
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក។
ឆ្នាំ ២០២២ គឺជាកំណត់ត្រាឆ្នាំដ៏អស្ចារ្យមួយទៀត សម្រាប់វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) ដោយមាននិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាប្រធាន ACMF ក្នុងឆ្នាំនេះ។ ACMF គឺជាវេទិកាប្រមូលផ្តុំដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃនិយ័តករទីផ្សារមូលធនអាស៊ាន ដែលមានយុត្តាធិការប្រទេសទាំង ១០ នៅអាស៊ានជាសមាជិក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ក្រោមការគាំទ្ររបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន។
ការទទួលខុសត្រូវចម្បងរបស់ ACMF គឺអភិវឌ្ឍន៍ទីផ្សារមូលធនឱ្យកាន់តែរឹងមាំ មានសន្ទនីយភាពខ្ពស់ និងសមាហរណកម្មទីផ្សារមូលធនក្នុងតំបន់។ ដើម្បីគាំទ្រដល់ចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ ២០២៥ ទៅជា « សេដ្ឋកិច្ចតំបន់ដែលមានសមារណកម្មខ្ពស់ និងមានភាពស្អិតរមួត, សហគមន៍ដែលមាននវានុវត្តន៍ និងថាមវន្តជាមួយនឹងការពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការតាមវិស័យ និងបង្កើនភាពធន់ បរិយាបន្ន និងការប្រាស្រ័យទាក់ទងមនុស្ស ទំនាក់ទំនងក្នុងសហគមន៍ និងសមាហរណកម្មសេដ្ឋកិច្ចសកល» ACMF បានដាក់ចេញនូវចក្ខុវិស័យ ACMF ឆ្នាំ ២០២៥ ឱ្យក្លាយជា «ទីផ្សារមូលធនអាស៊ានដែលមានអន្តរទំនាក់ទំនងគ្នា បរិយាបន្ន និងភាពធន់»។
ក្នុងដំណើរឆ្ពោះទៅមុខដើម្បីសម្រេចគោលដៅនេះ ACMF បានអនុម័តផែនការសកម្មភាព ACMF ឆ្នាំ ២០២១-២០២៥ ដែលកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៣ រួមមាន ១). ការជំរុញនូវកំណើន និងការងើបឡើងវិញប្រកបដោយនិរន្តរភាព ២). ការលើកកម្ពស់ និងគាំទ្រនូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និង ៣). ការពង្រឹងនិងរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និងភាពធន់។
ដូច្នេះ ដើម្បីឱ្យស្របតាមគោលដៅ AEC ឆ្នាំ ២០២៥ និងគោលដៅយុទ្ធសាស្ត្រ ACMF ក៏ដូចជាជាការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ន.ម.ក. ក្នុងនាមជាប្រធាន ACMF ឆ្នាំ ២០២២ បានផ្តោតលើគោលដៅការងារអាទិភាពសំខាន់ៗចំនួន ៣ គឺ ១). ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ២). បរិយាបន្ន និង៣). ភាពធន់។
ដោយទទួលស្គាល់តួនាទីរបស់ទីផ្សារមូលធនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ACMF បានបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្ពោះទៅសម្រេចបាននូវបេសកកម្ម របស់ខ្លួនជាមួយការគាំទ្រពេញទំហឹងពីដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍សំខាន់ៗ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងការរក្សាសីតុណ្ហភាពភពផែនដីឱ្យកើនឡើងតិចបំផុតតាមដែលអាចធ្វើទៅបាន គឺក្នុងកម្រិត ១,៥ អង្សាសេ ប្រៀបធៀបនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ដែលក្នុងនោះ ACMF បានអនុម័ត និងចូលរួមក្នុងសកម្មភាព និងគំនិតផ្តួចផ្តើមជាច្រើន។
រួមទាំងការអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់ទីផ្សារមូលធននិរន្តរភាពអាស៊ាន និងអនុម័តស្តង់ដាសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាព។ ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់នូវស្តង់ដាសញ្ញាបណ្ណអាស៊ានទាំងនេះ ក្នុងឆ្នាំ ២០១៧ និង ២០១៨ ការបោះផ្សាយសញ្ញាបណ្ណ និង sukuk ក្រោមស្លាកអាស៊ាន មានទំហំទឹកប្រាក់សរុប ២៩.៨២ ពាន់លានដុល្លារ ក្នុងប្រទេសជាសមាជិកចំនួន ៤ ក្រោមរូបិយបណ្ណជាតិ និងអន្តរជាតិ។
លើសពីនេះ ACMF គឺជាស្ថាប័នវិស័យមួយក្នុងចំណោមស្ថាប័នវិស័យទាំង ៤ ដែលកំពុងធ្វើការលើការបង្កើតវត្តិករសាស្ត្រអាស៊ានសម្រាប់ហិរញ្ញវត្ថុនិរន្តរភាព ដែលវត្តិករសាស្ត្រអាស៊ានលើកទី ១ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១។ វត្តិករសាស្ត្រអាស៊ាន នឹងក្លាយជាជំហានមួយទៀតដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូររួមមួយប្រកបដោយសណ្តាប់ធ្នាប់ ឆ្ពោះទៅរកសេដ្ឋកិច្ចកាបូនទាប និងជំរុញហិរញ្ញវត្ថុនិរន្តរភាពដែលអនុម័តដោយរដ្ឋជាសមាជិកអាស៊ាន។ ACMF នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវត្តិករសាស្ត្រអាស៊ានលើកទី ២ ដែលរំពឹងថានឹងត្រូវបានអនុម័តនៅខែមករា ឆ្នាំ ២០២៣ ។
ក្រោមការរួបរួមរបស់សមាជិក ACMF បានបញ្ចប់ដោយជោគជ័យនូវផែនការសកម្មភាព សម្រាប់ឆ្នាំ ២០២២ តាមរយៈការដាក់ឱ្យដំណើរការនូវស្តង់ដាថ្មីចំនួន ២ (a) គឺ ១). ស្តង់ដាផ្សារភ្ជាប់និរន្តរភាពអាស៊ាន និង ២). ស្ដង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពអាស៊ាន (b) ឯកសារផ្លូវច្បាប់ Toolkit សញ្ញាបណ្ណគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព និង (c) ឃ្លាំងឌីជីថលនៃគម្រោងវិនិយោគរួមអាស៊ាន (ASEAN CIS) នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២។
ដូចគ្នានេះដែរ យើងក៏បានធ្វើសកម្មភាពឡើងវិញទាក់ទងនឹងគំនិតផ្តួចផ្តើមក្នុងការលើកកម្ពស់ការកសាងសមត្ថភាពសម្រាប់និយ័តករវ័យក្មេង។ ជាពិសេស វេទិកាជាន់ខ្ពស់នេះ តែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន និងអនុលោមតាមធម្មនុញ្ញស្តង់ដាអន្តរជាតិ ហើយក៏នឹងបន្តដោះស្រាយបញ្ហាប្រឈមដោយជោគជ័យ ដោយតែងតែពិនិត្យមើលទាំងរឿងតូច និងធំ។
ក្នុងនាមជាប្រធាន ACMF ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកទាំងអស់ ទីប្រឹក្សាឧស្សាហកម្ម គណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន សមាគមទីផ្សារមូលធនអន្តរជាតិ វិទ្យាស្ថានហិរញ្ញវត្ថុនិរន្តរភាពអាស៊ី និង ADB ចំពោះរាល់ការគាំទ្រ និងការរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់នៅក្នុងតំបន់អាស៊ាន៕
សាររបស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយតករមូលបត្រកម្ពុជា