ក្រុមហ៊ុន Ming Fai Enterprise (Cambodia) Co., Ltd នៅ​ឆ្នាំនេះ បាន​បើក​សាល​តាំង​បង្ហាញ​ថ្មី​មួយ​នៅ ក្នុង​ទីក្រុង​ភ្នំពេញ ជាមួយ​នឹង​ហាង​ដ៏ធំ​ទូលាយ មាន​តាំង​បង្ហាញ​សម្ភារ​សណ្ឋាគារ​ដ៏សម្បូ​បែប នៃ​ម៉ាក​យីហោ​អន្តរជាតិ​រាប់រយ​ប្រភេទ។

​ការនាំយក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​របស់ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​លក់​រាយ សាល​តាំង​បង្ហាញ​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការបន្ត​ពង្រីក​ប្រតិបត្តិការ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន Ming Fai Group។

​លោក Ching Tsun-wah អនុប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Ming Fai បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា​ថា ៖ «​ព្រះរាជា​ណាចក្រ​កម្ពុជា​មាន​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ហើយ​យើង​ចង់ឱ្យ​ប្រជាជន​កម្ពុជា​កាន់​តែច្រើន​ចូលរួម​ជាមួយ​យើង»។

​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​ក្នុងការ ផលិត​សម្ភារ​ប្រើប្រាស់​ក្នុង​សណ្ឋាគារ និង​វិស័យ​អាកាសចរណ៍​លំដាប់​ពិភពលោក​មួយនេះ បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ឈ្មោះ​ក្រុមហ៊ុន Ming Fai Enterprise (Cambodia) Co Ltd ក្នុង​ខែ​មករា ឆ្នាំ ២០១៨។

​លោក Ching ថ្លែងថា កម្ពុជា​ត្រូវ បានជ្រើសរើស​ជាទី​តាំង​ដំបូង​គេ​នៅ ក្រៅ​ប្រទេស​ចិន ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ហុងកុង ដែល​ផ្គត់ផ្គង់​ផលិតផល​គុណភាព​ខ្ពស់​លំដាប់​ពិភពលោក និង​សេវាកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ បន្ទាប់ពី​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ «​ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន យើង​បាន​សម្រេច​មក​បណ្តាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​វា​មាន​ស្ថិរភាព ខណៈពេល​ដែល​ការ​គ្រប់គ្រង​ការប្តូរ​ប្រាក់​បរទេស​ធ្វើឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​ពួកយើង​ក្នុង​ការធ្វើ​អាជីវកម្ម​នៅ​ទីនេះ ពី​ហុងកុង និង​ចិន។​

​លោក​បន្តថា ៖ «​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​កម្ពុជា​មាន​សក្ដានុពល​ខ្លាំង ហើយ​នឹង​បន្ត​កើន​ឡើង​។​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ពេញលេញ​និង​ទូលំទូលាយ​សម្រាប់​វិស័យ​បដិសណ្ឋារកិច្ច រាប់​ចាប់ពី​ការ​រចនា ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ រហូតដល់​ការផលិត និង​ការ​ចែកចាយ»។​

​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន​បាន​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ឧត្តមគតិ​នៃ «​ការច្នៃ​ប្រឌិត ប្រសិទ្ធភាព សមត្ថភាព ឧត្តមភាព និង​គុណភាព» ដែល​លើក​កម្ពស់​ដោយ​ក្រុមហ៊ុន​មេ គឺ Ming Fai International Holdings Limited​។

​គាំទ្រ​ដោយ​ស្មារតី​នៃ​ការច្នៃប្រឌិត និង​ការបង្កើត​ថ្មី ជាមួយ​នឹង​បច្ចេកវិជ្ជា​ផលិត​ដ៏​ទំនើប Ming Fai (Cambodia) មាន​ជំនាញ​ក្នុងការ​រចនា ផលិត និង​កែច្នៃ​គ្រប់​ប្រភេទ ដូចជា​កាបូប ស្រោមជើង កញ្ចប់​ធ្វើដំណើរ កញ្ចប់​ថែទាំ​ផ្ទាល់ខ្លួន ស្បែកជើង (slipper) និង​សម្ភារ​ជាច្រើន​មុខ​ទៀត។

​វា​ក៏​ផ្តល់ឱ្យ​អតិថិជន​នូវ​សេវាកម្ម​ជា​កញ្ចប់ OEM (​ការផលិត​ឧបករណ៍​ដើម​) OBM (​ការផលិត​ម៉ាក​ដើម​) និង ODM (​ការផលិត​ការ​រចនា​ដើម​) សម្រាប់​ផលិតផល​លក់រាយ​សម្រាប់​ការ​ធ្វើដំណើរ​។ ចំណុច​ស្នូល​នៃ​ប្រតិបត្តិការ​របស់ Ming Fai Cambodia នៅ​កម្ពុជា គឺ​រោងចក្រ​ចំនួន ១៧ របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ Ming Fai រចនា និង​ផលិត​កាបូបស្ពាយ​ទាន់សម័យ កាបូប​ដាក់​ផលិតផល​តុបតែង​ខ្លួន កាបូប​ដើរលេង​នៅ​ឆ្នេរ កាបូប​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​សម្ភារ​ជាច្រើន​ទៀត ដូចជា PU, PVC, TPU និង​ក្រណាត់​មិន​ត្បាញ ដែល​មាន​សមត្ថភាព​ផលិត​ប្រចាំខែ លើស​ពី ១,១ លាន។​

Ming Fai (Cambodia) គឺជា​ក្រុមហ៊ុន​ផលិត​សម្ភារ​ផ្គត់ផ្គង់​បន្ទប់ទឹក​ក្នុង​សណ្ឋាគារ​ដំបូង​គេ ក្នុង​នោះ​ក្រុមហ៊ុន​ក៏​ផលិត​ផលិតផល​លក់រាយ​សម្រាប់​ផលិតផល​ថែទាំ​ផ្ទាល់ខ្លួន​ជាច្រើន​ប្រភេទ​ផងដែរ។

​តាមរយៈ​ទំនាក់ទំនង​អន្តរជាតិ​រវាង​ចិន និង​កម្ពុជា Ming Fai បាន​ក្លាយជា​សាជីវកម្ម​ឆ្លង​ព្រំដែន​ឈាន​មុខគេ​នៅ​អាស៊ីអាគ្នេយ៍​។ ដោយ​មាន​រាជធានី​ភ្នំពេញ​ជា​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​របស់​ខ្លួន Ming Fai Cambodia រីករាយ​នឹង​ប្រព័ន្ធ​ដឹកជញ្ជូន​ដ៏​រឹងមាំ​ដែល​តភ្ជាប់​ក្រុង​ព្រះសីហនុ សៀមរាប និង​រាជធានី​ភ្នំពេញ។​

​រោងចក្រ​នៅ​កំពង់ស្ពឺ មាន​ចម្ងាយ​ប្រហែល ៣៥ គីឡូម៉ែត្រ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង ៥០ គីឡូម៉ែត្រ​ពី​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ខណៈ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មាន​ចម្ងាយ ២៥០ គីឡូម៉ែត្រ។​

​តាមរយៈ​ការរួមបញ្ចូល​គ្នា​ផ្នែក​ដឹកជញ្ជូន និង​ចង្វាក់​ផ្គត់ផ្គង់ រោងចក្រ​ដ៏​ទំនើប ជាមួយ​សាល​តាំង​បង្ហាញ​ថ្មី​ដំបូង ទាំងអស់​នេះ​ផ្គត់ផ្គង់​ដល់​វិស័យ​បដិសណ្ឋារកិច្ច និង​សម្ភារ​ធ្វើដំណើរ​តាម​ផ្លូវ​អាកាស​ដ៏​សម្បូរបែប ព្រមទាំង​ការ​ប្រឹក្សា​លើ​ការបើក​និង​ដំណើរការ​សណ្ឋាគារ​ផងដែរ​។ Ming Fai Cambodia ពិតជា​គោលដៅ​ដ៏​ជាទី​ពេញចិត្ត​សម្រាប់​វិស័យ​នេះ៕