
លោកស្រី Jyotsana Varma នាយក ADB ប្រចាំប្រទេសកម្ពុជា។ រូបថត Supplied
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សូមស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) នៅក្នុងឱកាសកិច្ចប្រជុំវេទិកាទីផ្សារមូលធនអាស៊ានលើកទី ៣៧ និងសន្និសីទអន្តរជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ADB ក៏សូមចូលរួមអបអរសាទរចំពោះនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ក្នុងនាមជាប្រធាន ACMF ឆ្នាំ ២០២២ នេះ និងសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើម ដែលបានដាក់ចេញក្នុងផែនការសកម្មភាព ACMF ឆ្នាំ ២០២១-២០២៥ និងផែនទីបង្ហាញផ្លូវសម្រាប់ទីផ្សារមូលធនអាស៊ាន ប្រកបដោយនិរន្តរភាព។
ជាពិសេស យើងក៏សូមអបអរសាទរដល់ ACMF ចំពោះការដាក់ឱ្យដំណើរការនូវស្តង់ដាសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាពអាស៊ាន (ASEAN Sustainability-Linked Bond Standards) ស្តង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពអាស៊ាន ASEAN Sustainable and Responsible Fund Standards) ឃ្លាំងឌីជីថលនៃគម្រោងវិនិយោគរួមអាស៊ាន (ASEAN CIS Digital Repository) និងឯកសារផ្លូវច្បាប់ Toolkit សញ្ញាបណ្ណគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (Legal Wrappers for the SDG Bond Toolkit)។
យើងកត់សម្គាល់ឃើញថា គំនិតផ្តួចផ្តើមទាំងនេះ និងគំនិតផ្តួចផ្តើមផ្សេងទៀតរបស់ ACMF ទទួលបានការគាំទ្រជាជំនួយបច្ចេកទេសយូរអង្វែង ដែលផ្តល់ដោយ ADB ដល់ ACMF ហើយយើងនៅតែបន្តគាំទ្រដល់ការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់ ACMF ឆ្នាំ ២០២៥ រួមមាន (១) ការពង្រឹងនូវការតភ្ជាប់អាស៊ាន (២) ការលើកកម្ពស់បរិយាបន្ន និង (៣) ការពង្រឹងសណ្តាប់ធ្នាប់ និងភាពធន់នៃទីផ្សារមូលធនអាស៊ាន។
ជាការពិតណាស់ ថ្វីបើតំបន់អាស៊ានកំពុងបន្តងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏តួនាទីរបស់ទីផ្សារមូលធន និងនិយ័តករទីផ្សារមូលធន មិនអាចត្រូវបានគេមើលរំលងនោះទេ។ ដូចដែលបានបង្ហាញនៅក្នុងបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០២២ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថា ផលិតផលក្នុងស្រុកសរុបនឹងកើនដល់ ៥,១% នៅក្នុងឆ្នាំ ២០២២ និងមានកំណើន ៥,0 % នៅឆ្នាំ ២០២៣។
ទោះជាយ៉ាងណាក៏ដោយ សម្ទុះងើបឡើងវិញនេះ ប្រឈមមុខនឹងបញ្ហាមួយចំនួនដែលបន្តកើនឡើងក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត ដូចជាអតិផរណាកើនឡើង (៥,២% ក្នុងឆ្នាំ ២០២២, ៤,១% នៅក្នុងឆ្នាំ ២០២៣) ការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយបន្តការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុខ្លាំងជាងមុនលើសពីការរំពឹងទុកនៅក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿន។
ឆ្លើយតបនឹងបញ្ហាទាំងនេះ ADB នឹងនៅតែបន្តការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលដៅនៃ ACMF ក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្ម បរិយាបន្ន ការងើបឡើងវិញ ការប្រកួតប្រជែង និងការលើកកម្ពស់នូវការអភិវឌ្ឍទីផ្សារមូលធនប្រកបដោយនិរន្តរភាព៕