ខ្ញុំមានសេចក្តីរីករាយ ដោយមានឱកាសបានប្រារព្ធពិធីចម្រើនព្រះជន្មព្រះករុណាព្រះចៅអធិរាជជប៉ុន ជាមួយប្រជាជនកម្ពុជា។
ឆ្នាំនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា កាលពីឆ្នាំ ១៩៥៣។ នៅក្នុងឆ្នាំ ១៩៥៤ មួយឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត ប្រទេសកម្ពុជា បានបោះបង់សិទ្ធិរបស់ខ្លួនក្នុងការទាមទារសំណងខូចខាតក្នុងសង្គ្រាមលោកលើកទី២ ពីប្រទេសជប៉ុន។ រដ្ឋាភិបាលជប៉ុន បានយាងព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទៅប្រទេសជប៉ុនក្នុងឋានៈជាភ្ញៀវរដ្ឋ នៅឆ្នាំ ១៩៥៥។ ក្នុងពេលព្រះអង្គកំពុងបំពេញព្រះរាជទស្សនកិច្ច រដ្ឋសភានៃប្រទេសជប៉ុន បានអនុម័តការថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា។
លើសពីនេះទៅទៀត ប្រទេសទាំង ២ បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព នៅក្នុងអំឡុងពេលព្រះរាជដំណើរទស្សនកិច្ចរបស់សម្ដេចព្រះនរោត្ដម សីហនុ ទៅកាន់ប្រទេសជប៉ុន។ នេះ គឺជាសន្ធិសញ្ញាដំបូងជាមួយបរទេសសម្រាប់ប្រទេសទាំង ២។ សម្រាប់ប្រទេសជប៉ុន គឺបន្ទាប់ពីសន្ធិសញ្ញាសានហ្វ្រានស៊ីស្កូបានចូលជាធរមាន ហើយសម្រាប់ប្រទេសកម្ពុជា គឺបន្ទាប់ពីបានទទួលឯករាជ្យរបស់ខ្លួន។
ប្រទេសជប៉ុន បានចូលរួមយ៉ាងសកម្មក្នុងដំណើរការសន្តិភាពរបស់កម្ពុជា នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ និងបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ស្តីពីសន្តិភាពនៅកម្ពុជា នៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៩០។ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩១ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសកម្មក្នុងការកសាងសន្តិភាពនៅកម្ពុជា និងគាំទ្រដំណើរការកសាងប្រទេសកម្ពុជាឡើងវិញ។
ប្រទេសជប៉ុន បានចាត់បញ្ជូនបុគ្គលិកចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ឆ្នាំនេះ ជាឆ្នាំខួបលើកទី៣០ នៃការបោះឆ្នោតសភាធម្មនុញ្ញ ដែលត្រូវបានរៀបចំឡើងដោយអ៊ុនតាក់ (UNTAC)។ យើងសង្ឃឹមថា ការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងរបៀបមួយដែលមានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងឆ្លុះបញ្ចាំងសំឡេងចម្រុះពីប្រជាជនកម្ពុជា។
ប្រទេសជប៉ុន ក៏បានសហការជាមួយកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីកសាងប្រទេសឡើងវិញ និងអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ កិច្ចសហប្រតិបត្តិការរបស់ជប៉ុនមិនមានកម្រិតត្រឹមការកែលម្អហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែក៏បានពង្រីកដល់វិស័យសុខភាពសាធារណៈ ការផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការបោសសម្អាតគ្រាប់មីន និងការអភិវឌ្ឍធនធានមនុស្សផងដែរ។ បន្ថែមលើនេះ ប្រទេសជប៉ុន បានដឹកនាំគម្រោងនានា ដើម្បីពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ ដែលត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
ឆ្នាំមុន គឺជាឆ្នាំពិសេសនិងមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងទ្វេភាគីជប៉ុន-កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចំនួន ២ លើក។ លើកទី១ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងខឹម៉ាមូតុ (Kuma-moto) និងលើកទី២ គឺចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រី អាបេ។ នាយករដ្ឋមន្ត្រី គីស៊ីដា ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាចំនួន ២ លើកផងដែរ គឺនៅខែមីនា និងវិច្ឆិកា។
កិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងចំនួន ៤ លើកនៅក្នុងឆ្នាំនោះ។ នៅខែវិច្ឆិកា មេដឹកនាំទាំង ២ រូប បានព្រមព្រៀងគ្នាដំឡើងទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ជប៉ុន និងកម្ពុជា ចាប់ផ្តើមភាពជាដៃគូថ្មីនៅឆ្នាំនេះ ដែលជាខួបលើកទី៧០។ វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងអភិវឌ្ឍទំនាក់ទំនងដ៏ធំរឹងមាំមួយ ដែលស័ក្កិសមសម្រាប់ ឋានៈភាពជាដៃគូយុទ្ធស្រាស្តគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំនេះទៅ។
តាមទស្សនៈរបស់ខ្ញុំ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងទ្វេភាគីមិនអាចពឹងផ្អែកលើភាគី ១ ឬ ភាគី ១ ទៀតនោះទេ។ ក្រោមភាពជាដៃគូថ្មីនេះ ប្រទេសទាំង ២ នឹងធ្វើការរួមគ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរួមទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ម្យ៉ាងវិញទៀត ក្នុងបរិបទទ្វេភាគី ប្រទេសទាំង ២ នឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យថ្មីៗទៀត។
ប្រទេសកម្ពុជា បានផ្តល់ការគាំទ្រដល់ជំហររបស់ជប៉ុនលើបញ្ហាជាច្រើន រួមមានកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ហាចាប់ពង្រត់ពលរដ្ឋជប៉ុនដោយប្រទេសកូរ៉េខាងជើង, ចក្ខុវិស័យ របស់ជប៉ុនសម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) និងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ជប៉ុន ដែលបានដាក់ចេញកាលពីខែធ្នូ កន្លងទៅនេះ។
ការឆ្លើយតបរួមរបស់យើងចំពោះស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន គឺជាឧទាហរណ៍ដ៏សំខាន់បំផុតមួយនៃកិច្ចសហប្រតិបត្តិការរបស់យើងក្នុងបញ្ហាអន្តរជាតិ។ ក្រោមការដឹកនាំដ៏រឹងមាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាបានសម្តែងនូវជំហរដ៏ម៉ឺងម៉ាត់ប្រឆាំងនឹងការប្រើប្រាស់កម្លាំង ដណ្តើមយកទឹកដីពីប្រទេសដទៃ ជាការរំលោភយ៉ាងច្បាស់ក្រឡែត លើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបានចូលរួមធ្វើជាសហស្ថាបនិក គាំទ្រចំពោះសេចក្តីសម្រេច ចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រទេសជប៉ុន និងកម្ពុជា មិនត្រឹមតែមានគោលជំហរដូចគ្នាលើបញ្ហាជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហការគ្នាអនុវត្តផងដែរ។ ថ្មីៗនេះ ប្រទេសទាំង ២ បានសហការគ្នាបណ្តុះបណ្តាលបុគ្គលិកដោះមីនអ៊ុយក្រែន អំពីរបៀបប្រើប្រាស់ឧបករណ៍រាវមីនផលិតនៅប្រទេសជប៉ុន។
ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមីនា ឆ្នាំមុន នាយករដ្ឋមន្ត្រី គីស៊ីដា បានកំណត់វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការចំនួន ៥។ វិស័យទាំងនេះរួមមានទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងកំពង់ផែក្រុងព្រះស៊ីហនុ ទី២. កិច្ចសហប្រតិបត្តិការសន្តិសុខ ទី៣. ទំនាក់ទំនងសេដ្ឋកិច្ច ទី៤. លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងទី៥. កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាសន្តិសុខឌីជីថល សន្តិសុខប្រព័ន្ធអ៊ីនធឺណិត និងសន្តិសុខសេដ្ឋកិច្ចជាដើម។
ចំណែកឯវិស័យថ្មីៗ នៃកិច្ចសហប្រតិបត្តិការប្រទេសទាំង ២ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើសន្តិសុខអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលរួចហើយ។ ឧទាហរណ៍មួយចំនួននៃកិច្ចសហប្រតិបត្តិការនេះ សម្រាប់សន្តិសុខប្រព័ន្ធអ៊ីនធឺណិត គឺមានការផ្តល់ឧបករណ៍ពង្រឹងសមត្ថភាពរបស់ CamCERT (ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រកម្ពុជា) ដើម្បីដោះស្រាយឧប្បត្តិហេតុសន្តិសុខអ៊ីនធឺណិត។ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលប្រទេសជប៉ុន កំពុងសហការជាមួយមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការអភិវឌ្ឍធនធានមនុស្សមានជំនាញខ្ពស់ ដើម្បីធ្វើការនៅផ្នែកឧស្សាហកម្ម។
លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំង ២ ត្រូវបានពង្រឹងផងដែរ។ តបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីសប្តាហ៍មុន។ នាវានៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នឹងមកចូលចតនៅប្រទេសកម្ពុជាក្នុងពេល ២-៣ ខែខាងមុខនេះ។
ចំពោះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ការវិនិយោគរបស់ជប៉ុន បានត្រឡប់មកកម្ពុជាវិញជាបណ្តើរៗបន្ទាប់ពីជំងឺកូវីដ ១៩ ដូចបានបង្ហាញឱ្យឃើញជាក់ស្តែងតាមរយៈការសម្រេចចិត្តរបស់ក្រុមហ៊ុន Toyota ក្នុងការបង្កើតរោងចក្រដំឡើងរថយន្តមួយនៅកម្ពុជា។ ខ្ញុំទទួលស្គាល់ថា តួនាទីមួយក្នុងចំណោមតួនាទីដ៏សំខាន់បំផុតរបស់ខ្ញុំក្នុងនាមជាឯកអគ្គរាជទូត គឺអំពាវនាវឱ្យក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុននៅកម្ពុជា។
ដើម្បីធានាថា ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់យើងបន្តទៅអនាគត ការផ្លាស់ប្តូរប្រជាជន និងប្រជាជននិងការកសាង និងថែរក្សាទំនុកចិត្តយូរអង្វែង គឺសំខាន់ខ្លាំងណាស់។ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈទេសចរណ៍កម្មវិធីសិក្សានៅជប៉ុន និងការបណ្តុះបណ្តាលបច្ចេកទេសយ៉ាងសកម្មយើងសង្ឃឹមថា នឹងកសាងបាននូវទំនុកចិត្តរវាងប្រជាជនជប៉ុន និងកម្ពុជា។ ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៦ ខែកុម្ភៈ នេះមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា នឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។ ខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជានឹងចាប់យកឱកាសទាំងនេះ ដើម្បីធ្វើឱ្យមានភាពកាន់តែជិតស្និទ្ធជាមួយប្រទេសជប៉ុន។
កាលពីឆ្នាំមុន ប្រទេសកម្ពុជា បានធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យ។ ឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយខ្ញុំសូមជូនពរឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការរៀបចំការប្រកួតកីឡាទាំងនោះ។
ក្នុងឱកាសទិវាបុណ្យជាតិរបស់យើងខ្ញុំ ខ្ញុំព្រះករុណាសូមថ្វាយព្រះពរដល់ព្រះចៅអធិរាជ និងព្រះអធិរាជិនីនៃប្រទេសជប៉ុន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនិងប្រជាជនកម្ពុជា និងជប៉ុនសូមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ សុភមង្គល និងវិបុលសុខគ្រប់ប្រការ។ ខ្ញុំក៏សូមជូនពរឱ្យចំណងមិត្តភាពជប៉ុន-កម្ពុជា កាន់តែរីកចម្រើនទៅមុខ៕