ភ្នំពេញ៖ កីឡាករ​ជើង​ចាស់​ អេលីត​ មករា ​(​​ថុល​ មករា​)​ ត្រូវ​បាន​ដាក់​ឱ្យ​ប្រ​កួតម៉ារ៉ាតុង​​ដណ្តើម​ប្រាក់​លាន​ប្រចាំ​សប្តាហ៍ នៅ​​សង្វៀន​ថោន ជា​លើក​ដំបូង នា​ថ្ងៃអាទិត្យនេះ ចំណែក​បេក្ខភាព ​​៣​ នាក់​ទៀត ​មាន ​ផាន រះ, ​ឯម​ ដារ៉ូ​ និង​​ជើង​ថ្មី​ខ្ចី​​វស្សា​ជាងគេ ​ស៊ឹម ​ប៊ុន​ ដែល​កំពុង​តែ​លេច​ធ្លោ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែ​ទាំង​​ អេលីត ​មករា ​និង​គ្រូ​បង្វឹក​របស់គេ មិន​បាន​ចាត់ទុក​​អ្នកទាំង​៣​​នេះ ​​ជា​​ឧបសគ្គ​ធំ ក្នុងការ​ឆ្ពោះ​ទៅ​រកការ​ឈ្នះ​ប្រាក់​រង្វាន់លេខ​១ ​ចំនួន ៣,៤​ លាន​រៀល នោះទេ។

នៅ​ក្នុងចំណោម​បេក្ខភាពទាំង​ ៤ នេះ ​អេលីត​ មករា មាន​បទពិសោធ​ចាស់​វស្សា​ជាងគេ និង​កំពុង​​មាន​ភាព​រីក​ចម្រើន​ល្អ​គួរ​សម​ បន្ទាប់​ពី​ប្តូរ​មក​នៅ​ក្លិប​នាយក​ដ្ឋាន​អង្គរក្ស​ ដែល​មាន​ប្រាក់​ទ្រទ្រង់​ល្អ ​ហាត់​ល្អ​ ពិសេស​ ៤​ ប្រ​កួត​ចុង​ក្រោយ​នេះ​ ឈ្នះ​ ៣​ និង​ចាញ់ ​១ ​ប្រ​កួត​។ ​ចំណែក​ ផាន ​រះ ​​ចាស់​វស្សាដែរ ​ហើយ ឯម​ ដារ៉ូ​ និង​ ស៊ឹម​ ប៊ុន​ ជាជើងថ្មី ​តែ​មាន​កម្រិត​វិជ្ជា​គុន​រីក​ចម្រើន​ល្អ ​​និង​​ធ្លាប់​បាន​ឈ្នះ​ជើង​ចាស់​​ច្រើននាក់​មក​​ហើយ​​។​

យ៉ាងណា​ក៏​ដោយ អេលីត ​មករា ​ដែល​ទើបចាញ់​​​ជើង​ខ្លាំង ឡុង បេនលឿន នៅ​សង្វៀន​ CNC​​ បាន​និយាយ​ថា ​សម្រាប់​ការ​ជួប​ប្រ​កួត​ចាប់​ឆ្នោត​ នៅ​សង្វៀន​ថោន ​សប្តាហ៍​នេះ​ ​មិន​ព្រួយ​បារម្ភ​ទេ​ មាន​សង្ឃឹម​ឈ្នះ​។ ​​

មករា ​​បានបន្ថែម​ថា​៖ «​ខ្ញុំ​ទើប​តែ​បាន​ឱកាស​ឡើង​ប្រ​កួត ​នៅ​សង្វៀន​ថោន​នេះ ​ជា​លើក​ទី​១​។ ​សម្រាប់​កីឡាករ​​៣​នាក់​ទៀត​ ដែល​ត្រៀម​ប៉ះ​គ្នា ​មាន ​ឯម ​ដារ៉ូ​, ផាន ​រះ ​និង ​ស៊ឹម ​ប៊ុន​ ដូច​ជា​គ្មាន​អ្វីត្រូវ​​ព្រួយ​បារម្ភ​ទេ​ គឺ​ប៉ះ​មួយ​ណា​ ក៏បាន ដោយ​​មាន​ទំនុក​ចិត្ត​ឈ្នះ​៨០ ​ភាគ​រយ​»។​

ចំណែក​​លោក​ ស៊ន ​អេលីត ជា​គ្រូ​បង្វឹក​បាន​​និយាយ​ថា​៖ ​«កីឡាករ​៣នាក់​ ដែល​ត្រូវ​ជួប​នេះ​ មើល​ទៅ​ដូច​គ្មាន​អ្វី​ជា​ឧបសគ្គ​ទេ ​ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​រំពឹង​​ខ្ពស់​​ទេ កុំ​ឱ្យ​​គេថា ​ខ្ញុំ​និយាយ​អួត​​។​

ចំពោះ​​ក្បាច់​អ្នក​ប្រដាល់​ ស៊ឹម​ ​ប៊ុន​ និង ឯម​ ដារ៉ូ​ ជំនាញ​ប្រើ​កណ្តាប់​ដៃ​ ចំណែក​ ​ផាន ​រះ ​​លេង​ស្នៀត​ទាត់ ​និង​ជង្គង់​ អ៊ីចឹង​​និយាយ​ជា​រួម អេលីត មករា ​ប៉ះ​មួយ​ណា​ក៏​សង្ឃឹម​ឈ្នះ​ដែរ ​គ្រាន់​តែ​វា​មិន​ស៊ី​ផុយ​ គឺ​ខ្ញុំ​សុំ​និយាយ​ថា​ មាន​ទំនុក​ចិត្ត​៧០​ភាគ​រយ​»។​

ចំពោះ ស៊ឹម ​ប៊ុន ​ដែល​ទើប​តែ​ផ្តួល​ នូវ ​ដារ៉ូ ​ឱ្យ​​សន្លប់​ទឹក​ទី​៤ ​នៅ​សង្វៀន​បាយ័ន​ថ្មីៗ ​និង​ជា​បេក្ខជន​ប្រាក់​រង្វាន់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ ចំនួន ​​២ ​លើកនោះ បាន​​និយាយ​ថា​៖ ​«ខ្ញុំ​មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​ទេ​ តែ​ធានា​ថា​ ឡើង​វ៉ៃ​អស់​ពី​សមត្ថភាព។ ​

រឿង​ឈ្នះ​ ឬ​ចាញ់​ មិន​ទាន់​ហ៊ាន​និយាយ​ទេ ​ពី​ព្រោះ​គេ​ទាំង​៣នាក់​ សុទ្ធ​តែ​ជា​ជើង​ចាស់​ជាង​ខ្ញុំ​ ហើយ​ខ្ញុំក៏​មិន​ធ្លាប់​ប្រ​កួត​ជាមួយ​​គ្នានោះ​ដែរ​​ហេតុ​នេះ​បារម្ភ​ខ្លាំង​ដែរ»​។​

ជាមួយ​គ្នា​នេះ លោក ​ធន់ ​សុភា​ គ្រូ​បង្វឹក​ប្រចាំ​សមាគម​កង​យោធេពល​ខេមរភូមិន្ទ​ និង​ជា​ជំនួយ​ការ​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន​បាយ័ន ​និយាយ​ថា​៖ «​ខ្ញុំ​ស្គាល់​ពី​សមត្ថភាព​របស់​ជើង​ថ្មី​ ស៊ឹម ​ប៊ុន ​ច្បាស់ គឺ​​មួយ​រយៈ​នេះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ញឹក​ណាស់​ ហេតុនេះ​ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​បង្វឹក​ម្នាក់ ​មើល​ឃើញ​ថា​ ​ស៊ឹម​ប៊ុន មាន​​បទ​ពិសោធតិចមែន ​តែ​មិន​អាច​មើល​រំលង​បាន​ទេ ព្រោះ​​កណ្តាប់​ដៃ​ធ្ងន់​ និង​ចិត្ត​ធំ ​មិន​ចេះ​ញញើត​ដៃ​គូ​ទេ​»។

អតីត​ជើង​ខ្លាំង ធន់ សុភា​ បាន​បន្ថែម​ថា កីឡាករ ​ស៊ឹម​ ប៊ុន​ និង ​ឯម ​ដារ៉ូ​ ជើង​ថ្មី​ដូច​គ្នា​ប៉ុន្តែ​មិន​អាច​ទស្សន៍​ទាយ​លទ្ធផល​មុន​បាន​ទេ​ ​ព្រោះ​កម្លាំង​ល្អ ​កណ្តាប់​ដៃ​វាយ​ចេញ​ធ្ងន់​ៗ ​ហើយ​មួយ​រយៈ​នេះ​ ឈ្នះ​ជើង​ចាស់​មួយ​ចំនួន​ផង​ដែរ​។​

ចំណែក​លោក​ ឯម​ វុត្ថា​ គ្រូ​បង្វឹក​របស់​ ឯម​ ដារ៉ូ​ បាន​និយាយ​ថា​៖​ «​ខ្ញុំ​មិន​ហ៊ាន​ទស្សន៍​ទាយ​មុន​ទេ​ តែ​សម្រាប់ ឯម ​ដារ៉ូ​ ខ្ញុំ​ទុក​ចិត្ត គឺ​​មិន​ងាយ​ចុះ​ចាញ់​ងាយៗ​ទេ​ ប៉ុន្តែ​​វា​ស៊ី​សង​ការ​​ប្រ​កួត​ជាក់​ស្តែងដែរ​។​ ​តែ​ទោះបីជា​យ៉ាង​ណា បេក្ខភាព​​៣​នាក់​ទៀត ដែលត្រូវ​ជួប​ ពិត​ជា​លំបាក​ឈ្នះ​មែន​»។​

ចំពោះ​ប្រវត្តិ​ប្រ​កួត​ផ្លូវ​ការ​របស់​អ្នក​ទាំង​ ៤​ នាក់នេះ ​អេលីត​ មករា​ ធ្លាប់​ប្រ​កួត​បាន​ ៩៩ ​ដង ឈ្នះ ​៦២​ ចាញ់​ ៣៥​ ​ស្មើ​ ២​ ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន ​២១ ​ដង រីឯ ផាន ​រះ ​ធ្លាប់​ប្រ​កួត​បាន​ ៧៧​ ដង ឈ្នះ ​៥៨​ ​ចាញ់​ ១៥​ និង​​ស្មើ ​៤​ ដង​។ ចំណែក ​ឯម ​ដារ៉ូ​ ធ្លាប់​ប្រ​កួត​បាន​ ៣៨ ​ដង ​ឈ្នះ ​២៩​ ​ចាញ់​ ៩ ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន ​៦ ​ដង​ ហើយ​កីឡាករ​ ស៊ឹម ​ប៊ុន​ ប្រ​កួត​បាន​ ៣០ ​ដង ​ឈ្នះ ​២៣​ ​ចាញ់ ​៧ ​ដង ​ក្នុង​នោះ​បាន​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន ​១៦ ​ដង​៕​