានជ្រើសរើសប្រភពជាអ្នកដែលមាននិន្នាការឯករាជ្យនៅក្នុងការវិភាគនៅក្នុងការផ្តល់បទសម្ភាសជាជាងការសម្ភាសទៅលើអ្នកដែលមានការផ្អៀងឬលម្អៀងទៅខាងគាំទ្ររដ្ឋាភិបាល ឬប្រឆាំងរដ្ឋាភិបាល។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ខ្ញុំសូមចូលរួមអបអរសាទរចំពោះខួប ៣០ ឆ្នាំនៃការបង្កើតអង្គភាពសារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ និងសូមជូនពរឱ្យអង្គភាពសារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍កាន់តែរីកចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
លោកលើកឡើងថា នៅកម្ពុជាសារព័ត៌មាន បាននិងកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសំខាន់ និងយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ប្រជាជនកម្ពុជានៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។ក្នុងនោះសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ក៏ជាអង្គភាពសារព័ត៌មានមួយដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងប្រកបដោយវិជ្ជាជីវៈផងដែរ។
លោកថ្លែងថា៖ «អង្គភាពសារព័ត៌មាននេះក៏អាចនិយាយបានថា ជាអង្គភាពសារព័ត៌មានដ៏ចំណាស់និងពោរពេញទៅដោយបទពិសោធមួយក្នុងការលើកស្ទួយវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា និងក៏បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានមួយចំនួននៅកម្ពុជាផងដែរ»។
ចំណែកលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ភ្នំពេញ ប៉ុស្តិ៍ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មាន និងជាភ្នាក់ងារនាំបញ្ហាសង្គម នយោបាយនិងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋខ្មែរប្រកបដោយវិជ្ជាជីវៈ ដែលធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវតាមរយៈព័ត៌មានពីកាសែតនេះ។
លោកថ្លែងថា៖«ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋទទួលបានព័ត៌មានច្រើនសូម្បីតែក្នុងការស្រាវជ្រាវរបស់ខ្ញុំ ទិន្នន័យព័ត៌មានមួយចំនួន ក៏ខ្ញុំទទួលបានពី ភ្នំពេញ ប៉ុស្តិ៍ ដែរ ខ្ញុំយោងបានច្រើនដោយសារ ភ្នំពេញ ប៉ុស្តិ៍ មានវិស័យច្រើន»។
ចំពោះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញបានឱ្យដឹងដែរថា កាសែត ភ្នំពេញ ប៉ុស្តិ៍ បើប្រៀបធៀបជាមួយសារព័ត៌មានផ្សេងទៀត ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកឃើញថា មានលក្ខណៈប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈល្អបង្គួរសម្រាប់ជាទីទុកចិត្តដល់មហាជនក្នុងការទទួលបានព័ត៌មាន។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ភាគច្រើន ភ្នំពេញ ប៉ុស្តិ៍ និយាយពិត និយាយត្រង់ច្រើន មិនមានការបំផ្លើស មិនមានការពង្រីកឬបំប៉ោង ឬមួយប្រឌិតព័ត៌មានអីទេ។ នេះខ្ញុំនិយាយដោយសុទ្ធចិត្ត ពីព្រោះភ្នំពេញប៉ុស្តិ៍មិនដែលសូកប៉ាន់អីខ្ញុំទេ។ក្នុងនាមយើងជាអ្នកព័ត៌មានយើងមិនបាច់អួតខ្លួនឯងថាល្អ និងមានវិជ្ជាជីវៈ និងក្រមសីលធម៌អីទេបញ្ហាសំខាន់គឺខ្លឹមសារអត្ថបទរបស់យើងដែលផ្សាយទៅផ្សារភ្ជាប់នឹងការពិតជាក់ស្តែង ព្រឹត្តិការណ៍ដែលកើតឡើងដែរ ឬទេ»។
លោកបន្តថា៖ «បើយើងមិនផ្សារភ្ជាប់នូវព្រឹត្តិការណ៍ដែលកើតឡើងណាមួយទេ ហើយយើងទៅស្រែកថា យើងមានក្រមសីលធម៌ អាហ្នឹង ក៏គ្មានអ្នកណាជឿដែរ ហើយវាបាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរក៏ដូចជាកេរ្តិ៍ឈ្មោះរបស់កាសែតយើងដែរ។ ខ្ញុំយល់ថា ដើម្បីឱ្យមហាជន និងប្រជាជនមានការទុកចិត្តមានតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសរសេរព័ត៌មានមកតាមព្រឹត្តិការណ៍ដែលកើតឡើង យើងកុំប្រឌិត អាហ្នឹងអត់មានបញ្ហាអីទេ»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនក៏បានលើកឡើងដែរថា លោកបានគាំទ្រកាសែត ភ្នំពេញ ប៉ុស្តិ៍ តាំងពីដើមរៀងមក។
លោកថ្លែងថា៖ «ពីមុនយើងឃើញព័ត៌មានទាំងអស់ដែល ភ្នំពេញ ប៉ុស្ដិ៍ ចុះផ្សាយ យើងទុកចិត្ត និងយកជាការបាន ព្រោះមានមូលដ្ឋានគ្រប់គ្រាន់ និងមានវិជ្ជាជីវៈត្រឹមត្រូវដោយមិនគិតពីនិន្នាការនយោបាយ»។
ជាមួយគ្នានេះលោកបានស្នើឱ្យកាសែត ភ្នំពេញ ប៉ុស្តិ៍ បន្តចុះផ្សាយនូវព័ត៌មានពិត និងមិនលម្អៀងប្រកបដោយវិជ្ជាជីវៈក្នុងការផ្តល់ឱ្យប្រជាពលរដ្ឋ និងអ្នកនយោបាយក្នុងការសម្រេចចិត្ត និងប្រើប្រាស់ជាមូលដ្ឋានផ្សេងឱ្យបានត្រឹមត្រូវ។
ដោយឡែកលោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានកោតសរសើរកាសែត ភ្នំពេញ ប៉ុស្តិ៍ ដែលបានបង្ហាញនូវជំហរអព្យាក្រឹតនិងវិជ្ជាជីវៈខ្ពស់ដែលមិនលម្អៀងទៅគណបក្សនយោបាយណាមួយ ហើយតែងតែប្រើប្រាស់ព័ត៌មានគ្រប់ប្រភព និងគ្រប់ជ្រុងជ្រោយដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ខ្ញុំពិតជារីករាយ ខ្ញុំគិតថា វត្តមានរបស់កាសែត ភ្នំពេញ ប៉ុស្តិ៍ នៅកម្ពុជាគឺជួយបានយ៉ាងធំធេងទៅដល់ការកសាងនូវលទ្ធិប្រជាធិបតេយ្យនិងសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងសិទ្ធិទទួលបានព័ត៌មានផងដែរ»។
រីឯលោក អំ សំអាត នាយករងអង្គការលីកាដូបានថ្លែងថា កាសែត ភ្នំពេញ ប៉ុស្តិ៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានទៅប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំក្រុមហ៊ុនក៏ដោយ ក៏ប៉ុន្តែ ភ្នំពេញ ប៉ុស្តិ៍ នៅតែដើរតួនាទីដ៏សំខាន់ក្នុងនាមកាសែតអន្តរជាតិក្នុងស្រុក។
លោកថា៖ «ព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ខ្ញុំឃើញថា គេចូលចិត្តមើលច្រើន ហើយបើនិយាយពីមុនមក គេចាត់ទុកថា កាសែត ភ្នំពេញ ប៉ុស្តិ៍នេះ ជាកាសែតឯករាជ្យ ប៉ុន្តែបន្ទាប់ពីមានការផ្លាស់ប្តូរក្រុមហ៊ុនមកក៏ទទួលរងនូវការរិះគន់ខ្លះ ប៉ុន្តែយ៉ាងណាក៏ដោយ ភ្នំពេញ ប៉ុស្តិ៍ នៅតែដើរតួនាទីសំខាន់ដែរសម្រាប់សារព័ត៌មានអន្តរជាតិក្នុងស្រុក»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជាបានឱ្យដឹងដែរថា លោកគឺជាអ្នកតាមដានសារព័ត៌មានជាពិសេសឧស្សាហ៍អានព័ត៌មានពីកាសែត ភ្នំពេញ ប៉ុស្ដិ៍ ដើម្បីជាមូលដ្ឋានក្នុងការវិភាគ និងក៏ដូចជាស្រាវជ្រាវព្រោះកាសែតនេះផ្តល់នូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ៕