
ផ្លូវជាតិលេខ ៥១ ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយរបស់ប្រទេសចិន។
តភ្ជាប់រវាងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលនៅភាគនិរតីនៃប្រទេសកម្ពុជា ផ្លូវជាតិលេខ ៥១ ដែលសាងសង់ដោយក្រុមហ៊ុនចិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់លំហូរនៃការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។
សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ក្រោមកម្ចីសម្បទានពីរដ្ឋាភិបាលចិន ផ្លូវនេះក្រាលកៅស៊ូប្រវែង ៣៧,៩ គីឡូម៉ែត្រ និងទទឹង ១២ ម៉ែត្រ គឺជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ផ្លូវជាតិលេខ ៥ ក្នុងខេត្តកំពង់ស្ពឺ និងផ្លូវជាតិលេខ ៤ ក្នុងខេត្តកណ្តាល។
អ្នកស្រុកបានឱ្យដឹងថា កន្លងមកផ្លូវនេះរលាក់ និងពិបាកធ្វើដំណើរខ្លាំងណាស់ ដោយសារមានគ្រលុកធំៗ ហើយមានធូលីដីហុយខ្លាំងនៅរដូវប្រាំង ហើយរអិលនិងលិចទឹកនៅក្នុងរដូវវស្សា។
លោក មុត សុខលាង អ្នកលក់បន្លែតាមដងផ្លូវនោះបានឱ្យដឹងថា៖ «កាលពីមុន គាត់ត្រូវចំណាយពេលស្ទើរតែពេញមួយព្រឹក ដើម្បីធ្វើដំណើរក្នុងផ្លូវចម្ងាយនេះ ប៉ុន្តែឥឡូវគាត់ចំណាយពេលត្រឹមតែ ៣០ ទៅ ៤០ នាទីប៉ុណ្ណោះ ដោយសារផ្លូវមានស្ថានភាពល្អប្រសើរ។ «ផ្លូវដែលសាងសង់ដោយចិននេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និងកសិផលកសិកម្ម ដូចជា ស្រូវ ចេក ស្វាយ និងបន្លែពីកសិដ្ឋានទៅកាន់ទីផ្សារ»។
លោក ឆែម ថាតថាយ អាយុ ២១ ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះ បាននិយាយថា ចាប់តាំងពីផ្លូវនេះត្រូវបានសាងសង់រួចមក តម្លៃដីនៅតំបន់ជុំវិញបានឡើងថ្លៃយ៉ាងខ្លាំង។
លោកថ្លែងថា ៖ «សូមអរគុណប្រទេសចិន សម្រាប់ការសាងសង់ផ្លូវនេះ ដែលបាននាំមកនូវក្តីសង្ឃឹមថ្មីដល់ពួកយើង»។ ផ្លូវនេះមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង ២ កាន់តែស៊ីជម្រៅថែមទៀត»។
នៅក្នុងពិធីសម្ពោធផ្លូវនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន ដែលបានផ្ដល់ហិរញ្ញប្បទានដល់គម្រោងនេះ ដោយលោកមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ៖«ផ្លូវនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ព្រោះជាតំបន់ដែលមានរោងចក្រ និងសហគ្រាសធំៗច្រើន ក៏ដូចជាគម្រោងលំនៅឋានផងដែរ។ ទោះបីជាកូវីដ ១៩ បានរំខានយើងក៏ដោយ ប៉ុន្តែវាមិនអាចរារាំងការអភិវឌ្ឍរបស់យើងបានទេ ជាពិសេសគម្រោងអភិវឌ្ឍន៍ដែលធ្វើឡើងដោយប្រទេសចិន»។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយលោកមាន ប្រសាសន៍ថា កិច្ចព្រមព្រៀងទាំង ២ គឺជាការជំរុញថ្មីមួយសម្រាប់កំណើនពាណិជ្ជកម្មរបស់កម្ពុជា។
លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងចិន និងកម្ពុជាបានទទួលផ្លែផ្កាថ្មីៗជាបន្តបន្ទាប់។
លោកបានគូសបញ្ជាក់ថា ក្នុងប៉ុន្មានខែថ្មីៗនេះ គម្រោងដែលជាជំនួយរបស់ចិនមួយចំនួន ដូចជាផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ និងពហុកីឡដ្ឋានជាតិថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់។
លោកថ្លែងនៅក្នុងពិធីនោះថា ៖«ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើង បានផ្តល់លទ្ធផលជាផ្លែផ្កាកាន់តែច្រើន ដែលពិតជាឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា»។
លោកបន្តថា៖ «យើងនឹងបន្តអនុវត្តកិច្ចព្រមព្រៀងដែលមេដឹកនាំនៃប្រទេសទាំង ២ សម្រេចបាន និងអនុវត្តឱ្យបានល្អនូវកិច្ចព្រមព្រៀង CCFTA និង RCEP ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀត»។
រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវនេះបានធ្វើឱ្យប្រសើរ ឡើងទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំង ២ ។
លោកបានមានប្រសាសន៍ថា៖ «វាគឺជាសមិទ្ធផលថ្មីមួយទៀត និងជាអំណោយ ដ៏មានតម្លៃរបស់រដ្ឋាភិបាលកម្ពុជានិងចិន និយាយជារួមគឺជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងកណ្តាល ជាពិសេសសម្រាប់ប្រជាជនទូទាំងប្រទេស»៕
XINHUA