វេទិកា​ទីផ្សារ​មូលធន​អាស៊ាន (ACMF) បាន​សម្រេច​ជោគជ័យ​ស្របតាម​ការប្តេជ្ញា​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០២២ ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព បរិយាបន្ន និង​ភាពធន់ បើទោះ​ជា​បាន​ទទួលរង​នូវ​ផលប៉ះពាល់​នៃ​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក និង​ជំងឺ​រាតត្បាត​កូវីដ-១៩ ក៏ដោយ​។ កិច្ចប្រជុំ​ប្រធាន ACMF លើក​ទី​ ៣៧ នេះ​ត្រូវ​បាន​រៀបចំ​ធ្វើជា​ម្ចាស់​ដោយ​និយ័តករ​មូលបត្រ​កម្ពុជា ​(​ន.ម.ក​.) នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។

កិច្ចប្រជុំ​បាន​សម្រេច​អនុម័ត​នូវ​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន​នៅ​ថ្ងៃទី​ ២៧ ខែតុលា ឆ្នាំ​ ២០២២ និង​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​នូវ​ស្តង់ដា​នេះ​នៅ​ថ្ងៃទី ​២៨ ខែតុលា ឆ្នាំ​ ២០២២ ដែល​ស្តង់ដា​នេះ​ជា​សមិទ្ធផល​សេដ្ឋកិច្ច​អាទិភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ ក្រោម​អាណត្តិ​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ​។ លើសពីនេះ ACMF ក៏បាន​អនុម័ត​ស្តង់ដា​មូលនិធិ​ទំនួល​ខុសត្រូវ និង​និរន្តរភាព​របស់​អាស៊ាន នៅ​ថ្ងៃទី ​២៧ ខែតុលា ឆ្នាំ​ ២០២២ និង​ដាក់​ឱ្យ​ដំណើរការ​នូវ​ស្តង់ដា​នេះ​នៅ​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២២ ផងដែរ (​ព័ត៌មាន​អំពី​ស្តង់ដា​មូលនិធិ​ទំនួល​ខុសត្រូវ និង​និរន្តរភាព​របស់​អាស៊ាន និង​ស្តង់ដា​សញ្ញា​បណ្ណ​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន​អាច​រកបាន​នៅលើ​គេហទំព័រ ACMF៖ www.theacmf.org ហើយ​ព័ត៌មាន​លម្អិត​នៃ​ស្តង់ដា​ទាំង​ ២ ​នេះ​នឹង​ត្រូវបាន​បោះពុម្ព​ផ្សាយ​នៅលើ​គេហទំព័រ​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ខែធ្នូ​)​។

ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្តង់ដា​ទាំង​ ២ ​នេះ​នឹង​ជួយ​កាត់បន្ថយ​គម្លាត​របស់​អាស៊ាន​ឆ្ពោះទៅ​របៀបវារៈ​ឆ្នាំ​ ២០៣០ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ លើស​​ពីនេះ ការអនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​ស្តង់ដា​ទាំង​ ២ ​នេះ​បាន​បង្ហាញ​ពី​គោល​ជំហ និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​​របស់​សមាជិក ACMF ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​នៃ​ផែនការ​សកម្មភាព​ឆ្នាំ ២០២១-២០២៥ របស់ ACMF​។

ACMF តែងតែ​ដាក់​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ជា​បេសកកម្ម​ការងារ​អាទិភាព​ចម្បង​មួយ​។ ក្នុង​ដំណើរ​នៃ​ការលើក​កម្ពស់​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ACMF មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​។ គិត​ត្រឹម​ថ្ងៃ​ ២១ ខែតុលា ឆ្នាំ​ ២០២២ ការបោះ​ផ្សាយ​សញ្ញាបណ្ណ​មាន​ទំហំ​ទឹកប្រាក់ ២៩,៨២ ពាន់​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​បោះផ្សាយ​ក្រោម​ក្របខណ្ឌ​នៃ​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង សញ្ញា​បណ្ណ​សង្គម និង​សញ្ញា​បណ្ណ​និរន្តរភាព​អាស៊ាន ដែល​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ ​។

ការដាក់​ឱ្យ​ប្រើប្រាស់​នូវ​ស្តង់ដា​សញ្ញាបណ្ណ​ផ្សារភ្ជាប់​ដោយ​និរន្តរភាព​អាស៊ាន និង​ស្តង់ដា​មូលនិធិ​ទំនួល​ខុសត្រូវ និង​និរន្តរភាព​របស់​អាស៊ាន​នឹង​ពង្រីក​វិសាលភាព​នៃ​ការវិនិយោគ​ប្រកប​ដោយ​និរន្តរភាព​នៅក្នុង​អាស៊ាន និង​ពន្លឿន​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នៅ​ទូទាំង​តំបន់​។ ក្រោម​ការជួយ​គាំទ្រ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជា​ក៏​នឹង​មាន​សញ្ញា​បណ្ណ​បៃតង​ដំបូង​បំផុត​នៅក្នុង​ទីផ្សារ​របស់ខ្លួន ដែល​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយទៀត​សម្រាប់​ទីផ្សារ​វ័យក្មេង​ដូច​កម្ពុជា ហើយក៏​ជា​តំណាង​ការបង្ហាញ​គោលជំហ និង​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ឆ្ពោះ​ទៅរក​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ផងដែរ​។

ACMF បាន​ផ្តល់​ការគាំទ្រ​យ៉ាង​រឹងមាំ និង​សកម្ម​ដល់​ការអភិវឌ្ឍ​នៃ​វត្តិករសាស្ត្រ​អាស៊ាន​សម្រាប់​ហិរញ្ញវត្ថុ​ដំណាក់កាល​ទី​ ២ ​។ វត្តិករសាស្ត្រ​អាស៊ាន​ដំណាក់កាល​ទី​ ១ ត្រូវ​បាន​បញ្ចប់​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​។ វតិ្តករសាស្ត្រ​អាស៊ាន​នឹង​អនុញ្ញាត​ឱ្យមាន​ការផ្លាស់​ប្តូរ​ប្រកប​ដោយ​សណ្តាប់ធ្នាប់ និង​ជំរុញ​ការអនុម័ត​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព​ដោយ​រដ្ឋ​សមាជិក​អាស៊ាន ហើយនឹង​បម្រើ​ជា​ភាសា​រួមមួយ​សម្រាប់​ប្រើប្រាស់​នៅតាម​ដែន​សមត្ថកិច្ច​ផ្សេងៗ​គ្នា ដើម្បី​ទំនាក់ទំនង និង​សម្របសម្រួល​លើ​ការដាក់​ស្លាក​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច និង​ឧបករណ៍​ហិរញ្ញវត្ថុ​។

វតិ្តករសាស្ត្រ​អាស៊ាន​បាន​កកើតឡើង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​ទេសាភិបាល ធនាគារ​កណ្តាល​អាស៊ាន​លើក​ទី ​៦ (AFMGM) កាលពី​ថ្ងៃទី​ ២ ខែតុលា ឆ្នាំ​ ២០២២ ដោយ​កិច្ចប្រជុំ​នេះ​បាន​ប្តេជ្ញា​ពង្រឹង​ភាព​ស្អិតរមួត​នៃ​ផ្លូវ​ហិរញ្ញវត្ថុ​សម្រាប់​ហិរញ្ញវត្ថុ​និរន្តរភាព ដោយបាន​បញ្ជាក់ថា៖ «​យើង​ប្តេជ្ញា​បន្ត​នូវ​របៀបវារៈ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព​ដ៏ស្អិតរមួត​មួយ តាមរយៈ​វិស័យ​ធនាគារ ទីផ្សារ​មូលធន និង​ធានា​រ៉ាប់រង នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន (AFMM) និង AFMGM ជាមួយ​ការ​សម្រប​សម្រួល​ក្នុង​ចំណោម​គណៈកម្មាធិការ​ការងារ​អាស៊ាន​ដែល​ពាក់ព័ន្ធ​»​។

ដូច្នេះ បន្ទាប់ពី​កិច្ចប្រជុំ​នេះ ក្រុមប្រឹក្សា​វតិ្តករសាស្ត្រ​អាស៊ាន ត្រូវ​បាន​បង្កើតឡើង​ក្នុង​ខែមីនា ឆ្នាំ​ ២០២១ ដែល​រួមមាន​សមាសភាព​ដូចជា​៖ ACMF កិច្ចប្រជុំ​និយ័តករ​ធានារ៉ាប់រង​អាស៊ាន (AIRM) គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន​ស្តីពី​សមាហរណកម្ម​ហិរញ្ញវត្ថុ (SLC) និង​គណៈកម្មការ​ការងារ​អភិវឌ្ឍន៍​ទីផ្សារ​មូលធន​អាស៊ាន (WC-CMD)​។ ធាតុចូល​ដែល​ទទួល​បាន​របស់​ក្រុមប្រឹក្សា​វតិ្តករសាស្ត្រ​អាស៊ាន​ពី​ភាគី​ពាក់ព័ន្ធ​ បន្ទាប់ពី​កិច្ច​ពិគ្រោះ​លើ​វត្តិករសាស្ត្រ​អាស៊ាន​ដំណាក់កាល​ទី​ ១ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​មកពី​វិស័យ​សាធារណៈ និង​ឯកជន ក៏ដូចជា​អ្នកកំណត់​ស្តង់ដា​អន្តរជាតិ​នឹង​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមប្រឹក្សា​វតិ្តករសាស្ត្រ​អាស៊ាន​ក្នុង​ការ​អភិវឌ្ឍ​វតិ្តករសាស្ត្រ​អាស៊ាន​ដំណាក់កាល​បន្ទាប់​។ វតិ្តករសាស្ត្រ​អាស៊ាន​ដំណាក់កាល​ទី​ ២ ត្រូវបាន​រំពឹងថា​នឹង​បោះពុម្ព​នៅ​ដើមឆ្នាំ ​២០២៣ ​។

អគារ​ស្នាក់ការ​របស់​និយ័តករ​មូលបត្រ​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ​។ រូបថត Supplied

ដើម្បី​បន្ត​លើក​កម្ពស់​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​តាមរយៈ​ការជំរុញ​ការបង្ហាញ​ព័ត៌មាន និរន្តរភាព​នៅ​ទូទាំង​អាស៊ាន និង​ដើម្បី​បង្កើន​សំឡេង​របស់​អាស៊ាន​ក្នុង​ស្តង់ដា​អន្តរជាតិ ACMF បាន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយក្រុម​ប្រឹក្សា​ស្តង់ដា​និរន្តរភាព​អន្តរជាតិ (ISSB) ដើម្បី​ពិភាក្សា និង​បង្ហាញ​អំពី​ទស្សនៈ​អាស៊ាន​លើ​សេចក្តី​ព្រាង​ស្តង់ដា ISSB ដែល​ផ្តោតលើ​ផ្នែក​អន្តរ​ប្រតិបត្តិការ សមាមាត្រ​ក្នុង​ការអនុវត្ត និង​ដំណាក់កាល​នៃ​ការវាស់វែង​ភាពជាក់លាក់​នៃ​ឧស្សាហកម្ម (industry-specific metrics)​។ ការភ្ជាប់​ទំនាក់ទំនង​ជាមួយ ISSB នេះ​បាន​បង្កើត​នូវ​មូលដ្ឋានគ្រឹះ​សម្រាប់​កិច្ចសហការ​នាពេល​អនាគត ហើយនឹង​ជួយ ACMF ដើម្បី​វាយតម្លៃ​ពិនិត្យ​លទ្ធភាព​អនុវត្ត​ស្តង់ដា ISSB ដោយ​ផ្អែកលើ​ច្បាប់ និង​បទប្បញ្ញត្តិ​នៃ​យុត្តាធិការ​រៀងៗ​ខ្លួន​ក្នុង​គោលដៅ​លើកកម្ពស់​ការបង្ហាញ​ព័ត៌មាន​អំពី​និរន្តរភាព​ដែល​សមស្រប និង​អាច​ប្រៀបធៀប​បាន​នៅ​ទូទាំង​អាស៊ាន​។

ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​ពី​ការបោះ​ផ្សាយ​ឆ្លងដែន​នៃ​មូលនិធិ គម្រោង​វិនិយោគ​រួម​ក្នុង​តំបន់​អាស៊ាន ACMF បានអនុម័ត និង​ដាក់​ឱ្យ​ប្រើប្រាស់​ឃ្លាំង​ឌីជីថល​នៃ​គម្រោង​វិនិយោគ​រួម​អាស៊ាន (ASEAN CIS)​។

ដើម្បី​សម្របសម្រួល​កម្មវិធី​កសាង​សមត្ថភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ធនធាន និង​ជៀសវាង​ការត្រួត​គ្នា​ក្នុង​ការរៀបចំ​កម្មវិធី​បណ្តុះបណ្តាល ACMF បាន​បង្កើត​កម្មវិធី​អភិវឌ្ឍន៍​ទីផ្សារ ACMF (A-MDP) ដែល​បច្ចុប្បន្ន​ស្ថិតនៅក្រោម​ការដឹកនាំ​របស់​សហប្រធាន ន.ម.ក​. និង​គណៈកម្មការ​មូលបត្រ​រដ្ឋ​វៀតណាម (SSC)​។ A-MDP នឹង​ឆ្លើយតប​ទៅនឹង​តម្រូវ​ការកសាង​សមត្ថភាព​ដ៏សំខាន់​ដោយ​ផ្អែកលើ​អាទិភាព​ក្នុង​តំបន់ ក៏ដូចជា​ប្រទេស​ជា​សមាជិក ឬ​ក្រុម​នៃ​ប្រទេស​នានា​ដោយ​ផ្អែកលើ​តម្រូវការ​។ ជា​រៀងរាល់​ឆ្នាំ ក្រោម​កម្មវិធី​នេះ សមាជិក ACMF បាន​បញ្ជូន​មន្ត្រី​របស់ខ្លួន​ទៅ​ចូលរួម​ហ្វឹកហាត់​ការងារ​ដល់​ទីកន្លែង (On-the-Job Training) និង​កម្មវិធី​បណ្តុះបណ្តាល​ជាច្រើន​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វគ្គ​ហ្វឹកហាត់​ការងារ​ដល់​ទីកន្លែង​ត្រូវបាន​ពន្យារពេល អំឡុងពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩​។

ដោយមាន​ការគាំទ្រ​ពី ADB ACMF បាន​សហការ​ជាមួយ​កម្មវិធី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ (PIFS) នៃ​សាលា​ច្បាប់ Harvard ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​ដល់​សមាជិក ACMF នៅ​ចុងឆ្នាំ​ ២០២១ និង​ឆ្នាំ​ ២០២២ ​។ ក្នុង​កិច្ចប្រជុំ​លើក​ដំបូង ក្នុង​អាណត្តិ​ជា​ប្រធាន ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ ន.ម.ក. បាន​មាន​ប្រសាសន៍​ថា៖ «​បរិយាបន្ន គឺជា​គោលដៅ​ចម្បង​នៃ​អាណិត្ត​ជា​ប្រធាន ACMF របស់ ន.ម.ក​. »​។ ក្នុងនោះ ឯកឧត្តម ស៊ូ សុជាតិ ក៏បាន​បញ្ជាក់ទៀត​ថា៖ «​យើង​ធានាថា រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍ​នៅក្នុង​ទីផ្សារ​មូលធន​តាមរយៈ​ការកសាង​សមត្ថភាព ក៏ដូចជា​ការផ្លាស់ប្តូរ​ព័ត៌មាន​»​។ ដូច្នេះ​ហើយ ទោះបីជា​វា​ស្ថិត​នៅក្រោម​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ ក៏ដោយ ACMF នៅតែ​អាច​បន្ត​ដំណើរការ​បាន​យ៉ាង​ល្អ​ក្នុង​ការកសាង​សមត្ថភាព​សម្រាប់​និយ័តករ​វ័យក្មេង​។

ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​លើកកម្ពស់​តម្លាភាព ទំនុកចិត្ត និង​អភិបាលកិច្ច​ក្នុង​តំបន់​អាស៊ាន ACMF បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ជាច្រើន​រួមមាន ADB និង​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD)​។ ACMF តែងតែ​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​អភិបាលកិច្ច​សាជីវកម្ម​អាស៊ាន ដែល​មាន​ប្រទេស​ចំនួន ៦ ចូលរួម​ក្នុង​កម្មវិធី​នេះ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម​។ ប៉ុន្តែ​ដោយសារ​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ-១៩ ពិធី​ប្រគល់​រង្វាន់​នៅ​ឆ្នាំ​ ២០២១ ត្រូវបាន​ពន្យារពេល ហើយ​រំពឹងថា​នឹង​ប្រារព្ធ​ឡើង​នៅ​ខែធ្នូ ឆ្នាំ​ ២០២២ ខណៈពេល​ដែល ន.ម.ក. មាន​គម្រោង​ចាត់តាំង​ក្រុមហ៊ុន​ចុះបញ្ជី​ពី​ប្រទេស​កម្ពុជា​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​អភិបាលកិច្ច​សាជីវកម្ម​អាស៊ាន​នៅ​ឆ្នាំ​បន្ទាប់ ដោយ​ជឿជាក់​ថា​ការចូលរួម​កម្មវិធី​នេះ​នឹង​នាំ​ទីផ្សារ​មូលធន​នៅក្នុង​ប្រទេស​ឆ្ពោះ​ទៅកាន់​កម្រិត​មួយទៀត​។

នៅក្នុង​ដំណើរ​របស់ ACMF, ADB គឺជា​ដៃគូ​អភិវឌ្ឍន៍​សំខាន់​បំផុត​មួយ ដែល​ផ្តល់​ជំនួយ​បច្ចេកទេស​សំខាន់ៗ​ជាច្រើន ដើម្បី​ធានា​ថា គោលបំណង និង​បេសកកម្ម​របស់ ACMF អាច​សម្រេច​បាន​។

សរុបមក ACMF មាន​ការរីកចម្រើន​យ៉ាងខ្លាំង​នៅ​ឆ្នាំ​ ២០២២ ក្រោម​អាណត្តិ​របស់ ន.ម.ក. ជា​ប្រធាន ACMF​។ សម្រាប់​ឆ្នាំ​ ២០២៣ តំណែង​ប្រធាន ACMF គឺ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី​ និង​មាន​គណៈកម្មការ​មូលបត្រ​ឡាវ (LSCO) ជា​អនុប្រធាន​៕