
ពិធីសម្ពោធអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាពេលកន្លងមក។
ស្ថិតនៅកណ្តាលរាជធានីនៃព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលទើបសាងសង់រួចរាល់ថ្មីៗ នឹងដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពនៃសេវាថែទាំសុខភាព ក្នុងប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន State Construction Engineering Corporation Ltd. ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មន្ទីរពេទ្យមានកម្ពស់ ១១ ជាន់មួយនេះ មានកន្លែងសម្រាប់ឧទ្ធម្ភាគចក្រចុះចតនៅលើដំបូលនៃអគារ មានគ្រែសម្រាកព្យាបាលចំនួន ៤០០ គ្រែ និងត្រូវបានបំពាក់ដោយឧបករណ៍បរិក្ខារពេទ្យប្រកបដោយបច្ចេកវិទ្យាទំនើបៗជាច្រើន។
អគារសម្រាកព្យាបាលនេះ ត្រូវបានបែងចែកចេញជាផ្នែកផ្សេងៗគ្នាជាច្រើន រួមមាន អគារវះកាត់ កន្លែងផ្តល់សេវាដល់អ្នកជំងឺស្រាលដែលមិនចាំបាច់សម្រាក អគារសង្គ្រោះបន្ទាន់ អគារបច្ចេកវិទ្យាវេជ្ជសាស្ត្រ អគារសម្រាកព្យាបាល និងអគារភ័ស្តុភារជាច្រើនទៀត។
អំឡុងពេលនៃពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរសម្រាកព្យាបាលជំងឺមួយនេះ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមាន ប្រសាសន៍ថា៖«មន្ទីរពេទ្យនេះ នឹង ចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ដល់គុណភាពនៃសេវាថែទាំសុខភាព និងការអភិវឌ្ឍធនធានមនុស្ស សម្រាប់វិស័យសុខាភិបាលនៅក្នុងប្រទេស»។
លោកបានបន្តថា ៖ «មន្ទីរពេទ្យនេះ មិនត្រឹមតែជាមជ្ឈមណ្ឌលសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់បណ្តុះបណ្តាលនិស្សិតពេទ្យ និងមន្ត្រីសុខាភិបាលផងដែរ» ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ គឺជាមន្ទីរពេទ្យរដ្ឋ ដែលផ្តល់សេវាព្យាបាលគ្រប់ប្រភេទជំងឺទាំងអស់។ លើសពីនេះទៀត មន្ទីរពេទ្យនេះ ក៏ជាមន្ទីរពេទ្យឯកទេសលើការវះកាត់ខួរក្បាល ក៏ដូចជាការវះកាត់ឆ្អឹង និងការបាក់ឆ្អឹងខ្នងផងដែរ។
វេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋជ្រើសរើសយកមន្ទីរពេទ្យនេះដើម្បីទទួលសេវាព្យាបាល ជំនួសឱ្យការស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស ដោយលោកវេជ្ជបណ្ឌិតបានថ្លែងថា មន្ទីរពេទ្យនេះ មានឯកទេសគ្រប់គ្រាន់ក្នុងការផ្តល់សេវាព្យាបាលជំងឺជាច្រើនប្រភេទប្រកបដោយគុណភាព ហើយលោកថា តម្លៃនៃការព្យាបាលក៏ទាបជាងមន្ទីរពេទ្យនៅក្រៅប្រទេសផងដែរ។
លោកថ្លែងថា៖ «រាល់បរិក្ខារពេទ្យទាំងអស់ គឺជាឧបករណ៍ថ្មី និងទំនើប ហើយគ្រូពេទ្យជំនាញរបស់យើងទាំងកម្ពុជា និងចិន សុទ្ធសឹងជាគ្រូពេទ្យមានសមត្ថភាពខ្ពស់ ហេតុនេះ ខ្ញុំជឿជាក់ថា មន្ទីរពេទ្យនេះនឹងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពខ្ពស់ និងមានប្រសិទ្ធភាព ដល់គ្រប់អ្នកជំងឺទាំងអស់»។
លោកសុគន្ធ បានបន្ថែមថា៖ «នេះគឺជាមន្ទីរពេទ្យស្តង់ដាអន្តរជាតិ ហេតុនេះ សេវាព្យាបាលនៅមន្ទីរពេទ្យរបស់យើង មិនចាញ់សេវាព្យាបាលក្នុងមន្ទីរពេទ្យនៅក្រៅប្រទេសឡើយ» ។
អគារព្យាបាលជំងឺមួយនេះ គឺជាគម្រោងដ៏ធំបំផុត នៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងកម្ពុជា និងចិន ហើយវាក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌការងារនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគំនិតផ្តូចផ្តើមខ្សែក្រវាត់ ១ ផ្លូវ ១ ។
វេជ្ជបណ្ឌិត ទ្រី លឹមទីទី វ័យ ២៩ ឆ្នាំ ដែលជាវេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានថ្លែងថា៖ «នេះគឺជាអំណោយដ៏ធំមួយសម្រាប់វិស័យសុខាភិបាល ដែលចិនបានផ្តល់ឱ្យកម្ពុជា។ មន្ទីរពេទ្យថ្មីមួយនេះ នឹងបម្រើជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ១ កម្រិតទៀត ខណៈដែលមន្ទីរពេទ្យនេះ ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារពេទ្យប្រកបដោយបច្ចេកវិទ្យាទំនើបៗ» ។
ប្រជាពលរដ្ឋក្នុងតំបន់ ក៏សម្តែងនូវក្តីរំភើបរីករាយចំពោះការឃើញវត្តមានមន្ទីរពេទ្យដ៏ធំ និងទំនើបមួយផុសនៅចំកណ្តាលរាជធានីភ្នំពេញ ផងដែរ ដោយពួកគាត់ជឿជាក់ថា មន្ទីរពេទ្យនេះ នឹងផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ដល់ប្រជាពលរដ្ឋក្នុងទីក្រុង និងមកពីបណ្តាខេត្តនានាទូទាំងប្រទេស។
លោក ស ស្រីវីរៈ អាយុ ៣៦ ឆ្នាំ ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ ឱ្យដឹងថា ៖ «មន្ទីរពេទ្យនេះ គឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបានរបស់កម្ពុជា» ។ លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា មន្ទីរពេទ្យនេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះមន្ទីរពេទ្យនេះ មានទាំងវេជ្ជបណ្ឌិតកម្ពុជា និងចិន ដែលមានបទពិសោធខ្ពស់ ក៏ដូចជាគ្រឿងបរិក្ខារពេទ្យទំនើបៗ»៕