
ឯកឧត្តម រស់ សីលវ៉ា។ រូបថត Supplied
សារអបអរសាទររបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)
ឆ្នាំនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងអាណត្តិជាប្រធានវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) ឆ្នាំ ២០២២ ។ ក្នុងនាមជាអនុប្រធាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៃប្រទេសកម្ពុជា ខ្ញុំសូមកោតសរសើរ និងធ្វើជាសាក្សីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ម.ក ក្នុងនាមជាប្រធាន ACMF ឆ្នាំ ២០២២ ដើម្បីធានាថាសមាជិកទាំងអស់ទទួលបានអត្ថប្រយោជន៍ពីវេទិកាជាន់ខ្ពស់នេះ និងធានាថា ផែនការសកម្មភាពរបស់ ACMF ឆ្នាំ ២០២១-២០២៥ អាចសម្រេចបាន។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជា បាននិងកំពុងផ្តោតលើប្រធានបទ «អាស៊ាន៖ ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា - ASEAN A.C.T: Address Challenges Together» ដើម្បីគាំទ្រដល់ការអនុវត្តផែនការមេរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ ។ យើងបានកំណត់ជាគោលដៅអាទិភាពលើការធានាប្រសិទ្ធភាពរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា និងហានិភ័យ ជាពិសេសការពន្លឿនការងើបឡើងវិញ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។ ក្នុងនាមជាប្រធាន ACMF ន.ម.ក. បានផ្តោតលើកិច្ចការអាទិភាពចំនួន ៣ គឺ ការលើកកម្ពស់ការងើបឡើងវិញ បរិយាបន្ន និងភាពធន់ ដែលស្របតាមបរិបទរបស់អាស៊ានឆ្នាំ ២០២២ និងផែនការសកម្មភាព ACMF ឆ្នាំ ២០២១-២០២៥ ។
ក្នុងដំណើរនៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ការគាំទ្រផ្នែកថវិកាគឺជាតម្រូវការចាំបាច់។ ដូច្នេះ តួនាទីរបស់ទីផ្សារមូលធនមានសារៈសំខាន់ណាស់ ហើយខ្ញុំពិតជាកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត និងសមូហភាពរបស់ ACMF និងការប្តេជ្ញាចិត្តរបស់ ADB ក្នុងការគាំទ្របេសកកម្មនេះ ដើម្បីសម្រេចបាននូវគោលដៅស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការរក្សាការកើនឡើងនៃសីតុណ្ហភាពពិភពលោក មធ្យមឱ្យតិចបំផុតតាមដែលអាចធ្វើទៅបាន គឺក្នុងកម្រិត ១,៥ អង្សាសេ ប្រៀបធៀបនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម។
ការសម្ពោធដាក់ឱ្យដំណើរការស្តង់ដាសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាពអាស៊ាន ស្តង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពអាស៊ាន ឃ្លាំងឌីជីថលនៃគម្រោងវិនិយោគរួមអាស៊ាន និងឯកសារផ្លូវច្បាប់ Toolkit សញ្ញាបណ្ណគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពនឹងបង្រួមគម្លាតនៃសេដ្ឋកិច្ចអាស៊ាន ក្នុងដំណើរការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង។
ហេតុនេះហើយ ខ្ញុំសូមអំពាវនាវឱ្យមានសកម្មភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីចូលរួមជាមួយ ACMF និង ADB ក្នុងការលើកកម្ពស់ទីផ្សារមូលធនអាស៊ានទាំងអស់គ្នា ដើម្បីសុវត្ថិភាពនៃភពផែនដីយើង និងមនុស្សជំនាន់ក្រោយ ព្រោះនេះមិនមែនជាបេសកកម្មរបស់នរណាម្នាក់នោះទេ ប៉ុន្តែជាបេសកកម្មរបស់យើងទាំងអស់គ្នា។
ជាថ្មីម្តងទៀត សូមចូលរួមអបអរសាទរដល់ ន.ម.ក សម្រាប់ភាពជោគជ័យក្នុងការបំពេញតួនាទីជាប្រធាន ACMF ឆ្នាំ ២០២២ ក៏ដូចជា ភាពជោគជ័យក្នុងការដាក់សម្ភោធឱ្យដំណើរការនូវស្តង់ដា និងគំនិតផ្តួចផ្តើមរបស់ ACMF។
ន.ម.ក បានបង្កើតមោទនភាពសម្រាប់កម្ពុជា។ សូមអបអរសាទរផងដែរដល់ ADB សម្រាប់ការគាំទ្រ និងការធ្វើជាដៃគូដ៏សំខាន់របស់ ACMF ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៕