នៅថ្ងៃនេះកាលពី ៣០ ឆ្នាំមុន កាសែត ភ្នំពេញ ប៉ុស្តិ៍ ត្រូវបានបង្កើតឡើង។ ៣ ទសវត្សរ៍ក្រោយមក កាសែតមួយនេះនៅតែបន្តផ្តល់ជូនព័ត៌មានប្រកបដោយគុណភាព និងបានរួមចំណែកយ៉ាងច្រើនដល់ការកសាងសង្គមជាតិ និងជួយពង្រឹងវិជ្ជាជីវៈនៅក្នុងវិស័យមួយនេះ។
ដូចដែលយើងបានដឹងស្រាប់ហើយថា កាសែត ភ្នំពេញ ប៉ុស្តិ៍ បានខិតខំប្រឹងប្រែងតស៊ូ អត់ធ្មត់ និងក្រាញននៀល ក្នុងការរាយការណ៍ព័ត៌មាននៅគ្រប់កាលៈទេសៈ មិនថាអំឡុងពេលសង្រ្គាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ ២០០៨ អំឡុងពេលជំងឺរាតត្បាតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះនោះឡើយ។
វាគឺជាសក្ខីភាពមួយបង្ហាញអំពីគុណតម្លៃ និងគោលការណ៍ស្នូលរបស់យើង ដើម្បីធ្វើឱ្យប្រាកដថាការផ្សព្វផ្សាយពីប្រទេសជាតិនៅតែត្រូវបានធ្វើឡើង ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ដូច្នេះ នេះហើយជាមូលហេតុដែលយើងអាចនិយាយបានដោយមោទនភាពថា យើងនៅទីនេះដើម្បីរាយការណ៍ និងចងក្រងឯកសារអំពីសម័យកាល និងការវិវឌ្ឍរបស់ប្រទេសកម្ពុជា។ ពួកយើងរាយការណ៍ព័ត៌មានដោយមិនមានការភ័យខ្លាច ឬលម្អៀងឡើយ។
យើងបានធ្វើឱ្យប្រាកដថា រាល់ព័ត៌មានដែលយើងលើកយកមកបង្ហាញ គឺជាព័ត៌មានពិតប្រាកដច្បាស់លាស់ និងគួរជាទីទុកចិត្ត ដោយមិនប្រើភាពរវើរវាយនៃអារម្មណ៍។ រហូតមកដល់សព្វថ្ងៃ យើងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមិត្តអ្នកអាន ដែលពឹងផ្អែកលើព័ត៌មានច្បាស់លាស់ និងមិនលម្អៀងរបស់យើង។
របាយការណ៍របស់យើងបានគ្របដណ្តប់លើព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅកម្ពុជា ក្នុងនោះមានដូចជាគោលនយោបាយសំខាន់ៗ ការសម្រេចចិត្ត និងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលក៏ដូចជាធុរកិច្ច ផលប្រយោជន៍សាធារណៈ បរិស្ថាន សុខភាពសាធារណៈសមិទ្ធផលជាតិ សោកនាដកម្ម រហូតដល់ព័ត៌មានកីឡា និងព័ត៌មានកម្សាន្តជាច្រើនទៀត។
ផ្លាស់ប្តូរទៅតាមពេលវេលា
ខណៈសេដ្ឋកិច្ចបានចាប់ផ្តើមងើបឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩, ភាគច្រើននៃទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយក៏បានផ្លាស់ប្តូរទៅតាមពេលវេលាផងដែរ។ គេមិនត្រឹមតែអាចអានព័ត៌មានលើក្រដាសកាសែត បោះពុម្ពប៉ុណ្ណោះទេ ប៉ុន្តែគេក៏អាចអានបានតាមរយៈប្រព័ន្ធឌីជីថលផងដែរ ដោយសារតែសម្ទុះនៃកំណើនប្រព័ន្ធបច្ចេកវិទ្យាហើយគេអាចអានព័ត៌មានបានដោយឥតគិតថ្លៃ និងទាន់ហេតុការណ៍។ ទោះជាយ៉ាងណាក៏ដោយដូចអ្វីៗផ្សេងទៀតដែរ ការផ្លាស់ប្តូរនឹងមកដល់។
ភ្នំពេញ ប៉ុស្តិ៍ បានបន្តវិវឌ្ឍទៅតាមសម័យកាល ហើយបានស្វែងរកគ្រប់វិធីសាស្ត្រ និងមធ្យោបាយថ្មីៗ ដើម្បីផ្តល់ជូននូវព័ត៌មានឱ្យកាន់តែទូលំទូលាយ មិនថាតាមរយៈប្រព័ន្ធឌីជីថល បណ្តាញផ្សព្វផ្សាយសង្គម ឬតាមតូបលក់កាសែតនោះទេ។
យើងបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន និងបន្តខិតខំទាក់ទាញមិត្តអ្នកអានរបស់យើងជាមួយនឹងអត្ថបទដែលពោរពេញដោយការបំផុសគំនិត និងការយល់ដឹងស៊ីជម្រៅរាប់ចាប់តាំងពីវិស័យសាធារណៈឯកជន អង្គទូត អង្គការក្រៅរដ្ឋាភិបាល ផ្នែកសិក្សាអប់រំ ដើម្បីជាវេទិកាចែករំលែកទស្សនៈរបស់ពួកគេ និងធ្វើជាកញ្ចក់ឆ្លុះនៃសង្គមជាដើម។
និយាយដោយស្មោះត្រង់ទៅ រយៈពេល ២ ឆ្នាំចុងក្រោយនេះ យើងបានប្រឈមនឹងការលំបាកជាច្រើន មិនត្រឹមតែវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក៏ដូចគ្នាដែរ។ ប៉ុន្តែយើងបានបន្តបេសកកម្មរបស់យើងដោយប្រឈមមុខនឹងរាល់បញ្ហាលំបាកនានាក្នុងការនាំយកព័ត៌មានមកជូនអ្នកអានឱ្យបានទាន់ពេលវេលានិងគ្រប់ជ្រុងជ្រោយ យើងបានផ្តោតលើការនាំយកព័ត៌មានទៅកាន់ប្រជាជន និងរាយការណ៍ពីព្រឹត្តិការណ៍នានា ដើម្បីតាមឱ្យទាន់ពីដំណើរការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ក៏ដូចជាប្រជាជន ដែលប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ ១៩។
នេះបានបង្ហាញពីភាពរឹងមាំរបស់យើង ដែលនៅតែដំណើរការអស់រយៈពេល៣ទសវត្សរ៍មកនេះ ហើយសង្ឃឹមថា យើងនឹងនៅបន្តដំណើរវែងឆ្ងាយទៅមុខទៀត។
ច្បាស់លាស់, ស៊ីជម្រៅ និងឯករាជ្យ
ខណៈធ្វើដំណើរឆ្ពោះទៅមុខ យើងបានសម្របខ្លួន ដើម្បីឆ្លើយតបទៅនឹងបរិបទប្រកួតប្រជែង និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ន ដើម្បីធានាថា អ្នកអានរបស់យើង ទទួលបាននូវរបាយការណ៍ និងព័ត៌មានពិត និងគួរឱ្យទុកចិត្ត។
ការផ្តល់ព័ត៌មានត្រូវបានពង្រីកទៅកាន់វេទិកាឌីជីថល ដើម្បីតាមឱ្យទាន់ការវិវឌ្ឍនាពេលបច្ចុប្បន្ន ខណៈគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង ដូចជា Facebook, Twitter, LinkedIn, Instagram និង Telegram ផ្តល់ឱ្យអ្នកអានជាប្រចាំអំពីព័ត៌មានទាន់ហេតុការណ៍ដ៏សម្បូរបែបទាន់ហេតុការណ៍បច្ចុប្បន្ន ក៏ដូចជាពិភពព័ត៌មានអាជីវកម្ម។
បច្ចុប្បន្នយើងមានអ្នកមើលនិងគាំទ្រជាង៩លាននាក់នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងនោះជាង៧លាននាក់នៅលើfacebook ដែលធ្វើឱ្យយើងក្លាយជាប្រព័ន្ធផ្សព្វផ្សាយមួយក្នុងចំណោមកាសែតបោះពុម្ពផ្សាយជាខេមរភាសា និងភាសាអង់គ្លេស ដែលមានគេមើលច្រើនបំផុតនៅក្នុងវេទិកាឌីជីថលកម្ពុជា។
ដោយមើលឃើញពីចំនួនដ៏ច្រើននេះ យើងសង្ឃឹមថា នឹងបន្តវិវឌ្ឍ ដើម្បីបម្រើមិត្តអ្នកអានរបស់យើង និងរក្សាឈ្មោះជា«កាសែតរបស់ប្រជាជន»ឱ្យបានយូរអង្វែង ដូចដែលយើងមានកាលពីអតីតកាល។
ដូច្នេះយើងសន្យានឹងបន្តបំពេញកាតព្វកិច្ចរបស់យើងក្នុងនាមជាអ្នកសារព័ត៌មានដើម្បីនាំយកព័ត៌មានច្បាស់លាស់ ស៊ីជម្រៅ និងឯករាជ្យ ជូនប្រទេសជាតិ តាមបាវចនារបស់យើង។
ថ្លែងអំណរគុណ និងដឹងគុណ
ផ្លូវខាងមុខគឺមិនប្រាកដប្រជានោះទេ។ ពេលវេលាកំពុងផ្លាស់ប្តូរ ហើយយើងក៏ត្រូវតែផ្លាស់ប្តូរទៅតាមនោះដែរ ប៉ុន្តែរឿងមួយដែលស្ថិតស្ថេរជានិច្ច គឺអ្នកអានរបស់យើង។ ដូច្នេះយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកអានដែលតែងតែនៅជាមួយយើង និងធ្វើឱ្យយើងមានអាយុកាលរហូតដល់ ៣០ ឆ្នាំនេះ។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកកាសែត ភ្នំពេញ ប៉ុស្ដិ៍ ទាំងអស់សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងព័ត៌មាន ដែលបានសម្រួលដល់យើងខ្ញុំដើម្បីប្រតិបត្តិការផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព វិជ្ជាជីវៈ និងឯករាជ្យ។
ទន្ទឹមនឹងនេះ យើងក៏សូមអរគុណចំពោះក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងដៃគូអាជីវកម្មរបស់យើងទាំងអស់ ចំពោះការគាំទ្រ ការសហការ និងទំនុកចិត្តមកលើផលិតផលរបស់យើង។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលិក ទាំងបុគ្គលិកពីអតីតកាល និងបច្ចុប្បន្នគ្រប់ផ្នែកទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរបំពេញភារកិច្ចនាពេលកន្លងមកក៏ដូចជាស្វែងរកព័ត៌មានសម្បូរបែប ដើម្បីធ្វើឱ្យកាសែតរបស់យើងមានអាយុកាលជាច្រើនឆ្នាំមកនេះ។ កាសែត ភ្នំពេញ ប៉ុស្តិ៍ នឹងមិនអាចសម្រេចបាននូវអ្វីដូចយើងមានពេលបច្ចុប្បន្ននេះទេ ប្រសិនបើគ្មានការចូលរួមពីអ្នកទាំងអស់គ្នា។
ដូច្នេះ នៅក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបរបស់កាសែតភ្នំពេញប៉ុស្តិ៍នេះ យើងខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលធ្វើឱ្យយើងធ្វើដំណើរមកដល់ពេលនេះ។ ទោះបីអនាគតមិនច្បាស់លាស់ក្តីក៏យើងនៅតែសង្ឃឹមថា អ្នក-ទាំងអស់គ្នានឹងនៅតែបន្តនៅជាមួយយើង ខណៈយើងកំពុងធ្វើដំណើរឆ្ពោះទៅមុខ។
ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាសូមឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច!
សូមអបអរសាទរខួបគម្រប់ ៣០ ឆ្នាំរបស់កាសែតភ្នំពេញប៉ុស្តិ៍!