ភ្នំពេញ៖ ​អ្នក​ប្រដាល់​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ ផល ​សោភ័ណ្ឌ​ ​របស់​ក្លិប​តាឡីដំរី​មាន​រិទ្ធ​ បាន​បើក​ឱកាស​ឱ្យ​ជើង​ខ្លាំង​លំដាប់​ឆ្នើម​ជា​​អ្នក​ជំនាន់​ក្រោយ ​ឡុង ​សំណាង​ ដែល​មាន​ជំនាញ​ក្បាច់​ជង្គង់​មក​ពី​ក្លិប​សាលវ័ន្ត​កីឡា បាន​​ឡើង​ប្រកួត​សងសឹក​ក្នុង​កម្មវិធី​ប្រដាល់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​យប់​ថ្ងៃ​សៅរ៍​នេះ ​ក្នុង​ប្រភេទ​ទម្ងន់ ​៦៣​,៥ ​គីឡូក្រាម​។

អ្នក​ប្រដាល់​ទាំង​ ២ ​នេះ ​​ធ្លាប់​ជួប​ប្រកួត​គ្នា​ម្តង ​រយៈពេល​យូរ​មក​ហើយ ​ដោយ​​កាល​នោះ​ ឡុង ​សំណាង​ ចាញ់​ ផល សោភ័ណ្ឌ ដោយ​​ពិន្ទុ​ ខណៈ​អ្នក​ទាំង​ ២ នេះ សុទ្ធតែ​ជា​កីឡាករ​ជើង​​ខ្លាំង​លំដាប់​ជួរ​មុខ ធ្លាប់​បាន​​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ញឹកញាប់ ​ហើយ​ក្នុង​នោះ ​សុទ្ធ​តែ​ជា​កីឡាករ ធ្លាប់​​ឈ្នះ​បាន​ខ្សែ​ក្រវាត់ យក​​មក​គ្រប់គ្រង​រៀងៗ​ខ្លួន​។

បន្ថែម​លើ​នេះ​ ពួក​គេ ក៏​ធ្លាប់​ជា​កីឡាករ​ជម្រើសជាតិ​ផង​ដែរ គឺ ឡុង សំណាង ជាប់​ជម្រើសជាតិ​គុនខ្មែរ បាន​ ៣ ឆ្នាំ ហើយ ផល សោភ័ណ្ឌ ជាប់​ជម្រើស​ជាតិ​ប្រដាល់​សកល​បាន​ ៦ ឆ្នាំ។

សម្រាប់​ការ​ជួបគ្នា ជា​​លើក​ទី​២ ​នេះ​ លោក​ ឡុង សាលវ័ន្ត គ្រូ​បង្វឹក ​ឡុង ​សំណាង ​​បាន​​អះអាង​ថា ការ​​ហ្វឹកហាត់​របស់ សំណាង ​បាន​គ្រប់គ្រាន់ និង​​រំពឹង​​សងសឹក​បាន​ឈ្នះ​វិញ​។​

លោក​​​និយាយ​​ថា៖ ​«​ឥឡូវ ​សំណាង ​ល្អ​ជាង​មុន​ និង​ត្រៀម​បាន​ល្អ​ ហើយ​​គេ​ទើប​តែ​ឈ្នះ​ជើង​ខ្លាំង ​ឃីម ​បូរ៉ា កាល​ពី​សប្តាហ៍​មុន​។​ យុទ្ធសាស្ត្រ​ប្រកួត​លើក​នេះ​ យើង​មាន​ប្រៀប​ផ្នែក​ចាប់​ឱប​ឡើង​ជង្គង់​ ប៉ុន្តែ​សម្រាប់​ឧបសគ្គ​របស់​យើង​ ត្រូវ​ការពារ ​និង​គេច​ពី​ក្បាច់​កណ្តាប់​ដៃ​របស់​ ផល សោភ័ណ្ឌ​ ទើប​បាន​។​ តែ​ទោះបី​ជា​យ៉ាងណា ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ ៧០ ​ភាគរយ»​។

ចំណែក​លោក ​ម៉ាក់ ​សាខន ​គ្រូ​បង្វឹក​របស់ ​ផល ​សោភ័ណ្ឌ​ បាន​និយាយ​ថា​៖ «​គូ​នេះ​វា​ល្អ​ដូច​គ្នា ​ប៉ុន្តែ​ចំណុច​ខ្សោយ​របស់​ ឡុង ​សំណាង​ អាច​ចាញ់​ប្រៀប​ផ្នែក​កណ្តាប់​​ដៃ​វាយ​ចេញ​លឿន និង​ធ្ងន់​របស់ ​ផល សោភ័ណ្ឌ​ កូន​សិស្ស​ខ្ញុំ​»។​

លោក​​បាន​​បន្ថែម​ថា​៖ «​និយាយ​ទៅ​ កុំ​ថា​ខ្ញុំ​អួត​ តាម​ខ្ញុំ​គិត​ ឡុង​ សំណាង​ មិន​អាច​គេច​ផុត​ពី​ក្បាច់​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​របស់​ ផល សោភ័ណ្ឌ​ បាន​ទេ ​ហើយ ​ផល ​សោភ័ណ្ឌ​ ក៏​មិន​ងាយ​នឹង​ឱ្យ​​ ឡុង​ សំណាង​ ចូល​ចាប់​ឡើង​ក្បាច់​ជង្គង់​បាន​ដែរ​។ ​ទោះ​យ៉ាង​ណា​ ការ​ប្រកួត​នេះ ​គឺ​ការ​​ចាញ់​ឈ្នះ​លំបាក​ មិន​មែន​ស៊ីផុយ​ឡើយ​​ តែ​​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ ផល​ សោភ័ណ្ឌ​ ដោយ​សង្ឃឹម​ឈ្នះ​ ៩០ ​ភាគរយ»​។​

ចំណែក​​ ផល​ សោភ័ណ្ឌ​ បាន​និយាយ​ ដោយ​គ្មាន​ភាព​មិន​អំនួត​ថា​៖ «​ខ្ញុំ​ធានា​វ៉ៃ​ឱ្យ​អស់​ពី​សមត្ថភាព ​ចំណែក​រឿង​លទ្ធផល​លំបាក​និយាយ​ណាស់​ គឺ​វា​ស៊ីសង​​ទៅ​លើ​ការ​ប្រកួត​ជាក់​ស្តែង​នៅ​លើ​សង្វៀន​»។

បើ​តាម​គ្រូ​បង្វឹក ​ដែល​មាន​បទពិសោធ​ក្នុង​ការ​ផ្គូផ្គងកី​ឡាករ​បាន​​និយាយ​ថា​ ​ជំនួប​រវាង ផល សោភ័ណ្ឌ និង ឡុង សំណាង លើក​នេះ ទស្សន៍ទាយ​មិន​ត្រូវ​ទេ​ ​ព្រោះ​ពួក​គេ​មាន​ក្បាច់ ​និង​សមត្ថភាព​ជំនាញ​ផ្សេង​ពី​គ្នា។ ​

បើ ​ឡុង ​សំណាង​ ចាប់​បាន គឺ​​មាន​ប្រៀប ​ប៉ុន្តែ​បើ​វាយ​កណ្តាប់​ដៃ​វិញ ​គឺ​មិន​អាច​ឈ្នះ​ ផល ​សោភ័ណ្ឌ​ ទេ​ ព្រោះ សោភ័ណ្ឌ រហ័ស ​និង​ធ្ងន់ ​ដែល​ធ្លាប់​ជាប់​ជម្រើស​ជាតិ​កន្លង​មក​ច្រើន​ឆ្នាំ​មក​ហើយ​៕